ទីក្រុងម៉ាកាវដែលធ្លាប់ស្ថិតក្រោមអាណានិគមព័រទុយហ្គាល់និងបានក្លាយជាទីក្រុងល្បែងធំជាងគេបង្អស់នៅលើពិភពលោកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងចាប់ផ្ដើមសាកល្បងប្រែរូបរាងជាថ្មី ប៉ុន្តែគេមិនដឹងថាកិច្ចប្រឹងប្រែងនេះនឹងទទួលបានជោគជ័យឬក៏យ៉ាងណានោះទេ។
ភ្ញៀវទេសចរដែលទៅទស្សនាទីក្រុងម៉ាកាវមើលឃើញទិដ្ឋភាពខុសប្លែកពីមុន បើប្រៀបធៀបទៅនឹងអ្វីដែលពួកគេធ្លាប់ឃើញកាលពី ១០ ឬ ២០ ឆ្នាំមុន។
បច្ចុប្បន្ននេះ គេឃើញមានរមណីយដ្ឋានកាស៊ីណូធំៗនិងថ្មីៗជាងមុនបានលេចឡើងដូចជា The Londoner និង MGM Cotai ជាដើម ដែលផ្ដល់សេវាកម្សាន្តផ្សេងទៀតលើសពីសេវាល្បែង ដូចជាកន្លែងលេងទឹក កន្លែងប្រគុំតន្ត្រី និងកន្លែងជិះខ្សែរ៉កជាដើម។
ទីក្រុងដែលធ្លាប់តែពឹងផ្អែកលើចំណូលពីល្បែងរាប់ទសវត្សរ៍មកហើយនេះកំពុងប្រថុយបង្កើតភាពទាក់ទាញនានាដែលមិនពាក់ព័ន្ធនឹងល្បែង ដើម្បីទាក់ទាញទេសចរដែលមិនមែនជាអ្នកលេងល្បែង ដោយសង្ឃឹមថានឹងអាចធ្វើពិពិធភាពសេដ្ឋកិច្ចរបស់ខ្លួនបាន។
ប៉ុន្តែ នៅពីក្រោយសួនទឹកកម្សាន្តនិងការជិះខ្សែរ៉កកម្សាន្តនេះ ទីក្រុងម៉ាកាវកំពុងប្រឹងប្រែងរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនថាជាទីក្រុង Las Vegasនៅអាស៊ី។
ទោះបីជាចំណូលរបស់ទីក្រុងម៉ាកាវដែលបានពីល្បែងមានចំនួនច្រើនជាងចំណូលដូចគ្នានេះរបស់ទីក្រុង Las Vegas រហូតដល់ទៅ ៣ ដងនៅមុនវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏ចំណូលនេះគឺមានលក្ខណៈខុសគ្នាត្រង់ថាចំណូល ៧០% របស់ទីក្រុង Las Vegas គឺមិនពាក់ព័ន្ធនឹងល្បែងហើយ ៣០% ពាក់ព័ន្ធនឹងល្បែង រីឯចំណូលរបស់ទីក្រុងម៉ាកាវវិញគឺមានតែ ៥% ប៉ុណ្ណោះដែលមិនពាក់ព័ន្ធនឹងល្បែង ក្រៅពីនោះ ៩៥% ទៀតគឺពាក់ព័ន្ធនឹងល្បែង។ នេះបើយោងតាមក្រុមហ៊ុន IGamiX ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់នៅទីក្រុងម៉ាកាវ។
ករណីនេះគឺខុសពីក្ដីប្រាថ្នារបស់រដ្ឋាភិបាលចិននៅពេលដែលទីក្រុងនេះត្រូវបានប្រគល់ឱ្យចិនវិញនៅឆ្នាំ ១៩៩៩ ហើយក្នុងពេលភ្លាមៗក្រោយមកភាពផ្ដាច់មុខផ្នែកកាស៊ីណូត្រូវបានបញ្ចប់នៅក្នុងទីក្រុងនេះ ដោយវិស័យល្បែងនៅក្នុងទីក្រុងនេះត្រូវបានបើកឱ្យមានការប្រកួតប្រជែងពីវិនិយោគិនបរទេសក្នុងក្ដីសង្ឃឹមថា ម៉ាកាវនឹងអាចប្រែក្លាយទៅជាទីក្រុងដែលផ្ដល់សេវាលំហែកាយនិងការកម្សាន្តបាន។
លោក Ben Lee អ្នកវិភាគអំពីវិស័យល្បែងនៅក្រុមហ៊ុន IGamiX បាននិយាយថា៖ «ខ្ញុំគិតថា គ្មាននរណាម្នាក់ដឹងថានៅពេលដែល [រដ្ឋាភិបាល] អនុញ្ញាតឱ្យមានការប្រែប្រួលដ៏ធំនេះ ទីផ្សារល្បែងនេះគឺគ្រប់ដណ្ដប់ដោយចិនដីគោកនោះទេ។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ទីក្រុងមាក៉ាវទាំងមូលបានក្លាយទៅជាមជ្ឈមណ្ឌលពិភពលោកសម្រាប់ការលេងល្បែងស៊ីសងរបស់ជនជាតិចិន ដែលនេះគឺផ្ទុយពីការរំពឹងទុកដែលថាវានឹងក្លាយទៅជាមជ្ឈមណ្ឌលពិភពលោកសម្រាប់វិស័យទេសចរណ៍ដូចទីក្រុង Las Vegas»។
រដ្ឋាភិបាលចិនបានជំរុញឱ្យទីក្រុងម៉ាកាវបញ្ចប់ការពឹងផ្អែករបស់ខ្លួនលើវិស័យល្បែង និងព្យាយាមកាត់បន្ថយចំនួនអ្នកលេងល្បែងជនជាតិចិនដែលសម្រុកចូលទៅកាន់ទីក្រុងនេះតាមរយៈការដាក់កំហិតចំពោះពលរដ្ឋចិនមកពីខេត្តមួយចំនួនឱ្យធ្វើដំណើរទៅទីក្រុងម៉ាកាវបានតែ ៦ ដងក្នុងមួយឆ្នាំតែប៉ុណ្ណោះ។
រដ្ឋាភិបាលចិនក៏បានព្យាយាមកាត់ផ្ដាច់លំហូរសាច់ប្រាក់ប្រមាណ ១៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ជាពិសេសលុយពុករលួយ នៅក្នុងរដ្ឋធានីប៉េកាំងមិនឱ្យហូរចូលក្នុងទីក្រុងម៉ាកាវផងដែរ និងបានហាមឃាត់មិនឱ្យមានការផ្សព្វផ្សាយនៅក្នុងប្រទេសចិនអំពីវិស័យល្បែងនៅក្រៅប្រទេស។
វិធានការទាំងនេះនិងវិធានការបង្ក្រាបរបស់ប្រធានាធិបតីចិនលោក Xi Jinping លើអំពើពុករលួយបានធ្វើឱ្យចំណូលរបស់ទីក្រុងម៉ាកាវដែលបានពីវិស័យល្បែងធ្លាក់ចុះយ៉ាងច្រើនពីចំណូលខ្ពស់បំផុតចំនួន ៤៥ លានដុល្លារនៅក្នុងឆ្នាំ ២០១៣ មកនៅចំនួន ២២ លានដុល្លារនៅក្នុងឆ្នាំ ២០២៣។
ប៉ុន្តែ ទីក្រុងម៉ាកាវនៅតែពឹងផ្អែកយ៉ាងខ្លាំងលើវិស័យល្បែងដដែល ដែលវិស័យនេះរួមចំណែកជាង ៥០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនកាលពីមុនវិបត្តិជំងឺកូវីដ១៩ និងចំនួន ៦០% នៃប្រាក់ចំណូលរបស់រដ្ឋបាលក្រុងនៅក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមតួលេខផ្លូវការ។
កាលពីឆ្នាំមុន រដ្ឋបាលក្រុងម៉ាកាវបានចាប់ផ្ដើមតម្រូវឱ្យប្រតិបត្តិករកាស៊ីណូនានាធ្វើពិពិធភាពអតិថិជនរបស់ខ្លួន និងជំរុញឱ្យពួកគេវិនិយោគកាន់តែច្រើនលើគម្រោងដែលមិនពាក់ព័ន្ធនឹងល្បែង ដែលទាំងនេះគឺជាលក្ខខណ្ឌសម្រាប់ការបន្តអាជ្ញាបណ្ណសម្បទានរបស់ពួកគេជាថ្មីទៀត។ លក្ខខណ្ឌទាំងនេះគឺបន្ថែមពីលើលក្ខខណ្ឌតម្រូវឱ្យបង់ពន្ធចំនួន ៤០% នៃប្រាក់ចំណូលរបស់កាស៊ីណូនីមួយៗ។
កាស៊ីណូដែលទទួលបានសម្បទានមានដូចជា Wynn, Sands, SJM, MGM, Melco និង Galaxy។ កាស៊ីណូទាំង ៦ នេះបានប្ដេជ្ញាវិនិយោគក្នុងទឹកប្រាក់សរុបចំនួន ១៣,៦ ពាន់លានដុល្លារដើម្បីស្វែងរកទីផ្សារអតិថិជននៅបរទេស និងវិនិយោគលើគម្រោងដែលមិនពាក់ព័ន្ធនឹងល្បែងដូចជាកន្លែងរៀបចំសន្និសីទនិងពិព័រណ៍ កន្លែងកម្សាន្ត និងកន្លែងសម្ដែងផ្សេងៗជាដើម។
ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលមួយឆ្នាំក្រោយមក គេនៅមិនទាន់ច្បាស់ថាតើវិធានការថ្មីនេះនឹងទទួលបានជោគជ័យឬក៏អត់។
អ្នកតាមដានស្ថានការណ៍នានាបាននិយាយថា ប្រតិបត្តិករកាស៊ីណូភាគច្រើននៅតែស្ទាក់ស្ទើរក្នុងការប្ដូរការផ្ដោតរបស់ពួកគេចេញពីវិស័យល្បែង ដែលជាវិស័យងាយស្រួលរកប្រាក់ ទៅរកការវិនិយោគលើផ្នែកមិនពាក់ព័ន្ធនឹងល្បែងដែលរកចំណូលបានតិចជាងនេះ។
ប្រធានសមាគមពលរដ្ឋក្រុងម៉ាកាវលោក Miguel Senna Fernandes បានថ្លែងថា៖ «យើងបានរស់នៅជាមួយនឹងកាស៊ីណូរាប់ទសវត្សរ៍មកហើយ។ វាមិនមែនងាយស្រួលដោយគ្រាន់តែនិយាយថា ខ្ញុំចង់ធ្វើពិពិធភាពក្រុមហ៊ុនរបស់ខ្ញុំនោះទេ។ អ្នកត្រូវតែបណ្ដុះផ្នត់គំនិតសម្រាប់ការធ្វើពិពិធភាពបែបនេះ។ វាត្រូវការចំណាយពេលច្រើន។ ខ្ញុំគិតថា ការធ្វើបែបនេះមិនអាចកើតឡើងភ្លាមៗបានទេ»។
អ្នកវិភាគនានាបានចង្អុលបង្ហាញអំពីការព្យាយាមដោយ «មិនសុទ្ធចិត្ត» របស់កាស៊ីណូមួយចំនួនក្នុងការអនុវត្តតាមទិសដៅដែលរដ្ឋាភិបាលបានកំណត់តាមរយៈការបើកហាងលក់រាយឬការរៀបចំប្រគំតន្ត្រីដោយជួលអ្នកចម្រៀងបទចាស់ៗពីទីក្រុង Las Vegas។
ប្រតិបត្តិករកាស៊ីណូទូទៅមិនបានឆ្លើយតបចំពោះសំណើសុំសម្ភាសន៍របស់ VOA នោះទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយផ្ញើមកកាន់ VOA ការិយាល័យទេសចរណ៍របស់រដ្ឋបាលក្រុងម៉ាកាវបានបញ្ជាក់ថា ម៉ាកាវទទួលបានភ្ញៀវទេសចរដែលមិនមកលេងល្បែងកាន់តែច្រើន ហើយការស្ទង់មតិបានរកឃើញថា ភ្ញៀវទេសចរទាំងនោះមកម៉ាកាវដោយសារហេតុផល ៣ យ៉ាង ដែលនោះគឺការដើរទិញទំនិញ ការដើរទស្សនាកម្សាន្ត និងការពិសារម្ហូបអាហារ។
ប៉ុន្តែ ស្ថិតិថ្មីចុងក្រោយបង្អស់បានបង្ហាញថា ប្រាក់ចំណូលដែលបានពីវិស័យល្បែងនៅតែមានអត្រាខ្ពស់រហូតដល់ទៅ ៨០% នៃប្រាក់ចំណូលដែលបានមកពីវិស័យទេសចរណ៍សម្រាប់ទីក្រុងនេះនៅក្នុងឆ្នាំ ២០២២។
អ្នកជំនាញនានាបាននិយាយថា ទីក្រុងម៉ាកាវទំនងជាពិបាកនឹងធ្វើតាមទីក្រុង Las Vegas ណាស់។
លោក Fernandes ថ្លែងថា៖ «ចាប់តាំងពីឆ្នាំដំបូងៗមក ទីក្រុង Las Vegas មានជម្រើសសេដ្ឋកិច្ចផ្សេង។ នៅទីនោះមានឧស្សាហកម្មកម្សាន្តដែលធ្វើឱ្យទីក្រុង Las Vegas មានទិដ្ឋភាពប្លែកៗដែលមិនមែនសុទ្ធតែជាល្បែងស៊ីសងនោះទេ។ មិត្តភក្តិខ្ញុំបានទៅទីក្រុង Las Vegas ប៉ុន្តែមិនមែនទៅលេងល្បែងនោះឡើយ។ ពួកគេនិយាយថា ទីក្រុងនោះខុសពីម៉ាកាវទាំងស្រុង ដោយសារតែម៉ាកាវមានតែកាស៊ីណូគ្រប់កន្លែងតែប៉ុណ្ណោះ»។
លោក Fernandes និងអ្នកផ្សេងទៀតមើលឃើញលក្ខខណ្ឌរបស់រដ្ឋាភិបាលដែលតម្រូវឱ្យកាស៊ីណូលើកកម្ពស់សេវាកម្មផ្សេងៗដែលមិនពាក់ព័ន្ធនឹងល្បែងថាជាវិធានការវិជ្ជមានមួយ។
លោក Fernandes បានលើកឡើងថា៖ «ឥឡូវនេះនៅមានឱកាសក្នុងការកែប្រែគោលការណ៍នានា»។ សមាគមរបស់លោកសង្ឃឹមថា វប្បធម៌ចម្រុះជាតិសាសន៍ពិសេសជាក់លាក់របស់ទីក្រុងម៉ាកាវក៏នឹងអាចត្រូវបានគេលើកកម្កើងផងដែរ។
ប៉ុន្តែ អ្វីដែលរារាំងភ្ញៀវទេសចរបរទេសកាន់តែច្រើនមិនឱ្យទៅទស្សនាទីក្រុងម៉ាកាវគឺអាចមកពីជើងហោះហើរដោយផ្ទាល់ទៅកាន់ទីក្រុងនេះមានចំនួនតិចតួច ការប្រកួតប្រជែងរបស់កាស៊ីណូនៅបណ្ដាប្រទេសផ្សេងទៀតនៅអាស៊ី សេវាទេសចរណ៍ដែលផ្ដោតគោលដៅលើតែអ្នកនិយាយភាសាចិន និងប្រព័ន្ធដឹកជញ្ជូនដែលពិបាកទប់ទល់នឹងចំនួនទេសចរច្រើនដោយទេសចរភាគច្រើនត្រូវតម្រង់ជួររង់ចាំយូរដើម្បីបានជិះរថយន្តតាក់ស៊ីដែលមានចំនួនមិនគ្រប់គ្រាន់ ឬត្រូវរង់ចាំជិះរថយន្តក្រុងដ៏ចង្អៀតណែនណាន់តាន់តាប់ ជាពិសេសនៅក្នុងអំឡុងថ្ងៃឈប់សម្រាក។
ក្នុងចំណោមបញ្ហាលំបាកទាំងនេះ គេឃើញមានក្ដីបារម្ភផងដែរថា «ការជ្រៀតជ្រែក» របស់រដ្ឋាភិបាលចិននៅក្នុងប្រតិបត្តិការរបស់កាស៊ីណូតាមរយៈការបង្ក្រាបលើការអំពាវនាវឱ្យជនជាតិចិនដីគោកដែលមានប្រាក់ច្រើនចូលទៅលេងល្បែង និងការកំណត់ចំនួនតុល្បែងនិងម៉ាស៊ីនល្បែងនៅកាស៊ីណូ អាចធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ទីក្រុងម៉ាកាវយ៉ាងខ្លាំង។
លោក I. Nelson Rose អ្នកជំនាញផ្នែកល្បែង បានសរសេរនៅលើប្លុកមួយថា៖ «គណបក្សកុម្មុយនីស្តចិន...មិនដែលស្រួលចិត្តនឹងវិស័យល្បែងស្របច្បាប់នោះទេ។ ដូច្នេះ ពួកគេបានសម្រេចថាត្រូវតែប្រើវិធានការបែបធម៌ត្រជាក់និងធម៌ក្ដៅដើម្បីកែប្រែទីផ្សារកាស៊ីណូដ៏ធំជាងគេនៅលើពិភពលោកមួយនេះឡើងវិញ។ គ្រោះថ្នាក់ដ៏ធំបំផុតចំពោះទីផ្សារកាស៊ីណូសេរីនៅទីក្រុងម៉ាកាវគឺប្រហែលជាការជ្រៀតជ្រែករបស់រដ្ឋាភិបាលលើប្រតិបត្តិការប្រចាំថ្ងៃរបស់កាស៊ីណូទាំងនោះ»។
សម្រាប់ពេលបច្ចុប្បន្ននេះ ប្រតិបត្តិករកាស៊ីណូនានាកំពុងធ្វើតាមលក្ខខណ្ឌតម្រូវនេះតាមរយៈការព្យាយាមទាក់ទាញទេសចរពីប្រទេសដទៃ ការសាងសង់កន្លែងកម្សាន្តបន្ថែមដូចជាសួនទឹកកម្សាន្តនិងឧទ្យានកម្សាន្តជាដើម និងការរៀបចំការសម្ដែងផ្សេងៗបន្ថែមទៀត។
ទាំងអស់នេះអាចមានន័យថា កាស៊ីណូនានាទទួលបានប្រាក់ចំណេញតិចជាងមុននិងធ្វើការកាន់តែច្រើនជាងមុន ប៉ុន្តែពួកគេហាក់ដូចជាគ្មានជម្រើសអ្វីផ្សេងទេ ហើយក៏គ្មានថ្ងៃត្រឡប់ក្រោយវិញដែរ។
លោក Ben Lee នៃក្រុមហ៊ុន IGamiX បាននិយាយថា៖ «នៅទីបញ្ចប់ កិច្ចប្រឹងប្រែងទាំងនេះគឺល្អសម្រាប់ទីក្រុងម៉ាកាវ។ វាជាអ្វីដែលយើងគួរធ្វើតាំងពី ២០ ឆ្នាំដំបូងម្ល៉េះ»។
ប្រសិនបើទីក្រុងម៉ាកាវអាចធ្វើបាន វាប្រហែលជាអាចនឹងសម្រេចបានតាមឈ្មោះហៅក្រៅរបស់ខ្លួនដែលនោះគឺ «ទីក្រុង Las Vegas នៅអាស៊ី»៕
ប្រែសម្រួលដោយលោក នៀម ឆេង