ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​មេធាវី​កម្ពុជា​ផលិត ​CD-ROM​​ ផ្ទុកឯកសារ​ច្បាប់


សវនាការ​​ក្នុង​តុលាការ​កម្ពុជា​មួយ។
សវនាការ​​ក្នុង​តុលាការ​កម្ពុជា​មួយ។

គណៈ​មេធាវី​កម្ពុជា​ផលិត ​CD-ROM​ ​ដែល​ផ្ទុកឯកសារ​ច្បាប់និង​ច្បាប់​ទាំងអស់​ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ផ្សេងៗ​ តាំងពី​ឆ្នាំ១៩៩៣ រហូតដល់​បច្ចុប្បន្ន​ សម្រាប់​ចែកជូន​ដល់​មេធាវី ​តុលាការ ​និង​ភ្នាក់ងារ​អនុវត្តច្បាប់​នៅ​តាម​ស្ថាប័នរដ្ឋ​។

នៅ​ថ្ងៃអង្គារនេះ​ គណៈ​មេធាវី​កម្ពុជា​ បាន​ចាប់ផ្តើម​ផ្សព្វផ្សាយ​ CD-ROM ​ចំនួន​២.០០០​កូពី​លើកទីមួយ​អំពី​លិខិត​បទដ្ឋាន​គតិយុត្ត ​និង​អត្ថបទ​ច្បាប់​ផ្សេងៗ​ តាំងពី​ឆ្នាំ១៩៩៣​ដល់​បច្ចុប្បន្ន​ដល់​មេធាវី​ តុលាការ​ និង​ភ្នាក់ងារអនុវត្តច្បាប់​នៅក្នុង​ការិយាល័យ​រដ្ឋបាល​របស់​រដ្ឋ។

លោក​ជីវ សុងហាក់ ​ប្រធាន​គណៈ​មេធាវី​កម្ពុជា​ បាន​ថ្លែង​ប្រាប់វីអូអេ​ក្រោយ​ពី​ការបញ្ចប់​ពិធី​ផ្សព្វផ្សាយ​ច្បាប់​នេះថា៖

«យើង​បាន​ផលិត ​CD-ROM ​ច្បាប់​ចំនួន​២.០០០​កូពី។ ​១.០០០​កូពីឱ្យ​ទៅ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ចែក​ជូន​ទៅ​មន្ត្រី​អនុវត្តច្បាប់​ ឬក៏​ប្រជាពលរដ្ឋ​ ពាក់ព័ន្ធ​នឹង​សហគមន៍ផ្សេង​ៗ ហើយ​១.០០០​កូពី​ទៀត​សម្រាប់​គណៈ​មេធាវី​ចែក​ជូន​សមាជិក​របស់​ខ្លួន​និង​ផ្តល់​ជូន​ដល់​មហាវិទ្យាល័យ​ច្បាប់​ដទៃ​ទៀត»។

លោក​ជីវ សុងហាក់​ បាន​បន្ថែមថា​ CD-ROM សម្រាប់​ច្បាប់​នេះ​ផ្តល់​សារៈប្រយោជន៍យ៉ាង​សំខាន់​ណាស់​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​សម្រាប់​ពង្រឹង​ការអនុវត្ត​ច្បាប់​ការយល់ដឹង​ពី​ច្បាប់​ និង​ភាពងាយ​ស្រួល​ដល់​ការស្រាវជ្រាវ​រក​ច្បាប់​ដែលត្រូវ​ការភ្លាមៗ។ លោក​បន្ត​ថា៖

«ខ្ញុំ​គិត​ថា​ ២.០០០​កូពី​នេះ ប្រហែល​ជា​បាន​ផ្តល់​ដល់​ចំនួន​មេធាវី​ទាំងអស់​ តុលាការ​គ្រប់​ខេត្ត ​ក្រុង ​ទូទាំង​ប្រទេស​ ការិយាល័យ​រដ្ឋបាល​របស់​រដ្ឋ​មួយ​ចំនួន​ដែល​អនុវត្ត​ច្បាប់​នៅក្នុង​ទីក្រុង​ភ្នំពេញ»។

CD-Rom ២.០០០កូពី​នេះ​ប្រហែល​ជា​មិនអាច​ទៅ​ដល់​ដៃ​របស់​ប្រជាពលរដ្ឋ​នៅតាម​ខេត្ត ​ឬ ​តាម​សាលាខេត្ត​ ឬ​តាម​សាលា​ស្រុក ​ឬ​តាម​សាលា​ឃុំ​ដទៃ​ទៀតទេ​»។

លោក​ជីវ សុងហាក់ ​បាន​បញ្ជាក់​ថា ​ការផលិត ​CD-ROM ​សម្រាប់​ច្បាប់​នេះ មាន​ចំនួន​តិចតួច​បំផុត​ ដែល​មិន​អាច​ចែក​ផ្សព្វផ្សាយ​បាន​ទូលំ​ទូលាយ​ ដោយសារ​គណៈ​មេធាវី​មាន​ថវិកា​តិចតួច។ ប៉ុន្តែ​គណៈ​មេធាវី​គ្រោង​នឹង​ផលិត​លើក​ក្រោយ​ចំនួន​១០.០០០​កូពី​ ដើម្បី​ចែក​ជូន​ទៅ​គ្រប់​ស្ថាប័ន​រដ្ឋ​គ្រប់​តុលាការ​គ្រប់​សហគមន៍​គ្រប់​ខេត្ត​ស្រុក ​និង​ឃុំ។

លោក ​Christopher Peschoux ​ប្រធាន​ការិយាល័យ​នៃ​ឧត្តមស្នងការ​ជាន់ខ្ពស់​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ CD-ROM ​សម្រាប់​ច្បាប់​នេះ​ថា វា​មាន​សារៈ​សំខាន់​ណាស់​ ដែល​ច្បាប់​ទាំងអស់​មិនមែន​ត្រឹមតែ​បាន​អនុម័ត​ដោយ​រដ្ឋសភា ​និង​ព្រឹទ្ឌសភា​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្សព្វផ្សាយ​ច្បាប់​ទាំងនេះឱ្យ​ទៅ​ដល់​ដៃ​អ្នក​ប្រើប្រាស់​ច្បាប់​ទាំងអស់​។

លោក​ Christopher Peschoux ​បាន​បន្ថែម​ថា សារៈប្រយោជន៍​នៃ​ CD-ROM ​សម្រាប់​ច្បាប់​នេះ​ មាន​បញ្ចូល​ច្បាប់​ទាំងអស់​ដែល​បាន​អនុម័ត​ដោយ​កម្ពុជា​តាំងពី​ឆ្នាំ១៩៩៣​ដល់​បច្ចុប្បន្ន​ និង​មាន បញ្ចូល​ក្រឹត្យ​អនុក្រឹត្យ ​និង​ប្រកាស​ ហើយ​CD-ROM ​នេះ​អាច​ធ្វើ​បច្ចុប្បន្នកម្ម​សម្រាប់​ដាក់​បញ្ចូល ច្បាប់​ថ្មីៗ​បាន។

លោក​ឃន សុកល ​ប្រធាន​តុលាការ​ខេត្ត​កំពង់ធំ ​បាន​ថ្លែងថា លោក​សូមស្វាគមន៍​ការ​ផលិត​ និង​ការចែកផ្សព្វផ្សាយ ​CD-ROM ​សម្រាប់​ច្បាប់នេះ​។ លោក​ថ្លែងថា៖

«វា​ជា​ការ​ងាយស្រួល​មួយ​ក្នុង​ស្រាវជ្រាវ​រក​មាត្រា​ច្បាប់ ដែល​យើង​ចង់បាន។ យើង​មិន​ចាំបាច់​ទៅកកូក​កកាយ​រក​ច្បាប់​នៅ​លើតុ ​និង​ក្នុង​ទូទៀត​ទេ។ ខ្ញុំ​គិតថា បើ​វា​ងាយ​រកឃើញ​ វា​ចំណេញ​ពេល​វេលា​ ហើយ​ម៉្យាង​ទៀត​វា​ងាយស្រួល​នឹង​រក»។

លោក​ឃន សុកល​ បាន​បញ្ជាក់ថា​ CD-ROM ​សម្រាប់​ច្បាប់​នេះ​នឹងផ្តល់​ផល​យោជន៍​យ៉ាង​ច្រើន​ដល់​ចៅក្រម​ព្រះរាជអាជ្ញា ​និង​មេធាវី​ក្នុង​ការស្រាវជ្រាវ​រក​ច្បាប់​សម្រាប់​សំណុំរឿង​នីមួយៗ។

XS
SM
MD
LG