ភ្នំពេញ៖ ដើមបណ្តឹងរដ្ឋប្បវេណីលោក ឯម អឿន នៅថ្ងៃអង្គារនេះ ជំរុញឲ្យសាលាក្តីខ្មែរក្រហមចោទសួរលោកស៊ឹម កា សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចទាក់ទងនឹងឃាតកម្មលើឪពុករបស់ខ្លួន។
កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះសហចៅក្រមស៊ើបអង្កេតបារាំង លោក ម៉ាកសែល ឡឺម៉ុង (Marcel Lemonde ) បានកោះហៅមន្ដ្រីនយោបាយជាន់ខ្ពស់គណបក្សកាន់អំណាចចំនួនប្រាំមួយនាក់ឲ្យចូលផ្តល់សក្ខីកម្មក្នុងសំណុំរឿង០០២ ដែលមានជនជាប់ចោទជាអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ។
ឥស្សរជនទាំងប្រាំមួយនាក់នោះដែលជាបន្តបន្ទាប់ត្រូវបានអះអាងថា បានស្ថិតក្នុងជួរខ្មែរក្រហមដែររួមមានលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីការបរទេស លោក គាត ឈន់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងលោក ស៊ឹម កា និងលោក គង់ ប៊ុន ឈឿន បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា។
ក៏ប៉ុន្តែឥស្សរជននយោបាយគណបក្សកាន់អំណាចទាំងនោះមិនបានឆ្លើយតបទៅនឹងការកោះអញ្ជើញនោះទេ។ ហើយក្រោយមកលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានថ្លែងការណ៍ប្រឆាំងនឹងបញ្ហានេះជាច្រើនលើកច្រើនសារ។
លោក ឯម អឿន ដែលមិនចាំកាលបរិចេ្ឆទជាក់លាក់ពីការចាប់ខ្លួននិងការសម្លាប់ឪពុករបស់ខ្លួនត្រូវសហមេធាវីអន្តរជាតិរបស់អៀង សារី លោក ម៉ាយឃើល ខាណាវ៉ាស តាមសួរផ្ទុញយ៉ាងប្រកិតនៅក្នុងការកាត់ទោសសំណុំរឿង០០២ នៅថ្ងៃនេះ។ លោកបានឆ្លើយទៅនឹងសហមេធាវីអន្តរជាតិវិញថា លោកស៊ឹម កា គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលបីនាក់ដែលបានដឹងពីការស្លាប់នៃឪពុករបស់លោក។
«ដើម្បីបញ្ជាក់ការពិតខ្ញុំចង់ឲ្យអ្នកដែលតាមដានឯកសារ (មេធាវី) ជួបអ្នកទាំងនេះពីព្រោះអ្នកទាំងនេះនៅរស់។ លោក ស៊ឹម កា នៅធ្វើការនៅឡើយនៅក្រុងភ្នំពេញ លោក ម៉ៅ ជាន នៅក្រុងកំពង់ចាម និងលោក ខៀវ សារុន ស្ថិតក្នុងស្រុកកំណើតរបស់ខ្ញុំ»។
ឪពុករបស់លោក ឯម អឿន គឺជាកម្មាភិបាលខ្មែរក្រហមម្នាក់។ គាត់ត្រូវចាប់ខ្លួននិងសម្លាប់ចោលនៅតំបន់២០ក្នុងខេត្តព្រៃវែង។
«នៅពេលដែលគេយកឪពុកខ្ញុំទៅ អ្នកដឹងឮគឺលោកស៊ឹម កា លោក ម៉ៅ ជាងនិងលោកខៀវ សារុន។ លោកខៀវ សារុន គឺជាក្មួយរបស់ឪពុកខ្ញុំ លោក ជាង ម៉ៅ គឺជាសហការីរបស់គាត់ និងលោក ស៊ឹម កា ជាអ្នកទទួលខុសត្រូវផ្នែកខាងនារសារក្នុងតំបន់២០»។
សហមេធាវីបរទេសរបស់អៀង សារី និងសហមេធាវីបរទេសរបស់នួន ជា លោក ចាស្ពឺ ផៅ (Jasper Pauw) បានតាមសួរប្រដេញលើដើមបណ្តឹងរដ្ឋប្បវេណីដូចគ្នានៅថ្ងៃនេះហើយបានធ្វើឲ្យដើមបណ្តឹងរដ្ឋប្បវេណីលោក ឯម អឿន មានភាពច្របូកច្របល់ជាច្រើន។ លោក ឯម អឿន បានសម្រក់ទឹកភ្នែកនៅបន្ទាប់ពីមានសំណួរផ្ទួនៗរបស់លោក ម៉ាយឃើល ខាណាវ៉ាស កាលពីព្រឹកមិញ ហើយបានធ្វើឲ្យប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ផ្អាកសវនាការរយៈពេល១៥ នាទីមុនពេលកំណត់ត្រូវឈប់សម្រាក៕