គណបក្សប្រឆាំងបានចាត់ទុកការប្រកាសសាលដីការបស់តុលាការកំពូលថាជារឿងនយោបាយ។ តុលាការកំពូលនៅថ្ងៃអង្គារ៍បានសម្រេចសាលដីការបស់សាលាឧទ្ធរណ៍ដែលបានកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំពីបទជាប់ពាក់ព័ន្ធ និងការដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅស្រុកចន្ទ្រាខេត្តស្វាយរៀង និងការញុះញុងឲ្យមានការរើសអើងជាតិសាសន៍។
តុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ចំពោះករណី លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដោយបានសម្រេចផ្តន្ទាទោសឲ្យលោកជាប់ពន្ធនាគាររយៈពេលពីរឆ្នាំដដែល ហើយតុលាការក៏បានបដិសេធសំណើស្នើសុំរបស់លោកស្រីមាស ស្រី និងលោកព្រំ ជា អំពីសំណងរដ្ឋប្បវេណីចំនួនជាង៦០លានរៀល។
លោកឃឹម ប៉ុណ្ណ ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល បានចាត់ទុកថា តម្រុយបង្គោលព្រំដែន ដែលលោកសម រង្ស៊ី បានដកនេះ ជាអំពើខុសច្បាប់ ពីព្រោះតម្រុយនេះបានកំណត់ដោយគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ។
លោកឃឹម ប៉ុណ្ណ បានមានប្រសាសន៍ទៀតថា លោកសម រង្ស៊ី គួរតែប្តឹងទៅស្ថាប័នរដ្ឋាភិបាល រដ្ឋសភា និងព្រះមហាក្សត្រ មិនត្រូវដកតម្រុយបង្គោលព្រំដែនដោយខ្លួនឯងទេ។
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទពីប្រទេសបារាំងថា រឿងនេះមិនមែនជារឿងតុលាការទេ វាជារឿងនយោបាយ។
លោកសម រង្ស៊ី បានអះអាងទៀតថា លោកសង្ឃឹមថា នឹងមានការសម្របសម្រួលចំពោះរឿងក្តីរបស់លោក ដោយសារតែកម្ពុជាកំពុងតែជួបប្រទះនូវវិបត្តិនយោបាយជាមួយប្រទេសជិតខាង។
«មិនមែនរឿងបុគ្គលសម រង្ស៊ី ជារឿងនយោបាយទាក់ទងនឹងព្រំដែនរវាងប្រទេសវៀតណាមនិងប្រទេសកម្ពុជា។ រឿងនយោបាយទាមទារឲ្យមានដំណោះស្រាយនយោបាយ មិនមែនដំណោះស្រាយតុលាការទេ។ តុលាការនៅស្រុកខ្មែរ គឺជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច ដើម្បីបំបិទមាត់ សំឡេង ឬ បំបិទសំឡេងអ្នកដែលហ៊ាននិយាយការពិត »។
លោកចាន់ សុខយាង មេធាវីការពារក្តីរដ្ឋាភិបាល បានហៅសេចក្តីសម្រេចរបស់តុលាការថាបានផ្តល់យុត្តិធម៌ចំពោះរដ្ឋាភិបាល។
«តុលាការសម្រេចអញ្ចឹងហើយ គឺក្នុងនាមយើងជាប្រជាពលរដ្ឋត្រូវតែគោរពច្បាប់ត្រូវតែអនុវត្តតាម ខ្ញុំអត់មានអ្វីអត្ថាធិប្បាយទេ ពីព្រោះថា ការសម្រេចនេះត្រឹមត្រូវតាមច្បាប់ហើយ ពីព្រោះថាការសម្រេចគឺ យើងបានអនុវត្តតាមច្បាប់ទាំងអស់ ពីព្រោះអំពើដែលគាត់បានប្រព្រឹត្តិគាត់ត្រូវតែទទួលខុសត្រូវ »
ចំណែកលោកជួង ជួងី មេធាវីការពារក្តីឲ្យលោកសម រង្ស៊ី បានមានប្រសាសន៍ថា សាលដីការបស់តុលាការកំពូលមិនបានផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោកទេ។
លោកជួង ជួងី បានមានប្រសាសន៍ទៀតថាបង្គោលព្រំដែនចំនួន៦(ប្រាំមួយ)ដើមមិនមានតម្លៃអ្វីដែលឲ្យកូនក្តីរបស់លោកបំផ្លាញទេ។
លោកបានមានប្រសាសន៍ទៀតថា លោកសម រង្ស៊ី ចង់ឲ្យមានដំណោះស្រាយបញ្ហាព្រំដែននៅពេល ដែលការបោះបង្គោលព្រំដែននេះ បានចូលដីស្រែរបស់ប្រជាកសិករ។
«លោកចង់ឲ្យមានការធានាថា រាល់ការបោះបង្គោលព្រំដែនត្រូវគោរពតាមរដ្ឋធម្មនុញ្ញ ហើយធានាបាននូវការគោរពបូរណភាពទឹកដីខ្មែរ។ នេះគឺជាបំណងទី២ដែលឯកឧត្តសម រង្ស៊ី ចង់បាន។ គាត់មិនមានបំណងចង់ទៅបំផ្លាញបង្គោលប្រាំមួយដើមហ្នឹងទេ»។
លោកសម រង្ស៊ី ដែលកំពុងស្នាក់នៅឯក្រៅប្រទេស ត្រូវបានតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ខែមករាឆ្នាំ២០១០ កាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនិងពិន័យជាប្រាក់ចំនួនជាង៦០លានរៀល ជាមួយនិងលោកព្រំ ជា និងអ្នកស្រីមាស ស្រី ពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅស្រុកចន្រ្ទាខេត្តស្វាយរៀង និងញុះញុងឲ្យមានការរើសអើងជាតិសាសន៍។
លោកព្រំ ជា និងអ្នកស្រីមាស ស្រី ត្រូវបានសាលាឧទ្ធរណ៍ដោះលែងឲ្យនៅក្រៅឃុំបន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលជិត១ឆ្នាំ។
លោកសម រង្សី ត្រូវបានតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគារ១២ឆ្នាំនៅក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា គឺសំណុំរឿងដកតម្រុយបង្គោលព្រំដែនលេខ១៨៥ និងក្លែងឯកសារសាធារណៈ៕