ក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា -- បេក្ខជនខ្មែរ-អាមេរិកាំងគឺអ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) បានចាប់ផ្តើមយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតជាផ្លូវការកាលពីថ្ងៃសៅរ៍ទី១១ខែមករាដើម្បីប្រកួតយកតំណែងក្រុមប្រឹក្សាក្រុងមណ្ឌលសង្កាត់ទី៦ នៃទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វញ៉ាដោយមានការរៀបចំពិធីយ៉ាងអធិកអធមដែលមានការចូលរួមពីពលរដ្ឋខ្មែរអាមេរិកាំងនិងអ្នកស្ម័គ្រចិត្ត។ ពិធីនេះបានរៀបចំឡើងឡើងនៅតាមបណ្តោយផ្លូវអាណាហែម (Anaheim) ដែលសម្គាល់ក្រុងខ្មែរ។
បេក្ខជនខ្មែរ-អាមេរិកាំងដែលមានអាយុ៣៩ឆ្នាំនេះមើលឃើញថា កន្លងមកសហគមន៍ខ្មែរនៅជួបការលំបាកខ្លះក្នុងការស្វែងរកសេវានានាពីរដ្ឋដោយសារតែមិនមានតំណាងនៅថ្នាក់ក្រុង។
អ្នកស្រីស៊ូលី សារ៉ូបានបញ្ជាក់ប្រាប់ VOA នៅក្នុងបទសម្ភាសន៍មួយកាលពីខែតុលាថា៖
«ខ្ញុំគិតថាសង្គមទាំងអស់មានបញ្ហាដូចគ្នាប៉ុន្តែខ្ញុំគិតថាពួកខ្មែរយើងគឺពិបាកនិយាយភាសាអង់គ្លេសប្រសិនបើយើងមានបញ្ហាអីយើងខ្លាចចិត្តគេហើយអត់ដឹងថារកអ្នកណាគេដែលយើងត្រូវនិយាយជាមួយហើយខ្ញុំគិតថាយើងត្រូវតែមានអ្នកស្គាល់សង្គមយើង ស្គាល់វប្បធម៌យើងដើម្បីបង្រៀនសង្គមយើងត្រូវនិយាយបញ្ហាអី»។
បញ្ហាប្រឈមដែលទាមទារឱ្យថ្នាក់ដឹកនាំសង្កាត់ដោះស្រាយក្នុងនោះមានការអត់ការងារធ្វើ សុខាភិបាល សុវត្ថិភាព ឧក្រិដ្ឋកម្ម ជនគ្មានផ្ទះសម្បែង និងការផ្តល់ផ្ទះសម្បែង។
អ្នកស្រីស៊ូលី សារ៉ូយល់ថា៖«ខ្ញុំគិតថាមិនមែនម្នាក់ខ្ញុំអាចដោះស្រាយទាំងអស់ទេយើងយល់ថាយើងត្រូវតែនិយាយជាមួយគេយកយោបល់គេគឺយើងត្រូវដោះស្រាយទាំងអស់គ្នាយ៉ាងម៉េចហើយយើងត្រូវមានផែនការជាមួយគ្នាថាមួយឆ្នាំនេះយើងដោះស្រាយអ្វីហើយបួនឆ្នាំទៀតយើងដោះស្រាយយ៉ាងម៉េច។ យើងត្រូវប្រមូលមនុស្សចេះខាងសេដ្ឋកិច្ច ប្រមូលសង្គមយើងមានយោបល់អីយើងដាក់នៅក្នុងផែនការ»។
របាយការណ៍ឆ្នាំ២០១៨របស់ក្រុមការងារផ្ទះគ្រប់គ្នា(Everyone Home Task Force) បានរកឃើញថាជារៀងរាល់ឆ្នាំទីក្រុងឡុងប៊ិចមានពលរដ្ឋជិត៤.០០០នាក់បាត់បង់ផ្ទះសម្បែងហើយមូលហេតុធំជាងគេបំផុតគឺការបាត់បង់ការងារនិងថ្លៃឈ្នួលផ្ទះខ្ពស់ជាងចំណូល។
លោកស្ទីវ វិបុលម៉េង ក៏ជាបេក្ខជនខ្មែរអាមេរិកាំងម្នាក់ទៀតដែលបានចូលប្រកួតប្រជែងដើម្បីយកតំណែងក្រុមប្រឹក្សាក្រុងឡុងប៊ិចមណ្ឌលសង្កាត់លេខ៦នេះដែរ ប៉ុន្តែលោកបានដកខ្លួនកាលពីដើមខែធ្នូ។ លោកស្ទីវ ម៉េងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកស្រីស៊ូលីគឺជាបេក្ខជនត្រឹមត្រូវក្នុងការបង្រួបបង្រួមសហគមន៍ខ្មែរ៖
«ស៊ូលីនិងខ្ញុំបានចំណាយពេលធ្វើការជាច្រើនឆ្នាំដើម្បីលើកកម្ពស់សហគមន៍របស់យើង ហើយការកសាងសម្ព័ន្ធភាពគាំទ្រយុទ្ធនាការរបស់អ្នកស្រីគឺសំខាន់ក្នុងការសម្រេចគោលដៅនេះ»។
នៅក្នុងបទសម្ភាសជាមួយនឹង VOA កាលពីខែតុលាលោកស្ទីវម៉េងថា ការលើកកម្ពស់សហគមន៍ខ្មែរគឺជាគោលដៅរបស់លោក៖
«ចំពោះខ្ញុំ ខ្ញុំតែងតែគិតថា សាមគ្គីភាពគឺជាការធ្វើឱ្យសង្គមយើងរីកចម្រើនទៅមុខ។ កាលណាយើងឈ្លោះខាំប្រកែកគ្នា សង្គមយើងមិនរីកចម្រើនទេមានតែគេមើលងាយថែម។ ដូច្នេះការណ៍ដែលខ្ញុំឈរនេះគឺចង់ដឹងសមត្ថភាពបុគ្គលរបស់យើងថា អាចឈានទៅមុខបានអត់បើសិនជាបុគ្គលទាំងពីរអាចទៅបាននោះជាការសប្បាយទស្សនាពីកន្លែងផ្សេងៗដែរប៉ុន្តែបុគ្គលណាមួយបានឡើងទៅគឺខ្ញុំក្តី ឬគាត់ក្តីយើងទាំងពីរនឹងធ្វើការរួមគ្នាធ្វើយ៉ាងណាដើម្បីឱ្យខ្មែរយើងជាប់ឆ្នោត»។
នៅក្នុងការបោះឆ្នោតបឋមដើម្បីតែងតាំងបេក្ខជនផ្លូវការនៅថ្ងៃទី៣ ខែមីនា គឺក្រៅពីអ្នកស្រីស៊ូលី សារ៉ូ នៅមានបេក្ខជនបួននាក់ទៀតកំពុងប្រកួតនឹងចៅសង្កាត់បច្ចុប្បន្នគឺលោកឌី អែនឌ្រូ (Dee Andrews)។ បេក្ខជនទាំងបួននាក់នោះគឺអ្នកស្រីអាណា អាស (Ana Arce) លោកក្រេក យួស៊ុយ (Craig Ursuy) អ្នកស្រីចូសេហ្វីន វីឡាសេណ័រ (Josephine Villasenor) និងអ្នកស្រីស្សារីហ្វា ហាឌី (Sharifah Hardie)។ លោកឌី អេនឌ្រូ កាន់តំណែងនេះតាំងពីឆ្នាំ២០០៧ ហើយលោកក៏ជាអភិបាលរងក្រុងឡុងប៊ិចផងដែរ។
ទីក្រុងឡុងប៊ិចមានពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្រៅប្រទេសច្រើនជាងគេបំផុតរហូតដល់ជាង៥ម៉ឺននាក់ដែលត្រូវជា១០ភាគរយនៃពលរដ្ឋនៃទីក្រុងទាំងមូល។
នៅក្នុងពេលអតីតកាលកន្លងមកនេះយ៉ាងហោចណាស់ក៏មានបេក្ខជនខ្មែរអាមេរិកាំងចំនួនពីរនាក់ដែរដែលបានឈរឈ្មោះប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាក្រុងក៏ប៉ុន្តែពួកគេមិនបានទទួលជោគជ័យនោះទេ។
លោក គួច គឹមថៃ នាយកប្រតិបត្តិសមាគមខ្មែរនៅទ្វីបអាមេរិកពន្យល់ថា ការណ៍នេះដោយសារតែសហគមន៍ខ្មែរត្រូវបានបំបែកចូលក្នុងសង្កាត់៥ផ្សេងៗគ្នានិងកត្តាសមត្ថភាពរបស់បេក្ខជនផងដែរ ប៉ុន្តែសហគមន៍ខ្មែរបានជម្នះបញ្ហានេះហើយ៖
«ដូច្នេះយើងសង្ឃឹមថានៅឆ្នាំ២០២០នេះនឹងមានការបោះឆ្នោតរើសចៅសង្កាត់នេះគឺយើងអាចមានសំឡេងច្រើនដូច្នេះយើងមានសង្ឃឹមច្រើន។ ហើយម្យ៉ាងទៀតខាងផ្នែកចំណេះចេះដឹង។ ស៊ូលីមានសញ្ញាបត្របណ្ឌិតហើយស្ទីវម៉េងក៏ធ្លាប់ធ្វើការបម្រើសហគមន៍ខ្មែរយើងជាយូរមកហើយគឺគាត់មានគេស្គាល់ច្រើន»។
អ្នកស្រី ចាន់ ហប់សុន ប្រធានសមាគមមាតាបិតាខ្មែរដែលបានធ្វើការងារសហគមន៍ជាង២៥ឆ្នាំហើយមានទីលំនៅក្នុងសង្កាត់លេខ៦បានបញ្ជាក់ប្រាប់ VOA ថា៖
«ខ្ញុំសប្បាយចិត្តមែនទែនដែលបានឃើញកូនខ្មែរយើងទាំងពីរនាក់គឺស្ទីវម៉េងនិងនាងស៊ូលី។ ជាពិសេសខ្ញុំមានមោទនភាពជាទីរីករាយបំផុតដែលបានឃើញកូនស្រីរបស់យើងដែលងើបឈរឡើងហើយឈានជើងទៅមុខដើម្បីឈរឈ្មោះបោះឆ្នោតដើម្បីនឹងប្រកួតប្រជែងយកកៅអីនៃសង្កាត់ទី៦នេះ»។
ដោយលោកស្ទីវម៉េងបានដកខ្លួនចេញពីការប្រកួតប្រជែងនេះគឺសហគមន៍ខ្មែរមានការងាយស្រួលសម្រេចចិត្តជាងមុន។
អ្នកស្រីស៊ូលី សារ៉ូក៏បានអំពាវនាវទៅអ្នកបោះឆ្នោតខ្មែរអាមេរិកាំងថា៖
«ខ្ញុំសូមនិយាយសុភាសិតខ្មែរមួយថានៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ។ ខ្ញុំយល់ពាក្យនេះពីស្រុកខ្មែរដោយសារខ្ញុំធំឡើងនៅទីនេះមិនដែលស្គាល់ស្រុកខ្មែរដូចម៉ាក់ប៉ាខ្ញុំទេ ប៉ុន្តែយើងគិតថានៅទីនេះជាផ្ទះយើងហើយត្រូវតែគិតជាគ្នាយើងបងប្អូនគ្នា។ ខ្ញុំទុកខ្លួនឯងជាខ្មែរប៉ុន្តែខ្មែរអាមេរិកាំង ខ្ញុំគិតថាខ្ញុំធ្វើយ៉ាងម៉េចដើម្បីឱ្យខ្មែរមានអារម្មណ៍មោទនភាពនឹងខ្ញុំហើយនឹងផ្តល់អ្វី ដល់សហគមន៍របស់ខ្ញុំ ថាតើខ្ញុំលើកខ្មែរយើងឡើងនៅស្រុកនេះយ៉ាងណាហើយបានអីចឹងខ្ញុំខំទៅរៀន ខ្ញុំបានបណ្ឌិតហើយធ្វើការខាងរដ្ឋដើម្បីឱ្យគេស្គាល់ខ្មែរយើងថាអាចធ្វើការគ្រប់យ៉ាងដែរ»។
អ្នកស្រី ស៊ូលី សារ៉ូ មានសញ្ញាបត្របណ្ឌិតផ្នែកអប់រំសិក្សាធិការពីសាកលវិទ្យាល័យឡាវែននិងបានធ្វើការងារជាច្រើនដើម្បីលើកកម្ពស់សហគមន៍ក្រុងឡុងប៊ិច។ ក្នុងនោះជានាយិកាប្រតិបត្តិនៃសមាគមសកម្មភាពយុវនារីខ្មែរដែលជាអង្គការមួយជួយបង្ហាត់បង្រៀនជំនាញជាអ្នកដឹកនាំដល់យុវជនកម្ពុជានៅក្នុងទីក្រុងឡុងប៊ិច ប្រធានគណៈកម្មការទទួលបណ្តឹងរបស់ពលរដ្ឋប៉ូលិសហើយក៏ជាតំណាងមូលដ្ឋាននៅក្នុងទីក្រុងឡុងប៊ិចនៃការិយាល័យលោក រីកាដូ ឡារ៉ា ដែលជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋកាលីហ្វញ៉ា៕