ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​ជប៉ុន​ប្រតិកម្ម​នឹង​ព័ត៌មាន​នៃ​មរណភាព​លោក​គីម ជុងអ៊ីល


ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ជួប​​ប្រជុំ​គ្នា​ដើម្បី​កាន់​​​ទុក្ខ​ចំពោះ​មរណភាព​របស់​មេដឹកនាំ​លោក គីម ជុងអ៊ីល (Kim Jong Il) នៅ​ពី​មុខ​រូប​សំណាក់​របស់​ឪពុក​លោក គឺ​លោក គីម អ៊ីល​ស៊ុង ក្រុង​​រដ្ឋធានី​ព្យុងយ៉ាង កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៩​ខែ​ធ្នូ​ឆ្នាំ​២០១១។
ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ជួប​​ប្រជុំ​គ្នា​ដើម្បី​កាន់​​​ទុក្ខ​ចំពោះ​មរណភាព​របស់​មេដឹកនាំ​លោក គីម ជុងអ៊ីល (Kim Jong Il) នៅ​ពី​មុខ​រូប​សំណាក់​របស់​ឪពុក​លោក គឺ​លោក គីម អ៊ីល​ស៊ុង ក្រុង​​រដ្ឋធានី​ព្យុងយ៉ាង កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៩​ខែ​ធ្នូ​ឆ្នាំ​២០១១។

មន្ត្រី​ចិន​ម្នាក់​បាន​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ការ​រន្ធត់​ចិត្ត​ចំពោះមរណភាព​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ គីម​ ជុងអ៊ីល (Kim Jong Il) ហើយ​លោក​បាន​សម្តែង​មរណទុក្ខ​ដល់​ប្រជាជន​កូរ៉េ​ខាង​ជើង។ ​

លោក Liu Weimin អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​បាន​ហៅ​មេដឹកនាំ​កូរ៉េខាង​ជើង​ថា​ជា​«មហា​មេដឹកនាំ» និង​ជា​«មិត្ត​ជិត​ស្និទ្ធ»​របស់​ប្រទេស​ចិន។​

លោក​ Liu បាន​និយាយ​ថា​ រដ្ឋាភិបាល​ចិន​មាន​ការ​រន្ធត់​ចិត្ត​នៅ​ពេល​ដឹង​អំពី​មរណភាពរបស់​លោក​ គីម​ ជុងអ៊ីល។​ លោក​ក៏​បាន​សម្តែង​មរណទុក្ខ​យ៉ាង​ជ្រាល​ជ្រៅ​របស់ប្រទេស​ចិន​ដល់​ប្រជាជន​កូរ៉េ​ខាង​ជើង​ដែរ។

លោក Liu បាន​ត្រូវ​សួរ​សំណួរ​ជា​ច្រើន​អំពី​ប្រតិកម្ម​របស់​ប្រទេស​ចិន​ចំពោះ​ដំណឹង​នេះ។ ​ពួក​អ្នក​កាសែត​បាន​សួរ​ថា ​តើ​ប្រទេស​ចិន​នឹង​បញ្ជូន​នរណា​ទៅ​ចូល​រួម​ក្នុង​ពីធី​បុណ្យ​សព​លោក​គីម នៅ​សប្តាហ៍​ក្រោយ​ តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខ្វល់​ខ្វាយ​ឬ​ទេ​អំពី​ស្ថិរភាព​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​ថា​តើ​ប្រទេស​ចិន​នឹង​ចងចាំ​លោក​គីម​ ជុងអ៊ីល យ៉ាង​ដូចម្តេច​ដែរ។​ លោក Liu បាន​និយាយ​ថា ​លោក​គ្មាន​ព័ត៌មាន​បន្ថែម​ទេ​ហើយ​លោក​បាន​ចង្អុល​ឲ្យ​យោង​ទៅ​រក​សេចក្តី​ថ្លែង​ការណ៍​ដំបូង​របស់​លោក។​

លោក​ Liu និយាយថា​ប្រទេស​ចិន​នឹង​បន្ត​ធ្វើការ​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​ដើម្បី​ពង្រឹង​មិត្តភាព​ជា​ប្រពៃណី​របស់​ប្រទេស​ទាំង​ពីរ​ជាមួយ​ការ​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ។​

ប្រទេស​ចិន​មិន​មែន​គ្រាន់​តែជា​ប្រទេស​ជិត​ខាង​មួយ​របស់​កូរ៉េ​ខាង​ជើង​ប៉ុណ្ណោះ​ទេក៏​ប៉ុន្តែ​ជា​ញឹក​ញយ​ចិន​ក៏ជា​សម្ព័ន្ធមិត្ត​ខាង​ការទូត​ធំ​បំផុត​របស់​ប្រទេសដ៏​នៅ​ឯកោ​ពី​គេ​មួយ​នេះ។​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​គាំទ្រ​ដល់​ការ​ចរចា​ជា​ថ្មី​រវាង​ភាគី​៦​អំពីកម្មវិធី​បរមាណូ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។​ កិច្ច​ចរចា​គ្នា​នេះ​ដែល​មាន​ទាក់ទិន​ជាមួយ​ប្រទេសជប៉ុន​ កូរ៉េ​ខាង​ត្បូង​ សហរដ្ឋ​អាមេរិក​ ​និង​ប្រទេសរុស្សី​ផង​ដែរ​នោះ​ បាន​ត្រូវ​ផ្អាក​ជាង​២​ឆ្នាំ​មក​ហើយ ​ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាន​បណ្តេញ​ពួក​អធិការ​បរមាណូ​អន្តរជាតិ​ឱ្យ​ចេញ​ពី​ប្រទេស។​

កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​មាន​ការ​ពិភាក្សា​គ្នា​ដែល​មាន​គោលដៅ​ធ្វើ​ការ​ចរចា​គ្នា​នេះ​ជា​ថ្មី​ទ្បើង​វិញ​ ក៏​ប៉ុន្តែ​នៅ​តែ​មិន​ច្បាស់​លាស់​ថា​តើ​ដំណឹង​អំពី​មរណភាព​របស់​លោក​ គីម​ ជុងអ៊ីល មាន​ផល​ប៉ះពាល់​បែប​ណា​ដល់​ការ​ទាក់ទង​ជា​មួយ​កូរ៉េ​ខាង​ជើង។

នៅ​ក្នុង​ប្រទេស​ជប៉ុន​ លោក​ Osamu Fujimura រដ្ឋមន្ត្រី​នៃ​គណៈរដ្ឋមន្ត្រី​ជប៉ុនបាន​និយាយ​ថា​ លោក​ខ្វល់​ខ្វាយ​អំពី​ស្ថិរភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ។​

លោក​ Fujimura និយាយ​ថា​ ប្រទេស​ជប៉ុន​បាន​ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស.រ.អ.​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ប្រទេស​ចិន​ ដើម្បី​«ចាត់​វិធានការ​ទាំង​អស់​ដែល​គេ​ត្រូវ​ការ​ ដើម្បី​ប្រុងប្រៀប​សម្រាប់​ហេតុការណ៍​ដែល​គេ​មិន​បាន​គិត​ទុក​ជា​មុន» នេះបើ​តាម​ពាក្យ​សម្តី​ផ្ទាល់​របស់​លោក។

លោក​ Choi Dae-Suk ជាអ្នក​ជំនាញ​ខាង​កិច្ចការ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ឯសាកលវិទ្យាល័យ​ស្ត្រី​ Ehwa ក្នុង​ក្រុង​សេអ៊ូល។ ​លោក​និយាយ​ថា ​លោក​យល់​ថា​មរណភាព​របស់​លោក​ គីម​ ជុងអ៊ីល នឹង​មាន​ផល​ប៉ះពាល់​ខ្លាំងលើ​គោលនយោបាយការបរទេស​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង។

«ទីមួយ​ ខ្ញុំ​យល់​ថា​គោល​នយោបាយ​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Lee Myung-bak តឹងតែង​ណាស់​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង។​ ពួក​គេបាន​ចាប់​ផ្តើម​កែប្រែ​គោលនយោបាយ​នេះ​កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​ប៉ុន្តែ​វា​នៅ​តែ​តឹងតែង​ខ្លាំង។ ​ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​លោក​គីម​ ជុងអ៊ីល ស្លាប់​ទៅ​ហើយ​ ដូច្នេះ​ពួកគេ​មិន​ចាំបាច់​ត្រូវ​បន្ត​គោល​នយោបាយ​បែប​នេះ ​គឺ​គោល​នយោបាយ​តឹងរ៉ឹងទៀត​ទេ​ ពួក​គេ​ត្រូវ​តែ​កែប្រែ​គោល​នយោបាយ​នេះ»។

លោក​ Choi ថ្លែង​ថា​ លោកយល់​ថា​មរណភាព​នេះ​ក៏​អាច​មាន​ផល​ប៉ះពាល់​វិជ្ជមាន​មួយដល់​កិច្ច​ចរចា​រវាង​ភាគី​៦​ដែល​មាន​គោលដៅ​និយាយ​បញ្ចុះ​បញ្ចូល​កូរ៉េ​ខាង​ជើង​ឱ្យ​បោះបង់​ចោល​កម្មវិធី​អាវុធ​បរមាណូ​របស់​ផង​ខ្លួន​ ពីព្រោះ​លោក​យល់​ថា​រដ្ឋាភិបាល​ក្រុង​ Pyongyang​ នឹង​ចង់​ធ្វើ​ឱ្យ​តូច​អ្វី​ដែល​ខ្លួន​ដឹង​ថា​ជា​គ្រោះ​ថ្នាក់​មក​ពី​ខាង​ក្រៅ។​

គេ​មាន​ជំនឿ​ថា​រដ្ឋាភិបាល​ក្រុង​ Pyongyang បាន​អភិវឌ្ឍ​សម្ភារៈ​បរមាណូ​គ្រប់​គ្រាន់សម្រាប់​ផលិត​គ្រាប់​បែក​បរមាណូ​មួយ​ចំនួន​ហើយ​បាន​ធ្វើ​ការ​ពិសោធន៍​បរមាណូ​ក្រោម​ដី​ពីរ​ដង​មក​ហើយ៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG