ចង្អុលដៃស្តាំប្រឡាក់ដោយទឹកថ្នាំពណ៌ខ្មៅអ្នកស្រី សុខ វង់ បានដើរចេញពីបន្ទប់បោះឆ្នោតជាមួយនឹងក្ដីរំពឹងមួយ។ នោះគឺជាអ្វីដែលគាត់ចង់ឲ្យក្រុមប្រឹក្សាឃុំដែលនឹងជាប់ឆ្នោតក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៣ ខែមិថុនាជួយជំរុញយ៉ាងណាឲ្យប្រជាកសិករក្នុងឃុំរបស់គាត់ទទួលផលកសិកម្មបានល្អប្រសើរ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីគ្រប់គ្រាន់ផងដែរ។
«ចង់បានសេចក្ដីសុខសាន្ដក្នុងគ្រួសារ។ សង្គមក៏សុខសាន្ត។ ចង់បានភ្លើងអគ្គិសនីគ្រប់ឃុំ គ្រប់ខេត្ត»។
អ្នកស្រី សុខ វង់ អាយុ៤៩ ឆ្នាំគឺជាកសិករម្នាក់នៅក្នុងឃុំ សំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ឃុំនេះស្ថិតនៅចំងាយប្រមាណជា ៤០ គីឡូម៉ែត្រ ខាងលិចរាជធានីភ្នំពេញ។ ក្រៅពីការធ្វើស្រែអ្នកស្រីចិញ្ចឹមមាន់បន្តិចបន្តួចសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារដែលមានសមាជិកចំនួនប្រាំមួយនាក់។ រដូវធ្វើស្រែបានចាប់ផ្តើមចាប់តាំងពីខែមុនមកម្លេះ ក៏ប៉ុន្ដែក្នុងដីស្រែនៅអមសងខាងផ្លូវចូលទៅកាន់ភូមិរបស់អ្នកស្រីមិនទាន់មានទឹកនៅឡើយ។ មានដីស្រែតិចតួចប៉ុណ្ណោះត្រូវបានភ្ជួរដាស់ដី។
លោក ហាស់ តាក់ អាយុ២២ឆ្នាំ គឺជាយុវជនជំនាន់ក្រោយមួយរូប។ ប៉ុន្ដែបានរៀបការរួចហើយ។ ប្រពន្ធ និងម្តាយរបស់គាត់បានជូនគាត់មកបោះឆ្នោត។
«ចង់បានក្រុមប្រឹក្សាឃុំដឹកនាំល្អ។ ដូចជាផ្លូវ ខូចអស់ហើយ រលាក់ជិះម៉ូតូស្ទើរមិនកើត។ ក្រុមប្រឹក្សាឃុំត្រូវជួយមើល។ ចង់ឲ្យជួយមើលអ្នកក្រខ្សត់ក្នុងភូមិ»។
ពិតមែនហើយនៅក្នុងឃុំសំបូរ មិនមានអាងស្តុកទឹក ឬប្រពន្ធ័ប្រឡាយសម្រាប់ធ្វើកសិកម្មនោះទេ។ ក្រៅពីផ្លូវជាតិលេខ ៥១ មានក្រាលកៅស៊ូ និងខូចដោយអន្លើដែលឆ្លងកាត់ឃុំនេះ ប្រព័ន្ធផ្លូវនៅក្នុងភូមិទាំងអស់ក្រាលដោយដីក្រហម ឬដោយមិនមានក្រាលដីក្រហម។
កាលពីថ្ងៃអាទិត្យទី ៣ មិថុនា ប្រជាពលរដ្ឋចំនួន៤៣៨២នាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតសរុប៥.៧៨០ នាក់ក្នុងឃុំ។
ផ្អែកតាមលោក សោម ស៊ីថា អនុប្រធានគណៈកម្មការបោះឆ្នោតឃុំសំបូរបានឲ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយចំនួនប្រាំដែលបានចូលប្រកួតប្រជែង គណបក្សប្រជាជនកម្ពុជាបានឈ្នះក្នុងការបោះឆ្នោតនេះដោយទទួលបាន២.០៦៣ សំឡេង គណបក្សសិទ្ធិមនុស្សឈរនៅលំដាប់ទី២ដោយទទួលបានសំឡេង៩៦១ ហើយគណបក្សសម រង្ស៊ី ទទួលបាន៩១០សំឡេង ។ រីឯគណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សនរោត្តម រណឬទ្ធិ ឈរនៅលេខរៀងក្រោយគេ។ ក្រុមប្រឹក្សាឃុំសំបូរនេះមានប្រាំពីរអសនៈ។
លោក ឌី សោភ័ណ្ឌ គឺជាអ្នកគ្រប់គ្រងការិយាល័យម្នាក់នៅក្នុងអនុវិទ្យាល័យ អីជីយិគី អង្គតាខ្មៅ ជាប់នឹងវត្តអង្គតាខ្មៅ នៃឃុំសំបូរ។ នៅទីនេះប្រជាពលរដ្ឋបានសម្រុកបោះឆ្នោតតែពេលព្រឹកព្រលឹមតែប៉ុណ្ណោះ រីឯពេលរសៀលបន្តិចអ្នកបោះឆ្នោតមកស្ទើរតែគ្រប់គ្នាទៅហើយ។
«គ្មានអ្វីជាកត់សំគាល់សំខាន់នោះទេ។ ការងាររបស់ពួកយើងប្រព្រឹត្តិទៅដោយរលូន។ ប្រជាពលរដ្ឋសប្បាយរីករាយដោយបានជ្រលក់មេដៃបោះឆ្នោត»។
ទាំងលោកជិន សំ អ្នកសង្កេតការណ៍មកពីគណបក្សប្រជាជនកម្ពុជា និងលោកប៉េង ច័ន្ទរិទ្ធ អ្នកសង្កេតការណ៍មកពីគណបក្សសម រង្ស៊ី សុទ្ធតែបានអះអាងដូចគ្នាថា ពុំមានឧប្បទេហេតុណាមួយកើតឡើងក្នុងអំឡុងពេលបោះឆ្នោតក្នុងមណ្ឌលខាងលើនេះទេ៕