ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្ដីការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្រ្ដី​ការបរទេស​អាស៊ាននៅប្រទេស​ឡាវ


រូបឯកសារ៖ រដ្ឋមន្រ្ដី​ការ​បរទេស​កម្ពុជា ​លោក ​សុខ ចិន្ដាសោភា ចូលរួមកិច្ចប្រជុំមួយ​ នៅក្រសួងការបរទេស​កម្ពុជាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ (Facebook/Ministry of Foreign Affairs and International Cooperation)
រូបឯកសារ៖ រដ្ឋមន្រ្ដី​ការ​បរទេស​កម្ពុជា ​លោក ​សុខ ចិន្ដាសោភា ចូលរួមកិច្ចប្រជុំមួយ​ នៅក្រសួងការបរទេស​កម្ពុជាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ (Facebook/Ministry of Foreign Affairs and International Cooperation)

រដ្ឋមន្រ្ដី​ការ​បរទេស​កម្ពុជា ​លោក ​សុខ ចិន្ដាសោភា ​នឹង​ចូលរួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្រ្ដី​ការ​បរទេស​អាស៊ាន ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហ្លួងព្រះបាង ​ប្រទេស​ឡាវ ​ដែល​ជា​ប្រធាន​ប្តូរវេន​របស់​សមាគម​អាស៊ាន។ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

ក្រសួង​ការ​បរទេស​បញ្ជាក់​ថា ​រដ្ឋមន្រ្ដី​ការ​បរទេស​កម្ពុជា​នឹង​ចូលរួម​កិច្ច​ប្រជុំ ​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្រ្ដី​ការ​បរទេស​ឡាវ​ លោក​ សាលើមសៃ គុំម៉ាស៊ីត។​

កិច្ច​ប្រជុំ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៨ ​និង ​២៩ ​ខែ​មករា ​ឆ្នាំ​ ២០២៤ ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ៖​ «អាស៊ាន៖ ​ការ​ពង្រឹង​ការ​តភ្ជាប់ ​និង​ភាព​ធន់» ​ដែល​ពិភាក្សា​អំពី​គម្រោង​សមិទ្ធ​ផល​សំខាន់ ​ក្រោម​ការ​ដឹក​នាំ​របស់​ប្រទេស​ឡាវ​ដែល​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២៤។​

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា​ រដ្ឋមន្រ្ដី​ការ​បរទេស​អាស៊ាន​នឹង​ពិនិត្យ​តាម​ដាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤៣ ​និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នានា ​ឆ្ពោះ​ទៅ​រក​ការ​កសាង​សហគមន៍​អាស៊ាន ​រួម​ទាំង​ការ​រៀប​ចំ ​«ចក្ខុ​វិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​ ២០៤៥»។​

រដ្ឋមន្រ្ដី​ការ​បរទេស​កម្ពុជា​នឹង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជា​មួយ​សមាជិក​អាស៊ាន​មួយ​ចំនួន ​នៅ​ពេល​ចូល​រួម​កិច្ច​ប្រជុំ​នោះ ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ​និង​ពហុ​ភាគី។​

គួរ​បញ្ជាក់​ថា ​ប្រទេស​ឡាវ​ទើប​ទទួល​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​បន្ទាប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG