ចិនអបអរមរណភាពរបស់ប៊ិនឡាដិន និងការពារប៉ាគីស្ថានដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងការចោទប្រកាន់ដែលថា ប្រទេសនេះស្ទើរតែមិនបានធ្វើអ្វីដើម្បីរកមេដឹកនាំពួកអាល់ខេដា។ ប្រតិកម្មរបស់ក្រុមអ្នករស់នៅក្នុងតាមមូលដ្ឋានមានភាពចម្រុះ។
កាលពីព្រឹកថ្ងៃអង្គារ រដ្ឋាភិបាលចិនចេញសេចក្ដីថ្លែងការណ៍មួយហៅការស្លាប់របស់អូសាម៉ា ប៊ិន ឡាដិន ថាជាព្រិត្ដិការណ៍សំខាន់មួយ ហើយនឹងជាព្រិត្ដិការណ៍វិវត្ដជាវិជ្ជមាននៅក្នុងការពុះពារប្រយុទ្ធរបស់អន្ដរជាតិប្រឆាំងនឹងភេរវកម្ម។
នៅពេលថ្លែងទៅកាន់អ្នកយកព័ត៌មានទៀងទាត់របស់ក្រសួងការបរទេសចិន លោកស្រីជាង យូ (Jiang Yu) អ្នកនាំពាក្យក្រសួងការបរទេស ហៅភេរវកម្មថា ជាសត្រូវរបស់សាធារណ:នៃសហគមន៍អន្ដរជាតិ។ លោកស្រីថ្លែងថា ប្រទេសចិនបានប្រឆាំងនឹងភេរវកម្មគ្រប់ប្រភេទ ហើយចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងពួកភេរវជន។
លោកស្រី ជាង ប្រាប់ក្រុមអ្នកយកព័ត៌មានថា ចិនក៏ជាប្រទេសរងគ្រោះដោយសារសកម្មភាពជាច្រើនរបស់ពួកភេរវជនដែរ ក៏ប៉ុន្ដែលោកស្រីមិនបានឲ្យសេចក្ដីលម្អិតទេ។ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលចិន បានទាញហេតុផលនៃការបង្ក្រាបនៅតំបន់ ស្ស៊ីនជាង (Xinjiang) ភាគខាងលិច ដែលមានជនកាន់សាសនាឥស្លាមភាគច្រើនរស់នៅ ថាការបង្ក្រាបទាំងនោះមានទិសដៅប្រឆាំងនឹងបណ្ដាញភេរវជន។
នៅថ្ងៃអង្គារលោកស្រី ជាង មិនបានឆ្លើយតបដោយត្រង់នឹងសំណួរមួយអំពីថាតើរដ្ឋាភិបាលទីក្រុងប៉េកាំងយល់ថា មានការគម្រាមភេរវកម្មធំណាមួយចេញពីខាងក្នុងឬខាងក្រៅប្រទេសដែរឬទេ?។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ក៏និយាយដែរថា ចិនគាំទ្រប្រទេសប៉ាគីស្ថានយ៉ាងរឹងមាំ។ លោកស្រីនិយាយថា៖
«ប្រទេសចិនជឿថា រដ្ឋាភិបាលប៉ាគីស្ថាន សម្រេចចិត្ដយ៉ាងមាំទាំ ហើយនឹងយ៉ាងសកម្មនៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងភេរវកម្ម ហើយបានធ្វើវិភាគទានយ៉ាងសំខាន់នៅក្នុងកិច្ចខំប្រឹងប្រែងរបស់អន្ដរជាតិប្រឆាំងភេរវជន»។
នៅក្រុងប៉េកាំងជនជាតិចិន មានអារម្មណ៍ចម្រុះគ្នា អំពីការស្លាប់របស់អូសាម៉ា ប៊ិន ឡាដិន។ អ្នកខ្លះដូចជាបុរសនេះ ដែលបដិសេធមិនព្រមប្រាប់ឈ្មោះរបស់គាត់ ស្វាគមន៍ព័ត៌មាននោះ។ គាត់និយាយថា គាត់គិតថា ការស្លាប់នេះជាការល្អមួយ ពីព្រោះបើមានភេរវជនតិចជាងមុន នោះនឹងមានសន្ដិភាពច្រើនឡើងទៀត។គាត់និយាយថា សន្ដិភាពជាអ្វីដែលមនុស្សសាមញ្ញធម្មតាដូចគាត់ចង់បាន។
លោក លី ដែលជាពាណិជ្ជករម្នាក់មានមតិខុសពីនេះ។ លោកនិយាយថា តាមការគិតរបស់លោកជាជនជាតិចិន គ្មាននរណាដែលត្រូវទាំងអស់ឬខុសទាំងអស់នោះទេ រាប់បញ្ចូលទាំងប៊ិន ឡាដិន និងសហរដ្ឋអាមេរិកផង។លោកនិយាយថា៖
«បើ សហរដ្ឋអាមេរិកតាំងខ្លួនឯងថា ជាភ្នាក់ងារប៉ូលីសនៃពិភពលោក វាជារឿងធម្មតាទេ ដែលមនុស្សនៅក្នុងប្រទេសដទៃទៀតនឹងចង់យកសហរដ្ឋអាមេរិកធ្វើជាមុខសញ្ញា»។
ក្រុមសកម្មជនចិននៅក្រៅប្រទេសសង្ស័យ អំពីប្រតិកម្មជាវិជ្ជមានរបស់រដ្ឋាភិបាលចិនចំពោះការស្លាប់របស់ឡាដិន។ លោក បប ហ្វ៊ូ (Bob Fu) ជាបុគ្គលិកនៃអង្គការ ChinaAid ដែលជាអង្គការឃ្លាំមើលការប្រព្រឹត្ដទៅលើអ្នកកាន់សាសនាគ្រីស្ដនៅប្រទេសចិន។ លោកនិយាយថា៖
«ខ្ញុំគិតថា រដ្ឋាភិបាលចិនពិតជាមិនយកចិត្ដទុកដាក់ថាតើប៊ិន ឡាដិន ស្លាប់ឬរស់ទេ។ តាមពិតទៅខ្ញុំគិតថា គំនិតរបស់ក្រុមមេដឹកនាំកំពូលចិន គឺថា ពួកគេចង់ឃើញប៊ិន ឡាដិន នៅរស់ ដើម្បីឲ្យ សហរដ្ឋអាមេរិក ជាប់រវល់នឹងការតាមរកពួកអាល់ខេដា ហើយនឹងក្រុមរបស់ប៊ិនឡាដិន ហើយមិនផ្ដោតទៅលើជនជាតិចិន»។
លោក ហ្វ៊ូ និយាយថាលោកគិតថា រដ្ឋាភិបាលចិនព្រួយបារម្ភអំពីស្ថិរភាពនៅក្នុងស្រុកជាជាងការគម្រាមរបស់ភេរវជនពីខាងក្រៅនោះ៕
ប្រែសម្រួលដោយ កង ស៊ីវន