ស្ថានការណ៍តានតឹងនៅតំបន់ភាគខាងត្បូងនៃសមុទ្រចិន ដោយសារជម្លោះដែនទឹក កើនឡើងសារជាថ្មី ដោយចិនប៉ះទង្គិចជាមួយវៀតណាមនិងហ្វីលីពីនកាលពីពេលថ្មីៗនេះ។ ជម្លោះនោះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកនិងបណ្តាប្រទេសនៃសមាគមន៍អាស៊ាន ខិតខំជួយដោះស្រាយការខ្វែងគំនិតគ្នារវាងអ្នកទាមទារប្រភពប្រេងនៅក្នុងដែនទឹកនោះ តាមរយៈការចរចាដោយចៀសវាងមិនប្រើកម្លាំងអាវុធ ឬការគំរាម។
នៅក្នុងការតវ៉ាដ៏កម្រមូយកាលពីថ្ងៃអាទិត្យក្នុងប្រទេសវៀតណាម បាតុករច្រើនរយនាក់បានមកប្រមូលផ្ដុំគ្នានៅមុខស្ថានទូតចិន ដើម្បីទិទៀនរដ្ឋាភិបាលទីក្រុងប៉េកាំង អំពីការចោទប្រកាន់ពីបទរំលោភ កើតឡើងនៅលើផ្ទៃសមុទ្រចិនភាគខាងត្បូង។ រដ្ឋាភិបាលវៀតណាមនិយាយថា នាវាចិនបានកាត់បណ្ដាច់ខ្សែកាបអណ្ដែតទឹករបស់នាវាវាស់វែងវិទ្យាសាស្រ្ដរបស់ប្រទេសវៀតណាម ដោយចេតនាកាលពីខែមុននៅពេលដែលនាវានោះកំពុងដឹកនាំធ្វើតែស្តអំពីការរញ្ជួយផែនដីនៅបាតសមុទ្រ។
រដ្ឋាភិបាលហ្វីលីពីនក៏បានរាយការណ៍ដែរអំពីជម្លោះដែនទឹកជាថ្មីដោយចោទប្រទេសចិនថាបានដឹកសម្ភារៈសំណង់របស់ខ្លួនទៅសង់ប៉ុស្ដិ៍យោធានៅលើថ្មប៉ប្រះទឹកដែលរដ្ឋាភិបាលទីក្រុងម៉ានីលទាមទារជាកម្មសិទ្ធិរបស់ខ្លួន។ ចិនបានការពារវិធានការរបស់ខ្លួនដោយនិយាយថាវិធានការនោះសមហេតុសមផល។
ក្នុងការថ្លែងទៅកាន់វេទិកាហ្វូរូមតំបន់អំពីកិច្ចការការពារប្រទេសនៅក្នុងប្រទេសសិង្ហបូរីកាលពីថ្ងៃអាទិត្យ រដ្ឋមន្ដ្រីការពារប្រទេសចិន លោក លាងគង់ លី បានអះអាងថាការប៉ះទង្គិចមូយភ្លែតជាមួយវៀតណាមនិងហ្វីលីពីនកាលពីពេលថ្មីៗនេះបានត្រូវពន្លត់ទៅវិញហើយ។
លោក លាង និយាយថា «សេរីភាពនៃការបើកបរនៅលើសមុទ្រចិនភាគខាងត្បូងនៅមានជានិច្ច។ គ្មាននរណាមួយជាម្ចាស់កម្មសិទ្ធិឡើយ។ ស្ថានការណ៍ទូទៅរបស់តំបន់មានស្ថិរភាព»។
លោក Dean Cheng អ្នកវិភាគខាងកិច្ចការការពារជាតិនៅក្នុងតំបន់អាស៊ី នៃអង្គការ Heritage Foundation ក្នុងរដ្ឋធានីវ៉ាស៊ីនតោននិយាយថា ទោះបីជាចិនមិនបានបាញ់កាំភ្លើងទៅលើនរណាមួយក៏ដោយ សកម្មភាពរបស់ខ្លួនមានសភាពញុះញុងដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស។
«ចិនហាក់ដូចជាចង់រុញគេចេញ មិនឲ្យមានការទាមទារ ដើម្បីយកតំបន់ទាំងស្រុងនោះសម្រាប់ខ្លួន ហើយចិនមិនឈឺក្បាលថាខ្លួនបានជាន់ជើងនរណាមួយទេ»។
ប្រទេសនៃសមាគមអាស៊ានបានខិតខំធ្វើការជាមួយចិនដើម្បីឈោងយកកិច្ចព្រមព្រៀងគ្នាមួយអំពីក្រមសីលធម៌នៅតំបន់សមុទ្រចិនភាគខាងត្បូង។
ថ្លែងទៅកាន់សន្និសីទដដែលកាលពីថ្ងៃអាទិត្យ អនុរដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម ងៀង ជី វិញ ថ្លែងថាកិច្ចសហការពីប្រទេសចិនមានសារៈសំខាន់ណាស់ ហើយលោកបន្ថែមថាការប្ដេជ្ញាចិត្ដរបស់វៀតណាមនៅរឹងមាំ។
លោក ងៀង និយាយថា «គោលជំហររឹងមាំជានិច្ចរបស់គណបក្សយើងនិងប្រទេសយើង គឺ យើងនឹងប្រើគ្រប់មធ្យោបាយដើម្បីការពារអធិបតេយ្យភាពរបស់យើង»។
តំបន់សមុទ្រចិនភាគខាងត្បូង ជាផ្លូវទឹកធំដឹកជញ្ជូនទំនិញតាមនាវាហើយគេមានជំនឿដែរថា ប្រហែលជាប្រភពប្រេងកាតនិងឧស្ម័ន។ ប្រទេសជាច្រើនទាមទារតំបន់នោះថាជាកម្មសិទ្ធិរបស់ខ្លួន រាប់ទាំងប្រទេស ប៊្រុយណេ ម៉ាឡេស៊ី ចិន ហ៊្វីលីពីន និង វៀតណាម។
អ្នកវិភាគឌីន ឆេងនៃ អង្គការ Heritage Foundation និយាយថាភាពតានតឹងនៅពេលថ្មីៗនេះអាចជាសញ្ញាមួយដែលរដ្ឋាភិបាលប៉េកាំងសាកល្បងចង់ដឹងប្រតិកម្មពីប្រទេសវៀតណាម ឬ ស.រ.អ.។
លោកចង្អុលប្រាប់ឲ្យដឹងអំពីវិធានការណ៍ចិនធ្វើឡើងនៅពេលក្រោយពីមានសន្និសីទកំពូលមួយចំនួនរវាងចិននិងស.រ.អ. រាប់ទាំងការចរចាគ្នារវាងប្រធានាធិបតី ហ៊ូ ជីនតាវ និង ប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពីខែមករា។
«នេះប្រហែលជាការធ្វើតេស្តសាកល្បងចង់ដឹង។ ពិតហើយយើងមានសន្និសីទកំពូលហើយយើងនិយាយថា យើងចង់បានទំនាក់ទំនងប្រសើរ។ តើអ្នកចង់ធ្វើឲ្យខូចខាតដល់កិច្ចសន្យានោះឬទេ ដោយមានប្រតិកម្មជំនួសប្រទេសអាស៊ីអាគ្នេយ៍ទំាងនោះអំពីរឿងដែលចិនយល់ថានេះជាសិទ្ធិដែនទឹករបស់ខ្លួន»។
លោក ចេង និយាយថា ភាពតានតឹងកាន់តែច្រើនអាចពាក់ព័ន្ធនឹងការផ្ទេរអំណាចរបស់ថ្នាក់ដឹកនាំចិន នៅពេលខាងមុខនេះក្នុងឆ្នាំ២០១២។ ប្រធានាធិបតី ហ៊ូ ជិនតាវ នឹងចុះចេញពីតំណែងនៅឆ្នាំក្រោយ ហើយលោក ចេង និយាយថារដ្ឋាភិបាលលើកក្រោយនិងរដ្ឋាភិបាលចេញពីអំណាចពេលនេះយល់ថាគេមិនមានជំរើសក្រៅពីប្រកាន់គោលជំហរ ហើយបញ្ជាក់ថា នេះជាដែនដីរបស់ប្រទេសចិន។
កាលពីសប្ដាហ៍មុនមន្ដ្រីអាមេរិកាំងបានថ្លែងសង្កត់ទៅលើសេចក្ដីប្ដេជ្ញាចិត្ដរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនទៅនឹងប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ហើយនិងឆន្ទៈធ្វើសហការគ្នាជាមួយចិននៅតំបន់។ ចិននិយាយថាខ្លួនបានតាំងចិត្ដដែរក្នុងការដោះស្រាយជម្លោះដោយសន្ដិវិធីនៅក្នុងតំបន់។
ប៉ុន្ដែមើលពីលើផ្លូវនៃទីក្រុងហាណូយ ការដោះស្រាយជម្លោះនោះហាក់ដូចជាស្ថិតនៅវែងឆ្ងាយណាស់៕
ប្រែសម្រួលដោយ អ៊ូ ធួក