មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានទទូចឲ្យមានការចាប់ផ្តើមការចរចាឡើងវិញរវាងកម្ពុជា និងថៃអំពីការវិនិយោគរួមលើធនធានប្រេងកាតលើដែនសមុទ្រត្រួតស៊ីគ្នានៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃដែលទើបនឹងជាប់ឆ្នោត លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រ នៅសប្តាហ៍ក្រោយនេះ។
លោកស្រី យីងឡាក់ គ្រោងនឹងធ្វើដំណើរទស្សនកិច្ច រយៈពេលមួយថ្ងៃនៅកម្ពុជានៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា នេះ ដែលមន្ត្រីផ្លូវការនៃប្រទេសកម្ពុជា បានហៅថា គឺជាដំណើរទស្សនកិច្ចធម្មតា ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង បន្ទាប់ពីលោកស្រីយីងឡាក់ ទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតកាលពីខែកក្កដា កន្លងទៅ។
លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានថ្ងែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទព័ត៌មានមួយនៅព្រលានយន្តហោះក្រុងភ្នំពេញថា ការជជែកឡើងវិញអំពីការរុករកធនធានប្រេងកាតជាមួយនឹងប្រទេសថៃគួរតែឈានដល់ពេលវេលាសមស្របហើយ។
«បាទ ខ្ញុំគិតថា វាត្រូវចាប់ផ្តើម មិនអាចឲ្យទុកឲ្យប្រេងកាតយើង ឧស្ម័នយើង ដែលយើងហៅថា មាសខ្មៅនោះ បន្តដេកនៅក្រោមបាតសមុទ្រទៀតទេ។ នេះ វាត្រូវធ្វើយ៉ាងម៉េចត្រូវឲ្យមាសខ្មៅរបស់យើងគឺបានមកចូលរួមអភិវឌ្ឍកម្ពុជា»។
លោក សុខ អាន បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពេលដែលលោក ត្រឡប់មកពីសន្និសីទអន្តរជាតិរបស់គណបក្សនយោបាយនៅក្នុងទ្វីបអាស៊ីរយៈពេលបួនថ្ងៃ នៅក្នុងខេត្តណាណីម ប្រទេសចិន។
កម្ពុជា និងថៃបានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីធ្វើការអភិវឌ្ឍលើតំបន់ត្រួតស៊ីគ្នា នៅក្នុងដែលសមុទ្ររួមកាលពីឆ្នាំ២០០១។ ក៏ប៉ុន្តែ រដ្ឋាភិបាលថៃមុននៅក្នុងអាណត្តិរបស់លោក អាភីស៊ីត វេចាជីវ៉ៈបានសម្រេចលុបចោលកិច្ចព្រមព្រៀងនេះជាឯកត្តោភាគីកាលពីឆ្នាំកន្លងទៅ។
កាលពីថ្ទៃទី៣១ ខែសីហា អាជ្ញាធរជាតិប្រេងកាតកម្ពុជាក៏បានអំពាវនាវឲ្យមានការចរចារជាថ្មីឡើងវិញ ការធ្វើអាជីវកម្មរួមលើប្រេងកាត និងឧស្ម័នជាមួយថៃផងដែរ។ លោក ថានី ថងផាឌី អ្នកនាំពាក្យក្រសួងការបរទេសថៃ មិនអាចទាក់ទងបានថ្ងៃនេះ ដោយសារតែទូរស័ព្ទរបស់លោករោរ៍ជាច្រើនដងតែគ្មានអ្នកលើក។
យ៉ាងណាក៏ដោយ លោក សង់ ប៉បប៉ុងឡាចន្ទ អគ្គនាយកនៃនាយករ៉ែប្រេងរបស់ក្រសួងថាមពលថៃត្រូវបានគេហទំព័រភ្នំពេញសែគ្យួរីធី ស្រង់សម្តីថា រដ្ឋាភិបាលថ្មីរបស់ថៃបានរៀបចំខ្លួនជាស្រេចរួចហើយសម្រាប់ភ្ជាប់ការចរចារបញ្ហាប្រេងកាត និងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជាឡើងវិញ។ គ្មានប្រភពណាមួយនៃប្រភពទាំងពីរអះអាងអំពីកាលបរិច្ឆេទនៃការចរចាឡើងវិញនោះទេ។
លោក គុយ កួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសខ្មែរ មានប្រសាសន៍ថា ដំណើរទស្សនៈរបស់លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រ នៅសប្តាហ៍ក្រោយនេះ នឹងធ្វើឲ្យមានការផ្សះផ្សាទំនាក់ទំនងនៃប្រទេសទាំងពីរឡើងវិញ។ ប្រទេសទាំងពីរ ដែលឈានទៅដល់ការប្រឈមមុខប្រដាប់អាវុធដាក់គ្នាចាប់ពីខែកក្កដា ឆ្នាំ២០០៨មកម៉្លេះ រហូតមកទល់ពេលនេះនៅមិនទាន់មានការចរចាអំពីការដកកងទ័ព្ធចេញពីកន្លែងជម្លោះជាផ្លូវការទេ។
លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រ និងត្រូវធ្វើដំណើរទស្សនកិច្ចក្នុងតំបន់អាស៊ីជាលើកដំបូងបន្ទាប់ពីលោកស្រីជាប់ឆ្នោត។ នៅថ្ងៃសៅរ៍ស្អែកនេះ លោកស្រីយីងឡាក់ធ្វើដំណើរទៅកាន់ប្រ៊ុយណេ បន្ទាប់មកឥណ្ឌូនេស៊ី និងមកកាន់កម្ពុជា មុននឹងធ្វើដំណើរទស្សនកិច្ចឆ្ពោះទៅឡាវ៕