ចំនួនបេក្ខជនឈរឈ្មោះដ៏ច្រើនបំផុតមិនធ្លាប់មាន គឺរហូតដល់ជាង៥៥០នាក់ មកពីគណបក្សនានាជិត៣០គណបក្ស កំពុងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមអាសនៈសភាតែ១១៣កៅអី នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅកោះតៃវ៉ាន់ នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ អ្នកបោះឆ្នោតក៏នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីមួយរបស់កោះតៃវ៉ាន់ នៅថ្ងៃនោះដែរ។
ការប្រកួតប្រជែងភាគច្រើនផ្តោតទៅលើចំនួនអាសនៈដែលគណបក្សវឌ្ឍនប្រជាធិបតេយ្យ ឬ Democratic Progressive Party ដែលជាគណបក្សប្រឆាំង អាចទទួលបាន និងចំណុចដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺថាតើគណបក្សប្រឆាំងនេះ នឹងអាចគ្រប់គ្រងតំណែងសភា និងតំណែងប្រធានាធិបតីជាលើកដំបូងក្នុងប្រវត្តិសាស្ត្របានដែរឬទេ។
យ៉ាងណាក៏ដោយ នៅក្នុងទីក្រុង Changhua ស្ថិតចំកណ្តាលកោះតៃវ៉ាន់ បេក្ខនារីតៃវ៉ាន់ដើមកំណើតខ្មែរម្នាក់ គឺលោកស្រីលីន លីចាន់ (Lin Li-chan) អាចនឹងឈានទៅសម្រេចគោលដៅជាប្រវត្តិសាស្ត្រមួយ ដោយការក្លាយទៅជាអ្នកតំណាងរាស្ត្រ ក្នុងនាមជាជនអន្តោប្រវេសន៍ដំបូងគេនៅលើកោះនោះ។
នៅពេលអ្នកស្រីលីន លីចាន់ រៀបការជាមួយបុរសតៃវ៉ាន់ដើម្បីលុយកាលពី១៨ឆ្នាំមុនក្នុងនាមជាកូនក្រមុំបរទេស អ្នកស្រីមិនដឹងថា តៃវ៉ាន់នៅទីណាទេ។ ឥឡូវអ្នកស្រីមានកូន២នាក់។ អ្នកស្រីធ្វើការស្ម័គ្រចិត្ត។ អ្នកស្រីជាពលរដ្ឋពេញសិទ្ធិ ហើយតាំងខ្លួនជាជនជាតិតៃវ៉ាន់។ អ្នកស្រីមិនដែលនឹកស្រមៃថា មានជីវិតដូច្នេះទេនៅកម្ពុជា។
«សម្រាប់ជនអន្តោប្រវេសន៍ជាច្រើន យើងមិនដែលគិតរឿងធ្វើនយោបាយនៅប្រទេសកំណើតឬជួយសង្គមនោះទេ។ យើងមិនដែលគិតថា អាចក្លាយជាអ្នកស្ម័គ្រចិត្តផង កុំថាឡើយដល់ទៅធ្វើយុទ្ធនាការក្លាយជាអ្នកនយោបាយនោះ»។
អ្នកស្រីលីនថ្លែងថា ប្តីប្រពន្ធអន្តោប្រវេសន៍មានជំនាញភាសា និងយល់ពីវប្បធម៌ដែលជាប្រភពកម្លាំងសម្រាប់ខ្លួនឯងនិងតៃវ៉ាន់។ ការជួយគេអាចកម្ចាត់ឧបសគ្គខាងវប្បធម៌និងផ្នត់គំនិតអវិជ្ជមាន។
«យើងសង្ឃឹមថា អាចប្រើកម្លាំងនេះជួយស្ត្រីអន្តោប្រវេសន៍ គឺមិនត្រឹមតែជួយគាត់ចាប់ផ្តើមជីវិតថ្មីនៅតៃវ៉ាន់ប៉ុណ្ណោះទេ តែថែមទាំងជួយបញ្ហាដទៃទៀត ដូចជាជំនួញជាមួយប្រទេសអាស៊ីអាគ្នេយ៍និងអភិវឌ្ឍសេដ្ឋកិច្ច»។
សកម្មជនថ្លែងថា ជំហររបស់តៃវ៉ាន់ចំពោះអន្តោប្រវេសន៍ប្រឈមកិច្ចការច្រើនទៀត។ នៅមានករណីរំលោភ និងការសង្ស័យអំពីប្តីប្រពន្ធអន្តោប្រវេសន៍។ តែអ្នកខ្លះនៅតែគិតថា តៃវ៉ាន់ជាសង្គមបើកទូលាយ។
«ខ្ញុំធ្លាប់នៅសៀងហៃជាង១០ឆ្នាំ។ នៅទីនោះ ខ្ញុំតែងគិតថា ខ្ញុំជាអ្នកក្រៅ។ តែនៅតៃវ៉ាន់ជាងមួយឆ្នាំមកនេះ ខ្ញុំអាចនិយាយថា ខ្ញុំមិនដែលគិតថា ខ្ញុំជាអ្នកក្រៅទេ»។
អ្នកស្រីលីនឈរឈ្មោះជាបេក្ខជនគោរចណ៍របស់គណបក្សជាតិនិយមដែលជាគណបក្សកាន់អំណាច។ អ្នកស្រីឋិតនៅលំដាប់ទី៤។ អាសនៈគោចរណ៍ផ្អែកលើចំនួនសំឡេងឆ្នោតដែលគណបក្សទទួលបាន។ គណបក្សនេះរំពឹងថា នឹងឈ្នះបាន១០អាសនៈក្នុងការបោះឆ្នោតនេះ៕
លោកពិន ស៊ីសុវណ្ណប្រែសម្រួល