ប៉េកាំង៖ មន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងចិននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរជាទំនាក់ទំនងដ៏សំខាន់បំផុតមួយនៅក្នុងពិភពលោក ដូច្នេះមន្រ្តីចិនឲ្យដឹងថា ពួកគេនឹងធ្វើការជាមួយគ្នាដើម្បីឲ្យដំណើរទស្សកិច្ចថ្នាក់រដ្ឋរបស់លោកប្រធានាធិបតីចិន ហ៊ូ ជិនតៅនៅសរអាទទួលបានលទ្ធផលល្អ។
អ្នកនាំពាក្យទីស្តីការរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក ហុង ឡេ (Hong Lei) បានបញ្ជាក់ចំណុចនេះ ជាថ្មីទៀតកាលពីថ្ងៃព្រហស្បតិ៍នៅក្រុងប៉េកាំងថាទស្សនកិច្ចរបស់លោកប្រធានាធិបតី ហ៊ូ ជិនតៅ នៅសរអានៅសប្តាហ៍ក្រោយ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការទាក់ទងជាឧភតោភាគី។ លោកពោលថា ប្រទេសចិននឹងធ្វើការជាមួយភាគីសរអា ដើម្បីធានាឲ្យទស្សនកិច្ចនេះបានសម្រេច«ជោគជ័យដ៏ពេញលេញ»មួយ។
លោកប្រធានាធិបតី ហ៊ូ បានធ្វើទស្សនកិច្ចនៅសរអាចុងក្រោយបង្អស់នៅក្នុងឆ្នាំ២០០៦ នៅក្នុងដំណើរមួយដែលមានភាពរអាក់រអួល ដោយសារបញ្ហាមួយចំនួនរួមមានការស្រែករឡូរឡាដោយបាតុករម្នាក់ពីចលនាសាសនា ហ្វាលុន ហ្កុង នៅមុខសេតវិមាន។
នៅក្នុងទស្សនកិច្ចលើកនេះ បញ្ហាសេដ្ឋកិច្ចជាបញ្ហាខ្ពស់ស្ទើរលើគេនៅក្នុងរបៀបវារៈ។ អ្នកនាំពាក្យចិនបានច្រានចោលអត្ថាធិប្បាយកាលពីថ្ងៃពុធរបស់លោក ធិមោទី ហ្កៃតណឺរ (Timothy Geithner) រដ្ឋមន្រ្តីក្រសួងរតនាគារសរអា ដែលថា ចិនមានការយឺតយ៉ាវក្នុងការចាត់វិធានការដំឡើងតម្លៃរូបិយប័ណ្ណរបស់ខ្លួន។
លោក ហុង ថ្លែងថា ការដំឡើងថ្លៃរូបិយប័ណ្ណចិននឹងមិនដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្មដ៏ធំមហិមារវាងប្រទេសទាំងពីរបានទេ។ ពួកអ្នករិះគន់ជាច្រើនរបស់សរអានិយាយថា រូបិយប័ណ្ណចិនមានតម្លៃថោកជាងតម្លៃសមរម្យដល់ទៅ៤០% ដែលធ្វើឲ្យចិនមានប្រៀបដោយអយុត្តិធម៌លើពាណិជ្ជកម្ម។ អត្ថាធិប្បាយរបស់អ្នកនាំពាក្យចិនបានលេចចេញមក មួយថ្ងៃក្រោយលោករដ្ឋមន្រ្តីការពារប្រទេស រ៉បឺត ហ្គេតស៍ (Robert Gates) បញ្ចប់ទស្សនកិច្ចមួយនៅប្រទេសចិន ដែលមានគោលដៅផ្សះផ្សាទំនាក់ទំនងប្រេះឆារវាងយោធាសរអានិងចិន។
លោក ហ្គេតស៍ បានហៅទស្សនកិច្ចរបស់លោកថា បានទទួលផលល្អ។ លោក វ៉ង ដុង (Wang Dong) សាស្រ្តាចារ្យរងម្នាក់ខាងកិច្ចការសិក្សាអន្តរជាតិនៅសកលវិទ្យាល័យប៉េកាំង (Peking University) យល់ស្រប។ លោក ដុងមានប្រសាសន៍ថា៖
«មានភាពតានតឹង និងមានភាពរកាំរកូសជាច្រើនរវាងប្រទេសទាំងពីរ។ ក៏ប៉ុន្តែឥឡូវនេះ ខ្ញុំគិតថា ពេលវេលាបានមកដល់ហើយ ដែលមេដឹកនាំកំពូលពីប្រទេសចិន និងសរអាចង់ដាក់ទំនាក់ទំនងឲ្យដើរលើផ្លូវត្រូវវិញ។ ហើយចំពោះរឿងនេះ ខ្ញុំគិតថា ទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី ហ្គេតស៍ ទៅប្រទេសចិនមានសារៈសំខាន់ជាពិសេស ចំពោះការទាញទំនាក់ទំនងយោធាឲ្យចូលមករកផ្លូវត្រូវវិញ»។
កាលពីឆ្នាំមុន ប្រទេសចិនបានដកចេញពីកិច្ចចរចាយោធា និងលប់ចោលសេចក្តីអញ្ជើញពីលើកមុនឲ្យលោក ហ្គេតស៍ ទៅទស្សនាប្រទេសចិន ដើម្បីជាការតវ៉ាទល់នឹងការលក់អាវុធរបស់សរអាទៅឲ្យកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដាច់ដោយឡែកមួយ តែរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកថា ជាដែនដីរបស់ខ្លួន។
លោកប្រធានាធិបតី ហ៊ូ នឹងជួបជាមួយលោកប្រធានាធិតី អូបាម៉ា នៅសេតវិមាននៅថ្ងៃពុធក្រោយ នៅក្នុងទស្សនកិច្ចផ្លូវរដ្ឋទីមួយ ដោយមេដឹកនាំចិនម្នាក់មកកាន់សរអា ចាប់តាំងពីឆ្នាំ ១៩៩៧៕
ប្រែសម្រួលដោយ កែរ យ៉ាន