ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរអាមេរិកាំង​ខ្លះ​នៅ​រដ្ឋ North Carolina ជួប​ប្រជុំ​ជាមួយ​​មន្ត្រី​បក្ស​សាធារណរដ្ឋ​មុន​ថ្ងៃ​បោះឆ្នោត


លោកស្រី ទិត គឹមហ៊ុន ជាតំណាងក្រុមនយោបាយជំទាស់នៃប្រទេសកម្ពុជា និងជាអ្នករៀបចំកម្មវិធីជួបសំណេះសំណាលជាមួយក្រុមមន្ត្រីតំណាងសមាជិកព្រឹទ្ធសភាលោក Thom Tillis ខាងគណបក្សសាធារណរដ្ឋ នៅថ្ងៃសៅរ៍ទី៣១ ខែតុលា ឆ្នាំ២០២០ មុនថ្ងៃបោះឆ្នោតទី៣ វិច្ឆិកា ឆ្នាំ២០២០។ (រូបពីទំព័រហ្វេសប៊ុក Kimhun Thit)
លោកស្រី ទិត គឹមហ៊ុន ជាតំណាងក្រុមនយោបាយជំទាស់នៃប្រទេសកម្ពុជា និងជាអ្នករៀបចំកម្មវិធីជួបសំណេះសំណាលជាមួយក្រុមមន្ត្រីតំណាងសមាជិកព្រឹទ្ធសភាលោក Thom Tillis ខាងគណបក្សសាធារណរដ្ឋ នៅថ្ងៃសៅរ៍ទី៣១ ខែតុលា ឆ្នាំ២០២០ មុនថ្ងៃបោះឆ្នោតទី៣ វិច្ឆិកា ឆ្នាំ២០២០។ (រូបពីទំព័រហ្វេសប៊ុក Kimhun Thit)

ក្រុម​តំណាង​សហគមន៍​ខ្មែរ​រដ្ឋ ​North Carolina​ នឹង​ប្រមូល​ផ្តុំគ្នា​ ដើម្បី​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​មន្ត្រី​គណបក្ស​សាធារណរដ្ឋ នៅ​ថ្ងៃ​សៅរ៍ទី៣១ ខែតុលា​ ឆ្នាំ២០២០ ​ក្នុង​វត្ត​មួយ​កន្លែង​នៃ​ទីក្រុង​ឡិចស៊ីនតុន​ (Lexington) ​ក្នុងរដ្ឋ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក​មួយ​នេះ។

អ្នក​រៀបចំ​កម្មវិធី​ បាន​ចាត់ទុក​ថា​ នេះ​ជាលើក​ទី១​ ដែល​មន្ត្រី​គណបក្ស​សាធារណរដ្ឋបាន​ធ្វើ​ទំនាក់ទំនង​មក​កាន់​សហគមន៍​ខ្មេរ ​ហើយ​ចុះ​មក​ផ្ទាល់​ដល់​សហគមន៍។ នេះ​ជា​ការ​អះអាង​របស់​លោកស្រី​ ទិត​ គឹមហ៊ុន ​(Kimhun Thit) ​អ្នករៀបចំ​ម្នាក់ ​និងជា​តំណាង​ក្រុម​នយោបាយ​ជំទាស់​នៃ​ប្រទេស​កម្ពុជា។

លោក​ស្រី ទិត គឹមហ៊ុន​ បាន​អះអាង​មុន​ពិធីថា ​នេះ​ជា​ការ​ជួប​សំណេះ​សំណាល​មួយ​ពី​ក្រុម​មន្ត្រី​តំណាង​សមាជិក​ព្រឹទ្ធសភា​លោក ​Thom Tillis ​ខាង​គណបក្ស​សាធារណរដ្ឋ ​ដែល​កំពុង​ប្រជែង​ជាមួយ​នឹង​លោក​ Cal Cunningham ​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋ​ North Carolina នេះ។

ក្រុម​អ្នក​ចូលរួម​បាន​ថ្លែង​ប្រាប់ ​VOA​ ថា ​កម្មវិធី​នេះ ​នឹង​មាន​ការ​ធ្វើ​តាម​បែប​សាសនាដោយ​មាន​ការ​បួងសួង​និង​បន់ស្រន់​ឲ្យ​លោក Trump ​ក្នុង​ពេល​បោះឆ្នោត​នេះ។​ កម្មវិធី​នេះ ត្រូវ​គេ​គ្រោង​ធ្វើ​ចាប់​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​ ដល់ម៉ោង៣​ រសៀល​ថ្ងៃសៅរ៍​ ទោះជំងឺកូវីដ១៩ ​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​ក្តី។

ក្រុមអ្នក​រៀបចំ​បាន​អះអាង​ថា ​ពួកគេ​នឹង​ធ្វើ​ដូចគ្នា​នេះដែរ ​ប្រសិន​បើ​គណបក្ស​ប្រជាធិបតេយ្យ​ធ្វើ​ទំនាក់ទំនង​មក​កាន់​សហគមន៍​ខ្មែរ។

រដ្ឋ ​North Carolina ​គឺជា​រដ្ឋ​ងាករេខាង​នយោបាយ​មួយ ​ហើយ​ជា​រដ្ឋ​ដែល​គណបក្ស​សាធារណរដ្ឋ​ និងលោក Trump ​បាន​ឈ្នះក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ​កាល​ពី​ឆ្នាំ​២០១៦៕

XS
SM
MD
LG