ប្រទេសកម្ពុជាបានស្នើសុំឱ្យអាមេរិកចរចាឡើងវិញលើប្រាក់បំណុលដែលកម្ពុជាជំពាក់និងលើកលែងពន្ធលើទំនិញនាំចូលសហរដ្ឋអាមេរិកដោយសារប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍតិចនៅឡើយ។
លោកហោ ណាំហុងរដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកឡើងនូវសំណើនេះក្នុងជំនួបជាមួយនឹងលោកជីម វ៉េបសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលម្នាក់ដើម្បីស្នើសុំឱ្យស្ថាប័ននីតិប្បញ្ញតិលើកយកបញ្ហាបំណុលដែលកម្ពុជាជំពាក់ក្នុងពេលសង្រ្គាមទសវត្សរ៍១៩៧០មកដោះស្រាយឱ្យបានឆាប់ចប់។
ជំនួបនេះបានធ្វើឡើងកាលពីថ្ងៃពុធខណៈពេលដែលលោកហោ ណាំហុងមកធ្វើទស្សនកិច្ចការងារជាផ្លូវការនៅរដ្ឋធានីវ៉ាស៊ីនតោន។
«យើងបានពិភាក្សាទីមួយបញ្ហាបំណុលរបស់កម្ពុជាហើយខ្ញុំស្នើតាមរយៈលោកឱ្យរដ្ឋាភិបាលអាមេរិកាំងបញ្ជូនគណៈប្រតិភូទៅចរចាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាទៀតដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាបំណុលនេះ។ ទីពីរខ្ញុំស្នើសុំឱ្យពិនិត្យមើលលទ្ធភាពនៃការពិភាក្សាដោះស្រាយបំណុលឡើងវិញពីបញ្ហាប្រាក់ដើមនិងប្រាក់ការនេះឡើងវិញឱ្យមានយុត្តិធម៌ធ្វើយ៉ាងណាឈានទៅដោះស្រាយបញ្ហាបំណុលនេះឱ្យបានដាច់ស្រេចរវាងប្រទេសយើងទាំងពីរ»។
ប្រាក់បំណុលដែលកម្ពុជាជំពាក់មានឡើងក្នុងរបបលោកសេនាប្រមុខលន់ ណុល ដែលបានខ្ចីជាបន្តបន្ទាប់សម្រាប់ការទិញនិងដឹកជញ្ជូន កប្បាស ថ្នាំជក់ ប្រេងឆា ម្សៅស្រូវសាឡី និងអង្ក។
ទាំងបំណុលដើមនិងការប្រាក់រហូតមកដល់ពេលនេះសរុបមានចំនួន៤៤៥ លានដុល្លារបើគិតត្រឹមឆ្នាំ២០០៩។
ក្នុងការពិភាក្សានោះ លោកហោ ណាំហុងក៏បានស្នើសុំឱ្យអាមេរិកពិចារណាលើកលែងការយកពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជាផងដែរ។
«បញ្ហាទីពីរដែលខ្ញុំបានលើកជាមួយលោកជីម វ៉េបគឺបញ្ហាស្នើសហរដ្ឋអាមេរិកលើកលែងពន្ធដាទំនិញកម្ពុជាដែលមកស្រុកអាមេរិកលើកលែងកូតាមកសហរដ្ឋអាមេរិកដូចជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុតនៅអាហ្រ្វិកអញ្ចឹងដែរដោយសារកម្ពុជាជាប្រទេសមួយLDCមានការអភិវឌ្ឍតិចជាងគេហើយខ្ញុំបានប្រាប់ទៅលោកថាការអភិវឌ្ឍសេដ្ឋកិច្ចដែលមានការរីកចម្រើនប៉ុន្មានឆ្នាំកន្លងមកនេះរហូតមកដល់សព្វថ្ងៃនេះគឺថាទទួលបានដោយសារការនាំទំនិញកម្ពុជាមកសហរដ្ឋអាមេរិក»។
ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកមានទំហំជាង២.២០០លានដុល្លារក្នុងឆ្នាំ២០១១ដែលក្នុងនោះភាគច្រើនប្រទេសកម្ពុជានាំចូលសហរដ្ឋអាមេរិកដែលមានចំនួនដល់ទៅជាង២.០០០លានដុល្លារ៕