ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កម្ពុជា​ថា អាជ្ញាធរ​ត្រៀម​លក្ខណៈ​រួចរាល់​ដើម្បី​អន្តរាគមន៍​ទឹកជំនន់


រូបភាពបង្ហាញស្ថានភាពទឹកជំនន់​នៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ (Facebook)
រូបភាពបង្ហាញស្ថានភាពទឹកជំនន់​នៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ (Facebook)

អាជ្ញាធរ​កម្ពុជា​ត្រៀម​ខ្លួន​ក្នុង​ការ​ទប់ទល់​នឹង​ទឹក​ជំនន់​ ខណៈ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​កំពុង​ហក់​ឡើង​ ហើយ​តំបន់​ ខេត្ត​មួយ​ចំនួន​កំពុង​ជន់លិច​ដោយ​សារ​ទឹកភ្លៀង។

បើ​តាម​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ ចាប់ពី​ថ្ងៃទី​ ១៨​ ដល់​ថ្ងៃ​ទី ២៣ ​ ខែ​កញ្ញា​ ឆ្នាំ​ ២០២៤ ​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ព្យុះ​ទី ១៤​ ឈ្មោះ​ពូលឡាសាន (Pulasan)​ និង​ពីប្រព័ន្ធ​វិសម្ពាធ​ និង​របប​ខ្យល់​មូសុង​និរតី ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​លើ​កម្ពុជា ​បណ្តាល​ឱ្យ​មាន​ភ្លៀង​ ផ្គរ ​រន្ទះ​ច្រើន​លើស​ពី​កម្រិត​ធម្មតា។​

លោក ​ចាន់ យុត្ថា​ អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា បច្ចុប្បន្ន​ខេត្ត​ចំនួន ​៤ ​នៅ​ជាប់​ទន្លេ​មេគង្គ​អាច​ប្រឈម​ទឹក​ជំនន់។ ​លោក​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​បណ្តា​ខេត្ត​ទាំង​នោះ​ប្រុង​ប្រយ័ត្ន​នឹង​គ្រោះ​ទឹក​ជំនន់​ដែល​អាច​កើត​មាន​នា​ពេល​ខាង​មុខ។​

លោក​បញ្ជាក់​ថា៖​ «យើង​ក៏មាន​ការ​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ​ទាក់ទង​នឹង​ជំនន់​ទន្លេ​មេគង្គ​ ដែល​បន្ត​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ជាពិសេស​នៅ​ខេត្ត​ទាំង​ ៤ ​នៅ​តំបន់​ទន្លេ​មេគង្គ​លើ​របស់​កម្ពុជា ​គឺ​មាន​ស្ទឹងត្រែង​ ក្រចេះ ​ត្បូងឃ្មុំ​ និង​ខេត្ត​កំពង់ចាម ​ដែល​ទឹក​អាច​ឈាន​ទៅ​ដល់​កម្រិត​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន»។​

បើ​តាម​លោក ​ចាន់ យុត្ថា ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​អន្តរាគមន៍។​

លោក​បញ្ជាក់​ថា៖​ «ការ​សង្គ្រោះ​គឺ​យើង​មាន​ជា​បន្ត​បន្ទាប់​ ពេល​ដែល​មាន​ គ្រោះ​មហន្តរាយ។​ យើង​ឃើញ​មិន​តែ​ពេល​នេះ​ទេ។​ ពេល​ណា​ក៏​ដោយ​ឱ្យ​តែ​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង​ យន្តការ​គ្រប់ថ្នាក់​ ទាំង​ថ្នាក់​ជាតិ​ ក៏ដូច​ជា​ថ្នាក់​ក្រោម​ជាតិ​ មាន​ដូច​ជា​កាកបាទ​ក្រហម​កម្ពុជា​ មាន​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ តែង​តែ​ជួយ​អន្តរាគមន៍​ជាប់​ជា​ប្រចាំ»។​

បើ​តាម​ព្រឹត្តិ​បត្រ​ព័ត៌មាន​ និង​ព្យាករណ៍​កម្ពស់​ទឹក​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ស្ថានីយ​ជល​សាស្ត្រ​ទន្លេ​មេគង្គ ​ទន្លេ​សាប​ និង​ទន្លេ​បាសាក់ ​ទឹក​បាន​និង​កំពុង​ឡើង​ជា​បន្ត​បន្ទាប់​ នៅ​ថ្ងៃ​ទី ​១៨​ ខែ​កញ្ញា​ ឆ្នាំ​ ២០២៤​ នេះ​ ខណៈ​ខេត្ត​ក្រចេះ​ដែល​ជា​ខេត្ត​ជាប់​ទន្លេ​មេគង្គ​មាន​កម្ពស់​ទឹក​ ២០,២២​ម៉ែត្រ ​ហើយ​កម្ពស់​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​មាន​ ២២​ម៉ែត្រ។​

លោក ​សុទ្ធ គឹមកុលមុនី ​អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​ ប្រាប់​វីអូអេ​ដែរ​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ​ ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​បាន​រង​ផល​ប៉ះពាល់​ពី​ព្យុះ​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ក៏​រង​ផល​ប៉ះពាល់​តិចតួច​ដែរ។ ​លោក​ថា​ ផលប៉ះពាល់​តិចតួច​នេះ​បាន​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​តាម​តំបន់​មួយ​ចំនួន​ ហើយ​នាំ​ឱ្យ​មាន​ទឹក​ជំនន់​បន្តិច​បន្តួច។​

លោក​បញ្ជាក់​ថា៖​ «តាម​ការ​ព្យាករ​របស់​ជំនាញ​បង្ហាញ​ថា​ នា​ពេល​ខាង​មុខ​នឹង​មាន​ភ្លៀង​រាយ​ប៉ាយ​ទូទាំង​ប្រទេស​ក្នុង​បរិមាណ​មួយ​ដែល​អាច​នឹង​មាន​ជំនន់​ទឹក​ភ្លៀង​ ហើយ​ស្រប​នៅ​ពេល​នេះ​ដែរ​ ទឹក​ទន្លេ​មេគង្គ​កំពុង​តែ​ហក់​ឡើង​ជាមួយ​គ្នា​ដែរ។​ អ៊ីចឹង​ស្ថាន​ភាព​នៃ​ការ​កើត​នូវ​ជំនន់​ទឹកភ្លៀង​ ឬ​ក៏​ជំនន់​ទន្លេ​អាច​កើត​មាន​នៅ​ពេល​ខាង​មុខ​ ប៉ុន្តែ​នៅ​ក្នុង​ទំហំ​មួយ​ដែល​ថា​ មិន​ធ្ងន់​ធ្ងរ​នោះ​ទេ​»។​

លោក ​សុទ្ធ គឹមកុលមុនី​ បន្ថែម​ថា​ អាជ្ញាធរ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ តាម​រយៈ​ការ​ត្រៀម​កម្លាំង​ មធ្យោបាយ​ សម្ភារៈ​ ការ​តាមដាន​ និង​ប្រកាស​ឱ្យ​ប្រជា​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន។​

នៅ​ថ្ងៃ​ទី​ ១៨​ ខែ​កញ្ញានេះ ​នៅ​តាម​បណ្តាញ​សង្គម​មាន​ការ​បង្ហោះ​រូបភាព ​និង​វីដេអូ​អំពី​ការ​ជន់​លិច​ដោយ​កន្លែង។ ​ក្នុង​នោះ​មាន​ខេត្ត​ក្រចេះ ​ខេត្ត​ព្រះ​សីហនុ​ ខេត្ត​កំពង់ចាម​ និង​ខេត្ត​ត្បូងឃ្មុំ​ជាដើម។​

បើ​តាម​ព័ត៌មាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ពុធ​នេះ​ រមណីយ​ដ្ឋាន ​«ទឹកធ្លាក់​ក្បាលឆាយ» ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​រង​ការ​ជន់លិច​ ខណៈ​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៨ ​និង​១៦៩ ​ស្ថិត​ក្នុង​ភូមិ​មួយ​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហនុ ​មាន​ករណី​ទឹក​ហូរ​កាត់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ។​

ក្នុង​សារ​សំឡេង​ពិសេស​នៅ​ថ្ងៃ​ទី ១៨​ ខែ​កញ្ញា​ ឆ្នាំ​ ២០២៤​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន ម៉ាណែត​ បាន​ណែនាំ​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ ត្រៀម​លក្ខណៈ​អន្តរាគមន៍ ​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ ក្នុង​ករណី​គ្រោះ​ទឹក​ជំនន់​កើត​មាន​ជាយថា​ហេតុ។​

លោក​ ហ៊ុន ម៉ាណែត ​ថ្លែង​ថា៖​ «ដោយសារ​ឥទ្ធិពល​ព្យុះ​បាន​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្ត​បន្ទាប់​ ដែល​បង្ក​លិច​លង់​នៅ​បណ្តា​ប្រទេស​ជិត​ខាង​យើង។ ​អាស្រ័យ​ហេតុនេះ​សូម​ឯកឧត្តម​ លោក​ជំទាវ​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ​ខេត្ត​ទាំង​អស់​ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ ប្រុង​ប្រយ័ត្ន​ខ្ពស់ ​តាមដាន​ឱ្យ​ជាប់​ និង​ដោះស្រាយ​ឱ្យ​ទាន់​ពេល​វេលា​ នៅ​ក្នុង​ករណី​ដែល​មាន​ទឹក​ជំនន់​ប៉ះពាល់​នៅ​ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ជាពិសេស​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ពល​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់»។​

ណៈ​កម្មាធិការ​ទន្លេ​មេគង្គ​ នៅ​ថ្ងៃទី ​១៦​ ខែ​កញ្ញា​នេះ​ប្រកាស​ថា​ នៅ​ចន្លោះ​ថ្ងៃ​ទី​ ១៧ ​ដល់ ​២១ ​ខែ​កញ្ញា ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​កណ្ដាល​នៃ​អាង​ទន្លេ​មេគង្គ​ ដូច​ជា​កំពង់ស្ពឺ​ កំពង់ធំ​ ក្រចេះ ​មណ្ឌល​គិរី ​ព្រះ​វិហារ​ ស្ទឹងត្រែង ​និង​រតនគិរី៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG