ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​កត់សម្គាល់​ពី​ការ​បន្ថយ​ការ​ផ្សាយ​ភាសា​ចិន​កុកងឺ​របស់​វីអូអេ


អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ទទួល​សំណួរ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ទទួល​សំណួរ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន ​បាន​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោកបាន​កត់​សម្គាល់​ពី​ការ​វិវឌ្ឍ​នានា​ក្នុង​លទ្ធភាព​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​អាច​នឹង​កាត់​ការផ្សាយ​ភាសា​ចិន​កុកងឺ​របស់​វីអូអេ (VOA) ផ្សាយ​ទៅ​ប្រទេស​ចិន។ ក៏ប៉ុន្តែ​អ្នក​ប្រឆាំង​រដ្ឋាភិបាល​ជើង​ចាស់​ជនជាតិ​ចិន​ម្នាក់​បាន​រឹះគន់​ការកាត់​នេះ។

លោក​ ម៉ា ស្សាក្ស៊ូ (Ma Zhaoxu) អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​កាល​ពីថ្ងៃអង្គារ៍​ថា លោក​បាន​ឃើញ​សេចក្តី​រាយការណ៍​ថា​ ស្ថានីយ៍​ផ្សាយ​អន្តរជាតិ​ដូចជា​សំឡេង​សហរដ្ឋ​អាមេរិក​ និង​ប៊ីប៊ីស៊ី (BBC) ​នឹង​កាត់បន្ថយ​ការ​ផ្សាយជា​ភាសា​ចិនកុកងឺ។

លោក​ម៉ា​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ​ ក៏ប៉ុន្តែ​លោក​បាន​និយាយ​ថា​អង្គការទាំងនោះ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ផ្ទាល់។

ការ​អត្ថាធិប្បាយ​របស់​លោក​ខ្សោយ​ជាង​បទ​វិចារណកថា​ដែល​បាន​បោះពុម្ភ​ផ្សាយ​កាលពី​សប្តាហ៍​មុន​នៅ​ក្នុង​កាសែត​ជា​ភាសា​អង់គ្លេស​ឈ្មោះ ​ ក្លូបល ថែមស៍ (Global Times)​ ដែល​ជា​កាសែត​ដ៍ធំ​បង្អស់​មួយ​របស់​ចិន។

អត្ថបទ​នោះ​ប្រាប់​ឲ្យដឹង​ថា​ ការ​កាត់​ការ​ផ្សាយ​ភាសា​ចិន​កុកងឺ​របស់​ វីអូអេ ​និង​ប៊ីប៊ីស៊ី ​ផ្តល់​ជា​សញ្ញា​ នៃ​ការបញ្ចប់​សករាជ​មួយ​ដែល​ខ្លួន​បាន​ហៅ​ថា​ ការ​កាត់​បន្ថយ​ការ​ផ្ទុះ​យុទ្ធនាការ​មនោគមវិជ្ជា​ ដែល​ប្រទេស​នា​នា​បាន​ធ្វើ​ប្រឆាំង​នឹង​ប្រទេស​ចិន​ ហើយ​អត្ថបទ​នោះ​បាន​បន្ត​ទៀត​ថា​ ពួក​អ្នកគាំទ្រ​វីអូអេ​បាន​ស្មាន​លើស​ពី​ប្រសិទ្ធិភាព​របស់​ខ្លួន​ដើម្បី​ឲ្យ​បាន​ទទួល​ចំណូលចិត្ត​និងសតិ​អារម្មណ៍​របស់​ទស្សនិកជន​ចិន។

អត្ថបទ​នោះ​ បាន​សន្ឋិ​ដ្ឋាន​ថា​ សេវាកម្ម​ផ្សាយ​ជា​ភាសា​ចិន​នឹង​បញ្ចប់​ជា​ប្រវត្តិសាស្ត្រ​ដោយ​បេសកម្ម​របស់​ខ្លួន​មិនទាន់​បាន​បញ្ចប់។

ក្រុម​ប្រឹក្សា​ភិបាល​ការផ្សាយ​ ដែល​ត្រួត​ពិនិត្យ​វីអូអេ​ បាន​បញ្ជូន​សំណើ​ថវិកា​ទៅ​សភា​ដែល​រួមមាន​ផែនការ​រៀបចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែងការផ្សាយ​របស់​ខ្លួន​ទៅ​ប្រទេស​ចិន។ ផែនការ​នោះ​ រួមមាន​ការបំបាត់​ចោល​ការផ្សាយ​ជា​ភាសា​ចិន​កាតាំង​របស់​វីអូអេ។ ផែនការ​ក៏​នឹង​បំបាត់​ការ​ផ្សាយ​វិទ្យុ​តាម​រលក​ធាតុ​អាកាស​ទាបជា​ភាសាចិ​ន​កុកងឺ​របស់​វីអូអេ​ផង​ដែរ​ ហើយ​ផ្លាស់ប្តូរ​ការផ្សាយជា​ភាសា​ចិន​កុកងឺ​របស់​វីអូអេ​ទៅ​សេវាកម្ម​ប្រព័ន្ធ​អ៊ីធឺណិត​តែ​ប៉ុណ្ណោះ។ វិទ្យុ​អាស៊ីសេរី​ ដែល​ត្រូវ​បាន​ផ្តល់​ថវិកា​ដោយ​ក្រុមប្រឹក្សាភិបាល​ការផ្សាយ​ដែរ​នោះ​ នឹង​ទទួល​យក​ម៉ោង​ផ្សាយ​ភាសា​កុកងឺ​របស់​វីអូអេ។

ការ​កាត់​បន្ថយ​ថវិកា​នឹង​កាត់បន្ថយ​បុគ្គលិក​របស់ ​វីអូអេ​ផ្សាយ​ជា​ភាសា​ចិន​៤៥នាក់​ក្នុងចំណោម​បុគ្គលិក​ទាំងអស់​៧៦​នាក់។ ផែនការ​នោះ​ត្រូវ​គេ​រំពឹង​នឹង​ជួយសន្សំ​ប្រាក់​៨​លាន​ដុល្លារ​ ដែល​ជា​ផ្នែក​មួយនៃ​ការ​សន្សំ​ពី​ការ​ចំណាយ​លើ​ការផ្សាយ។ សំណើ​ថវិកា​ទាំងអស់​សម្រាប់​វីអូអេ​នៅ​ឆ្នាំ​សារពើ​ពន្ធ​ឆ្នាំ​២០១២​មាន​ជាង​២០០​លាន​ដុល្លារ។

លោក​ បោ តុង (Bao Tong)​ ជា​អ្នក​ប្រឆាំង​ជើង​ចាស់​បាន​រឹះគន់​ការ​សម្រេច​ចិត្ត​នោះ។ លោក​មាន​ប្រសាសន៍​ថា ​ចំពោះ​រូបលោកៗ​គិត​ថា​ ដើម្បីសន្សំ​ប្រាក់​៨លាន​ដុល្លាររដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​សុខចិត្ត​មិន​ចង់​ឲ្យ​ធ្វើ​ជា​មិត្តភក្តិ​ជាមួយ​ប្រជាពលរដ្ឋ​ចិន។ លោក​និយាយ​បន្ថែម​ទៀត​ថា ​លោក​គិត​ថា​ ការ​កាត់​នោះ ​អាច​ចង្អុលបង្ហាញ​ថា​ សហរដ្ឋ​អាមេរិក​មាន​ការ​ភ័យខ្លាច​ពី​ការ​ងើប​ឡើង​របស់​ចិន។

ចិន​ជារឿយៗ​បាន​រិះ​គន់​វីអូអេ​ថា​លម្អៀង​ហើយមាន​អ្វី​ដែល​ខ្លួន​ពណ៌នា​ថា​ជា​គំនិត​សង្គ្រាម​ត្រជាក់។

វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិកបាន​ផ្សាយ​ជាលើក​ដំបូង​ក្នុង​ឆ្នាំ​១៩៤២។ វីអូអេ ត្រូវ​បាន​ផ្តល់​ថវិកា​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ក៏ប៉ុន្តែ​ប្រតិបត្តិ​ស្រប​ទៅ​តាម​គោលការណ៍​មួយ​ដែល​កំណត់​ទៅ​លើ​ព័ត៌មាន​ប្រកប​ដោយ​តុល្យភាព។ វីអូអេ​ផ្សាយកម្មវិធី​ព័ត៌មាន​ ដំណឹង​ ការ​សិក្សា​អប់រំ​ និង​កម្មវិធី​វប្បធ៌ម​ជាង​១.០០០​ម៉ោង​ជា​រៀង​រាល់​សប្តាហ៍​ជូន​ទស្សនិកជន​ទូទាំង​ពិភពលោក​ជាង​១២៥​លាន​នាក់។

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG