លោករ៉ុង ឈុន ប្រធានសហភាពសហជីពការងារកម្ពុជា គ្រោងនឹងដាក់បញ្ចាំងខ្សែភាពយន្តដ៏រសើបមួយដែលមានចំណងជើងថា «នណាសម្លាប់លោកជាវិជ្ជា?» នៅសួនប្រជាធិបតេយ្យ នៅសប្ដាហ៍ក្រោយនេះ។ ផែនការបញ្ចាំងខ្សែភាពយន្តជាសារធារណៈនេះបានកើតឡើងក្រោយពីសាលាក្រុងភ្នំពេញបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវទីលានប្រជាធិបតេយ្យ ដើម្បីឲ្យប្រជាពលរដ្ឋសម្តែងមតិដោយសេរី។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបាននិយាយថា មិនអនុញ្ញាតឲ្យបញ្ចាំងខ្សែភាពយន្តនេះទេ។
លោករ៉ុង ឈុន ប្រធានសហភាពសហជីពការងារកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា នៅថ្ងៃអាទិត្យនេះ បានមានប្រសាសន៍ថា នៅដើមសប្តាហ៍ក្រោយនេះ លោកនឹងដឹកនាំការដាក់បញ្ចាំងខ្សែភាពយន្តដ៏រសើបមួយ ដែលមានចំណងជើងថា «នរណាសម្លាប់លោកជា វិជ្ជា?» នៅសួនប្រជាធិបតេយ្យ។
សួនប្រជាធិបតេយ្យ ដែលមានទីតាំងនៅក្នុងសង្កាត់វត្តភ្នំ ខាងក្រោយស្ថានទូតសហរដ្ឋអាមេរិក ត្រូវបានសាលាក្រុងភ្នំពេញបើកសម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃព្រហស្បតិ៍នេះដើម្បីឲ្យប្រជាពលរដ្ឋសម្តែងមតិដោយសេរី និងធ្វើការជួបប្រជុំដើម្បីប្រឆាំងជំទាស់ការជិះជាន់ដោយអយុត្តិធម៌នោះ។
ការតវ៉ាសម្តែងមតិនេះមិនចាំបាច់សុំច្បាប់ទៅសាលាក្រុងទេ គឺគ្រាន់តែអ្នកជួបប្រជុំគ្នានោះបានជួនដំណឹងទៅសាលាក្រុងតែប៉ុណ្ណោះ។
លោករ៉ុង ឈុន បានមានប្រសាសន៍ថា ការដាក់បញ្ចាំងខ្សែភាពយន្ត «នរណាសម្លាប់ លោកជា វិជ្ជា?»នេះគឺយើងចង់ឲ្យសាធារណជនបានដឹងអំពីព្រឹត្តិការណ៍ពិតប្រាកដថា នរណាជាឃាដករសម្លាប់លោកជា វិជ្ជា?
«ការបញ្ចាំងនេះក្នុងគោលបំណងដើម្បីឲ្យសាធារណជនបានទស្សនា យល់អំពីព្រឹត្តិការណ៍ឃាដកម្មទៅលើរូបលោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា»។
ខ្សែភាពយន្ត ដែលមានលក្ខណៈជាឯកសារនេះ ត្រូវបានផលិតឡើងដោយផលិតករជនជាតិអាមេរិកមួយរូប ដែលមានឈ្មោះថា ប្រែតលីខក់។
ខ្សែភាពយន្តនេះមានរយៈពេលប្រមាណជាង៥០នាទី ដែលលោកប្រែតលីខក់បានសម្ភាសជាមួយនិងលោកជា វិជ្ជា កាលពីនៅរស់។
អត្ថន័យនៃខ្សែភាពយន្តនេះទាំងស្រុងបានបង្ហាញឲ្យសាធារណជនដឹងថា នរណាជា ឃាដករពិតប្រាកដក្នុងការបាញ់សម្លាប់លោកជា វិជ្ជានោះ។
លោកប៉ា សុជាតិវង្ស អភិបាលរងក្រុងភ្នំពេញ បាននិយាយថា លោកអនុញ្ញាតឲ្យតែកន្លែងទីលានប្រជាធិបតេយ្យតែប៉ុណ្ណោះ ក៏ប៉ុន្តែខ្លឹមសារនៃខ្សែភាពយន្តនេះ លោកមិនហ៊ានសម្រេចទេ។
«បញ្ហានេះជាច្រើនលើកច្រើនសារ ហើយគោលការណ៍ គេមិនឲ្យយកផ្សាយជាសាធារណៈទេ។ ប៉ុន្តែបើសិនគាត់យល់ថា គាត់ចង់អាហ្នឹង គាត់ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ចុះ។ ខ្ញុំមិនដឹងថា ខុស មិនដឹងថាត្រូវទេ ព្រោះខ្ញុំអត់ទទួលខុសត្រូវលើខ្លឹមសារទេ។ ខ្ញុំទទួលខុសត្រូវតែរឿងទីតាំងហ្នឹងទេ»។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ប្រសិនបើមានការបញ្ចាំងខ្សែភាពយន្ត ដែលបានបង្កើតឡើងដោយលួចលាក់ នោះអាជ្ញាធរមិនអនុញ្ញាតឲ្យទេ។ ហើយគួរតែបញ្ចាំងដោយលួចលាក់។
លោកបានមានប្រសាសន៍ថា អាជ្ញាធរនឹងបង្រ្កាប ប្រសិនណាលោករ៉ុង ឈុន ប៉ុនប៉ងដាក់បញ្ចាំងខ្សែភាពយន្តនេះ។
«ជារួម ខ្ញុំយល់ថា ខ្សែភាពយន្តនេះគឺថតដោយលួចលាក់។ ដូច្នេះខ្ញុំក៏សូមស្នើឲ្យគាត់បញ្ចាំងដោយលូចលាក់ចុះ»។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាប្អូនប្រុសបង្កើតរបស់សពលោកជា វិជ្ជា បានមានប្រសាសន៍ថា លោកនឹងចូលរួមទស្សនាខ្សែភាពយន្តនេះដែរ។
លោកជា មុន្នីបានអំពាវនាវឲ្យក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដែលត្រូវបានឃាដករបាញ់សម្លាប់ដោយអយុត្តិធម៌នោះ ចេញមកចូលរួមទស្សនាខ្សែភាពយន្ត «នរណាសម្លាប់លោកជា វិជ្ជា?» នេះ។
«អ្នកណា ដែលបាត់បង់បងប្អូន ដែលត្រូវគេបាញ់សម្លាប់ ហើយរកឃាដករមិនទាន់ឃើញ ដូចជា ពិសិដ្ឋ ពីលីកា ព្រះសង្ឃសំ ប៊ុនធឿន លោកឱម រត្នសាឌី លោកសុខ សេដ្ឋាមុនី នាងពៅ បញ្ញាពេជ្រ លោកធន់ ប៊ុនលី លោកឃឹម សំបូរ លោករស់ សុវណ្ណារ៉េត លោកហ៊ាង វុទ្ធី សូមចូលទៅមើលរឿងឃាដកម្មជា វិជ្ជា»។
លោកជា វិជ្ជា អតីតមេដឹកនាំសហជីពសេរីកម្មករដ៏ល្បីល្បាញ ត្រូវបានឃាដករបាញ់សម្លាប់កាលពីខែមករាឆ្នាំ២០០៤ ហើយក្រោយមករដ្ឋាភិបាលបានចាប់លោកសុខ សំអឿន និងលោកប៊ន សំណាងដាក់ពន្ធនាគារក្រោមបទចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកជា វិជ្ជា។
លោកប៊ន សំណាង និងលោកសុខ សំអឿនត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលជាងបួនឆ្នាំ។
អ្នកទាំងពីរត្រូវបានអង្គការសង្គមស៊ីវិលបានពិពណ៌នាថា ជាឃាដករសិប្បនិម្មិត៕