នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ឱ្យដឹងតាមលិខិតមួយថា លោកនឹងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៅខែឧសភាខាងមុខនេះ។
យោងតាមលិខិតចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដែលត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលគឺ Fresh News មេដឹកនាំទីក្រុងភ្នំពេញ លោក ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំនោះ ចាប់ពីថ្ងៃទី១២ និង១៣ ខែឧសភា តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden (ចូ បៃដិន)។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានឆ្នាំ២០២២នេះ សរសេរនៅក្នុងលិខិតនោះយោងដល់លោកប្រធានាធិបតីអាមេរិកថា៖ «ខ្ញុំជឿជាក់ថា ការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ឯកឧត្តមដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជាពិសេសក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកនឹងជាជំហានឆ្ពោះទៅមុខមួយឈានទៅរកការដំឡើងភាពជាដៃគូរបស់យើងឱ្យឡើងដល់កម្រិតមួយថ្មីទៀត»។
លោកបន្ថែមថា៖ «ក្នុងន័យនេះកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការលើកកម្ពស់ទំនាក់ទំនងអាស៊ានសហរដ្ឋអាមេរិកពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) លោកប្រធានាធិបតី Biden បានផ្ញើលិខិតអញ្ជើញលោក ហ៊ុន សែន តាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំពិសេសនេះនឹងធ្វើឡើងដើម្បីពង្រឹងបន្ថែមនូវការចូលរួមរបស់លោក Biden នៅក្នុងកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងអាស៊ានកាលពីខែតុលាឆ្នាំមុន ដែលនៅពេលនោះលោកបានប្រកាសនូវថវិកាចំនួន១០២លានដុល្លារ ក្នុងគម្រោងផ្ដួចផ្ដើមថ្មីដើម្បីពង្រីកការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយអាស៊ានលើ «ការស្ដារឡើងវិញនូវផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ និងសន្តិសុខសុខាភិបាល ការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ ការជំរុញកំណើនសេដ្ឋកិច្ចជាទូទៅ ការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងឱ្យបានជ្រាលជ្រៅនូវទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ»៕