ស្ថានទូតសហរដ្ឋអាមេរិកកាលពីថ្ងៃពុធទី២៩ខែមិថុនា បានបើកវគ្គបណ្តុះបណ្តាលមួយដល់អ្នកសារព័ត៌មានកម្ពុជាចំនួន២៤រូប មកពីស្ថាប័នចំនួន១៧ផ្សេងៗគ្នា ដើម្បីធ្វើការចែករំលែកបទពិសោធន៍ពីអតីតអ្នកយកព័ត៌មានដ៏ល្បីមួយរូបមកពីទូរទស្សន៍ CNN។
វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅក្នុងស្ថានទូតសហរដ្ឋអាមេរិករយៈពេលមួយថ្ងៃ ហើយគ្រូបណ្តុះបណ្តាលគឺលោក Ralph Begleiter អតីតអ្នកយកព័ត៌មានផ្នែកកិច្ចការពិភពលោករបស់ទូរទស្សន៍ CNN។
លោក Ralph Begleiter មានអាជីពជាអ្នកសារព័ត៌មានអស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយលោកធ្លាប់បានធ្វើដំណើរប្រមាណជិតពីរលានម៉ៃល៍នៅទូទាំងទី្វបទាំងប្រាំពីរ ដែលសរុបចំនួន៩៩ប្រទេស ដោយបូករួមទាំងទ្វីបអង់តាក់ទិចផងដែរ។
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល លោកបានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកកាសែតថា អ្នកកាសែតត្រូវតែមានការទទួលខុសត្រូវ គឺផ្តល់ព័ត៌មានមានលក្ខណៈវិជ្ជាជីវៈឯករាជ្យទៅដល់មហាជន ដោយមិនពាក់ព័ន្ធទៅលើក្រុមអ្នកមានអំណាចទេ។
លោកបានថ្លែងតាមរយៈអ្នកបកប្រែយ៉ាងដូច្នេះថា៖
«ខ្ញុំសង្ឃឹមថាបទពិសោធន៍ដែលខ្ញុំចែករំលែកនៅថ្ងៃនេះ អាចយកទៅប្រើបា្រស់បានមួយចំនួន ខ្ញុំមិនហានថាទាំងអស់ទេ។ ប្រសិនបើមានលក្ខណៈខ្លះអាចប្រើប្រាស់បាន ហើយម៉្យាងទៀត ខ្ញុំចង់បញ្ជាក់ដឹងថា អ្នកសារព័ត៌មាននៅក្នុងប្រទេសយើង ដូចជា អស់លោក លោកស្រី ក៏ដូចជាអ្នកសារព័ត៌មាននៅប្រទេសផ្សេងៗដែរគឺថា មានគោលបំណងរួមគ្នាតែមួយទេ គឺគោលបំណងរបស់គេ គឺចង់ចែករំលែកសារព័ត៌មានដែលគេផ្សព្វផ្សាយទៅកាន់មហាជន។ ហើយគេមានការប្រឈមមុខប្រហាក់ប្រហែលគ្នាផងដែរ»។
លោក Mark Wenig ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ស្ថានទូតសហរដ្ឋអាមេរិករៀបចំកម្មវិធីនេះឡើង គឺដើម្បីផ្តល់ចំណេះដឹងដល់អ្នកសារព័ត៌មាន ដើម្បីចែករំលែកសារព័ត៌មានបន្តទៀតដល់សាធារណជន។
«នេះជាលើកទីមួយហើយដែលស្ថានទូតបានឧបត្ថម្ភគ្រូបង្រៀនក្នុងវិស័យសារព័ត៌មានមក កាន់ប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍របស់គាត់ដល់អ្នកសារព័ត៌មានកម្ពុជា។អាហ្នឹងនិយាយអំពីសារព័ត៌មាន អតីតអ្នកសារព័ត៌មាន។ ប៉ុន្តែនិយាយពីអ្នកធ្វើបឋកថាទូទៅគឺយើងបានឧបត្ថម្ភគេមកស្រុកខ្មែរជាហូរហែ»។
នៅក្នុងវគ្គបណ្តុះបណ្តាល លោក Ralph Begleiter បានចែករំលែកបទពិសោធន៍ ដែលលោកធ្លាប់បានធ្វើជាអ្នកសារព័ត៌មានអស់រយៈពេលជាង២០ឆ្នាំមកហើយនោះ រួមមានរបៀបសម្ភាសន៍ តួនាទីរបស់អ្នកសារព័ត៌មាន និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានមុន និងយកទៅចុះផ្សាយ។
លោកវេង សំបូរ អ្នកយកព័ត៌មានឲ្យស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលធ្លាប់ជាអ្នកសារព័ត៌មានអស់រយៈពេល៧ឆ្នាំមកហើយនោះ បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលលោកបានសិក្សាជាមួយនឹងអ្នកសារព័ត៌មាន ដែលមានបទពិសោធន៍លំដាប់ពិភពលោក។
«ខ្ញុំទទួលបានបទពិសោធន៍ច្រើនពីការបង្រៀនរបស់គាត់ទាក់ទងនឹងកិច្ចធ្វើបទសម្ភាសន៍ ទាក់ទងទៅនឹងការដោះស្រាយ និងការរៀបចំខ្លួនយ៉ាងម៉េច ដើម្បីធ្វើបទសម្ភាសន៍ជាមួយ និងមន្រ្តីធំៗនៅក្នុងជួរដ្ឋាភិបាល ហើយដូចជាសួរទៅមន្រ្តីយោធាទាក់ទងនឹងបញ្ហាជម្លោះផ្សេងៗ គឺយើងបានទទួលបទពិសោធន៍ច្រើន ពេលដែលគាត់បានបង្ហាញមកឲ្យសិក្ខាកាមទាំងអស់»។
លោកសំបូរបានមានប្រសាសន៍ទៀតថា អ្នកកាសែតកម្ពុជាមានកង្វះខាតច្រើនខាងផ្នែកធនធានមនុស្សដែលទាមទារឲ្យមានការបណ្តុះបណ្តាលថែមទៀត៕