ចំនួននិស្សិតកម្ពុជាដែលបានសិក្សានៅសហរដ្ឋអាមេរិកក្នុងឆ្នាំសិក្សា២០១៩-២០២០នេះ បានកើនឡើង៨,៣ភាគរយ បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាលអាមេរិកដែលបានចេញផ្សាយកាលពីពេលថ្មីៗ នេះ។
របាយការណ៍ដែលមានចំណងជើងថា «ទ្វារចំហ» ឬ«Open Doors»ស្តីពីកម្មវិធីផ្លាស់ប្តូរការសិក្សាអន្តរជាតិប្រចាំឆ្នាំ២០២០ បានបង្ហាញថាមាននិស្សិតខ្មែរចំនួន៧៤២នាក់ បានសិក្សានៅតាមមហាវិទ្យាល័យនិងសាកលវិទ្យាល័យនានាក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ២០២០នេះ គឺកើនឡើងពីចំនួន៦៨៥ក្នុងឆ្នាំ២០១៩។
ស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញ បានហៅការកើនឡើងនៃចំនួននិស្សិតខ្មែរដែលបន្តការសិក្សានៅសហរដ្ឋអាមេរិកនេះថាជាតួលេខ«ខ្ពស់មិនធ្លាប់មាន»។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W. Patrick Murphyបានមានប្រសាសន៍ក្នុងសេចក្តី ប្រកាសព័ត៌មានរបស់ស្ថានទូតកាលពីសប្តាហ៍មុនថា៖
«យើងសប្បាយចិត្តណាស់ដែលនិស្សិតកម្ពុជាទទួលស្គាល់គុណតម្លៃពិតនៃថ្នាក់ឧត្តមសិក្សាអាមេរិកាំង។ ការមាននិស្សិតខ្មែរក្នុងសហរដ្ឋអាមេរិក គឺជារឿងល្អសម្រាប់ប្រទេសរបស់យើងទាំងពីរនិងពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនរបស់យើង»៕