ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រយុទ្ធ​«ស្លាប់រស់»ប្រឆាំង​​អំពើ​ពុករលួយ​នៅប្រទេស​ចិន​កាន់​តែ​ចាក់​ឬស​​​ជ្រៅ​


ចាប់​តាំង​ពី​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​របស់​ចិន​​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​វិច្ឆិកា​មក មេដឹកនាំ​ថ្មី​របស់​បក្ស​​កំពុង​ចាត់​វិធានការ​យ៉ាង​​ខ្លាំងក្លា ដើម្បី​បង្ក្រាប​​អំពើ​ពុករលួយ។
ចាប់​តាំង​ពី​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​របស់​ចិន​​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​វិច្ឆិកា​មក មេដឹកនាំ​ថ្មី​របស់​បក្ស​​កំពុង​ចាត់​វិធានការ​យ៉ាង​​ខ្លាំងក្លា ដើម្បី​បង្ក្រាប​​អំពើ​ពុករលួយ។
ដោយ William Ide
ការប្រយុទ្ធ​ប្រឆាំង​របស់​ប្រទេស​ចិន​ទៅលើ​បញ្ហាពុករលួយ​ប្រកប​ដោយ​ការរីករាលដាល មានការ​ខ្វះ​ខាត​នូវ​ឧបករណ៍​មួយ​ជាយូរ​មកហើយ​ ដែលមនុស្ស​ជាច្រើន​នៅ​ទីនេះ មាន​អារម្មណ៍​ថា​អាច​ជួយ​ផ្តល់​ពន្លឺអំពី​អំពើ​ពុករលួយរបស់ក្រុមមន្រ្តី ដែល​ឧបករណ៍​នោះ​គឺជា​ការ​តម្រូវ​មួយ​ពីសំណាក់​រដ្ឋាភិបាល​កណ្តាល ដែល​ក្រុម​មន្ត្រី​ត្រូវ​តែ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ជា​សាធារណៈ។ William Ide នៃ​វីអូអេ​ មាន​ព័ត៌មាន​បន្ថែម​ពី​ទីក្រុង​ប៉េកាំង។
ពលរដ្ឋ​ចិន​ចង់​ដឹង​កាន់​តែ​ខ្លាំង​ឡើង​អំពីក្រុម​មន្ត្រី​សាធារណ​របស់​ខ្លួន មាន​ដូច​ជា​ប្រាក់​ចំណូលរបស់​ក្រុម​មន្ត្រីទាំងនេះ ​ចំនួនផ្ទះដែល​ក្រុមគ្រួសារ​របស់​ពួកគេ​មាន និង​របៀបដែលពួកគេ​វិនិយោគប្រាក់​ទាំង​នោះ។​
មាន​ការ​ព្យាយាម​កាល​ពី​អតីតកាល ដើម្បី​លាតត្រដាង​ព័ត៌មានលម្អិត​ទាំងនេះ ឲ្យ​បាន​ច្រើនទៅ​ដល់​សាធារណជន ប៉ុន្តែ​មិន​ដែល​ធ្លាប់​បាន​អនុវត្តវិធីសាស្ត្រ​ពី​លើចុះ​មក​ក្រោម ដើម្បី​ឲ្យ​មាន​តម្លាភាព​នៅ​ទូទាំង​រដ្ឋាភិបាល​ឡើយ។
តែ​ទោះ​យ៉ាង​ណា បញ្ហានេះ​អាចមាន​ការផ្លាស់​ប្តូរ។ បក្សកុម្មុយនីស្ត​របស់​ប្រទេស​ចិនបាន​សារភាពជា​សាធារណ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់ខ្លួន គឺ​ជា​ការ​តស៊ូស្លាប់រស់ ហើយ​នៅ​ក្នុង​រយៈ​ពេលប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ កម្មវិធី​ប្រកាស​ទ្រព្យ​សម្បត្តិ​ថ្មីៗ​ទាំងឡាយ​សម្រាប់​ក្រុម​មន្ត្រី ត្រូវ​បាន​រំពឹង​ថានឹង​ចាប់​ផ្តើម ទោះបីជា​ស្ថិតនៅក្នុង​វិសាលភាព​តូច​ក៏ដោយ។
កម្មវិធី​នេះ​នឹង​ត្រូវ​បង្កើតឡើង​នៅ​ទីក្រុង​ នីងបូ ​(Ningbo) ដែល​ស្ថិត​នៅភាគ​ខាង​កើត និង​ទីក្រុង​បី​ផ្សេង​ទៀតនៅ​ក្នុង​ខេត្ត ក្វាន់ទុង (Guangdong) ​ដ៏​រីកចម្រើន។​
ព័ត៌មាន​លម្អិតនឹងត្រូវបាន​បង្ហាញ​ចេញ​ទាំង​អស់ ប៉ុន្តែ​បើយោង​តាម​របាយការណ៍របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ កម្មវិធី​នៅទីក្រុង នីង​បូ នឹង​អនុវត្ត​ចំពោះតែ​ក្រុម​មន្ត្រី​រដ្ឋាភិបាល ដែល​ទើប​ទទួលការ​តែងតាំង​ថ្មីៗ​តែប៉ុណ្ណោះ។
កម្មវិធីនៅ​ក្នុង​ខេត្ត​ ក្វាន់ទុង នឹង​តម្រូវ​ឲ្យ​មន្ត្រី​សំខាន់ៗ​របស់​បក្ស​និងរដ្ឋាភិបាល រាយការណ៍លម្អិតអំពី​ទ្រព្យ​សម្បត្តិ ការ​វិនិយោគ និង​ការ​ងារ​របស់​គ្រួសារនិង​កូនៗ​របស់​ខ្លួន។
លោក​ ហេ ប៊ីង (He Bing) ជំនួយការ​ព្រឹទ្ធបុរស​នៃ​សាលាច្បាប់​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយនិង​ច្បាប់​របស់ប្រទេសចិន​ ថ្លែងថា​ មិន​ដូច​ពិសោធន៍​មុន​ៗ​ទេ ការ​ទាម​ទារ​របស់​សាធារណជន​ឲ្យ​ធ្វើការ​ប្រកាស​ទ្រព្យសម្បត្តិ​នាពេល​ឥឡូវ​នេះ មាន​សភាព​ខ្លាំង​ក្លា​ជាង​មុន​ ​ ហើយ​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​របស់​ចិន កំពុង​ជួយ​ពង្រឹង​ការជំរុញ​ឲ្យ​មានការប្រឆាំង​អំពើ​ពុករលួយ។
លោក​និយាយថា​ ខណៈដែល​កម្មវិធី​កាលពី​អតីតកាលមាន​ទម្រង់​ដូច​ជា​ការ​សាកល្បង កម្មវិធីសាកល្បង​ថ្មីៗ ដូចជា​កម្មវិធី​នៅ​ខេត្ត ក្វាន់ទុង​ មានទម្រង់​ដូចជា​សញ្ញា​មួយ ដែល​អ្វីមួយនឹងជិត​ចាប់​ផ្តើម ហើយ​កម្មវិធី​ទាំងនេះ​នឹង​រីក​ធំធាត់សន្សឹមៗ។
កម្មវិធី​សាកល្បង​មួយ​ចំនួន ដែល​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​រួច​ហើយ នៅ​ប្រទេស​ចិន​ រាប់​បញ្ចូល​ទាំង​កម្មវិធី​មួយ​នៅ​ខេត្ត ស៊ីង​ជាំង (Xinjiang) ខេត្ត ហាយណាន (Hunan) និងខេត្ត ហ្សេជាំង (Zhejiang)។ ខណៈ ដែល​ពី​ដំបូង កម្មវិធី​ទាំងនេះបាន​ផ្តល់​ព័ត៌មានច្រើន​ជាង​មុន​ដល់​សាធារណជន​ លទ្ធផល​មាន​ភាព​ចម្រុះ នេះ​បើ​យោង​តាម​សម្តី​របស់​លោក អាឡេន ក្លេតុនហ្គ្រីន (Allen Clayton-Greene) ដែល​ជា​អ្នក​វិភាគជាន់​ខ្ពស់នៃ​គោលនយោបាយ​ចិន។​
លោក ក្លេតុន មាន​ប្រសាសន៍ថា កម្មវិធី​នៅ​ខេត្ត​ ស៊ីន​ជាំង​ មាន​រយៈ​ពេលមិន​ដល់​មួយ​ឆ្នាំ​ផង ហើយ​បាន​បញ្ចប់ដោយសារតែ នៅ​ពេល​ដែលក្រុម​មន្ត្រីប្រឆាំង​អំពើ​ពុករលួយនៅ​ទីនោះ​បាន​ស្លាប់។ កម្មវិធី​នៅ​តំបន់ ស៊ីហ្ស៊ី (Cixi) របស់​ខេត្ត ហ្សេជាំង (Zhejiang) កំពុង​បន្ត​រហូត​ចាប់តាំងពីឆ្នាំ​២០០៩មក។​
«កម្មវិធី​នោះ​តម្រូវ​ឲ្យ​អ្នក​ទាំង​នោះ​លាត​ត្រដាង​អំពី​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​ រថយន្ត​ឯកជន និង​ផ្ទះ​សម្បែង​ ព្រមទាំង​ទ្រព្យ​សម្បត្តិ​ដែល​គ្រប់​គ្រង​ដោយ​កូននិង​សមាជិក​គ្រួសារ​របស់​ពួកគេ​ផង​ដែរ។ ប៉ុន្តែ​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​នៃ​កម្មវិធី​សាកល្បង នៅក្នុង​តំបន់ ស៊ីហ្ស៊ី គឺ​ថា គ្មាន​ការ​តវ៉ា​ណាមួយ​ត្រូវបាន​ទទួលពី​សាធារណជន​នោះទេ ហើយ​មានការ​ខឹងសម្បារ​ធំៗ​ដែល​ថា​ តាម​ពិតទៅ មិនមាន​មធ្យោបាយ​ណាមួយ ដែល​សាធារណជន​អាច​ដាក់​ពាក្យបណ្តឹង​ ទាក់​ទង​ទៅនឹង​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​មន្រ្តី​ទាំង​នោះ​ឡើយ»។​
ក្រុម​អ្នក​វិភាគ​ថ្លែងថា​ បទ​ពិសោធន៍​នៅ នីង​បូ និង ក្វាន់​ទុង នឹង​ទៅ​ជាយ៉ាង​ណា នៅ​តែ​ជា​ការ​រង់​ចាំ​មើល​នៅ​ឡើយ។
ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥ ក្រុម​មន្រ្តី​នៅ​ប្រទេសចិន ត្រូវ​បាន​តម្រូវ​ឲ្យ​រាយការណ៍​ប្រាក់​ខែ​របស់​ពួកគេ ទៅកាន់​គណៈកម្មការមជ្ឈិម​បក្ស​សម្រាប់​អធិការកិច្ច​វិន័យ។ គ្រាន់តែកាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន វិធានការនេះ​ត្រូវ​បាន​ពង្រីក ដើម្បី​រាប់​បញ្ចូល​ទ្រព្យសម្បត្តិ​ ដែលជា​ប្រាក់ចំណូល​ផ្ទាល់​ខ្លួន​ ការ​វិនិយោគ និង​ការ​កាន់​កាប់​ទ្រព្យ​សម្បត្តិ របស់​សមាជិក​គ្រួសារ​របស់​ក្រុមមន្រ្តី​ទាំងនេះ។
ទោះយ៉ាង​នេះក្តី ព័ត៌មាននេះ​មិន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណ​ទេ មួយ​ផ្នែក​ដោយសារ​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល ដែល​ការ​ចេញ​ផ្សាយ​ព័ត៌មាន​បែបនេះ អាច​បង្កើត​ឲ្យ​មាន​អស្ថិរភាព​សង្គម។​
ចាប់​តាំង​ពី​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​របស់​ចិនបាន​ចាប់​ផ្តើម​កាល​ពី​ខែ​វិច្ឆិកា​មក មេដឹកនាំ​ថ្មី​របស់​បក្សកំពុង​ចាត់​វិធានការ​យ៉ាងខ្លាំងក្លា ដើម្បី​បង្ក្រាបអំពើ​ពុករលួយ។ លោក ហ្ស៊ី ជីនពីង (Xi Jinping) ប្រធានា​ធិបតី​ចូល​កាន់​តំណែង​ថ្មីរបស់​ប្រទេសចិន បាន​សន្យា​ថា​ នឹងតាម​ចាប់ទាំងក្រុម​មន្ត្រី​ថ្នាក់​ទាប​និង​ថ្នាក់​ខ្ពស់​ ហើយ​បក្ស​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​អនុវត្ត​ផែនការចម្បងៗប្រឆាំងនឹង​អំពើ​ពុករលួយ​នៅ​ក្នុងឆ្នាំ​នេះ។
តើការ​លាត​ត្រដាង​ទ្រព្យ​សម្បត្តិ ​អាច​មាន​តួនាទី​បែបណា​មួយនៅក្នុង​ផែនការ​នេះ នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។ គណៈកម្មការ​វិន័យ​របស់​បក្សនិយាយថា ខ្លួន​នឹង​អនុវត្តការ​ត្រួតពិនិត្យ​នៅ​ហ្នឹង​កន្លែងទៅ​លើ​ការ​លាត​ត្រដាង​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​មន្ត្រី ទោះបីជា​មាន​លក្ខណៈ​បែបផ្ទៃ​ក្នុង​ក៏ដោយ។
អ្នកប្រាជ្ញ​ផ្នែក​ប្រឆាំងអំពើ​ពុករលួយមួយចំនួន​និយាយថា រដ្ឋាភិបាល​គួរ​តែ​បង្កើត​កម្មវិធី​លើកលែង​ទោស ដើម្បី​លើក​ទឹកចិត្ត​ដល់ក្រុម​មន្ត្រី​ពុករលួយ​ឲ្យ​ចូល​មកបង្ហាញខ្លួន ហើយ​ផ្តល់​ការ​ធានា​មួយ​ចំនួន​ដល់​ពួកគេ​ដែល​ថា លទ្ធភាព​នៃការដាក់ទណ្ឌកម្មអាច​នឹងត្រូវ​បាន​បន្ធូបន្ថយ។
លោក រ៉េន ជៀនមីង​ (Ren Jianming) នាយក​មជ្ឈមណ្ឌល​ប្រឆាំង​អំពើ​ពុករលួយ​និងស្រាវជ្រាវ​ផ្នែក​អភិបាល​កិច្ច​នៃ​សាកល​វិទ្យាល័យ​ ស៊ីងហួ (Tsinghua University)​ នៅក្នុង​ទីក្រុង​ប៉េកាំង ថ្លែង​ថា ការ​លើក​លែង​ទោស​របៀបនេះ​ណាមួយ គួរ​តែមាន​ភាព​ខុស​ប្លែក​គ្នា​ពី​ចលនា​នយោបាយ​ ដែល​គណបក្ស​នេះបាន​អនុវត្ត​កាល​ពីអតីតកាល​ ដើម្បី​កម្ចាត់​អំពើ​ពុករលួយ។ ​
លោក​ រ៉េន​ ថ្លែង​ថា​ កិច្ច​ខិតខំប្រឹង​ប្រែង​កាល​ពី​មុន​ក្នុង​ការ​ផ្តល់​ការ​លើក​លែង​ទោស ​បា​ន​បញ្ចប់​ទៅ​ដោយ​ការដាក់​ទោស​លើ​អ្នក​ដែល​ស្មោះត្រង់ និង​អនុញ្ញាតិ​ឲ្យ​អ្នក​ដែល​មិនស្មោះត្រង់ គេចចេញ​បាន​ពី​ការ​ដាក់​ទណ្ឌកម្ម។ លោក​និយាយថា នៅ​ទី​បញ្ចប់ លទ្ធផល​នេះ​មានភាព​ផ្ទុយ​ពី​អ្វី​ដែលចង់បាន។
មិន​ដូច​ជាការ​ធ្វើ​យុទ្ធនាការ​កាល​ពី​អតីតកាល ដែល​គណបក្ស​បាន​អនុវត្ត​នៅក្នុង​ការវាយបង្រ្កាប​ទៅលើ​អំពើ​ពុករលួយ ក្រុម​អ្នកវិភាគ​និយាយថា ប្រសិន​បើ​ការ​លើក​លែង​ទោស​ត្រូវ​បាន​ប្រើ​ម្តង​ទៀត ការ​លើកលែង​ទោស​នេះ ត្រូវ​តែ​មាន​មូលដ្ឋាន​ច្បាប់​។ ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​នៅ​ប្រទេស​ចិននិយាយថា ការ​លើកលែង​ទោសអាច​អនុវត្ត​បាន​ចំពោះ​ទង្វើ​នៃ​អំពើ​ពុករលួយ ដែល​ត្រូវបាន​ប្រព្រឹត្ត​ឡើង មុន​សមាជ​បក្ស​លើកទី​១៨​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំទៅ ដោយ​មិន​រាប់​បញ្ចូល​បទល្មើស​ធំៗ​ឡើយ៕
ប្រែសម្រួល​ដោយ លី សុខ​ឃាង
XS
SM
MD
LG