កម្ពុជា នៅថ្ងៃអង្គារនេះ បានសម្រួលជំហរផ្លូវការរបស់ខ្លួនថា ខ្លួនគាំទ្រចំណាត់ការរបស់សាលាក្តីខ្មែរក្រហមលើសំណុំរឿងបន្ថែម០០៣ និង០០៤។ ក៏ប៉ុន្តែបានព្រមានថា ខ្លួននឹងឆ្លើយតបទៅនឹងបញ្ហាអសន្តិសុខណាមួយ ដែលកើតចេញពីចំណាត់ការផ្លូវច្បាប់នេះ។
ការបង្ហាញជំហរបែបនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហចៅក្រមស៊ើបអង្កេតលោកស៊ីហ្គហ្វ្រ៊ិដ ប៊្លុង (Siegfried Blunk) បានលាលែងពីការងារដោយលោកបានលាតត្រដាងការជ្រែតជ្រែករបស់រដ្ឋាភិបាលកម្ពុជាក្នុងការស៊ើបអង្កេតរបស់លោកលើសំណុំរឿងបន្ថែមទាំងពីរ។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានក្រោយពីជំនួបរបស់សមភាគីរបស់លោកមកពីប្រទេសស៊ែប៊ី គឺលោក វុក ហ្សេរ៉េមីក (Vuk Jeremic) ក្នុងទីក្រុងភ្នំពេញ។ លោក ហោ ណាំហុង បានបញ្ជាក់ថា កម្ពុជាគាំទ្រសេចក្តីសម្រេចជាក់លាក់ទាំងឡាយរបស់សាលាក្តីខ្មែរក្រហម។
«ដល់សរុបមកជាសិទ្ធិរបស់តុលាការ។ ប្រសិនក្នុងនាមជាអ្នកដឹកនាំប្រទេសជាតិ ទទួលជួបជោគវាសនារបស់ប្រទេសជាតិ របស់ប្រជាជន។ យើងមានយោបល់ដូច្នេះ អ្វីៗស្រេចតែលើតុលាការ។ សូមអរគុណ»។
កាលពីថ្ងៃច័ន្ទ លោកចៅក្រម ស៊ីហ្គហ្វ្រ៊ិដ ប៊្លុង (Siegfried Blunk) បានលើកពីសេចក្តីថ្លែងការណ៍បន្តបន្ទាប់គ្នារបស់លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ និងលោក ហោ ណាំហុង ប្រឆាំងនឹងការស៊ើបអង្កេត និងចំណាត់ការទៅលើសំណុំរឿង០០៣ និងសំណុំរឿង០០៤។
លោក ប្លុង (Blunk) បានត្អូញត្អែរថា សេចក្តីថ្ងែងការណ៍របស់ថ្នាក់ដឹកនាំកម្ពុជាទាំងនោះ បាននាំឲ្យគេមើលឃើញពីការប៉ុនប៉ងជ្រែតជ្រែករបស់រដ្ឋាភិបាល និងធ្វើឲ្យសមត្ថភាពរបស់លោក និងក្នុងការប្រឈមសម្ពាធអំពីរដ្ឋាភិបាលនេះត្រូវគេបន្ទិលសង្ស័យ។
លោក ហោ ណាំហុង បានបកស្រាយថា មានការបកស្រាយខុសទៅលើសេចក្តីថ្ងែងការណ៍របស់លោក ក៏ប៉ុន្តែលោកបញ្ជាក់ថា រដ្ឋាភិបាលមានបុព្វសិទ្ធិអំពីការចោទសួរទៅលើចំណោទដែលអាចកើតពីចំណាត់ការតុលាការ។
«យើងដឹងច្បាស់ការស្រាវជ្រាវរកសំណុំរឿងទី៣ ទី៤ ជាសិទ្ធិរបស់តុលាការ។ ក្នុងឋានៈជារដ្ឋាភិបាលទទួលខុសត្រូវជោគវាសនារបស់ជាតិ បើសិនជាតុលាការកូនកាត់នេះ ធ្វើអ្វីមួយដែលនាំឲ្យមានអសន្តិសុខ គឺសង្គ្រាមនៅកម្ពុជា។ តើអ្នកណាទទួលខុសត្រូវ?»
អង្កការយុត្តិធម៌សង្គមសេរី OSJI របស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះថា អង្កការសហប្រជាជាតិ ត្រូវតែស្វែងរកការធានាជាសាធារណៈពីសហប្រតិបត្តិការរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលសម្រាប់សំណុំរឿងស៊ើបអង្កេតទាំងបួន។
ជាមួយគ្នានេះ អង្កការ Amnesty International របស់ប្រទេសអង់គ្លេសចាត់ទុកថា វាគឺជាបញ្ហាអាយុជីវិតដែលអង្កការសហប្រជាជាតិត្រូវតែចាត់ការដើម្បីការពារអនាគតសាលាក្តីខ្មែរក្រហម និងធានាការកាត់ក្តីមួយត្រឹមត្រូវ ឯករាជ្យ នឹងមិនលម្អៀង។ ដំណាលគ្នានេះដែរ គណៈកម្មាធិការសិទ្ធិមនុស្សអាស៊ីដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ក៏បានទទូចឲ្យអង្កការសហប្រជាជាតិដោះស្រាយវិបត្តិនៃឯករាជ្យរបស់តុលាការនេះដែរ។
លោក ឡាស អលសិន មន្រ្តីទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហមបញ្ជាក់ថា សាលាក្តីខ្មែរក្រហមនឹងមិនធ្វើការឆ្លើយតបណាមួយទៅនឹងសេចក្តីថ្លែងការណ៍របស់អង្កការសង្គមស៊ីវិលនោះទេ៕