ឈុន យ៉ាសិទ្ធប្រធានកងទ័ពសេរីជាតិកម្ពុជាហៅកាត់ថា CFF ត្រូវ តុលាការសហព័ន្ធមួយរបស់សរអា ចេញសាលក្រមដាក់ទោសឱ្យជាប់គុកមួយជីវិត កាលពីថ្ងៃអង្គារពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុង ឆ្នាំ ២០០០។ តែថ្លែងប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទពីរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធ អ្នកស្រី ពេជ្រ ស្រស់ ភរិយារបស់លោក ឈុន យ៉ាសិទ្ធ បានហៅសាលក្រមនោះថាជារឿងអយុត្តិធម៌។
"ការកន្លងផុតមកហ្នឹងគឺថា គាត់អត់បានប្រព្រិត្តអំពើហ្នឹងទេ អំពើហឹង្សាហ្នឹងទេ ប៉ុន្តែតុលាការកាត់ទោសហ្នឹងអត់មានភាពយុត្តិធម៌ទេ អត់ត្រឹមត្រូវទេចា! ខ្ញុំជឿជាក់ថាគាត់អត់មានបានធ្វើអំពើអញ្ចឹងទេ"។
អ្នកស្រី ពេជ្រ ស្រស់ បដិសេធធ្វើអត្ថាធិប្បាយលំអិតអំពីអំណះអំណាង ដោយបង្វែរសំណួរទៅកាន់មេធាវី។
បើតាមសេចក្តីប្រកាសពត៌មាននៃតុលាការក្រុង Los Angeles រដ្ឋ California កាល ពីថ្ងៃ ២២ មិថុនាបាននិយាយថា ឈុន យ៉ាសិទ្ធ អាយុ៥៣ឆ្នាំ ជនជាតិខ្មែរអាមេរិកាំង ជាហិរញ្ញឹកម្នាក់រស់នៅក្នុងក្រុង ឡុង ប៊ិច រដ្ឋកាលីហ្វ័រញ្ញ៉ា ត្រូវលោកចៅក្រម Dean Pregerson ចេញសាលក្រមផ្លូវការដាក់ទោសឱ្យលោកជាប់គុកមួយជីវិតដោយគ្មានការលើកលែងទោស ក្រោយរយៈពេល ១០ ឆ្នាំបន្ទាប់ពីលោក យ៉ាសិទ្ធ ត្រូវគេចោទថា បានបើកការវាយប្រហារភេរវកម្មលើទីតាំងសំខាន់ៗ របស់រដ្ឋាភិបាលកម្ពុជាពេលយប់ រួមទាំងក្រសួងការពារប្រទេស ទីស្តីការគណៈរដ្ឋមន្ត្រីដែលស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទីក្រុងភ្នំពេញ ដែលធ្វើឱ្យមានមនុស្សយ៉ាងតិច ៦ នាក់ ស្លាប់និងរបួសជាច្រើននាក់។ មានមនុស្សជាង ១០០ នាក់ត្រូវចាប់ឃុំខ្លួន តែក្រោយមកមានការដោះលែងមនុស្សមួយចំនួនដោយសារមិនជាប់ពាក់ព័ន្ធ និងកងទ័ព CFF។
ឈុន យ៉ាសិទ្ធបានជាប់ចោទចំនួន ៤ បទចោទ ចំពោះសកម្មភាពផ្ទុយពីច្បាប់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក។ បទចោទទាំងនោះមានដូចជា បានជាប់ទាក់ទងនិងការសម្លាប់ជនបរទេស បំផ្លាញទ្រព្យសម្បត្តិបរទេស បង្កកងកម្លាំងប្រដាប់អាវុធប្រឆាំង និងប្រទេសដែលមានសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក និងប្រើប្រាស់គ្រឿងសព្វាវុធបំផ្លិចបំផ្លាញទ្រង់ទ្រាយធំនៅប្រទេសក្រៅ។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានសាទរនិងការសម្រេចក្តីរបស់តុលាការអាមេរិកាំងក្នុងករណី ឈុន យ៉ាសិទ្ធ ដោយចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការអាមេរិកាំងនេះ គឺជាការលប់បំបាត់អំពើភេរវកម្ម។ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីស្តីការក្រសួងការបរទេសថា រដ្ឋាភិបាលកម្ពុជាស្វាគមន៍សេចក្តីសម្រេចរបស់តុលាការសហរដ្ឋអាមេរិក ដែលបានកាត់ទោស ឈុន យ៉ាសិទ្ធ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ចំពោះអំពើភេរវកម្មរបស់គាត់នៅទីក្រុងភ្នំពេញ។ លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានបញ្ចាក់ថា៖
"នេះគឺជាការបំបាត់អំពើភេរវកម្ម ដែលសហរដ្ឋអាមេរិកបានយកការសម្រេចបំបាត់អំពើភេរវកម្ម ពីព្រោះពួកនេះគឺជាពួកភេរវកម្ម។ ដូច្នេះ យើងស្វាគមន៍ការសម្រេចរបស់រដ្ឋាភិបាលអាមេរិក ដើម្បីកាត់ទោស ឈុន យ៉ាសិទ្ធិ នេះ។ យើងស្វាគមន៍ ដោយសារនេះជាការបំបាត់អំពើភេរវកម្ម ហើយអំពើភេរវកម្មនេះមិនមែនតែនៅកម្ពុជាទេ នៅសហរដ្ឋអាមេរិក នៅគ្រប់ប្រទេស នៅគ្រប់តំបន់ទាំងអស់ ជាការគំរាមគំហែងដល់សន្តិសុខរបស់មនុស្សជាតិ។ ដូច្នេះយើងសូមស្វាគមន៍"។
សេចក្តីប្រកាសពត៌មានរបស់តុលាការដដែល បានដកស្រង់សំដីរដ្ឋអាជ្ញាមកបញ្ជាក់ពីនយោបាយរបស់សហរដ្ឋអាមេរិកដែលនិយាយាថា សហរដ្ឋអាមេរិកមិនអាចអនុញ្ញាតិឱ្យពលរដ្ឋរបស់ខ្លួននិងអ្នកស្រុក បង្កើតផែនការនិងប្រតិបត្តិការវាយប្រហារប្រកបដោយអំពើហឹង្សា ប្រឆាំងនិងជនបរទេស ឬរដ្ឋាភិបាលបរទេសបានឡើយ។
សេចក្តីប្រកាសពត៌មានដដែល បានបញ្ជាក់ឱ្យដឹងផងដែរអំពីការបង្ហាញភស្តុតាងពេលកាត់ទោសចំនួន ១០ ថ្ងៃ អំពីការធ្វើដំណើររបស់ ឈុន យ៉ាសិទ្ធ ទៅកាន់ប្រទេសកម្ពុជាកាលពីខែតុលាឆ្នាំ១៩៩៨ ដើម្បីជួបជាមួយកងកម្លាំងយោធាកម្ពុជាដែលប្រឆាំងនិងគណបក្សគ្រប់គ្រងប្រទេសដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីបញ្ជាក់ពីការបង្កើតចលនានិងការរៃអង្គាសប្រាក់ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ហើយនិងការជួបប្រជុំរៀបចំយុទ្ធសាស្ត្រផ្សេងៗនៅការិយាល័យរបស់ ឈុន យ៉ាសិទ្ធ ក្នុងទីក្រុងឡងប៊ិច។
ក៏ប៉ុន្តែលោក Richard Callahan មេធាវីរបស់លោក យ៉ាសិទ្ធ បានថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិក Email កាល ពីថ្ងៃពុធថា កូនក្តីលោកជាជនស្លូតត្រង់ ហើយបានអះអាងថា នឹងប្តឹងឧទ្ធណ៍ជំទាស់នឹងសាលក្រមកាត់ទោសរបស់តុលាការ ដោយនិយាយតាមពាក្យដើមរបស់លោកថា 'យើងមានការខកចិត្តខ្លាំងណាស់ចំពោះសាលក្រមនោះ ដោយយើងបានបង្ហាញទឡ្ហីករណ៍អំណះអំណាងរឹងមាំក្នុងរឿងក្តីនេះ'។
ប្រទេសកម្ពុជាត្រូវសហរដ្ឋអាមេរិកចាត់ទុកថា ជាប្រទេសមានឆន្ទៈក្នុងការបង្ក្រាបអំពើភេរវកម្មរួមគ្នាជាមួយសហរដ្ឋអាមេរិក៕