ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំរឿន៖ ប្រទេស​កម្ពុជា​មាន​សហគ្រាស​ខ្នាត​តូច​ច្រើន


យុវជន​ខ្មែរ​ម្នាក់​កំពុង​ឆ្លាក់​រូប​អប្សរា​នៅ​ឯ​​​សិប្បកម្ម​មួយ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ខែ​​មិថុនា​ឆ្នាំ​២០១០។
យុវជន​ខ្មែរ​ម្នាក់​កំពុង​ឆ្លាក់​រូប​អប្សរា​នៅ​ឯ​​​សិប្បកម្ម​មួយ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ខែ​​មិថុនា​ឆ្នាំ​២០១០។

លោក​ ឆាយ​ ថន​ រដ្ឋមន្ត្រី​ក្រសួង​ផែន​ការ​បាន​ថ្លែង​នៅ​ថ្ងៃច័ន្ទ​នេះ​ថា​ ប្រទេស​កម្ពុជា​មាន​សហគ្រាស​សរុប​ចំនួន​៥០៣.០០៨​ កំពុង​ដំណើរការ​ធ្វើ​អាជីវកម្ម​នៅ​ទូទាំង​ប្រទេស ហើយ​តួលេខ​នេះ​នឹង​ផ្តល់​ព័ត៌មាន​អំពី​សកម្មភាព​សេដ្ឋកិច្ច​នានា​នៃ​ស្ថានភាព​បច្ចុប្បន្ន​នៃ​សេដ្ឋកិច្ច​កម្ពុជា។

ជំរឿន​សហគ្រាស​ឆ្នាំ​២០១១​ បាន​ធ្វើ​ឡើង​ជា​លើក​ទីមួយ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី១​ដល់​ថ្ងៃ​ទី​៣១​ ខែ​មិនា​ និង​បាន​ចំណាយ​អស់​ទឹកប្រាក់​ចំនួន​៣,២៦​លាន​ ដុល្លារ​អាមេរិក​ រួម​មាន​២,៧៨​លាន​ដុល្លារ​អាមេរិក​ពី​រដ្ឋាភិបាល​ជប៉ុន​ និង​៤៨០.០០០​ដុល្លារ​អាមេរិក​ពី​រដ្ឋាភិបាល​កម្ពុជា។

លោក​ ឆាយ​ ថន​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«ជំរឿន​សហគ្រាស​នេះ​ផ្តល់​ព័ត៌មាន​ស្ថិតិ​សំខាន់ៗ​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​ និង​ការ​កំណត់​ទីតាំង​នៃ​អាជីវកម្ម​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ រួម​ចំណែក​ពង្រឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ សំដៅ​អភិបាលកិច្ច​ល្អ​ រៀបចំ​ផែនការ​អភិវឌ្ឍន៍​ជាតិ​ និង​ការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ។​ ការធ្វើ​ជំរឿន​សហគ្រាស​ជា​តម្រូវការ​ចាំ​បាច់​របស់​រដ្ឋាភិបាល​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ ក៏​ដូច​ជា​ទទួល​បាន​ការ​គាំទ្រ​ពី​ដៃ​គូ​អភិវឌ្ឍន៍​ និង​វិនិយោគិន​ទាំង​ក្នុងផ្ទៃប្រទេស​ និង​ក្រៅប្រទេស»។

សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ការ​ផ្សព្វផ្សាយ​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ជំរឿន​សហគ្រាស​ឆ្នាំ​២០១១​ បាន​បង្ហាញ​ថា ​ទី​ក្រុង​ភ្នំពេញ​មាន​សហគ្រាស​ចំនួន​៩៥.៤៦៧​ ឬ​ ១៩​ភាគរយ​នៃ​ចំនួន​សហគ្រាស​សរុប​នៅ​កម្ពុជា​ ខេត្ត​កំពង់ចាម​មាន​សហគ្រាស​ចំនួន​៥៥.៩០៣​ខេត្តកណ្តាល​មាន​សហគ្រាស​ចំនួន​៤០.៣៥៩​ ខេត្ត​បាត់ដំបង​មាន​សហគ្រាស​ចំនួន​ ៣៣.៩៨២​ និង​ខេត្ត​សៀមរាប​មាន​សហគ្រាស​ចំនួន​៣២.០៣៤។​ ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​ទាំង​ប្រាំ​រួម​មាន​៥០​ភាគ​រយ​នៃ​ចំនួន​សហគ្រាស​សរុប។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បញ្ជាក់​ថា​ចំនួន​សហគ្រាស​ដែល​មាន​អ្នកធ្វើការ​ក្រោម​១០​នាក់​មាន​សមាមាត្រ​៩៨​ភាគ​រយ​នៅ​កម្ពុជា។​ បើ​ពិនិត្យ​ទៅលើ​ក្រុម​បួន​នៃ​សហគ្រាស​សរុប​ សហគ្រាស​ដែល​មាន​អ្នក​ធ្វើ​ការ​ពីមួយនាក់​ទៅ​១០​នាក់​ មាន​៤០៣.១១៧​សហគ្រាស​ ស្មើ​នឹង​៩៨​ភាគរយ​នៃ​សហគ្រាស​សរុប។

សេចក្តីថ្លែងការណ៍​នេះ​ បាន​បន្ត​ថា​បើ​ពិនិត្យ​ទៅ​លើ​ចំនួន​សហគ្រាស​ខ្នាត​ធំ​ដែល​មាន​អ្នក​ធ្វើការ​ពី​១០០​នាក់​ឡើង​ទៅ​ យើង​ឃើញ​ថា​នៅ​ទីក្រុង​ភ្នំពេញ​មាន​៣៤៨​សហគ្រាស។​ នៅ​ខេត្ត​កណ្តាល​មាន​៤៩​សហគ្រាស នៅ​ខេត្ត​សៀមរាប​មាន​៣៩​សហគ្រាស​និង​ខេត្ត​ព្រះសីហនុ​ មាន​២៩​សហគ្រាស។

សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា​បើពិនិត្យ​ទៅ​លើ​ចំនួន​សហគ្រាស​ខ្នាត​មធ្យម​ដែល​មាន​អ្នក​ធ្វើការ​ពី​៥១​ទៅ​១០០​នាក់​យើង​ឃើញ​ថា​នៅ​ទីក្រុង​ភ្នំពេញ​មាន​២៩៧​សហគ្រាស។

លោក​ឆាយ​ ថន​ បាន​ថ្លែង​ថា​ជំរឿន​សហគ្រាស​នឹង​ផ្តល់​នូវ​ទិន្នន័យ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជាក់​ស្តែង​របស់​ប្រទេស​ពាក់ព័ន្ធ​នឹង​សហគ្រាស​ ការបែង​ចែក​តំបន់​ (រាជធានី​ ខេត្ត​)​ ការគណនា​ ការ​ចងក្រង​គណនេយ្យ​ជាតិ​ដែល​កន្លង​មក​ប្រើ​តាម​ការ​ប៉ាន់​ស្មាន។

«ឥឡូវ​នេះ​យើង​អាច​ធ្វើ​ការពិនិត្យ​សារ​ឡើងវិញ​យ៉ាង​ត្រឹមត្រូវ​ យើង​អាច​ធ្វើ​ផែនការ​ គោលនយោបាយអភិវឌ្ឍន៍តាម​វិស័យ​សេដ្ឋកិច្ច​ផ្នែក​សេដ្ឋកិច្ច​នីមួយ​ៗ​។​ ទាំង​នេះ​ជា​ផល​ចំពេញ​ដែល​រាជរដ្ឋាភិបាល​នឹង​ទទួល​បាន​ ហើយ​វិស័យ​ឯកជន​ក៏​ទទួល​បាន​ផលចំណេញ​ពី​ជំរឿន​សហគ្រាស​នេះ​ដែរ​ ហើយ​មាន​ស្ថិតិ​ជំរឿន​គ្រប់គ្រាន់​នឹង​ជំរុញ​អ្នក​វិនិយោគិន​ធំៗ​ ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា»។

លោក​ហ៊ីរ៉ូស្ស៊ី កាវ៉ាមូរ៉ា (Hiroshi​ Kawamura)​ ឯកអគ្គរាជទូត​ជប៉ុន​រង​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖

«វា​មាន​សារៈសំខាន់​ណាស់​ ពី​ព្រោះ​វា​នឹង​បង្ហាញ​នូវ​រូបភាព​ពិត​អំពី​ការវិវត្តន៍​សេដ្ឋកិច្ច​របស់ប្រទេស​នេះ»។

លោក​ យ៉ាស៊ូជីរ៉ូ ស៊ូជូគី (Yasujiro​ Sujuki)​ ប្រធាន​អង្គការ​ JICA ​ប្រចាំ​នៅ​កម្ពុជាបាន​ថ្លែង​ថា​ លោក​មាន​ជំនឿ​ជឿជាក់​ថា​លទ្ធ​ផល​នៃ​ជំរឿន​សហគ្រាស​នេះ​នឹង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ចីរភាព​ ការ​កាត់​បន្ថយ​ភាពក្រីក្រ​និង​វិបុល​ភាព​យូរអង្វែង​សម្រាប់​ប្រទេស​កម្ពុជា៕

XS
SM
MD
LG