ទីក្រុងនិងខេត្តទាំងឡាយនៅតាមដងទន្លេ យ៉ង់ស្សេ (Yangtze) នៅក្នុងភាគកណ្តាលនៃប្រទេសចិន កំពុងធ្វើការប្រយុទ្ធតទល់ជាមួយនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ប្រទេសនេះ នៅក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមកនេះ។ ក្រុមអ្នកវិភាគផ្នែកធនធាននិយាយថា គ្រោះរាំងស្ងួតនេះមិនត្រឹមតែបង្ហាញអំពីផលប៉ះពាល់ពីការផ្លាស់ប្តូរអាកាសធាតុតែប៉ុណ្ណោះទេ តែថែមទាំងបង្ហាញអំពីបញ្ហាដែលបន្តកើតមាន នៃការខ្វះខាតទឹក និងថាតើប្រទេសនេះ ត្រូវតែថ្លឹងថ្លែងបញ្ហានេះ ដោយវិធីណា ជាមួយនឹងតម្រូវការដ៏ធំសម្បើមរបស់ខ្លួន ទៅលើថាមពលនិងសម្រាប់កំណើនសេដ្ឋកិច្ច។
បឹង ប៉ូយាង (Poyang) គឺជាបឹងទឹកសាបធំជាងគេបង្អស់នៅក្នុងប្រទេសចិន ហើយគ្រាន់តែជាឧទាហរណ៍មួយ ថាតើគ្រោះរាំងស្ងួតបានក្លាយទៅជាមានសភាពធ្ងន់ធ្ងរដល់កំរិតណា។ បឹងដែលស្ថិតនៅក្នុងខេត្ត ជៀងស្សី (Jiangxi) តាមដងទន្លេ យ៉ង់ស្សេ នេះ បានរួមតូច នៅតិចជាងពាក់កណ្តាលនៃទំហំធម្មតារបស់វា ហើយការខ្វះខាតទឹកមានផលប៉ះពាល់យ៉ាងធំធេងមួយ ទៅលើការនេសាទនិងការធ្វើស្រែចម្ការនៅតំបន់ក្បែរបឹងនេះ។
ជាមួយនឹងកម្រិតទឹកទាបយ៉ាងខ្លាំង ដងទន្លេ យ៉ង់ស្សេ មិនអាចឱ្យកប៉ាល់ដឹកទំនិញឆ្លងកាត់បានទេ ហើយបានបង្អាក់ដល់ការផ្គត់ផ្គង់រោងចក្រទាំងឡាយនៅតាមដងទន្លេ និងការដឹកផលិតផលរោងចក្រនិងទំនិញកសិកម្ម។ ក្រុមអ្នកវិភាគនិយាយថា ទន្លេនេះត្រូវបានប្រើប្រាស់ សម្រាប់ដឹកជញ្ជូនទំនិញប្រមាណ១០០ពាន់លានតោន នៅក្នុងមួយឆ្នាំៗ។
លោក រ៉ូប៊ឺត គីមប័ល (Robert Kimball) អ្នកសម្របសម្រួលគម្រោងមួយ នៅឯវិទ្យាស្ថានធនធានពិភពលោក នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន និយាយថា គ្រោះរាំងស្ងួតក៏បានប៉ះពាល់ផលដែរដល់ការផលិតថាមពលអគ្គីសនី។
«មានប្រព័ន្ធវារីអគ្គីសនីជាច្រើន នៅក្នុងអាងទន្លេ យ៉ង់ស្សេ។ ឧទាហរណ៍ នៅឯទំនប់មួយដែលមានឈ្មោះជាភាសាអង់គ្លេសថា Three Gorges Dam ការផលិតថាមពល បានធ្លាក់ចុះ២០ ភាគរយ ដោយសារគ្រោះរាំងស្ងួត បើយោងតាមការប៉ាន់ស្មានមួយចំនួន។ ក្រុមហ៊ុនណាដែលពឹងផ្អែកលើថាមពលនេះ កំពុងទទួលផលប៉ះពាល់។ ក្រុមហ៊ុនខ្លះថែមទាំងត្រូវបានបង្ខំ ឱ្យកំណត់អំពីការប្រើប្រាស់ថាមពលរបស់ពួកគេថែមទៀតផង។»
ដើម្បីជួយសម្រួលដល់ផលប៉ះពាល់នៃគ្រោះរាំងស្ងួត អាជ្ញាធរចិនបានចាប់ផ្តើមបញ្ចេញទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ពីទំនប់ Three Gorges Dam ដើម្បីលើកកំពស់កម្រិតទឹក។
លោក គីមប័ល បន្ថែមថា ផលប៉ះពាល់នៃគ្រោះរាំងស្ងួតទៅលើការបង្កើតថាមពលនិងអាជីវកម្ម គួសបញ្ជាក់អំពីភាពស្មុគស្មាញនៃបញ្ហានេះ។
«នៅពេលដែលអ្នកធ្វើអ្វីមួយ ដូចជាការបែងចែកទឹកនិងថាមពល ដែលគឺជាអ្វីដែលយើងកំពុងមើលឃើញ នៅអាងទន្លេ យ៉ង់ស្សេ នាពេលឥឡូវនេះ ក្រុមហ៊ុនទាំងឡាយនិងរដ្ឋាភិបាលនៅក្នុងប្រទេសចិន ព្យាយាមសម្រេចថាតើផ្នែកអ្វី តើការប្រើប្រាស់អ្វី ដែលជាការប្រើប្រាស់ ដែលមានសារៈសំខាន់ខ្លាំងជាងគេ និងប្រកបដោយផលិតភាពខ្លាំងជាងគេ សម្រាប់ធនធានទឹកដ៏មានកំណត់របស់យើង។»
លោក ឃីសហ៍ ស្នាយឌ័រ (Keith Schneider) ដែលជានិពន្ធនាយកជាន់ខ្ពស់មួយរូប នៅឯសមាគមអ្នកកាសែតនិងអ្នកវិទ្យាសាស្រ្តអន្តរជាតិ ដែលហៅជាភាសាអង់គ្លេសថា Circle of Blue ដែលផ្តោតការយកចិត្តទុកដាក់ទៅលើធនធានទឹកសាកល និយាយថា ការខ្វះខាតទឹកគឺជាបញ្ហាមួយដែលកំពុងតែកើនឡើងនៅក្នុងប្រទេសចិន។
«ប្រទេសចិនបាត់បង់ទឹកបន្តិចម្តងៗ ចាប់តាំងពីឆ្នាំ២០០០មក បើយោងតាមការិយាល័យស្ថិតិជាតិរបស់ពួកគេ។ តាមការពិត ពួកគេបានបាត់បង់ទឹកចំនួន៣៥ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០០។ នេះគឺមានចំនួនសរុបចំនួន៣៥០ពាន់លានម៉ែត្រគូបសម្រាប់ប្រទេសនេះ។ ហើយចំនួន៣៥០ពាន់លានម៉ែត្រគូប គឺជាបរិមាណមួយដ៏ច្រើន។ វាមានចំនួនច្រើន ប្រហែលស្មើរនឹងចំនួនទឹក ដែលហូរចុះតាមដងទន្លេ យ៉ង់ស្សេ ហើយកាត់តាមទីក្រុង ស៊ាងហៃ (Shanghai) ក្នុងរយៈពេល៨ខែ។»
ក្រុមអ្នកឧតុនិយមចិននិយាយថា ការផ្លាស់ប្តូរអាកាសធាតុកំពុងបង្កការបំផ្លាញ ទៅលើការផ្គត់ផ្គង់ទឹករបស់ប្រទេសនេះ។
លោក ស្នាយឌ័រ និយាយថា ការសាងសង់ទំនប់ទឹកទាំងឡាយនៅតាមដងទន្លេ យ៉ង់ស្សេ ក៏ជាកត្តារួមចំណែកមួយផងដែរ។ នៅខ្សែខាងលើនៃទំនប់ Three Gorge Dam មានទំនប់ទឹកចំនួន១០០ ដែលស្ថិតនៅក្នុងដំណាក់កាលផ្សេងៗគ្នានៃការសាងសង់។ ដូចទំនប់ Three Gorge Dam ដែរ ទំនប់ទាំងនេះមានអាងស្តុកទឹកធំៗ។
«ដូច្នេះ ការបំពេញបឹងទាំងនោះ ជាឧបសគ្គផង និងជាការជួយផង ពីព្រោះវាមានទឹកដែលត្រូវបានរក្សាទុកនៅទីនោះ ដូច្នេះ អ្នកអាចបញ្ចេញវាទៅក្នុងទន្លេ។ ប៉ុន្តែ ការពិតគឺថា បឹងទាំងនោះក៏ត្រូវការបំពេញផងដែរ ដើម្បីផលិតថាមពលពីទំបន់វារីអគ្គីសនីទាំងនោះ។»
ដើម្បីកម្រិតការប្រើប្រាស់ទឹករបស់ខ្លួន ចិនកំពុងតែធ្វើការពង្រីកយ៉ាងខ្លាំងក្លា ទៅលើការផលិតថាមពលផ្សេងទៀត និងកំពុងស្វែងរកវិធីទាំងឡាយ ដើម្បីប្រើរប្រាស់ធនធានទឹករបស់ខ្លួនឡើងវិញ នៅក្នុងទីក្រុងធំៗ។
ទោះជាយ៉ាងនេះក្តី ទឹកគឺជាសមាសភាពដ៏ចម្បងមួយ នៃភាពស្មុគស្មាញនៃការបង្កើតប្រភពធនធាននិងថាមពល ដែលរក្សាការរីកចំរើនផ្នែកសេដ្ឋកិច្ចដ៏ធំសម្បើមរបស់ចិន។ ឧទាហរណ៍ ផលិតកម្មធ្យូងថ្មបានជួយប្រទេសចិន នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច ហើយស្មើនិងការប្រើប្រាស់ទឹករបស់ប្រទេសនេះ ចំនួន២៣ភាគរយ។
«ចិនកំពុងតែត្រូវការអ្វីៗគ្រប់បែបយ៉ាង។ ពួកគេត្រូវការទឹកថែមទៀត ពួកគេត្រូវការថាមពលថែមទៀត ពួកគេត្រូវការធ្យូងថ្មថែមទៀត។ ពួកគេត្រូវការប្រភពធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយការប្រកួតប្រជែងយកថាមពល ទឹក និងម្ហូបអាហារបានមកដល់ចំណុចជាប់គាំងដ៏សំខាន់ពិតប្រាកដមួយ ទាំងនៅភាគខាងជើងនិងភាគខាងត្បូង។ ហើយគ្រោះរាំងស្ងួតនៅក្នុងទន្លេ យ៉ង់ស្សេ ដែលជាទន្លេវែងជាងគេនិងធំជាងគេបង្អស់នៅក្នុងប្រទេសនេះ គឺជានិមិត្តរូបនៃបញ្ហាទាំងអស់នោះ។»
យោងតាមសារព័ត៌មានរដ្ឋចិន គ្រោះរាំងស្ងួតមានផលប៉ះពាល់ទៅលើដីចំការជាងមួយលានហិកតា នៅក្នុងខេត្តចំនួន៧ នៅភាគកណ្តាលនៃប្រទេសចិន។ ក្រុមមន្រ្តីអាជ្ញាធរដែនដី ត្រូវបានរាយការណ៍មកថា បានបាញ់រ៉ុក្កែតជាង៤ពាន់គ្រាប់ទៅលើមេឃដើម្បីបង្កើតពពក និងដើម្បីព្យាយាមនាំទឹកភ្លៀងទៅកាន់តំបន់រាំងស្ងួតនៅតាមដងទន្លេ។ ទោះជាយ៉ាងនេះក្តី ការព្យាករណ៍បានបង្ហាញថា និងមានការធ្លាក់ភ្លៀងបន្តិចបន្តួច ជាបន្តយ៉ាងហោចណាស់រហូតដល់ខែក្រោយ៕
ប្រែសម្រួលដោយ ឌី ខាំបូលី