ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខ្មែរ​ក្រហម​បញ្ជូន​ដីកា​ជំនុំ​មេ​ដឹកនាំ​ខ្មែរក្រហម​កំពូលៗ


តុលាការ​ខ្មែរ​ក្រហម​បាន​ចោទ​ប្រកាន់​ពួក​មេ​ដឹកនាំ​ជាន់​ខ្ពស់​នៅ​រស់រាន​មាន​ជីវិត​៤​នាក់​របស់​រដ្ឋា​ភិបាល​ក្នុង​ទសវត្សរ៍​១៩៧០​ដែល​បាន​បំផ្លាញ​ប្រទេស​កម្ពុជា។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​តុលាការ​នេះ​បាន​ប្រកាស​ដីកា​ចោទ​ប្រកាន់​នួន​ ជា ​ប្រធាន​មនោគមន៍​វិជ្ជា​របស់​ខ្មែរក្រហម​ ​ខៀវ សំផន​ ​អតីត​ប្រមុខ​រដ្ឋ​ អៀង សារី ​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ ​ហើយ​ប្រពន្ធ​របស់​គាត់​ អៀងធារិទ្ធ ​អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច។

ការ​កាត់ទោស​ពួក​មេ​ដឹកនាំ​ទាំង​នោះ​ត្រូវ​គេ​រំពឹង​ថា​ ​នឹង​ចាប់​ផ្តើម​នៅ​អំឡុង​៦​ខែ​ដើម​ឆ្នាំ​ក្រោយ។​ ពួក​ជន សង្ស័យ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​ពួកគេ។

លោក​យូ ប៊ុនឡេង​ ​ចៅក្រម​ស៊ើប​អង្កេតនិយាយ​ថា​ ​មេ​ដឹកនាំ​ទាំង​៤​ប្រឈម​មុខ​ការ​ចោទ​ប្រកាន់​ចាប់​តាំង​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ រហូត​ដល់​ការ​ធ្វើ​ទារុណ​កម្ម​ ​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​សាសនា។

លោក​យូ ប៊ុនឡេង​ និយាយ​ទៀត​ថា​ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ ​ធ្វើ​ឡើង​ប្រឆាំង​បរិបទ​នៃ​ការ​វាយ​ប្រហារ​លើ​ប្រជា​ពលរដ្ឋ​ទាំង​មូល​ក្នុង​ប្រទេស​ជាតិ​នេះ។

លោក​និយាយ​ថា​ ​«ការ​ស្ទង់​មតិ​ប្រជា​សាស្ត្រ​អំឡុង​ធ្វើ​ការ​ស៊ើប​អង្កេត​បាន​ បង្ហាញ​ថា​ ​មាន​ប្រជាជន​រវាង​១,៧​លាន​នាក់​ទៅ​២,២​លាន​នាក់​ បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​ ដែល​មាន​ច្រើន​នាក់​ស្លាប់​ដោយសារ​ធ្វើ​ការ​លើស​កម្លាំង​ និង​ជំងឺ​ ហើយ​នៅ​ក្នុង​នោះ​មាន​៨​សែន​នាក់​បាន​ស្លាប់​ដោយ​សារ​អំពើ​ឃោរឃៅ»។

ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ ​ខ្មែរក្រហម​បាន​ព្យាយាម​ធ្វើ​សង្គម​កម្ពុជា​ថ្មី​មួយ ហើយ​បាន​បង្ខំ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ចេញ​ពី​ទីក្រុង​នានា​ដើម្បី​ធ្វើ​ការ​ងារ​នៅ​ជន​បទ។

លោក​យូ ប៊ុនឡេង​និយាយ​ទៀត​ថា​ ការ​ចោទ​ប្រកាន់​អំពើ​ប្រល័យ​ពូជ​សាសន៍​នេះ​គឺ​ទាក់​ទិន​នឹង​ការ​កាប់​សម្លាប់​ជនជាតិ​ភាគ​តិចចាម​កាន់​សាសនា​អ៊ីស្លាម​ ហើយ​និង​ការ​ស្លាប់​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ​Marcel​ Lemonde​ សហ​ចៅក្រម​ស៊ើប​អង្កេត​របស់​លោក​យូ ប៊ុនឡេង​ ទទួល​ស្គាល់​ថា​ ​រឿងក្តី​នេះ​មាន​ភាព​ស្មុគ្រ​ស្មាញ​ណាស់។

ចៅ​ក្រម​ Lemonde​ និយាយ​ថា​ ​មនុស្ស​ខ្លះ​បាន​ប្រៀប​ធៀប​ភាព​ស្មុគ្រ​ស្មាញ​នៃ​រឿង​ក្តី​នេះ​ទៅ​នឹង​ការ​កាត់​ទោស​ពួក​មន្រ្តី​ជាន់ខ្ពស់ ​Nazis​ នៅ​ទីក្រុង​ Nuremberg​ នៅ​ពេល​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២។​ វា​ជា​ការ​ប្រៀប​ធៀប​ដែល​លោក​គិត​ថា​ ​ជា​ការ​ត្រឹម​ត្រូវ។

មាន​មនុស្ស​ជាង​២​.១០០​នាក់​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ ដែល​មាន​ន័យ​ថា​ ​តុលាការទទួល​ស្គាល់​ថា​ ​ពួក​គេ​ឬ​សាច់​ញាតិ​របស់​ពួក​គេ​ទទួល​រង​គ្រោះ​ពី​ឧក្រិដ្ឋ​កម្ម​ដ៏​ពិត​ប្រាកដ​ ដែល​មេដឹកនាំទាំង​៤​នាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់។

គេ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​បង្កើត​តុលាការ​រួម​អន្តរ​ជាតិ​និង​កម្ពុជា​នេះ​ ​ ​ក៏​ប៉ុន្តែ​កាល​ពី​ខែ​កក្កដា​ ​តុលាការ​នេះ​បាន​បញ្ចប់​រឿងក្តី​លើក​ដំបូង​របស់​ខ្លួន។

ចៅក្រម​បាន​កាត់​ទោស​កាំង ហ្គេកអៀវ​ ហៅ​ឌុច​ ​ឲ្យ​ជាប់​គុក​៣០​ឆ្នាំ​ចំពោះ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ឌុច​បាន​សារភាព​ ​ថា​ខ្លួន​បាន​កាន់​កាប់​គុក​ស២១​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​មាន​មនុស្ស​យ៉ាង​ច្រើន​រហូត​ដល់​២ម៉ឺ​ន​នាក់​ត្រូវ​គេ​ជឿ​ថា​ បាន​ត្រូវ​គេ​ធ្វើ​ទារុណ​កម្ម​និង​ផ្តន្ទា​ទោស​រហូត​ដល់​ស្លាប់។

លោក​ Lars ​Olson​ អ្នក​នាំ​ពាក្យ​តុលាការ​នេះ​និយាយ​ថា​ ​ដីកា​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​គឺ​ជា​ការ​បង្ហាញ​ថា​ ​តុលាការ​នេះ​បាន​ធ្វើ​ការ​ហួស​ពី​រឿង​ក្តី​របស់​ឌុច​ហើយ។

«ដីកា​ចោទ​ប្រកាន់​នេះ​កំពុង​សំដៅ​ដល់​ថ្នាក់​ដឹក​នាំ​ដែល​ត្រូវ​គេ​ជឿជាក់​ថា​ ​បាន​បង្ក​ឲ្យ​មាន​ឧក្រិដ្ឋ​កម្ម​ទាំង​អស់​នៅ​ក្នុង​ប្រទេស​នេះ។​ ដូច្នេះ​ជា​ការណ៍​ពិត​សម្រាប់​ប្រជា​ពលរដ្ឋកម្ពុជា​ ​កិច្ច​ការ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ជន​ណា​ដែល​គេ​ជឿជាក់​ថា​ ​បាន​បង្កើត​ប្រព័ន្ធ​ទាំង​មូល​ ​ឥឡូវ​នេះ​ត្រូវ​ប្រឈម​មុខ​ការ​ចោទ​ប្រកាន់​ក្នុង​តុលា​ការ»។

ក៏​ប៉ុន្តែ​ចុង​ចោទ​ទាំង​៤​នាក់​នោះ​មាន​អាយុ​ជាង​៧០​ឬ​៨០​ឆ្នាំ​ប្លាយ​ហើយ។​ ប្រជា​ពល​រដ្ឋកម្ពុជា​ព្រួយ​បារម្ភ​ថា​ ​ពួក​គេ​នឹង​ស្លាប់​មុន​ គឺ​នឹង​មិន​បាន​ស្តាប់​សាល​ក្រម​កាត់​ទោស​ពួក​គេ​ទេ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG