ប្រែសម្រួលដោយលី សុខឃាង
ដោយដឹងយ៉ាងច្បាស់ថា ការហៀរប្រេងកំពុងធ្វើឲ្យលោកខាតបង់ខាងនយោបាយ លោកប្រធានាធិបតី សរអ បារ៉ាក់អូបាម៉ា បានធ្វើដំណើររទស្សនកិច្ចជាលើកទីពីរទៅកាន់ឈូងសមុទ្រ ចាប់តាំងពីវិបត្តិនេះបានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមេសា ដើម្បីពិនិត្យ មើលដោយផ្ទាល់លើការខូតខាតប្រព័ន្ធបរិស្ថាន និងសេដ្ឋកិច្ច ដែលបង្កឡើងដោយកំសួលប្រេងដែលកំពុងរាលដាល។ លោកប្រធានាធិបតីមានប្រសាសន៍ថា៖
“ខ្ញុំមកទីនេះដើម្បីប្រាប់អ្នកថា អ្នកមិនឯកោទេ។ អ្នកនឹងមិនត្រូវបានបំភ្លេចចោលទេ។ អ្នកនឹងមិនត្រូវបានទុកចោលឡើយ។ ក្នុងករណីខ្លះ ម៉ាស៊ីនថតអាចចាកចេញទៅ។ ប្រព័ន្ធផ្សព្វផ្សាយអាចនឿយណាយនឹងរឿងនេះ។ ក៏ប៉ុន្តែ យើងវិញមិនដូច្នោះទេ។ យើងនៅជាមួយអ្នក ហើយយើងនឹងដោះស្រាយបញ្ហានេះ”។
ដំណើររទស្សនកិច្ចរបស់លោកប្រធានាធិបតី បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកទទួលខុសត្រូវចំពោះការបិទការលេចធ្លាយនេះ នៅក្នុងសន្និសីទកាសែតនៅឯសេតវិមាន។ លោកអូបាម៉ាបន្តទៀតថា៖
“ឥឡូវនេះ កិច្ចការរបស់ខ្ញុំគឺគ្រាន់តែធានាថា អ្នកគ្រប់គ្នានៅឯឈូងសមុទ្រយល់។ នេះជាអ្វីដែលខ្ញុំភ្ញាក់ឡើងនៅពេលព្រឹកដើម្បីរកវិធីដោះស្រាយ ហើយនេះជាអ្វីដែលខ្ញុំគិតនៅពេលដែលខ្ញុំចូលគេងនៅពេលយប់ គឺការកំពប់ប្រេង”។
លោកអូបាម៉ាមានប្រសាសន៍ថា លោកខឹងសម្បារ និងមិនសប្បាយចិត្តចំពោះការហៀរប្រេង ប៉ុន្តែបានការពារការឆ្លើយតបរបស់រដ្ឋបាលរបស់លោកចំពោះគ្រោះមហន្តរាយនេះ ដោយលោកបានបន្ថែមថា ការហៀរប្រេងបានក្លាយជាអាទិភាពខ្ពស់បំផុតរបស់លោក ចាប់តាំងពីវិបត្តិនេះចាប់ផ្តើម។
ដំណើររទស្សនកិច្ចរបស់លោកប្រធានាធិបតីទៅកាន់តំបន់ឆ្នេរនៃឈូងសមុទ្រ ព្រមទាំងសន្និសីទកាសែតបានធ្វើឡើងបន្ទាប់ពីមានការរិះគន់កាន់តែច្រើនឡើងពីសំណាក់ក្រុមអ្នកសាធារណរដ្ឋនិយម និងក្រុមអ្នកប្រជាធិបតេយ្យមួយចំនួនទៅលើការដោះស្រាយបញ្ហារបស់រដ្ឋបាលនេះ។
អ្នកយុទ្ធសាស្រ្តនយោបាយ លោកចេមស៍ ខារវិល (James Carville) គឺជាទីប្រឹក្សានយោបាយរបស់អតីតប្រធានាធិបតីប៊ីលគ្លីនតុន និងជាអ្នកមានស្រុកកំណើតនៅរដ្ឋឡូវីហ្សាណា(Louisiana) ជាទីដែលការលេចធ្លាយប្រេងកំពុងបង្កការខូតខាតធ្ងន់ធ្ងរបំផុត។
លោកខារវិល បានបញ្ចេញភាពក្រេវក្រោធតាមទូរទស្សន៍អេប៊ីស៊ី (ABC) នាដើមសប្តាហ៍នេះទាក់ទងនឹងការឆ្លើយតបរបស់រដ្ឋបាលចំពោះវិបត្តិនេះ។ លោកខារវិលថ្លែងថា៖
“ប្រជាពលរដ្ឋទាំងអស់នេះកំពុងយំ។ ពួកគេកំពុងអង្វរសុំឲ្យមានដំណោះស្រាយនៅទីនេះ ហើយ មើលទៅហាក់ដូចជាគាត់មិនមានជាប់ពាក់ព័ន្ធអ្វីសោះក្នុងរឿងនេះ។ លោកត្រូវមកទីនេះ ហើយត្រួតពិនិត្យមើលបញ្ហានេះ ចាត់ឲ្យមនុស្សម្នាក់ទទួលខុសត្រូវក្នុងរឿងនេះ ហើយត្រូវឲ្យរឿងនោះដំណើរការទៅមុខ។ នៅទីនេះ យើងជិតស្លាប់ហើយ”។
សមាជិកសភាជាច្រើនក៏បានជំរុញឲ្យរដ្ឋបាលនេះផ្តល់ចម្លើយ ហើយព្រមានថា ពួកគេត្រូវតែត្រួតពិនិត្យមើលកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការហៀរប្រេង និងសម្អាតឲ្យស្អាត។
នេះគឺសមាជិកសភាលោកជីម ម៉ូរ៉ាន (Jim Moran) ដែលជាអ្នកប្រជាធិបតេយ្យមកពីរដ្ឋវឺជីនៀ(Virginia)។ លោកម៉ូរ៉ានមានប្រសាសន៍ថា៖
“អ្នកនឹងទទួលខុសត្រូវថា តើយើងត្រូវឆ្ពោះទៅមុខដោយរបៀបណា។ អ្នកនឹងទទួលខុសត្រូវក្នុងការធ្វើឲ្យប្រាកដថា នឹងមិនមានគ្រោះមហន្តរាយបែបនេះសារជាថ្មីទៀតទេ”។
លោកចន បូអឺហ៍ន័រ (John Boehner) ជាមេដឹកនាំក្រុមសាធារណរដ្ឋនិយមរបស់សភាតំណាងប្រជាពលរដ្ឋបានថ្លែងនៅថ្ងៃសុក្រថា ការឆ្លើយតបរបស់រដ្ឋបាលលោកអូបាម៉ា ចំពោះការហៀរប្រេងគឺជាការបរាជ័យមួយរបស់រដ្ឋាភិបាល។
អ្នកសាធារណរដ្ឋនិយមមួយចំនួនបានប្រដូចចំណាត់ការរបស់លោកអូបាម៉ាចំពោះការហៀរប្រេងក្នុងឈូងសមុទ្រទៅនឹងការឆ្លើយតបរបស់អតីតប្រធានាធិបតី George W. Bush ដែលទទួលការរិះគន់យ៉ាងខ្លាំងក្លា ចំពោះខ្យល់ព្យុះកំបុតត្បូងឈ្មោះកាទ្រីណា (Hurricane Katrina) ដែលវាយប្រហារទៅលើរដ្ឋញ៉ូអូលីន (New Orleans) កាលពីឆ្នាំ២០០៥។
អ្នកសាធារណរដ្ឋនិយមក៏ព្រួយបារម្ភដែរថា ក្រុមអ្នកប្រជាធិបតេយ្យ និងអ្នកបរិស្ថាននឹងទាញយកការហៀរប្រេងនៅក្នុងឈូងសមុទ្រ ដើម្បីទាមទារឲ្យបញ្ចប់ការឃួងយកប្រេងនៅក្នុងសមុទ្រ។
លោកមៃក ស៊ីមផ៍សុន (Mike Simpson) ជាសមាជិកសភាមកពីរដ្ឋអៃដាហូ (Idaho)។ លោកស៊ីមផ៍សុនថ្លែងថា៖
“យើងទាំងអស់គ្នាទទួលស្គាល់ថា នេះជាគ្រោះមហន្តរាយយ៉ាងធំសម្បើម។ ប៉ុន្តែ យើងមិនគួរចាត់ទុកគ្រោះមហន្តរាយនេះថា ជាហេតុការណ៍អាក្រក់សម្រាប់ការឃួងយកប្រេងនៅក្នុងសមុទ្រ ដូចមនុស្សមួយចំនួនបារម្ភនោះទេ។ បើសិនជាមានការគិតដូច្នោះមែននោះ វានឹងក្លាយជាកំហុសមួយយ៉ាងធំ ហើយខ្ញុំគិតថា មនុស្សភាគច្រើនទទួលស្គាល់ហេតុការណ៍នេះ”។
ការស្ទាបស្ទង់មតិជាសាធារណបង្ហាញថា កន្លងមកពលរដ្ឋអាមេរិកាំងមិនពេញចិត្តជាមួយនឹងការឆ្លើយតបរបស់លោកប្រធានាធិបតីអូបាម៉ាចំពោះបញ្ហានេះទេ ហើយអ្នកវិភាគនយោបាយកំពុងព្រមានថា បញ្ហានេះអាចក្លាយទៅជាវិបត្តិនៃការជឿទុកចិត្តចំពោះលោកប្រធានាធិបតី ប្រសិនបើលោកមិនអាចធ្វើឲ្យអ្នកបោះឆ្នោតជឿថា លោកកំពុងត្រូវធ្វើអ្វីដែលអាចធ្វើនោះទេ។
ក្រុមអ្នកជំនាញឲ្យដឹងថា ឥឡូវនេះ ការហៀរប្រេងនៅក្នុងឈូងសមុទ្រគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវតិ្តសាស្រ្តរបស់សហរដ្ឋអាមេរិក ដែលលើសពីគ្រោះមហន្តរាយក្នុងឆ្នាំ១៩៨៩ ដែលទាក់ទងនឹងកប៉ាល់ដឹកប្រេងឈ្មោះ Exxon Valdez ដែលរត់បុកច្រាំងគឿងនៅតាមឆ្នេរនៃរដ្ឋអាឡាស្កា (Alaska)៕