រដ្ឋធានីវ៉ាស៊ីនតោន — ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកានេះ រៀបចំឡើងក្នុងពេលដែលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានរងផលប៉ះពាល់យ៉ាងខ្លាំង ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ និងជម្លោះពាណិជ្ជកម្មជាមួយនឹងប្រទេសចិន។
នេះជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៃគណបក្សសាធារណរដ្ឋដែលកំពុងប្រកួតប្រជែងយ៉ាងតឹងតែងនឹងលោក ចូ បៃដឹន (Joe Biden) អតីតអនុប្រធានាធិបតីនិងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
អត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកស្ថិតនៅ ៧,៩ ភាគរយ និងមានពលរដ្ឋអាមេរិកាំងជាមធ្យមជាង ៨០ ម៉ឺននាក់ បានដាក់ពាក្យសុំប្រាក់ជំនួយគ្មានការងារធ្វើ ជារៀងរាល់សប្តាហ៍។ តួលេខទាំងពីរនេះបានធ្លាក់ចុះ ប៉ុន្តែនៅតែខ្ពស់ បើប្រៀបធៀបនឹងកម្រិតមុនពេលមានជំងឺរាតត្បាតកូវីដ១៩ ដែលបានវាយប្រហារសហរដ្ឋអាមេរិក តាំងពីខែចុងខែមករាមក។ នេះបើតាមក្រសួងការងាររបស់សហរដ្ឋអាមេរិក។
លោក សែម មាស ដែលរស់នៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសិត (Massachusetts) និងជាអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ យល់ថា ការធ្លាក់ចុះលើផ្នែកសេដ្ឋកិច្ចក្នុងគ្រាដែលមានវិបត្តិសុខភាពបង្កដោយជំងឺរាតត្បាតកូវីដ១៩ គឺមិនមែនជាកំហុសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទេ ដោយសារលោកមិនមានសិទ្ធិបញ្ជាទៅថ្នាក់អភិបាលរដ្ឋ ឲ្យបើកដំណើរការសេដ្ឋកិច្ចបាន។
លោក សែម មាស បានបន្ថែមថា៖ «គាត់ជាប្រធានាធិបតី គាត់មិនអាចបញ្ជាអភិបាលរដ្ឋនីមួយ ឲ្យធ្វើតាមពួកគាត់បានទេ។ គាត់អាចធ្វើអ្វីដែលច្បាប់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ឲ្យគាត់ធ្វើបាន។ គាត់អាចស្នើគោលនយោបាយ ឬក៏រឿងអ្វីមួយ ដែលអាចជួយប្រជាពលរដ្ឋ ដូចជាកញ្ចប់ជំនួយជំងឺរាតត្បាតគឺគាត់អាចធ្វើបាន»។
លោក សែម មាស អះអាងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការងារបានល្អលើផ្នែកសេដ្ឋកិច្ច ជាពិសេសការតតាំងនឹងប្រទេសចិន ដែលរងការចោទប្រកាន់ថា បានធ្វើពាណិជ្ជកម្មដោយមិនស្មើភាពជាមួយនឹងសហរដ្ឋអាមេរិកជាយូរឆ្នាំហើយ ដែលគួរតែជាការទទួលស្គាល់គោលនយោបាយនេះ។
លោកបានបន្ថែមថា៖ «ពីរឿងសេដ្ឋកិច្ចខាងកសិកម្ម យើងយកផ្លែឈើ យកអង្ករ យកដំឡូង ឬក៏ខ្ទឹមអីអីចឹងទៅលក់នៅប្រទេសចិន ឬក៏សាច់គោទៅលក់នៅប្រទេសចិន។ លោកប្រធានាធិបតី ដូណាល់ត្រាំ តែងតែងបង្ខំឲ្យរដ្ឋាភិបាលចិនទិញឥវ៉ាន់ ដូចជាអង្ករអីជាដើម ពីសហរដ្ឋអាមេរិកឲ្យបានច្រើន។ គាត់តែងតែប្រកាសថា បើសិនជារដ្ឋាភិបាលចិនមិនព្រមទទួល ឬក៏មិនព្រមទិញ គាត់នឹងបិទទីផ្សារសហរដ្ឋអាមេរិកកុំឲ្យយកផលិតផល ដែលធ្វើនៅប្រទេសចិនលក់ក្នុងសហរដ្ឋអាមេរិក»។
ក្រសួងពាណិជ្ជកម្មបានរាយការណ៍ថា ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកើនឡើងចំនួន ១១ ភាគរយ នៅក្នុងខែកក្កដា ដែលសរុបមានទឹកប្រាក់ ៦៣,៦ ពាន់លានដុល្លារ ដោយមានឱនភាពជាមួយនឹងប្រទេសចិនឡើងដល់ ២៨,៣ ពាន់លានដុល្លារ។
ចិននិងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើ «ជំហានទី១» កាលពីដើមឆ្នាំនេះ ដែលបញ្ចប់ជម្លោះខ្លះៗ ដោយចិនសន្យាទិញទំនិញអាមេរិកាំងចំនួន ២០០ ពាន់លានដុល្លារ ហើយក្រុងវ៉ាស៊ីនតោននឹងបន្ថយពន្ធគយលើទំនិញចិនចំនួន ១៦០ ពាន់លានដុល្លារ ជាពិសេសលើគ្រឿងអេឡិកត្រូនិក។
ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថា តម្លៃទំនិញកសិផលបានធ្លាក់ចុះជាច្រើន។ ឧទាហរណ៍តម្លៃសណ្តែកសៀងបានធ្លាក់ចុះ ៣៥ ភាគរយ និងតម្លៃពោតធ្លាក់ចុះអស់ ៤៤ ភាគរយ ដោយស្របពេលដែលមានសង្គ្រាមពាណិជ្ជកម្មជាមួយនឹងចិន ដោយប្រទេសកុម្មុយនីស្តនេះបានងាកទៅទិញផលិតផលនោះកាន់តែច្រើនឡើងពីប្រទេសប្រេហ្ស៊ីល និងប្រទេសដែលប្រកួតប្រជែងនឹងសហរដ្ឋអាមេរិក។ ក្នុងពេលដែលមានជំងឺរាតត្បាតនេះ ចំនួនកសិផលដែលចិនទិញពីសហរដ្ឋអាមេរិកកាន់តែធ្លាក់ចុះ។
លោក គុជ ច័ន្ទលី អ្នកគាំទ្រលោក ចូ បៃដឹន នៅក្នុងរដ្ឋម៉ារីឡែន (Maryland) បានបញ្ជាក់ថា ការជំរុញសេដ្ឋកិច្ចឲ្យប្រសើរឡើងវិញបាន គឺមិនអាចជៀសផុតពីត្រូវដោះស្រាយវិបត្តិសុខភាពទេ។
លោក ច័ន្ទលី បានបន្ថែមថា៖ «ខ្ញុំយល់ថា ការដោះស្រាយរបស់លោក ចូ បៃដឹន ដែលយើងត្រូវតែប្រយុទ្ធជំងឺកូវីដ១៩ ដែលជាប្រភពធ្វើឲ្យខូចសេដ្ឋកិច្ចហ្នឹង ជាវិធីត្រឹមត្រូវ ហើយបើយើងនៅតែបើកចំហរទាំងគ្រោះថ្នាក់ផ្សេងៗ ឲ្យមនុស្សទៅប្រជុំគ្នានៅក្នុងបន្ទប់ធំមួយ ឲ្យមនុស្សនៅជុំគ្នាអត់មានពាក់ម៉ាស់ គឺខ្ញុំថា ជំងឺនេះនៅតែរាលដាលខ្លាំងអីចឹង»។
គេហទំព័រ Real Clear Politics បង្ហាញថា ការស្ទង់មតិថ្មីៗនេះ លោកចូ បៃដឹន អាយុ ៧៧ ឆ្នាំ បាននាំមុខលោកប្រធានាធិបតី ត្រាំ អាយុ ៧៤ ឆ្នាំ នៅតាមរដ្ឋប្រកួតប្រជែងសំខាន់ៗមួយចំនួន ដែលមានដូចជារដ្ឋ Pennsylvania គឺនាំមុខ ៧ ភាគរយ និងនៅរដ្ឋ Florida លោក បៃដឹន នាំមុខចំនួន ៣,៧ ភាគរយ។
ប៉ុន្តែបេក្ខជនទាំងពីរបានស្មើគ្នា នៅរដ្ឋ Ohio ដែលជារដ្ឋមួយដែលលោកប្រធានាធិបតី ត្រាំ បានឈ្នះរហូតដល់ ៨ ភាគរយ លើលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៦។
លោក យន យាន់ ប្រធានសមាគមខ្មែររដ្ឋមីនីសូតា (Minnesota) ដែលមានស្នាក់ការនៅទីក្រុងTwin Cities គឺជាអ្នកបោះឆ្នោតឯករាជ្យ ហើយលោកបានសរសើរស្នាដៃលោកប្រធានាធិបតី លើបញ្ហាសេដ្ឋកិច្ច នៅមុនពេលជំងឺកូវីដ១៩ បានកើតឡើង។
លោក យន យាន់ បានបញ្ជាក់ថា៖ «ខ្ញុំមើលឃើញថា រដ្ឋាភិបាលលោក ដូណាល់ ត្រាំ គាត់ធ្វើបានល្អគួរសម ដោយសារចំនួនអ្នកធ្វើការច្រើនមែនទែនហើយអ្នកអត់ការងារធ្វើចុះមកនៅតិច»។
ទន្ទឹមនឹងនោះ លោក យន យាន់ ក៏មើលឃើញថា លោក ដូណាល់ ត្រាំ ហាក់ផ្តោតលើបញ្ហាសេដ្ឋកិច្ចខ្លាំង ដោយបង្ខំឲ្យបើកដំណើរការវិញ ក្នុងពេលដែលជំងឺកូវីដមិនទាន់ចប់នៅឡើយ ដោយមិនមានវិធានការបង្កាត្រឹមត្រូវ។
«ពេលដែលមានកូវីដ ហើយគាត់ជំរុញឲ្យបើកបង្ខំឲ្យបើក។ នេះគឺជារឿងមួយទៀត ដែលខ្ញុំយល់ថា គួរតែយើងត្រូវរក្សាតុល្យភាពរវាងជីវិតមនុស្ស និងសេដ្ឋកិច្ច ហើយបើមនុស្សស្លាប់ទៅធ្វើបានអី? ប៉ុន្តែបើយើងធ្វើ ហើយយើងមានមធ្យោបាយទប់ស្កាត់គ្រប់គ្រាន់ មានម៉ាស់ មានក្បាំងមុខ មានការនៅឃ្លាតគ្នា គឺខ្ញុំគិតថា វាប្រសើរ»។
ពលរដ្ឋអាមេរិកាំងជាង ៨ លាននាក់បានឆ្លងជំងឺកូវីដ១៩ និង ២១៧.៧០០ នាក់ បានស្លាប់ដោយសារជំងឺនេះ បើគិតត្រឹមពាក់កណ្តាលខែតុលា។
អត្រាអ្នកបាត់បង់ការងារធ្វើដែលបណ្តាលមកពីការបិទដំណើរការសេដ្ឋកិច្ច ដោយសារជំងឺរាតត្បាតបានប៉ះពាល់ខ្លាំងដល់អ្នក ដែលមានប្រាក់ចំណូលទាប។ រីឯការងារនៅក្រុមខ្ពស់បំផុតបានត្រឡប់មកវិញដល់កម្រិតមួយ ដែលខ្ពស់ជាងកម្រិតមុនពេលមានវិបត្តិសុខភាព បើគិតត្រឹមខែកញ្ញា។ ប៉ុន្តែ ការងារសម្រាប់ក្រុមអ្នកដែលមានចំណូលទាបបំផុត នៅតិចជាងមុនជាង ២០ ភាគរយ។
ក្នុងចំណោមពលរដ្ឋអាមេរិកាំង ៣ គ្រួសារគឺមានជិត ១ គ្រួសារ ដែលមានកូនតូចៗ មិនមានអាហារហូបចុកគ្រប់គ្រាន់ ក្នុងរយៈពេល ៣ ខែ មុនពេលប្រាក់ឧបត្ថម្ភដែលបានមកពីច្បាប់ CARES Act បានផុតកំណត់។
ក្នុងពេលដែលរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋខ្លះកំពុងចាត់វិធានការការពារពលរដ្ឋអាមេរិកាំង ដែលគ្មានប្រាក់បង់ថ្លៃផ្ទះ មិនឲ្យម្ចាស់ផ្ទះបណ្តេញចេញ ក៏ទាំងម្ចាស់ផ្ទះនិងអ្នកជួលផ្ទះនៅទូទាំងប្រទេស កំពុងប្រឈមនឹងគ្រោះមហន្តរាយហិរញ្ញវត្ថុ ដោយសារការជំពាក់ប្រាក់ជួលកាន់តែកើនឡើង។
ក្រៅពីផលប៉ះពាល់លើបុគ្គលនិងក្រុមគ្រួសារនីមួយៗ ជំងឺរាតត្បាតនេះមានផលប៉ះពាល់លើវិស័យអាជីវកម្ម នៅសហរដ្ឋអាមេរិកផងដែរ។
កាលពីខែមីនា ក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរអាមេរិកាំង ទទួលបានកញ្ចប់ថវិកាចំនួន ២៥ ពាន់លានដុល្លារ ពីច្បាប់ CARES Act ដើម្បីធានាថា ពួកគេមិនបញ្ឈប់បុគ្គលិករហូតដល់ថ្ងៃទី ៣០ ខែកញ្ញា។ ប៉ុន្តែ ដោយសារការចរចាគ្នាមិនត្រូវលើកញ្ចប់ថវិកាថ្មី ក្រុមហ៊ុនអាកាសចរណ៍ធំៗ២ គឺ American Airlines និង United Airlines បានផ្អាកការងារបុគ្គលិកសរុបជាង ៣២.០០០ នាក់។
ឧស្សាហកម្មទេសចរណ៍និងសណ្ឋាគារក៏បានប៉ះពាល់យ៉ាងខ្លាំងដែរ ដោយចំនួនអ្នកស្នាក់នៅធ្លាក់ចុះអស់ ៣១,៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។
សហព័ន្ធជាតិសម្រាប់អាជីវកម្មឯករាជ្យរាយការណ៍ថា ក្រុមអាជីវករខ្នាតតូចជាងពាក់កណ្តាលនៅទូទាំងសហរដ្ឋអាមេរិក ត្រូវការជំនួយបន្ថែមពីរដ្ឋ ដើម្បីបន្តដំណើរការហើយពួកគេជាង ២០ ភាគរយជឿថា ពួកគេត្រូវបង្ខំបិទក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ប្រសិនបើស្ថានភាពមិនបានប្រសើរឡើងវិញទេ។
លោក យន់ យាន់ មានជំនឿថា លោក ចូ បៃដឹន នឹងអាចនាំយកសហរដ្ឋអាមេរិកចេញពីវិបត្តិសេដ្ឋកិច្ចនេះ។
«ខ្ញុំជឿថា គាត់អាចធ្វើបានដោយសារលោកស្រី ខាម៉ាឡា ហែរីស (Kamala Harris) និងលោ កចូ បៃដឹន គាត់រួមកម្លាំងគ្នាដោយយកបញ្ញាឈ្លាសវៃរបស់គាត់ទាំងពីរ បញ្ចូលគ្នា។ ប៉ុន្តែចំពោះលោកប្រធានាធិបតី ត្រាំ គឺមិនដឹងថា ក្នុងរដ្ឋបាលរបស់គាត់អីចឹងដែរឬអត់ទេ គឺគាត់ហាក់ដូចជាគិតថា មានតែគាត់ទេហាក់ធ្វើអ្វី បានទាំងអស់ ហើយខ្ញុំអត់ជឿថា មនុស្សម្នាក់អាចធ្វើអ្វីបានទាំងអស់ទេ»។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ យល់ថាលោកប្រធានាធិបតីដែលឡើងកាន់អំណាច ដោយសារភាពខ្លាំងខាងផ្នែកសេដ្ឋកិច្ច ព្រោះលោកមានប្រវត្តិជាអ្នកជំនួញ នឹងត្រូវរងគ្រោះដោយសារតែវិបត្តិសេដ្ឋកិច្ចនេះផងដែរ។
លោកបញ្ជាក់ថា៖ «ដូចយើងដឹងស្រាប់ហើយ អ្នកណាដែលនៅមានការងារធ្វើ គេនៅតែគ្រាំទ្រដោយ ដូណាល់ ត្រាំ អីចឹង។ ប៉ុន្តែអ្នកដែលអត់ការងារធ្វើ គឺអត់មានលុយចាយ អត់មានលុយបង់ថ្លៃផ្ទះ ដូច្នេះគេនឹងបន្ទោសអ្នកដែលកាន់អំណាច»៕