ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​ខេត្ត​ខ្លះ​ត្រូវ​ផ្ទេរ​មក​ក្រសួង​មហាផ្ទៃ ខណៈ​ខ្លះ​ទៀត​ផ្លាស់ប្តូរ​ទៅ​ខេត្ត​ផ្សេងៗ


រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ការ​ដឹកនាំ​របស់​អភិបាល​ខេត្ត​មួយ​ចំនួន ក្នុង​នោះ​អភិបាល​ខេត្ត​ចំនួន​៤​រូប​ត្រូវ​បាន​ផ្ទេរ​ទៅ​ដឹកនាំ​ខេត្ត​ផ្សេង ខណៈ​អភិបាល​ខេត្ត​ ៤ ​រូប​ទៀត​ត្រូវ​បាន​ផ្ទេរ​មក​ជា​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​វិញ។ នេះ​បើ​យោង​តាម​ព្រះ​រាជក្រឹត្យ​ចំនួន​ ១២ ​ផ្សេង​គ្នា ចុះ​កាល​បរិច្ឆេទ​ដូច​គ្នា គឺ​នៅ​ថ្ងៃ​ទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ ដែល​វីអូអេ​ទទួល​បាន។

អភិបាល​ខេត្ត​ចំនួន ​ ៤​រូប ​ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​ដឹកនាំ​ខេត្ត​ផ្សេង​នោះ រួម​មាន លោក វ៉ី សំណាង បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​កំពង់​ស្ពឺ​ ត្រូវ​ផ្ទេរ​តំណែង​ជា​អភិបាល​ខេត្ត​តាកែវ លោក ជាម ច័ន្ទសោភ័ណ បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​ផ្ទេរ​តំណែង​ជា​អភិបាល​ខេត្ត​កំពង់ស្ពឺ​វិញ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ​ត្រូវ​ផ្ទេរ​តំណែង​ជា​អភិ​បាល​ខេត្ត​កណ្តាល​វិញ លោក ប៉ែន កុសល្យ អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ ​ត្រូវ​ផ្ទេរ​តំណែង​ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ​វិញ។

ចំណែក​អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ អភិបាល​ខេត្ត​ស្ទឹង​ត្រែង លោក ស្វាយ សំអ៊ាង អភិបាល​ខេត្ត​តាកែវ លោក អ៊ូច ភា និង​លោក ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ ត្រូវ​បាន​តែង​តាំង​មុខ​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ។

មន្រ្តី​ជាន់​ខ្ពស់ ​៤ ​រូប ​ដែល​ទទួល​បាន​តំណែង​ជា​អភិបាល​ខេត្ត ជំនួស​អភិបាល​ខេត្ត​ដែល​ទទួល​តំណែង​ថ្មី​នៅ​ក្រសួង​មហាផ្ទៃ រួមមាន​លោក នួន ផារ័ត្ម អភិបាល​រង​រាជធានីភ្នំពេញ ត្រូវ​តែង​តាំង​ជា​អភិបាល​ខេត្ត​កំពង់ធំ លោក សរ សុពុត្រា អភិបាល​រង​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ាង ស៊ីណេត អភិបាលរង​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ លោក មាន ចាន់យ៉ាដា អភិបាល​រង​រាជធានី​ភ្នំពេញ ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ខេត្ត​ឧត្តរ​មានជ័យ។

លោក ប៉ែន កុសល្យ ដែល​នឹង​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​លោក​មិន​បាន​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​ការ​ដឹកនាំ​ខេត្ត​នោះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា​អ្វី​ដែល​សំខាន់ គឺ​ការ​បង្កើត​ទំនុក​ចិត្ត និង​ចូលរួម​បម្រើ​ប្រជាពលរដ្ឋនៅ​ក្នុង​ខេត្ត​ដែល​លោក​ទៅ​ដឹកនាំ។

លោក​ថ្លែង​ថា៖ «សំខាន់​បម្រើ​បង​ប្អូន​ប្រជាពលរដ្ឋ​ឱ្យមាន​ជីវភាព​ល្អ។ សំខាន់​ជីវភាព​រស់​នៅ​ឱ្យ​ថ្កុំ​ថ្កើនតែប៉ុណ្ណឹង ​និយាយ​រួម ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​យើង​ប្រសើរ​ជាង​មុន​» ។

លោក គួច ចំរើន ដែល​នឹង​ដឹកនាំ​ខេត្ត​កណ្ដាល​វិញ បាន​បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​ប្រាប់​ឱ្យ​យោង​តាម​ព្រះ​រាជក្រឹត្យ​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។

អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ប្រាប់វីអូអេថា ​ការផ្លាស់​ប្តូរ​និង​ផ្ទេរ​តំណែង​គឺ​ជា​រឿងធម្មតា​របស់​រដ្ឋាភិបាល ព្រោះ​បើ​ទុក​ឱ្យ​គ្រប់​គ្រង​ខេត្ត​ណា​មួយ​យូរ​អាច​បង្ក​ជា​បក្សពួក។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ការ​ប្តូរ​ផ្លាស់​នេះ ខ្ញុំ​គិត​ថា ​វា​ជា​ចរន្ត​ធម្មតា​របស់​រដ្ឋប្រទេស​នីមួយៗ​រួម​ទាំង​ស្រុក​ខ្មែរ​យើង​ផង។ តែ​សំខាន់​ត្រង់​ថា​តើ​មនុស្ស​ដែល​ប្តូរ​ទៅ​កាន់​ផ្លាស់​ទៅ​កាន់​ គឺ​មនុស្ស​មាន​សមត្ថភាព​ ឬ​គ្រាន់​តែ​ជា​មនុស្ស​ដែល​មាន​នៅ​ជា​មួយ​ស្មោះ​ត្រង់​ជា​មួយ​ខ្សែ​បន្ទាត់​នយោបាយ​គ្រួសារ​ក្រុម​បក្សពួក​ណា​មួយ។ ប៉ុន្តែ​ដល់​ទៅ​ធ្វើ​ការ​អត់​មាន​ប្រសិទ្ធភាព​បាទ»។

លោក​បន្ថែម​ថា ​រដ្ឋាភិបាល​គួរតែតែង​តាំង​អ្នកដែល​មាន​សមត្ថភាព​ធ្វើ​ការងារ​សំខាន់ៗនៅ​ក្នុង​ថ្នាក់​ខេត្ត ដើម្បី​ដឹកនាំ​ឱ្យ​កាន់​តែ​រីក​ចម្រើន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG