ក្នុងអំឡុងពិធីអបអរសារខួប១៥ឆ្នាំនៃទិវាសហគមន៍ខ្មែរ (Cambodian Community Day) នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនស.រ.អា. អ្នកចូលរួមរំឭកថា សមាគមនេះត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ ដោយសារកាលណោះមានជនជាតិអាមេរិកាំងតិចតួចប៉ុណ្ណោះដែលស្គាល់ប្រទេសកម្ពុជា ហើយជាពិសេសនោះ ពួកគេស្គាល់តាមរយៈរឿងកាប់សម្លាប់គ្នា។
ក្នុងពិធីអបអរខួប១៥ឆ្នាំនៃទិវាសហគមន៍ខ្មែរ(Cambodian Community Day) នៅភោជនីយដ្ឋាន Harvest Moon នៅសង្កាត់ Falls Church រដ្ឋ Virginia កាលពីថ្ងៃសៅរ៍មានការបង្ហាញប្រពៃណីវប្បធម៌ខ្មែរទាក់ទងនឹងការរៀបចំពិធីអាពាហ៍ពិពាហ៍និងសម្អាងការកូនក្រមុំ។ ក្នុងពិធីជប់លៀងប្រមូលថវិកាដើម្បីលើកស្ទួយនិងផ្សព្វផ្សាយវប្បធម៌ខ្មែរនេះ ប្រធានសមាគមទិវាសហគមន៍ខ្មែរ ហើយនឹងអ្នកចូលរួមបានរំឭកពីមូលហេតុដែលជំរុញឲ្យជនជាតិខ្មែរអាមេរិកាំងនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនរៀបចំបង្កើតទិវាសហគមន៍ខ្មែរនេះឡើងកាលពី១៥ឆ្នាំមុន។
លោកបេន បាវ ប្រធានសមាគមនេះបានរំឭកថា ពេលលោកមកដល់សហរដ្ឋអាមេរិកដំបូង ជនជាតិអាមេរិកាំងជាច្រើនដែលលោកជួបគឺគេស្គាល់ប្រទេសវៀតណាម តែមិនស្គាល់ប្រទេសកម្ពុជាទេ ទោះជាខ្មែរយើងមានប្រវត្តិយូរលង់ជាងប្រទេសវៀតណាម និងមានប្រាសាទអង្គរវត្តក៏ដោយ។ ពួកគេភាគច្រើនដឹងអំពីខ្មែរក្រហម វាលពិឃាត តែមិនដឹងអំពីអារ្យធម៌ខ្មែរទេ។ លោកឲ្យដឹងថា ដោយសារហេតុនេះហើយបានជាសមាគមទិវាសហគមន៍ខ្មែរត្រូវបានបង្កើតឡើង។
«មានការឈឺចិត្តនៅក្នុងសង្គមអាមេរិកាំង ដោយសារគេមិនសូវស្គាល់យើង។ និយាយឲ្យមែនទែនទៅ គេមិនដឹងខ្មែរយើងនៅឯណា។ គេសួរថា ខ្មែរយើងចេះពាក់អាវ ឬអត់? គេសួរខ្មែរយើងចេះពាក់ស្បែកជើងឬអត់? ហើយខ្ញុំចេះតែនឹកឃើញថា អូ! ខ្មែរយើងចេះសង់ដល់ទៅប្រាសាទអង្គរវត្តផងម៉េចគ្មានអ្នកណាដឹង? ដូច្នេះបានជានាំគ្នាធ្វើអញ្ចេះ។ ដូច្នេះគោលបំណងធំគឺអញ្ចឹងគឺថា ធ្វើម៉េចឲ្យជនជាតិបរទេសផ្សេងទៀត ជាពិសេសជនជាតិអាមេរិកាំង ដែលយើងមកនៅនេះ ឲ្យគេស្គាល់យើងក្នុងន័យល្អ។ កុំឲ្យគេស្គាល់យើងថា យើងដូចក្នុងរបបខ្មែរក្រហម កាប់សម្លាប់គ្នាអីអញ្ចឹងនោះណា៎»។
ដូចគ្នានេះដែរ លោកសូ សុខុម អនុប្រធានសម្ព័ន្ធភាពកម្ពុជាអាមេរិក (Cambodia America Alliance) និយាយថា លោកជួបបទពិសោធន៍ដូចលោកបេន បាវដែរ។លោកនិយាយថា ជនជាតិអាមេរិកាំងចាប់ផ្តើមស្គាល់ប្រទេសខ្មែរច្រើនដោយសាររបបខ្មែរក្រហម និងខ្សែភាពយន្តវាលពិឃាត។ តែសកម្មភាពសមាគមវប្បធម៌ខ្មែរនៅស.រ.អា. ដូចជាទិវាសហគមន៍ខ្មែរនេះមានតួនាទីសំខាន់ក្នុងការប្តូរមុខមាត់អវិជ្ជមានរបស់ប្រទេសកម្ពុជាដោយការផ្សព្វផ្សាយអំពីសិល្បៈ និងវប្បធម៌ដែលទាក់ទាញអ្នកទេសចរ។
«លក្ខណៈដែលល្អនោះគឺថា យើងទាំងអស់គ្នាប្រឹងប្រែងឡើង និយាយឲ្យ សង្គមស.រ.អា.ហ្នឹងយល់ដឹងពីរឿងស្រុកខ្មែរ រឿងវប្បធម៌ខ្មែរហ្នឹង ដើម្បីឲ្យគេយល់ គេទៅស្រុកខ្មែរ ដូចជាអង្គរវត្ត។ អង្គរវត្តល្អ! ល្អមែនទែន! ដើម្បីឲ្យសហគមន៍អាមេរិកាំងហ្នឹងគេទៅទស្សនានៅអង្គរវត្តយើង។ អាហ្នឹងជាកម្លាំងលើកទឹកចិត្តមួយ»។
ទោះជាយ៉ាងណាក្តី លោកសង្កេតឃើញថា អ្នកចូលរួមដែលមិនមានដើមកំណើតជាខ្មែរមានចំនួនតិចតួចនៅឡើយ ក្នុងចំណោមមនុស្សជាង២០០នាក់នោះ។ ដូច្នេះត្រូវមានការប្រឹងប្រែង និងការផ្សព្វផ្សាយបន្តទៀត។
ចំណែកឯលោកជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតថ្មីរបស់ប្រទេសកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់ VOA ថា កម្មវិធីបែបនេះក៏ជាឱកាសសម្រាប់លោកផ្សព្វផ្សាយអំពីស្ថានភាពនៅប្រទេសកម្ពុជា និងស្វែងយល់អំពីបំណងរបស់ជនជាតិខ្មែរនៅស.រ.អា.ដែរ។
«យើងមានចំណុចយល់ឃើញដូចគ្នា អញ្ចឹងហើយបានជាខ្ញុំត្រូវតែមក។ ទោះរវល់យ៉ាងណាក៏ដោយ ក៏ខ្ញុំត្រូវតែមកអើតដើម្បីឲ្យគេស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់គេ ដើម្បីពង្រីកនូវការយល់ដឹងដូចគ្នាហ្នឹងចំពោះជនជាតិអាមេរិកាំង ដើម្បីឲ្យគាត់ឃើញថា ខ្មែរយើងមានវប្បធម៌ អារ្យធម៌ខ្ពស់ខ្ពស់ រាប់រយឆ្នាំ ប្រយោជន៍ដើម្បីឲ្យគេចង់ទៅលេងស្រុកយើង»។
លោកឯកអគ្គរាជទូតបានឲ្យដឹងថា មានអ្នកទេសចរពីស.រ.អា.ជាង២សែននាក់ក្នុងចំណោមអ្នកទេសចរទៅប្រទេសកម្ពុជាជាង៥លាននាក់ក្នុងមួយឆ្នាំៗ។ ការផ្សព្វផ្សាយវប្បធម៌នេះពិតជារួមចំណែកយ៉ាងច្រើន។ លោកបានឲ្យដឹងដែរថា ស.រ.អា.និងកម្ពុជាមានទំហំពាណិជ្ជកម្មជាង៣ពាន់លានដុល្លារ និងមានក្រុមហ៊ុនអាមេរិកាំងជាង៤០បានវិនិយោគទុននៅប្រទេសកម្ពុជា។
លោកបេន បាវ ប្រធានសមាគមទិវាសហគមន៍ខ្មែរ បានបន្តថា ក្រៅពីសមាគមរបស់លោក នៅមានសមាគមនិងគណៈកម្មការផ្សេងទៀតត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយសិល្បៈ វប្បធម៌ អារ្យធម៌ប្រទេសកម្ពុជាដែលអាចទាក់ទាញអ្នកទេសចរទៅទស្សនាប្រទេសកម្ពុជា។
លោកនិយាយថា តួនាទីជាប្រធានសមាគមនេះមិនមានអ្នកចាប់អារម្មណ៍ចង់ធ្វើទេ ព្រោះត្រូវចំណាយថវិកា និងពេលវេលា ហើយប្រឈមមុខការលំបាកជាច្រើន ដែលមានពីដំបូង នៅពេលបង្កើតសមាគមរហូតមកដល់បច្ចុប្បន្ននេះ ជាពិសេសការប្រមូលថវិកា និងការកៀងគរសមាជិក។
លោកនិយាយថា ការលំបាកតែមួយគត់ដែលត្រូវកាត់បន្ថយគឺការរៀបចំកម្មវិធីសម្តែងសិល្បៈក្នុងពេលចូលឆ្នាំ និងខួបរបស់សមាគមនេះ នៅក្នុងវត្តពុទ្ធិការាម ដែលជាវត្តខ្មែរ នៅទីក្រុង Silver Spring រដ្ឋ Maryland ពីព្រោះមិនចាំបាច់សុំច្បាប់ ដូចការរៀបចំនៅទីសាធារណៈ ដូចជានៅសួន Arlington រដ្ឋ Virginia៕