ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រឿង​ល្ខោន ​«ក្រុម​ភ្លេង​សម័យ​ខ្មែរ‍»​ បង្ហាញ​ពី​ការ​តស៊ូ​របស់​ពល​រដ្ឋ​កម្ពុជា


ក្រុមសម្តែងល្ខោន Cambodian Rock Band និពន្ធដោយអ្នកស្រី Lauren Yee នៅរោងល្ខោន Signature Theater នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ (Courtesy photo of Joan Marcus)
ក្រុមសម្តែងល្ខោន Cambodian Rock Band និពន្ធដោយអ្នកស្រី Lauren Yee នៅរោងល្ខោន Signature Theater នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ (Courtesy photo of Joan Marcus)

ទស្សនិកជនជិត​៣​រយ​នាក់​ នាំ​គ្នា​មក​ទស្សនា​រឿង​ល្ខោន «ក្រុម​ភ្លេង​សម័យ​ខ្មែរ» កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ទី​១៧ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។ ល្ខោន​នេះរៀប​រាប់​អំពី​ការ​ធ្វើ​ដំណើររបស់​បុរស​ម្នាក់ ​ដែល​ធ្លាប់​បានរស់​នៅ​ក្រោម​របបខ្មែរ​ក្រហម ទៅ​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង ​ក្រោយ​រយៈពេល​ជាង​៣០​ឆ្នាំ។

អ្នក​ស្រី Lauren Yee ជា​អ្នក​និពន្ធ​រឿង​ល្ខោន «ក្រុម​ភ្លេង​សម័យ​ខ្មែរ»។ នៅ​ក្នុង​រឿង​នេះ អ្នក​ស្រី​ផ្តោត​ទៅ​លើ​ទំនាក់​ទំនង​របស់​បុរសម្នាក់​ឈ្មោះ ជុំ ដែល​បាន​រស់​នៅ​ក្រោម​របប​ខ្មែរ​ក្រហម និង​កូន​ស្រី​របស់​លោក​ឈ្មោះ នារី ដែល​បាន​ចាប់​កំណើត​នៅ​សហរដ្ឋ​អាមេរិក និង​អំពី​អាថ៌កំបាំង​របស់​លោក​ក្នុង​ជំនាន់​ខ្មែរ​ក្រហម។

ពលរដ្ឋខ្មែរ​ខ្លះ​មិន​ចង់​និទាន​រឿង​ដ៏​កំសត់​របស់​ពួកគេ​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ដឹង​ទេ​ ដោយ​សារ​ការ​រំលឹក​ឡើង​វិញ​នេះ អាច​នាំ​ឲ្យ​ពួកគេ​មាន​ការ​ឈឺ​ចាប់​ឡើង​វិញ។ អ្នក​ស្រី​ Lauren Yee ថ្លែង​ថា​ អ្នក​ស្រី​សង្ឃឹម​ថា ​ល្ខោន​នេះ​ជួយ​ឪពុកម្តាយ​ដែល​បាន​ឆ្លងកាត់​សម័យ​ខ្មែរ​ក្រហម រក​វិធី​និយាយ​ប្រាប់​កូន​ចៅ​អំពី​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង។

«មិន​គ្រាន់​តែ​និយាយ​អំពី​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ក្នុងរបប​ខ្មែរ​ក្រហម​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មុនពេល​នោះ​ទៅ​ទៀត គឺ​នៅ​ពេល​ដែល​គាត់​ធំ​ឡើង ឬនៅ​ពេល​ដែល​គាត់​នៅ​ក្មេង‍»។

លោក Joe Ngo ដើរ​តួ​ជា​ឪពុក​ឈ្មោះ​ ជុំ ។ លោក​ជា​កូន​ខ្មែរ​កាត់​ចិន ​ដែល​កើត​នៅ​ទីក្រុង Monterey Park រដ្ឋ​ California ហើយ​ដែល​មិន​មាន​ជាប់​សាច់​ឈាម​ជាមួយ​លោក ហាំង ង៉ោ ដែល​ដើរ​តួ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត The Killing Fields របស់ Hollywood ​នោះទេ។ លោក​ថា អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហមខ្លះ ដែល​មក​មើល​ល្ខោន​នេះ បើក​ចំហរក្រោយពីការទស្សនា។

«ឪពុក​ម្តាយ​ខ្មែរ​ដែល​មិន​ចង់​និយាយ​អំពី​ជីវិត​ពួកគាត់ និង​ដែល​ខ្លះត្រូវ​បាន​កូន​ចៅ​នាំ​មក​មើលរឿង​នេះ បាន​និយាយ​ថា នេះ​ជា​រឿង​ដែល​បាន​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ។ ទោះ​ជា​រឿង​ខុស​គ្នា​ក៏​ដោយ ក៏​ពួកគាត់​ថារឿង​ខ្ញុំ​វា​អញ្ជេះ។ ខ្ញុំ​គិត​ថា​ជា​ការ​ល្អ​ប្រសើ​រណាស់ ដែល​យើង​អាច​ធ្វើ​អញ្ចឹង​បាន។ ដូច ឪពុក​ម្តាយ​ខ្ញុំ​អញ្ចឹង ពេល​ខ្ញុំ​ដើរ​តួ​ក្នុង​រឿង​នេះ ពួកគាត់​និយាយ​រឿង​គាត់​ប្រាប់​ខ្ញុំ​កាន់​តែ​ច្រើន​ថែម​ទៀត។

នាង Courtney Reed ដើរ​តួ​ជា​កូន​ស្រី​របស់​ជុំ ឈ្មោះ នារី។ ម្តាយ​នាង​ជាជន​ជាតិ​វៀតណាម ហើយ​ឪពុក​នាង​ជា​ជន​ជាតិ​អាមេរិកាំង​ស្បែក​ស។ នាងនិយាយ​ថា​ នាង​ពេញ​ចិត្ត​នឹង​រឿង​ដែល​អ្នក​ស្រី Lauren Yee បាន​និពន្ធ​នេះ​ណាស់។

«ខ្ញុំ​មិន​មែន​ខ្មែរ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​មនុស្ស​គ្រប់​រូប​អាចយល់​ដឹង​អំពី​ទំនាក់​ទំនង​រវាង​ឪពុក​និង​កូន​ស្រី គ្រួសារ មនុស្ស​ជំនាន់​ខុស​គ្នា​ជា​ដើម។ យើង​ទាំង​អស់​គ្នា​អាច​យល់​អំពី​រឿង​នេះ‍»។

អ្នក​ស្រី ឆោម ឆាយ៉ា ​ជា​នាយិកា​ប្រតិបត្តិ​នៃសមាគម​ Mekong NYC។ អ្នក​ស្រីមាន​កំណើត​នៅជំរុំ​ជន​ភៀស​ខ្លួន Khao I Dang ក្នុង​ប្រទេស​ថៃ។ អ្នក​ស្រីថ្លែង​ថា ល្ខោន​នេះ​ជួយ​ឪពុក​ម្តាយ​ដែល​ធ្លាប់​រស់​នៅ​ក្រោម​របប​ខ្មែរ​ក្រហម ​និង​កូន​ចៅ​ដែល​កើត​ក្រោយ​របប​នោះ​ ឲ្យយល់​ចិត្ត​គ្នា​កាន់​តែល្អ​ប្រសើរ​ឡើង។

«កូន​ខ្លះ​ស្មាន​តែ​ឪពុក​ម្តាយ​ហ្នឹង​ស្អប់​កូន វៃ​កូន គឺ​គាត់​មិនគួរ​ធ្វើ​អញ្ចឹង​ទេ។ ប៉ុន្តែ​បើ​យើង​ដឹង​ថា​ ការ​ក្រៀម​ក្រំ​របស់​គាត់ និង​កំហឹង​របស់គាត់​មក​ពី​ណា​ហ្នឹង ឲ្យ​ក្មេង​ៗ​អាច​យល់‍»។

លោក Kenny Seng មាន​អាយុ​១៦​ឆ្នាំ ​នៅ​ពេល​ដែល​ខ្មែរ​ក្រហម​កាន់​កាប់​ប្រទេស​កម្ពុជា​នៅឆ្នាំ​១៩៧៥។ លោកថ្លែង​ថា​ ល្ខោន​ក្រុម​តន្ត្រី​រ៉ុក​កម្ពុជា​នេះ ជួយ​រំលឹក​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ចង​ចាំ​អំពី​ការ​ឈឺ​ចាប់​របស់​កម្ពុជា ហើយ​ឲ្យ​ពួក​គេ​ខំ​ប្រឹង​ប្រែង​ដើម្បី​អនាគត។

«ទាល់​តែ​មើល​ឃើញ​រឿង​អញ្ចឹង​ទៅ ពួកគេ​នឹង​ខំ​តស៊ូ ពី​ព្រោះ​ជំនាន់​ប៉ុលពត គឺ​មាន​ការ​តស៊ូ​ លំបាក‍ លំបិន​សព្វ​បែប​យ៉ាង»។

ខ្សែ​ភាព​យន្ត​និង​សៀវភៅ​ផ្សេងៗ​ពី​មុនៗ​ ផ្តោតភាគ​ច្រើន​តែលើ​សោកនាដកម្ម​ ក្នុង​សម័យ​ខ្មែរ​ក្រហម។ រឿង​ល្ខោន «ក្រុម​ភ្លេង​សម័យ​ខ្មែរ» ថែម​ទាំង​មានឈុត​ឆាក​កំប្លែង​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​សើច ហើយថែម​ទាំង​បង្ហាញ​អំពី​ប្រវត្តិ​ចម្រៀង​ខ្មែរ​ពី​ជំនាន់​មុន​ផងដែរ​ តាម​រយៈ​ការ​សម្តែង​ចម្រៀង​ជា​ច្រើន​បទ។

អ្នកស្រី Lauren Yee អ្នកនិពន្ធរឿងល្ខោន Cambodian Rock Band ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរោងល្ខោន Signature Theater ក្នុងទីក្រុងញូវយ៉ក កាលពីខែកុម្ភៈ ឆ្នាំ២០២០។
អ្នកស្រី Lauren Yee អ្នកនិពន្ធរឿងល្ខោន Cambodian Rock Band ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរោងល្ខោន Signature Theater ក្នុងទីក្រុងញូវយ៉ក កាលពីខែកុម្ភៈ ឆ្នាំ២០២០។

អ្នក​ស្រី Lauren Yee សង្ឃឹម​ថា​ បទ​ចម្រៀង​ទាំងឡាយ​ក្នុង​ល្ខោននេះ​នឹង​ជួយ​លើក​តម្កើង​ចម្រៀង​ខ្មែរ​ពី​សម័យ​មុន​ផង​ដែរ។

‍«ខ្ញុំថែម​ទាំង​សង្ឃឹម​ថា​ ចម្រៀង​ក្រុម​តន្ត្រី Dengue Fever និងចម្រៀង​ចាស់ៗ​ពីដើម​ក្នុង​រឿង​ល្ខោន​នេះ​ នឹងនាំ​ឲ្យ​មាន​អ្នក​និយម​ថ្មី ​ដូចថា​ បើ​សិន​ជា​ពួកគាត់​មិន​ដែល​ស្គាល់ចម្រៀងរបស់​លោក ស៊ីន ស៊ីសាម៉ុត និង​អ្នក​ស្រី រស់​ សេរីសុទ្ធា ពី​មុន​មក ​ពួកគាត់​នឹង​និយម​ឥឡូវ​នេះ‍»។

រឿង​ល្ខោន​ដែល​ពោរពេញ​ទៅ​ដោយ​ចម្រៀងពិរោះៗ​របស់​អ្នក​ចម្រៀង​សម័យ​មុន ដូច​ជាបទ«ឆ្នាំ​អូន​១៦‍» ជា​ដើម​នេះ មិន​ត្រឹម​តែ​ទាក់​ទាញ​អ្នក​ដែល​ធ្លាប់​រស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​តែ​ប៉ុណ្ណោះទេ រឿងនេះ​ក៏​ទាក់​ទាញ​អារម្មណ៍​របស់​អ្នក​ដែល​កើត​ក្រោយ​សម័យ​ដ៏​ឈឺ​ចាប់​នោះ និង​ពលរដ្ឋ​អាមេរិកាំង​ដទៃផង​ដែរ។

នាង Samantha Hing ដែល​ជា​កូន​ខ្មែរ​កើត​នៅសហរដ្ឋ​អាមេរិក កោត​សរសើរ​ចំពោះ​ការ​សម្តែង​ចម្រៀង​ខ្មែរ​របស់​តួទាំង​ឡាយ​ដែល​មិន​ចេះ​ខ្មែរ។

‍«ខ្ញុំ​គិត​ថា​ភ្លេង​ពិរោះ​ណាស់។​ អ្នក​សម្តែង​ពូកែ​ណាស់។ ភាសា​ខ្មែរ​ពិបាក​បញ្ចេញ​សំឡេងណាស់។ ដូច្នេះ​ខ្ញុំ​សូម​សរសើរ​តួរសម្តែងដែល​អាច​បញ្ចេញ​សំឡេង​ខ្មែរ​បាន»។

«អស្ចារ្យ​ណាស់​ដែល​អាច​ដឹង​ឮ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា ពី​ព្រោះ​ខ្ញុំ​គិត​ថា​មនុស្ស​ជា​ច្រើន​អត់​ដឹងទេ។ ហើយថែម​ទាំង​បាន​ស្តាប់​ភ្លេង​ខ្មែរ​ផង‍»។

នៅ​ក្រោយ​ការ​សម្តែងរឿង​ល្ខោន «ក្រុម​ភ្លេង​សម័យ​ខ្មែរ» ឬ Cambodia Rock Band ​និយាយ​ភាសា​អង់គ្លេស ដែល​មាន​រយៈពេល​២ម៉ោង​ ​ទស្សនិកជន​ខ្មែរជាង​ ៦០នាក់​ ដែល​ភាគ​ច្រើន​មក​តាម​កិច្ច​សហការ​រវាង​រោង​ល្ខោន Signature Theater និង​សមាគម Mekong NYC​ ដែល​បម្រើ​សហគមន៍​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក បាន​ជួបជុំ​គ្នាទទួល​ទាន​អាហារ​ខ្មែរ ព្រម​ទាំង​ជជែក​គ្នានិង​ថត​រូបជុំ​គ្នា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG