ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយ​អភិវឌ្ឍន៍​របស់​ចិន​កើនឡើង​ដោយសារ​ចិន​ខ្វះ​ធនធាន​ធម្មជាតិ​ ​


លោក​ប្រធានាធិបតី​ចិន ​Hu Jintao ឈរ​នៅ​ទីពីរ​ពី​ខាងឆ្វេង ​និង​ចៅហ្វាង​ក្រុង​ លោក​ Richard Daley, ​ឈរ​ខាងស្តាំ​ ពេល​ទស្សនកិច្ច​នៅ​វិទ្យាល័យ​នៅ​ឈីកាហ្គោ។
លោក​ប្រធានាធិបតី​ចិន ​Hu Jintao ឈរ​នៅ​ទីពីរ​ពី​ខាងឆ្វេង ​និង​ចៅហ្វាង​ក្រុង​ លោក​ Richard Daley, ​ឈរ​ខាងស្តាំ​ ពេល​ទស្សនកិច្ច​នៅ​វិទ្យាល័យ​នៅ​ឈីកាហ្គោ។

ប៉េកាំង៖ អ្នក​ជំនាញ​ខ្លះ​វិស័យ​ជំនួយ​ និង​សេដ្ឋសាស្រ្ដ​វិទូ​ ​និយាយ​ថា​ ​គេ​មិន​មានការ​ភ្ញាក់​ផ្អើល​ចំពោះ​សេចក្ដី​រាយការណ៍​មួយ​ដែលថា​ ​ចិនផ្ដល់​ជំនួយ​អភិវឌ្ឍន៍ច្រើន​ដល់​ប្រទេស​ខ្លះ ​នៅ​តំបន់​អាហ្វ្រិក​ និង ​អាមេរិក​ឡាទីន​ ​កាល​ពី​ពីរឆ្នាំ​កន្លងទៅ​នេះ​ ​មានចំនួន​ច្រើនជាង​ជំនួយ​ផ្ដល់​ដោយធនាគារ​ពិភព​លោក។​ ពួក​គេ​និយាយ​ថា​ ការ​កើនឡើង​នេះ​គឺ​មក​ពីមូល​ហេតុ​ដែល​ចិន​ត្រូវការ​កាន់តែ​ច្រើននូវ​ធនធានកម្រ ​ពិបាករក។

នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​តែប៉ុណ្ណោះ​ ​ចិន​ឈប់​ធ្វើ​ជា​ប្រទេស​អ្នក​ទទួល​ជំនួយដ៏​ធំ​ រួច​បាន​ក្លាយ​ទៅ​ជា​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍ធំ​ជាង​គេបង្អស់​ទៅវិ​ញ។

ស្ថិតិរៀបចំ​ឡើង​ដោយ​កាសែត​ហិរញ្ញវត្ថុ​ Financial ​Times ​បង្ហាញថា​ ​នៅ​ឆ្នាំ២០០៩​ និងឆ្នាំ​២០១០​ ​ធនាគារ​អភិវឌ្ឍន៍​ចិន (China ​Development ​Bank) ​និងធនាគារ​និហរ័ណ​ អហរ័ណចិន​ (China Export ​Import ​Bank)​ ​បានយល់ព្រម​ផ្តល់​ប្រាក់​កម្ចី​ចំនួន​១១០​ពាន់​លាន​ដុល្លារ ​ដល់​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​នានា​ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ជំនួយ​ចិន​នោះ​លើស​មាន​ច្រើន​ជាង​តួលេខ​ឯតទគ្គ​កម្ម​ចំនួន​១០០​ពាន់​លាន​ដុល្លារផ្ដល់​ដោយ​សា​ខា​ផ្សេងៗ​របស់​ធនាគារ​ពិភព​លោក​ (World Bank)​ ក្នុង​អំឡុង​ពេល​ដំណាល​គ្នា ​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្ដិ​ហិរញ្ញវត្ថុសកល។

កិច្ច​ព្រម​ព្រៀង​ចិន​ ​រាប់​បញ្ចូល​ការ​ព្រមព្រៀង​ឲ្យ​ប្រាក់​កម្ចី​ច្រើន​សន្ធឹកដើម្បី​យក​ប្រេង ​ដែលធ្វើជា​មួយ​ប្រទេស​ប៊្រេហ្ស៊ីល ​រុស្ស៊ី និង​វេណេហ្សូអេឡា (Venezuela) ហើយនិង​ការ​ឲ្យ​ខ្ចី​ប្រាក់សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន​ (Argentina)​ ​បេឡារុស​ (Belarus)​ ​ហ្គាណា​ (Ghana)​ និង​ម៉ូហ្សាំប៊ិក​ (Mozambique)។

លោក​ យុគុន ហ្វាង ​(Yukon​ Huang) ​ជាអតីត​នាយក​តំបន់​របស់​ធនាគារ​ពិភព​លោក ​នៅ​ក្នុង​ប្រ​ទេស​ចិន។ ​លោក​និយាយ​ថា៖

«ប្រាក់​កម្ចីខ្លះ​នៃប្រាក់​ទាំងនេះ​ជួយ​អភិវឌ្ឍ​ធន​ធាន​ធម្មជាតិ ​និង​ការ​រុក​រក​រែ​ ​ប្រេង​និង​ប្រភព​ថាមពល​ ​ហើយ​នៅ​ក្នុង​ករណី​ខ្លះ ​ដី​កសិកម្ម ​និងលទ្ធភាព ​ផលិតកម្ម​ ​ទាំងអស់​នោះ​ហើយ​ដែល​ចិន​ត្រូវ​ការ​យ៉ាង​ខ្លាំង​ ​ដោយ​សារ​តែចិន​មិនមានធន​ធានទាំងនោះក្នុងប្រទេសរបស់ខ្លួន»។

ពេល​នេះ​ ​លោក​ Huang ​ធ្វើ​ការ​ឲ្យ​អង្គការ​ស្រាវជ្រាវ​អំពី​សន្ដិភាព​អន្ដរជាតិ គឺ​Carnegie​ Endowment for International ​Peace ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ថ្លែង​ថា ចិន​កំពុង​ប្រើប្រាស់​ធនធាន​ហិរញ្ញ​វត្ថុ​ធំ​សម្បើម​របស់​ខ្លួន​ច្រើន​ឡើងដើម្បី​ទាញ​យក​ប្រយោជន៍​ ​ដូច​ជា​ការ​ពង្រីក​និហរ័ណកម្ម ​និង​ការ​លើក​តម្កើងអន្ដរ​ជាតិ​ភាវូបនីយ​កម្មនៃ​រូបិយ​បណ្ណ​ចិន​ ​ដោយ​សារ​តែ​ប្រាក់​កម្ចី​ខ្លះ ​បាន​ប្រើ​ប្រាក់យ័ន្ដរបស់ចិន​ភាគ​ច្រើន។

តែលោក​ថ្លែង​ទៀត​ថា​ ​នេះ ​មិនមែន​ជា​រឿង​ប្លែក​ទេ។

“ប្រាក់កម្ចីរ​បស់​ជប៉ុន​គាំ​ទ្រ​គោល​ដៅ​របស់​ជប៉ុន​ ​ប្រាក់​កម្ចី​របស់​ស.រ.អ.​គាំ​ទ្រ ​គោល​ដៅ​របស់​ស.រ.អ.។ ​ ប្រាក់កម្ចី​ទាំងនេះ​ក៏​គាំ​ទ្រ​គោល​ដៅ​របស់​ចិន​ដែរ”។

Shen J​ianquang សេដ្ឋ​សាស្រ្ដ​វិទូ​ថ្នាក់​ខ្ពស់ ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ Mizuho ​Securities Asia​ ថ្លែង​ថា​ ​កម្លាំង​សេដ្ឋកិច្ច​ចិនបាន​ឡើងកម្ពស់ ​ហើយប្រទេស​ចិន​បាន​ចូល​មក​ដល់​តំណាក់​កាល​មួយ​ដែល​លោក​ពិពណ៌នា​ថា​ "វគ្គថ្មី" ​ដែលចិ​ន​ងាយស្រួល​ពង្រីក​វត្ដមាន​របស់​ខ្លួន​នៅ​បរទេស។

“ខ្ញុំ​យល់​ថា​ ​អ្វី​ដែល​ចិន​ធ្វើ​នៅ​ពេល​នេះ​ គឺ​មិន​ខុស​ពី​ប្រទេស​ដទៃ​ដែល​មានសេដ្ឋកិច្ច​ជឿន​លឿន​ ​ធ្លាប់បាន​ធ្វើ​នៅ​បរទេស​នោះ​ទេ។ ​ហេតុដូ​ច្នេះ​ហើយ​ ​ជំនួយ​អភិវឌ្ឍន៍​ឲ្យ​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក៏​មាន​ឥទ្ធិពល​ផ្សេង​ដែរ។ ​ខ្ញុំ​យល់​ថា ​ចិន​គ្រាន់​តែ​ដើរ​តាមផ្លូវ​ចាស់​របស់​គេ​ប៉ុណ្ណោះ”។

កាសែត ​The Financial T​imes ​សរសេរ​ថា​ ​ធនាគារ​ចិន​ពីរ​ដាក់​លក្ខខណ្ឌ​ធូរ​ស្រាល​ជាង​ធនាគារ​ពិភព​លោក​ ​និងធនាគារ​ឲ្យ​ប្រាក់​កម្ចី​ដទៃ​ទៀត​ ជា​ពិសេសចំពោះ​កិច្ច​សន្យា​មួយ​ដែល​ទីក្រុង​បេកាំង​គាំទ្រ​មាំមួន។ ​ប្រាក់​កម្ចី​របស់ចិន​ច្រើន​តែ​ធ្វើឡើង​ ​ដែល​លក្ខខណ្ឌ​មិន​សូវ​តម្លា​ភាពទេ។

នៅ​ក្នុង​សន្និ​សីទ​កាសែត​ពេល​ថ្មីៗ​នេះ​ ​លោក ​Hong Lei ​អ្នក​នាំពាក្យក្រសួង​ការ​បរទេស​ចិន​ ​ត្រូវ​អ្នកកាសែត​សួរ​ ថាតើ​ចិនខិត​ខំ​ប្រកួត​ប្រជែង​ជា​មូយ​ធនាគារ​ពិភព​លោក​ ឬ​យ៉ាងណា? ​លោក ​ Lei ​មិន​បាន​ឆ្លើយ​ទៅ​នឹង​សំនួរ​នោះត្រង់ៗ​ទេ​ ​តែលោក​ថ្លែង​ថា​ ​ចិន​នឹង​បន្ដផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​ដទៃ។

លោក ​ហុង​ (Hong) ​និយាយ​ថា​ ​ខណៈ​ដែល​ចិន​នៅ​តែ​បន្ដ​អភិវឌ្ឍ​ ​ប្រទេស​នោះ​នឹង​បន្ដ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​ផ្សេងៗ​ ​ដែល​តាម​ពាក្យ​ផ្ទាល់​រ​បស់លោកថា “វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ជាក់លាក់​អំពី​ការ​ចូល​រួម​ចំណែក​របស់ចិន​ដល់​សន្ដិ​ភាពសកល”។

តែ​យ៉ាង​ណា​ម៉ិញ​ ​កិច្ចប្រឹងប្រែង​របស់​ជំនួយ​ចិន​បាន​ទទួល​ការ​ទិតៀន​ពីអង្គការ​ការពារ​សិទ្ធិ​មនុស្ស​ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ដទៃ​ក្នុង​ពិភព​លោក។ ​សកម្ម​ជនសិទ្ធិ​មនុស្ស​ខ្លះ​និយាយ​ថា​ ​ជំនួយ​ចិ​ន ​និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ចិន​ ​ជា​ពិសេសនៅ​តំបន់អាហ្វ្រិក​ ​បាន​ជួយ​ទប់​ទល់​មិន​ឲ្យ​រដ្ឋាភិបាល​គ្មាន​ប្រជាប្រិយភាព​ដួលរលំ ​ ​ហើយ​ជំនួយ​តិចតួច​ប៉ុណ្ណោះ​បាន​ទៅ​ដល់​ដៃ​ជន​ក្រីក្រ។ អ្នក​ជំនាញ​ខាង​អភិវឌ្ឍន៍ខ្លះនិយាយថា​ ​ប្រាក់កម្ចី ​និង​ប្រាក់​ជំនួយ​ឥត​សំណង​របស់ចិន​ ​ជាញឹកញាប់​ មិន​បាន​ត្រូវ​គេ​តាម​ដាន​ដើម្បី​ចៀស​វាង​អំពើ​ពុក​រលួយ​ទេ​ ​ហើយ​វា​ជួយ​កាត់​បន្ថយភាពក្រី​ក្របាន​តិចតួច​ប៉ុណ្ណោះ។

ធនាគារ​ពិភព​លោក​បដិសេធ​មិន​ព្រម​ផ្តល់​បទស​ម្ភាសន៍​អំពី​សេចក្ដី​រាយ​ការណ៍​នោះ​ទេ ​ក៏ប៉ុន្តែបានបញ្ជូនសេចក្ដីថ្លែងការណ៍លាយ​លក្ខណ៍អក្សរ​មួយ​ ​ដោយនិយាយ​ថា ​ខ្លួ​នកំពុងធ្វើកា​រជិត​ស្និទ្ធ​ជា​មួយចិន​ ​លើសពីអតីតកាល” ​ ​ហើយពេញ​ចិត្ដនឹងភាពជា​ដៃ​គូ​ដែល​មាន​សារៈសំ​ខាន់​ច្រើនឡើង​នេះ”៕

បក​ប្រែ​សម្រួល​ដោយ ​លោក​អ៊ូ ​ធួក

XS
SM
MD
LG