ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​មិន​ទទួល​ស្គាល់​កូន​របស់​ជន​​ចំណាក​ស្រុក​ជា​ពលរដ្ឋ​ស្រប​ច្បាប់


កុមារា​ ម៉ង ថងឌី​ ​(Mong Thongdee)
កុមារា​ ម៉ង ថងឌី​ ​(Mong Thongdee)

កូន​របស់​កម្មករ​ចំណាក​ស្រុក​ភូមា​នៅ​ក្នុង​ប្រទេស​ថៃ គឺជា​មនុស្ស​គ្មាន​ប្រទេស ដោយសារ​គ្មានប្រទេស​ណាមួយ​ទទួល​ស្គាល់​ពួក​គេ​ជា​ប្រជាពលរដ្ឋ​ស្រប​ច្បាប់។

កុមារ​គ្មាន​ប្រទេស​រាប់ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ទទួល​ការ​សិក្សា​សេវា​ថែទាំ​សុខភាព​ និង​សេរីភាព​ខាង​ការ​ធ្វើ​ដំណើរ​មាន​កម្រិត។ បញ្ហា​នៃ​កុមារ​គ្មាន​ប្រទេស​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ច្រើន​នៅ​ពេល​ដែល​កុមារា​ ម៉ង ថងឌី​ ​(Mong Thongdee) អាយុ​១២​ឆ្នាំ ដែល​ជា​ជើង​ឯក​ជាតិ​ខាង​បត់​ក្រដាស​ធ្វើ​យន្តហោះ​នៃ​ប្រទេសថៃ​ ត្រូវ​បាន​អញ្ជើញ​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​អន្តរជាតិ​ក្នុង​ប្រទេស​ជប៉ុន។

ទោះបីជា​ ថងឌី ​បាន​កើត​ក្នុង​ប្រទេសថៃ​ក៏ដោយ​ កុមារា​អំបូរ​ ស្ហាន (Shan)​រូបនេះ​មិន​បាន​ទទួល​លិខិត​ឆ្លង​ដែន​ទេ ​ពីព្រោះ​ឪពុកម្តាយ​កុមារា​នេះ​ជា​កម្មករ​ចំណាក​ស្រុក​ដែល​រត់​គេច​ខ្លួន​ពី​ជម្លោះ​ក្នុង​ប្រទេស​ភូមា។ រូបភាព​ដែល​បង្ហាញ​កុមារា​ ថងឌី​ យំ​ក្នុង​ទូរទស្សន៍​ជាតិ​បាន​ធ្វើ​ឱ្យ​ជនជាតិថៃ​ធម្មតា​អាណិត​អាសូរ។

លោក​នាយករដ្ឋមន្ត្រី​ អាភីស៊ិត​ វិឆាឈីវ៉ា (Abhisit Vejjajiva) បាន​ធ្វើ​អន្តរាគមន៍​ដោយ​ជួយ​ ថងឌី​ឱ្យ​មាន​ឯកសារ​ធ្វើ​ដំណើរ​បណ្តោះ​អាសន្ន​មួយ។​ នៅ​ក្នុង​ប្រទេសជប៉ុន​ កុមារា​នេះ​បាន​ទទួល​ម៉េដៃយ៍​សំរិទ្ធ ហើយ​ក្រុម​របស់​គេ​បាន​ទទួល​ម៉េដៃយ៍​មាស​សម្រាប់​ប្រទេស​ថៃ​ដែល ​ថងឌី​ ហៅ​ថា ជា​ប្រទេស​របស់​ខ្លួន​ទោះបីជា​គេ​ជា​មនុស្ស​គ្មាន​ប្រទេស​ក៏ដោយ។

ជាង​មួយ​ឆ្នាំ​ក្រោយ​មក ម៉ង​ ថងឌី នៅ​តែ​ជា​ក្មេង​ល្បី​ឈ្មោះ​ម្នាក់។​ នៅ​ពេល​ត្រូវ​បាន​អញ្ជើញ​ទៅ​កាន់​សាកលវិទ្យាល័យ​មួយ​ដើម្បី​បង្ហាញ​ការ​ប៉ិន​ប្រសប់​របស់​គេ​ខាង​បត់​ក្រដាស​ធ្វើ​យន្តហោះ​ មាន​នារី​ក្មេងៗ​ច្រើន​នាក់​ចោមរោម​សុំ​ហត្ថលេខា​ពី​កុមារា​នេះ។

ម៉ង​ថងឌី​និយាយ​ថា គេ​ចង់​សិក្សាពិត​ប្រាកដ​នឹងគេ។ កុមារា​រូប​នេះ​ថ្លែង​ថា​ ប្រសិន​បើ​គេ​មាន​ឱកាស គេ​ចង់​ធ្វើ​អ្វី​មួយ​សម្រាប់​ប្រទេសថៃ។​ កុមារា​នេះ​ពោល​ថា គេ​ប្រហែល​អាច​ជួយ​កែលម្អ​កេរ្តិ៍ឈ្មោះ​ប្រទេសថៃ។ ម៉ង​ ថងឌី ចង់​ក្លាយ​ជា​អ្នក​បើក​យន្តះហោះ​ម្នាក់ ហើយ​ភាព​ល្បីឈ្មោះ​របស់​គេ​បាន​ធ្វើ​ឱ្យ​គេ​ និង​មិត្ត​រួម​ថ្នាក់​របស់​គេ​មាន​ឱកាស​ទៅ​ប្រកួតប្រជែង​បញ្ជា​យន្តហោះ​ដោយ​ប្រើ​ទូរបញ្ជា។ ​ក៏ប៉ុន្តែ​ ម៉ង ថងឌី​ នៅ​តែ​ត្រូវការ​ការអនុញ្ញាត​ជា​ផ្លូវការ​ដើម្បី​ចាកចេញ​ពី​ក្រុង​កំណើត​របស់​គេ​ពីព្រោះ​អាជ្ញាធរ​ថៃ​ចាត់​ទុកសកម្មភាព​របស់​ជន​គ្មាន​ប្រទេស​ដោយ​រួម​ទាំង​កុមារ​ផង ថា​ជា​កង្វល់​ខាង​សន្តិសុខ​ជាតិ។

លោក ដួងរឹត កេទីម៉ា​ (Duangrit Ketima)​ ជា​នាយក​សាលារៀន​ បាន​ហួយ​សៃ​ (Bann Hway Sai )​ដែល​ជា​សាលា​របស់​ម៉ង ថងឌី​នៅ​ក្នុង​ខេត្ត​ឈៀងម៉ៃ​ (Chiang Mai)។ លោក​ ដួង​រឹត​ និយាយ​ថា ជាង​ពាក់កណ្តាល​នៃ​សិស្សានុសិស្ស​ចំនួន​៨០​នាក់​របស់​លោក​ជា​ជន​គ្មាន​ប្រទេស​ ក៏ប៉ុន្តែ​គេ​មិន​គួរ​ចាត់​ទុក​កុមារ​ទាំងនេះ​ថា​ជា​បន្ទុក​ទេ។

លោក​ ដួង​រឹត​ និយាយ​ថា ក្រុម​កុមារ​ប្រហែល​មិនមែន​ជា​ការ​គំរាមកំហែង​ដល់ប្រទេស​ថៃ​ទេ​ ហើយ​ពួកគេ​បាន​ធ្វើ​វិភាគទាន​ដល់​ប្រទេស​ផង​ដែរ។​ លោក​ថ្លែងថា​ ដូច្នេះ​រដ្ឋាភិបាល​គួរ​ពិចារណា​ផ្តល់​សញ្ជាតិ​ថៃ​ដល់​ពួកគេ។

កុមារ​ច្រើន​នាក់​បាន​ផ្លាស់​ប្តូរ​ទីលំនៅ​ជាមួយ​គ្រួសារ​ពួកគេ​ដោយ​ខុស​ច្បាប់​ដើម្បី​គេចខ្លួន​ពី​ជម្លោះ​និង​ភាព​ទីទាល់ក្រ​ ហើយ​ការណ៍​នេះ​នាំ​ឱ្យ​ពួកគេ​មាន​ការ​ពិបាក​ក្នុង​ការ​អះអាង​ទាមទារ​សញ្ជាតិ​ក្នុង​ប្រទេស​ភូមា។

ពួក​កម្មករ​ចំណាក​ស្រុក​ធ្វើការ​នៅ​កន្លែង​កសាង​ និងនៅ​ស្រែ​ចម្ការ​ ក៏ប៉ុន្តែ​ពួកគេ​មិន​អាច​ចុះ​ឈ្មោះ​ជាមួយ​អាជ្ញាធរ​បានទេ។​ ស្ថានភាព​របស់​ពួកគេ​បណ្តាល​ឱ្យ​ពួកគេ​ងាយ​ទទួលរង​ការ​ទាញ​យក​ប្រយោជន៍ និង​មិនអាច​ប្រើ​ប្រាស់​កម្មវិធី​សុខុមាលភាពសង្គម​បានទេ។ ទោះបី​ជា​ប្រទេសថៃ​តម្រូវ​ឱ្យ​ក្រុម​កុមារ​ទាំងអស់​ត្រូវ​តែ​ទទួល​ការសិក្សា​ដោយ​មិន​គិត​អំពី​ស្ថានភាព​របស់​ពួកគេ​ក៏​ដោយ​ ក៏​កុមារ​ច្រើន​នាក់​មិន​និយាយ​ភាសាថៃ ឱ្យ​បាន​ល្អ​គ្រប់គ្រាន់​ដើម្បី​រៀន​ឱ្យ​ទាន់គេ​ក្នុង​ថ្នាក់​រៀន​ទេ​ឬ​មួយ​ឪពុក​ម្តាយ​ពួក​គេ​មិន​បញ្ជូន​ពួក​គេ​ទៅ​សាលា​រៀន​ដោយ​ភ័យខ្លាច​ថា​ពួកគេ​អាច​ត្រូវ​បញ្ជូន​ទៅ​ប្រទេសដើម​រ​បស់​ពួកគេ​វិញ។

លោក​ សៃ​ទ្បេង​ (Hsai Leng) ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​សម្រាប់​ជន​ផ្លាស់ប្តូរ​លំនៅដ្ឋាន​ក្នុង​ក្រុងឈៀងម៉ៃ​ ដែល​ជា​អង្គការ​សប្បុរសធ៌ម​មួយ​ទទួល​មូលនិធិ​ពី​អ្នក​ជំនួញ​អាមេរិក​ម្នាក់​ ដែល​នៅ​ទី​នោះ​ជន​ចំណាក​ស្រុក​អាច​ទទួល​ការ​សិក្សាដោយ​មិន​បង់​ប្រាក់ និង​ទទួល​ការគាំទ្រ​ពី​សហគមន៍​ផង​ដែរ។​ លោក​មាន​ប្រសាសន៍​ថា៖

«ពួកគេ​មិន​អាច​ទៅ​សាលារៀន​ថៃ​បាន​ទេ​ ពួកគេ​ប្រហែល​មិនអាច​មាន​ការ​ថែទាំ​សុខភាព​ទេ។​ ហើយ​ជួនកាល​ ប្រសិន​បើ​លោក​អ្នក​គ្មាន​ឯកសារ​ទេ​លោក​អ្នក​មិន​អាច​ធ្វើ​ការ​បាន​ទេ»។

មុន​ឆ្នាំ​១៩៧២​ អាជ្ញាធរថៃ​បាន​ផ្តល់​សញ្ជាតិ​ថៃ​ឱ្យ​ជន​ទាំងទ្បាយណា​ដែល​កើត​ក្នុង​ប្រទេស​នេះ។ ក៏ប៉ុន្តែ​ ការ​ហូរ​ចូល​ជា​ច្រើន​នៃ​ជនភៀស​ខ្លួន និង​ ជន​ចំណាក​ស្រុក​ដោយសារ​ជម្លោះ​ក្នុង​តំបន់ បណ្តាល​ឱ្យ​មាន​ការ​កែ​ប្រែ​ច្បាប់​ដែល​តម្រូវ​ឱ្យ​កូន​របស់​អ្នក​មិនមែន​ជា​ជនជាតិថៃ​ដាក់ពាក្យសុំ​ចូល​សញ្ជាតិ។

លោក ​ទួង អាន់ថាក់ឆៃ​ (Tuang Untachai)​ សមាជិក​ព្រឹទ្ធសភាថៃ ​និយាយ​ថា​ គេ​មិន​គួរ​រំពឹង​ថា ប្រទេស​ថៃ​នឹង​បង់​ប្រាក់​សម្រាប់​សុខុមាលភាព​សម្រាប់​កុមារ​ចំណាក​ស្រុក​ទេ។

លោក​ ទួង​ និយាយ​ថា ប្រសិនបើ​អាជ្ញាធរ​ថៃ​ផ្តល់​សញ្ជាតិ​ឱ្យ​មនុស្ស​ច្រើន​នាក់​នោះ​នឹង​មាន​មនុស្ស​ច្រើន​នាក់​ទៀត​ចាកចេញ​ពី​ប្រទេស​ជិតខាង​ចូល​ទៅ​រស់​ក្នុង​ប្រទេសថៃ។​ លោក​ថ្លែង​ថា​ប្រទេសថៃ​ជា​ប្រទេស​គោលដៅ​មួយ​សម្រាប់​ជន​ចំណាកស្រុក។​ ដូច្នេះ​ ប្រសិនបើ​គោលនយោបាយ​មិន​ច្បាស់​លាស់​មនុស្ស​ច្រើន​នាក់​នឹង​ផ្លាស់ប្តូរ​លំនៅដ្ឋាន​មក​រស់​ក្នុង​ប្រទេសថៃ​ ហើយ​ពួកគេ​អាច​មាន​សិទ្ធិ​ជា​មូលដ្ឋាន​សម្រាប់​ការសិក្សា ការព្យាបាល​ជំងឺ និង​ទទួល​សេវាកម្ម​ឯ​ទៀត​ដូចជា​ប្រជារាស្ត្រថៃ​ដែរ។

នៅ​ក្នុង​កន្លែង​សំអិត​សំអាង​សម្ផស្ស​មួយ​ក្នុង​ក្រុង ឆៀងម៉ៃ​ ស្ត្រី​អំបូរស្សានម្នាក់​លាង​ជូត​ជើង​អតិថិជន​ម្នាក់​ដើម្បី​កាត់ និង​លាប​ក្រចកជើង។​ អ្នកស្រី​រស់​នៅ​ជាមួយ​កូន​ស្រី និង​ម្តាយ​នៅ​ក្នុង​ផ្ទះអាផាតម៉ិន (Appartement) មាន​បន្ទប់​ដេក​មួយ​ហើយ​មិន​ចង់​ឱ្យ​បញ្ចេញ​ឈ្មោះ​ទេ​ពីព្រោះ​មិនមែន​ពួកគេ​ទាំងអស់​គ្នា​នៅ​ទីនោះ​ដោយ​ត្រឹមត្រូវ​តាម​ច្បាប់ទេ។ អ្នកស្រី​និយាយ​ថា អ្នកស្រី​បាន​មក​កាន់​ប្រទេសថៃ​ដើម្បី​ធ្វើការ និង​បញ្ជូន​ប្រាក់​កាស​ទៅ​ផ្ទះ។​ ដោយ​សារ​តម្លៃ​ទ្រទ្រង់​ជីវភាព​ខ្ពស់​នៅ​ភូមា​ ហើយ​ពួកគេ​ចង់​រស់​នៅ​ជា​មួយគ្នា អ្នកស្រី​បាន​នាំ​យក​គ្រួសារ​អ្នកស្រី​មក​ប្រទេសថៃ។​ ក៏ប៉ុន្តែ​ អ្នកស្រី​និយាយ​ថា អ្នក​ស្រី​មិន​ហ៊ាន​ចុះ​ឈ្មោះ​កូន​ស្រី​អ្នក​ស្រី​ចូលរៀន​នៅ​សាលារៀន​ថៃ​ទេ​ ពីព្រោះ​អ្នកស្រី​យល់ថា នាង​មិន​អាច​រៀន​ទាន់​គេទេ។​ អ្នកស្រី​ក៏​គិត​ដែរ​ថា អ្នកស្រី​គ្មាន​ប្រាក់​សម្រាប់​បង់​ថ្លៃ​សាលា​ទ្បើយ។

នៅពេលនេះ ​ម្តាយ​នេះ​បាន​បញ្ជូន​កូនស្រី​ខ្លួន​ទៅ​កាន់​មជ្ឈមណ្ឌល​សិក្សា​អប់រំ​សម្រាប់​ក្រុម​ជន​ចំណាក​ស្រុក។​ អ្នកស្រី​ចង់​ឱ្យ​កូនស្រី​អ្នកស្រី​ឧស្សាហ៍​រៀនសូត្រ​ហើយ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​ថៃ​ម្នាក់​ដើម្បី​ឱ្យ​នាង​មាន​ឱកាស​ច្រើន​ជាង​មុន​ហើយ​មិន​ចាំបាច់​វិលត្រទ្បប់​ទៅ​ប្រទេសភូមា​វិញ​ទេ​ដែល​នៅ​ទី​នោះ​មាន​តែ​ការប្រយុទ្ធ​គ្នា​និង​ភាពក្រីក្រ។

ប្រែ​សម្រួល​ដោយ​ឈឹម​ សុមេធ

XS
SM
MD
LG