ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នកស្រាវជ្រាវពន្យល់​ពី​ការសម្រេចក្នុង​គោលនយោបាយ​ការបរទេស​​របស់​ចិន


ក្រុមអ្នកស្រាវជ្រាវពន្យល់​ពី​ការសម្រេចក្នុង​គោលនយោបាយ​ការបរទេស​​របស់​ចិន
ក្រុមអ្នកស្រាវជ្រាវពន្យល់​ពី​ការសម្រេចក្នុង​គោលនយោបាយ​ការបរទេស​​របស់​ចិន

វ៉ាស៊ីនតោន៖ កង្វះ​តម្លា​ភាព​នៅ​ក្នុង​ប្រ​ទេស​ចិន​ គឺ​ជា​បញ្ហា​ប្រ​ឈម​ដ៏​យូរ​អង្វែង​មួយ​សម្រាប់​ក្រុមអ្នក​វិភាគ ដែល​ព្យាយាម​ស្វែង​យល់​អំពី​សេចក្តី​សម្រេច​ចិត្តទាំង​ឡាយ​ទៅ​លើ​គោល​នយោ​បាយ​ការ​បរទេស​របស់​រដ្ឋា​ភិ​បាល​ចិន។ របាយ​ការណ៍​ថ្មីឲ្យ​ដឹង​ថា​ មេ​ដឹក​នាំ​ចិន​កំពុង​ទទួល​រង​នូវ​ឥទ្ធិ​ពល​កាន់តែ​ច្រើន​ឡើង​ពី​កត្តា​ជា​ច្រើន​ រាប់​ចាប់​ពី​ទី​ភ្នាក់​ងារ​របស់​រដ្ឋាភិ​បាល​ ទៅ​ស្ថាប័ន​ស្រាវជ្រាវ​ និង​ការ​បញ្ចេញ​មតិ​យោបល់​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត។

ខណៈ​ពេល​ដែល​ឥទ្ធិ​ពល​អន្ត​រ​ជាតិ​របស់​ចិន​បាន​កើន​ឡើង ​ដោយ​សារ​តែ​ឥទ្ធិ​ពល​សេដ្ឋកិច្ច​របស់​ខ្លួន​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សន្តិ​ភាព​អន្តរ​ជាតិ​ទី​ក្រុង​ស្តុកខូម ឬ​ហៅ​កាត់​ជា​ភាសា​អង់​គ្លេស​ថា​ SIPRI និយាយ​ថា​ មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង ដែល​រាប់​តាំង​ពី​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋា​ភិ​បាល​ មន្រ្តី​យោ​ធា​ បញ្ញវន្ត ​អ្នក​ស្រាវ​ជ្រាវ ​ពាណិជ្ជ​ករ ​និង​អ្នក​សារព័ត៌​មាន​ កំពុង​តែ​ធ្វើ​ការ​ប្រកួត​ប្រ​ជែង​គ្នា​ ដើម្បី​បញ្ចូល​ឥទ្ធិ​ពល​របស់​ខ្លួន​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​មេដឹក​នាំ​ជាន់​ខ្ពស់​នៃ​ប្រ​ទេស​នេះ។

Linda Jakobson គឺ​ជា​ប្រធាន​ SIPRI ប្រ​ចាំ​នៅ​ប្រទេស​ចិន ​និង​ជា​អ្នក​និពន្ធ​មួយ​រូបនៃ​របាយ​ការ​ណ៍​ដែល​មាន​ចំណង​ជើង​ថា​ «តួ​អង្គ​ថ្មី​នៃ​គោល​នយោ​បាយ​ការ​បរទេស​នៅ​ក្នុង​ប្រទេស​ចិន»។

«​វាមិន​អាចទៅ​រួច​ទៀត​ទេ ចំពោះ​គំនិត​ដែល​ថា​ ក្រុម​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​របស់​ចិន គឺ​ជា​កម្លាំងរួមតែមួយ ទៅ​លើ​រាល់​បញ្ហា​នយោ​បាយ​ការ​បរទេស​ទាំង​អស់។ អ្នក​ទាំង​ឡាយ​ណា​ដែល​ស្វែង​រក​កិច្ច​សហ​ប្រតិបត្តិ​ការ​ពីប្រទេស​ចិន ត្រូវ​តែ​ធ្វើ​ការ​វាយ​តម្លៃ​ទៅលើ​សក្តា​នុ​ពល​នៃ​ផល​ប្រយោជន៍​ទាំង​មូល​ នៃ​ក្រុម​អ្នក​ស្វែង​រក​ផល​ប្រ​យោជន៍​ផ្សេងៗ​គ្នា​ជា​ច្រើន។ ខ្ញុំ​គិត​ថា វា​ក៏​មាន​សារសំខាន់​ណាស់​ដែរ​ក្នុង​ការ​ពិចារណា​ ទៅ​លើ​ចរន្ត​ខាង​ក្រោម​នៃ​អ្នក​ជាតិ​និយម​ ដែល​មាន​នៅ​ពាស​ពេញ​ប្រទេស​ចិន និង​ឥទ្ធិ​ពល​ដ៏​ខ្លាំង​ក្លា​ ដែល​ចរន្ត​ទាំង​នេះ​មាន​ទៅ​លើ​ក្រុម​មេ​ដឹក​នាំ និងចន្លោះ​ប្រហោងនៃមេ​ដឹក​នាំ​ទាំង​នេះ​ ជា​ពិសេស​ក្នុង​កំឡុង​ពេល​នៃ​វិបត្តិ​ណាមួយ»។

របាយ​ការ​ណ៍នេះ​ផ្អែក​ទៅ​លើ​បទ​សម្ភាសន៍​ចំនួន​71 ​ដែល​រួម​បញ្ចូលទាំង​បទ​សម្ភាសន៍​ចំនួន​19​ ជាមួយ​ក្រុម​មន្រ្តី​នៃ​បក្ស​កម្មុយ​នីស្ត​ចិន ​ក៏​ដូច​ជា​បទ​សម្ភាសន៍​ជាមួយ​មន្រ្តី​នៃ​កង​កម្លាំង​រំដោះប្រជា​ជន​ចិន​ ឬ​ហៅ​កាត់​ថា​ PLA អ្នក​ស្រាវ​ជ្រាវ ​តំណាង​ក្រុម​ហ៊ុន​របស់​រដ្ឋ ​អ្នក​កា​សែត​ អ្នក​បោះ​ពុម្ព​អត្ថបទ​ទៅ​ក្នុង​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត ​និង​អ្នក​វិភាគ​របស់​ចិន។

នៅ​ក្នុង​ការ​ថ្លែង​នា​ពេល​ថ្មី​ៗ​ នៅ​ឯ​ការ​ជួបជុំ​គ្នា​មួយនៅ​ក្នុង​រដ្ឋ​ធានី​ វ៉ាស៊ីន​តោន​ ឌី​ស៊ី ​ដើម្បីចេញ​ផ្សាយ​របាយ​ការណ៍​នេះ​ លោក​ស្រី​ Jakobson​ មាន​ប្រសាសន៍​ថា​ អ្នក​ផ្តល់​បទ​សម្ភាសន៍​ជា​ច្រើន​យល់​ឃើញ​ថា​ ក្រ​សួង​ការបរទេស​របស់​ចិន ​គឺ​ជា​តួអង្គ​ខ្សោយ​មួយ។ លោក​ស្រី​ក៏​បាន​កត់​សម្គាល់​ឃើញ​ផង​ដែរ ​អំពី​ការ​កើន​ឡើង​នូវ​ឥទ្ធិ​ពល​របស់​ទី​ភ្នាក់​ងារ​រដ្ឋា​ភិ​បាល​ ដែល​មាន​ចំណង​ទាក់​ទង​ដោយ​ផ្ទាល់​ ជាមួយ​នឹង​សេដ្ឋ​កិច្ច​របស់​ប្រទេស​នេះ។

លោក​ស្រី Jakobson ​បាន​មាន​ប្រសាសន៍​ថា​ ខណៈ​ពេល​ដែល​ចំណែក​របស់​ចិន​នៅ​ក្នុងសេដ្ឋកិច្ច​ពិភព​លោក​បាន​កើន​ឡើង ​ហើយ​ខណៈ​ពេល​ដែល​ការ​ពិចារណា​ក្នុង​ស្រុក ​បង្ក​ឱ្យមាន​ការ​ស្មុគ​ស្មាញ​ដល់​គោល​នយោ​បាយ​ការ​បរទេស​កាន់​តែកើន​ឡើង​ ទី​ភ្នាក់​ងារ​រដ្ឋា​ភិ​បាល​និង​ការិយាល័យ​របស់​បក្ស​កុម្មុយ​នីស្ត​ នឹង​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា ​ដើម្បី​មាន​ឥទ្ធិ​ពល​ទៅ​លើ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត។

«នេះ​មាន​ន័យ​ថា​ ការ​សម្រេច​ចិត្ត ​ទោះ​បី​ជា​ធ្វើ​ឡើង​ដោយ​ក្រសួង​មួយ​ចំនួន​តូច​ក៏​ដោយ​ បើ​និយាយ​ឱ្យ​ឃើញ​ទៅ​ ទោះ​តិច​ក្តី​ឬ​ច្រើនក្តី​ គឺមាន​ឥទ្ធិ​ពល​ទៅ​លើ​ប្រទេស​នេះ»។

ក្រៅ​ពី​ស្ថាប័ន​ផ្លូវ​ការ​របស់​ចិន ​លោក​ស្រី​ Jakobson ​និយាយ​ថា ​អា​ជ្ញា​ធរ​ដែន​ដី​មួយ​ចំនួន​ដែល​មាន​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​អន្តរ​ជាតិ ​អ្នក​ស្រាវ​ជ្រាវ ​អ្នក​សារព័ត៌​មាន និង​អ្នក​ដែល​ធ្វើ​ការ​ទៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត​ ក៏​កំពុង​តែ​ព្យាយាម​យ៉ាង​សកម្ម​ ដើម្បី​ដាក់​ឥទ្ធិ​ពល​ទៅ​លើ​នយោ​បាយ​ការ​បរទេស​របស់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េ​កាំង។

លោក​ស្រី​ Jakobson មាន​ប្រសាសន៍​ថា​ គឺ​តួ​អង្គ​ទាំង​នោះ​ហើយ​ ដូច​ជា​សហគ្រាស​ធំៗ ​ដែល​មិន​បាន​ព្យា​យាម​ដាក់​ឥទ្ធិ​ពល​ទៅ​លើ​នយោ​បាយ​ការ​បរទេស ​ប៉ុន្តែ​នៅ​ទី​បំផុត​ បាន​បង្ក​ឱ្យ​មាន​ភាព​ស្មុគ​ស្មាញ​ជា​ញឹកញាប់​ទៅ​លើន​យោ​បាយ​ការ​ទូត​របស់​ចិន។

លោក​ស្រី​មាន​ប្រសាសន៍​ថា ​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​ពាណិជ្ជ​កម្ម​របស់​ខ្លួន ​សហ​គ្រាស​ទាំង​នេះ​បាន​ធ្វើ​ឱ្យមាន​ភាព​ច្របូក​ច្រ​បល់​ ទៅ​លើ​មន្រ្តី​គោល​នយោ​បាយ​ការ​បរទេស ​នៅលើ​ផ្នែក​សិទ្ធិ​មនុស្ស ​សន្តិ​សុខ​ថាមពល​ និង​បញ្ហា​នយោ​បាយ។

«ជា​ការ​ពិត​ទៅ​ នៅ​ក្នុង​ចំណោម​ក្រុម​ផ្សេងៗ​ ដែល​របាយ​ការណ៍​របស់​ SIPRI បានរកឃើញ​ គឺ​សហ​គ្រាស​ទាំង​នេះ​ហើយ​ ដែល​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​នយោ​បាយ​ការបរទេស​ខ្លាំង​ជាង​គេ ដូច​ជា​នៅ​ក្នុង​ករណី​ថ្មី​ៗ​នៅ​អាស៊ី​កណ្តាល អ៊ី​រ៉ង់​ និង​ស៊ូ​ដង់»។

លោក​ស្រី​ Jakobson កត់​សម្គាល់​ឃើញ​ថា ​ឥទ្ធិ​ពល​របស់កង​កម្លាំង​រំដោះ​ប្រ​ជា​ជន​ចិន PLA និង​ក្រសួង​សន្តិ​សុខរដ្ឋ ក៏​កំពុង​តែ​កើន​ឡើង​ផង​ដែរ។

«អ្នក​ផ្តល់​បទ​សម្ភាសន៌​ជា​ច្រើន​ដល់​វិទ្យា​ស្ថាន SIPRI បាន​និយាយ​ថា ​កីឡា​អូ​ឡាំ​ពិក​នៅ​ក្នុង​ទី​ក្រុង​ប៉េ​កាំង ​ហើយ​បន្ទាប់​មក​កុប្ប​កម្ម​កាល​ពី​ឆ្នាំ​ទៅ ​នៅក្នុងខេត្ត​ Xinjiang ក្នុង​រដូវ​ក្តៅ ​បាន​ធ្វើ​ឱ្យក្រសួង​សន្តិ​សុខ​រដ្ឋ​ ​ទទួល​បាន​ថវិការ​និង​កិត្យា​នុ​ភាព​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យស្ថាប័ន​នេះ ​ក្លាយ​ទៅ​ជា​តួ​អង្គ​ក្នុង​ស្រុក​ដ៏​មាន​អំណាច​កាន់​តែកើន​ឡើងមួ​យ​ ដែល​មាន​ឥទ្ធិ​ពល​យ៉ាង​ច្រើន​ទៅ​លើ​គោល​នយោ​បាយ​ការបរទេស»។

លោក​ស្រី​ Jakobson មាន​ប្រសាសន៍​ថា​ មន្រ្តី​របស់​កង​កម្លាំង​រំដោះ​ប្រ​ជា​ជន PLA កំពុង​តែ​មា​ន​វត្តមាន​កាន់​តែ​ច្រើន​ឡើង​ នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​ជា​សា​ធារ​ណៈ។ លោក​ស្រី​កត់​សម្គាល់​ឃើញ​ថា មន្រ្តី​ទាំង​នេះ​ចូលរួម​នៅ​ក្នុង​សិក្ខា​សា​លា​ស៊ី​វិល អញ្ជើញ​អ្នក​ស្រាវ​ជ្រាវ​ស៊ី​វិល​ជន​ជាតិ​ចិន​និង​បរទេស​ ឱ្យមកចូល​រួម​នៅ​ក្នុង​សិក្ខា​សា​លា​របស់​ពួក​គេ និង​ចូល​រួម​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​តាម​ទូរទស្សន៍​ អំពី​គោល​នយោ​បាយ​ការបរទេស។

«កង​កម្លាំង​រំដោះ​ប្រ​ជា​ជន​ PLA ពិត​ប្រាកដ​ណាស់​ លែង​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​បង្ហាញ​អំណាច​របស់​ខ្លួន ដូច​ដែល​មាន​ភស្តុតាង​បញ្ជាក់​ពី​ហេតុ​ការ​ជា​ច្រើន ​ក៏ដូច​ជា​ការ​ធ្វើ​តេស្ត​ប្រឆាំង​នឹង​ផ្កាយ​រណប។ ហើយ​ទាំង​នេះ​គឺ​ជា​សកម្ម​ភាព​ ដែល​ប្រទេស​ចិន​បាន​ដឹង​យ៉ាង​ច្បាស់ថា​ប្រ​ឆាំង​ទៅ​នឹង​សហ​រដ្ឋ​អាមេ​រិក​និង​អ្នក​ជិត​ខាង​របស់​ខ្លួន»។

លោក David Finkelstein ​នាយក​នៃ​ការ​សិក្សា​ពី​ប្រ​ទេស​ចិន​ នៃ​មជ្ឈ​មណ្ឌល​សម្រាប់​ការ​វិភាគ​ទៅ​លើ​កង​នាវា​ ដែល​មាន​មូល​ដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ា​ស៊ីន​តោន​ មាន​ប្រសាសន៍​ថា​ យោធា​ចិន​កំពុង​ស្វែង​រក​តួ​នាទី​ធំ​ជាង​មុន​មួយ​ ក្នុង​ការ​បញ្ចេញឥទ្ធិ​ពល​ទៅ​លើ​គោល​នយោ​បាយ​ការ​បរទេស ​ពី​ព្រោះ​តម្រូវ​ការ​សន្តិ​សុខ​របស់​ប្រទេស​នេះ​កំពុង​តែ​កើន​ឡើង។

កង​កម្លាំង​រំដោះ​ប្រ​ជា​ជន​ចិន​ PLA កំពុង​តែ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​កាន់​តែ​ច្រើន​ឡើង ​ទៅ​នឹង​សកម្ម​ភាព​ទាំង​ឡាយ​ ដែល​មាន​ជាប់​ទាក់​ទងទៅ​នឹង​គោល​នយោ​បាយ​ការ​បរ​ទេស​និង​គោល​នយោ​បាយ​សន្តិ​សុខ។ សកម្ម​ភាព​ទាំង​ឡាយ​ដែលតម្រូវ​ឱ្យមាន​ការ​សម្រប​សម្រួល​និង​ការ​ផ្តល់​ប្រឹក្សា​ពី​ខាង​រដ្ឋ ​ច្រើន​ជាង​ពេល​ណាៗទាំង​អស់​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត។ កង​កម្លាំង​រំ​ដោះ​ប្រ​ជា​ជន​ចិន PLA កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ទាំង​នោះ​ និង​ធ្វើ​កិច្ច​ការ​ទាំង​នោះ»។

លោក​ Finkelstein កត់​សម្គាល់​ឃើញ​ថា​ ក្នុង​កំឡុង​ពេល​មួយ​ទស​វត្សរ៍​ចុង​ក្រោយ​នេះ​ សកម្ម​ភាពរបស់​កង​កម្លាំង​ PLA ដែល​ធ្វើការហួស​ពី​ព្រំ​ដែន​នៃ​ប្រ​ទេស​ចិនមាន​ការ​កើន​ឡើងយ៉ាងសម្បើម ដោយ​រាប់តាំង​ពី​ប្រតិបត្តិ​ការ​ថែ​រក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រ​ជា​ជាតិទៅ​ប្រតិ​បត្តិ​ការ​ជាមួយ​យោធាអន្តរ​ជាតិ ក៏​ដូច​ជា​កិច្ច​ការ​ទាក់​ទង​នឹង​ជំនួយ​ផ្នែក​មនុស្ស​ធម៌​ និង​ជំនួយ​ទៅ​លើគ្រោះ​មហន្ត​រាយ៕

ប្រែសម្រួល​ដោយ​ ឌី ខាំ​បូលី

XS
SM
MD
LG