អង្គការ Southeast Asia Resource Action Center (SEARAC) ដែលជាអង្គការមិនស្វែងរកប្រាក់កម្រៃមួយ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានផ្តល់ពានរង្វាន់ស្នាដៃការងារឆ្នើមដល់បុគ្គល សហគមន៍ និងអង្គការអាស៊ីអាមេរិកាំង ចំនួន៦នៅក្នុងសហរដ្ឋអាមេរិក។ ក្នុងចំណោមបុគ្គលនិងអង្គការដែលធ្វើការងារដើម្បីភាពផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសង្គមទាំងនោះ ក៏មានបុគ្គលនិងសហគមន៍ខ្មែរអាមេរិកាំងចំនួន៣ផងដែរ ដែលទទួលបានពានរង្វាន់ឆ្នើមនោះ។ លោក Many Uch សហស្ថាបនិកនៃក្រុមសកម្មជន FIGHT ដែលជួយបណ្តុះបណ្តាលនិងផ្តល់ជាធនធានសម្រាប់សិក្សាដល់អ្នកជាប់ពន្ធនាគារដើមកំណើតអាស៊ីនៅក្នុងរដ្ឋ Washingtonទទួលបានពានរង្វាន់បុគ្គលផ្លាស់ប្ដូរសង្គម (Individual Changmaker)។ យុទ្ធនាការ RELEASEMN8 ដែលជួយក្នុងការតវ៉ាប្រឆាំងនឹងការបញ្ជូនខ្លួនពលរដ្ឋអាស៊ីអាមេរិកាំងត្រឡប់ទៅប្រទេសកំណើតវិញ និងដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Minnesotaទទួលបានពានរង្វាន់យុទ្ធនាការប្រចាំឆ្នាំ (Campaign of the Year)។ អង្គការ Khmer Girls in Action ដែលជួយផ្តល់ការបណ្តុះបណ្តាលចាំបាច់ដល់សហគមន៍ខ្មែរអាមេរិកាំង ជាពិសេសដល់ស្ត្រីនិងកុមារី នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា ទទួលបានពានរង្វាន់អ្នកបង្កើតចលនាផ្លាស់ប្តូរ (Transformative Movement Builder)។ ពិធីប្រគល់ពានរង្វាន់នោះបានប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧ នៅឯសណ្ឋាគារ Renaissance ក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដែលមានភ្ញៀវចូលរួមប្រមាណ២០០នាក់៕