បាងកក៖ តុលាការមួយនៅប្រទេស វៀតណាមបានកាត់ទោសសកម្មជន១៤នាក់ឲ្យមានទោសជាទម្ងន់ដោយឲ្យជាប់ពន្ធនាគាររហូតដល់ទៅ១៣ឆ្នាំក្នុងបទខិតខំរំលំរដ្ឋាភិបាលដែលគណបក្សកុម្មុយនិស្តដឹកនាំ។ ការជំនំជម្រះកាត់សេចក្ដីនេះជាការកាត់សេចក្ដីធំជាងគេពីបទធ្វើវិទង្សនា ហើយអាជ្ញាធរផ្នែកច្បាប់ មានទីចាត់ការនៅស.រ.អា. ដែលកំពុងតែជួយជនជាប់ចោទ បានប្រាប់ VOAថា ការកាត់ទោសនេះអយុត្ដិធ៌មយ៉ាងខ្លាំងក្លា។
នៅក្នុងការជំនំជម្រះកាត់សេចក្ដីប្រព្រឹត្ដធ្វើទៅតែពីរថ្ងៃប៉ុណ្ណោះ តុលាករមួយនៅប្រទេសវៀតណាមភាគកណ្ដាល កាលពីថ្ងៃពុធ រកឃើញថា សកម្មជន១៤នាក់មានទោសក្នុងបទធ្វើវិទ្ធង្សនា ហើយបានកាត់ទោសពួកគេឲ្យជាប់ពន្ធនាគារ១៣ឆ្នាំ។ សកម្មជនម្នាក់បានទទួលការព្យួរទោសដោយមានលក្ខខណ្ឌ។
ពួកគេត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១១ ហើយមានទោសក្នុងបទឃោសនាយ៉ាងរាលដាល ប្រឆាំងរដ្ឋាភិបាល ហើយនឹងខិតខំរំលំរដ្ឋាភិបាល។
ក្រុមអ្នកមានប្រព័ន្ធ blogs សង្គម ហើយនឹងនិស្សិតទាំងនេះត្រូវបានជាប់ចោទក្នុងបទធ្វើជាសមាជិកនៃក្រុម Viet Tan ដែលមានទីចាត់ការនៅស.រ.អា. ហើយជាក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលរដ្ឋាភិបាលវៀតណាមចាត់ទុកថា ជាអង្គការភេរវកម្ម។
ជនជាប់ចោទទាំងនោះ ភាគច្រើនជាបរិស័ទកាន់សាសនាគ្រីស្ទនិកាយ កាតូលិកដែលជាញឹកញាប់ណាស់ ជាក្រុមត្រូវបានគេធ្វើទុក្ខបុកម្នេញ នៅក្រោមការគ្រប់គ្រងរបស់គណបក្សកុម្មុយនិស្តគ្មានជំនឿលើសាសនា ហើយមានខ្លះពាក់ព័ន្ធនឹងបាតុកម្មប្រឆាំងប្រទេសចិនអំពីជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង។
មានខ្លះទៀត ជាសមាជិកនៃក្រុមសកម្មជន១៧នាក់ដែលត្រូវបានជាប់ឃុំឃាំង កាលពីខែកក្តដា ហើយដែលបានអំពាវនាវសុំជំនួយពីក្រុមការងារនៃអ.ស.ប.ប្រឆាំងការឃុំឃាំងតាមអំពើចិត្ដ។
លោក Alen Weiner ជានាយកនៃកម្មវិធីច្បាប់អន្ដរជាតិនិងការប្រៀបធៀបច្បាប់ នៃសាលាច្បាប់ Stanford ។ លោកជួយដាក់ញ្ញតិជូនអ.ស.ប. ហើយបានថ្លែងការណ៍តាមរយ: Skype ថា នីតិវិធីច្បាប់នៃប្រទេសវៀតណាមខកខានមិនបានផ្ដល់នីតិរដ្ឋ ឬអ្វី ដែលដូចជាការកាត់ទោសដោយយុត្ដិធ៌មនោះទេ។
«បុគ្គលទាំងនោះជាប់ពន្ធនាគារប្រមាណមួយឆ្នាំ មុនពួកគេត្រូវបានប្រាប់អំពីការចោទប្រកាន់ប្រឆាំងពួកគេ ដែលនេះជាការរំលោភជាក់ស្ដែងលើបទដ្ឋានអន្ដរជាតិ ហើយនឹងការរំលោភផងដែរលើច្បាប់របស់ប្រទេសវៀតណាម ផ្ទាល់»។
ការកាត់សេចក្ដីនេះប្រព្រឹត្ដធ្វើកាលពីថ្ងៃអង្គារនៅប្រទេសវៀតណាម ភាគ ខាងជើង ហើយក៏បានទទួលការយកចិត្ដទុកដាក់តិចតួចណាស់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយដែលរដ្ឋាភិបាលគ្រប់គ្រង។
អាជ្ញាធរបានអនុញ្ញាតឲ្យមានការតវ៉ាជាសាធារណ: ដែលកម្រកើតមានប្រឆាំងប្រទេសចិនក្នុងការតវ៉ាយ៉ាងព្រហើនថ្មីៗនេះ នៅដែនដីនៅសមុទ្រចិនខាងត្បូងដែលប្រទេស វៀតណាម ទាមទារថា ជារបស់ខ្លួន។
ក៏ប៉ុន្ដែអង្គការសិទ្ធិមនុស្សឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបារម្ភថា បាតុកម្មនេះដែលកើតឡើងពេលមានបញ្ហាសេដ្ឋកិច្ច ហើយនឹងពេលមានរឿងក្ដីរបស់ឥស្សរជនថ្នាក់ខ្ពស់ក្នុងបទពុករលួយនោះ អាចក្លាយជាសកម្មភាពប្រឆាំងនឹងរដ្ឋ។
លោក Weiner និយាយថា ការអភិវឌ្ឍយ៉ាងលឿននៃប្រទេសវៀតណាម បានបណ្ដាលឲ្យមានសេចក្ដីត្រូវការនូវតំណាងលទ្ធិប្រជាធិបតេយ្យច្រើនឡើង ដែលគណបក្ស កុម្មុយនិស្ត ចាត់ទុកថា ជាការគំរាម។
«ខ្ញុំចង់និយាយថា បើមានហេតុផលណាមួយដែលជំរុញរឿងនេះ វាត្រូវតែជាឧប្បទវហេតុដែលបានកើតឡើងដូចនៅមជ្ឈឹមបូព៌ា ឬការតវ៉ាដែលបានកើតមាននៅប្រទេសរុស្ស៊ី។ យើងបានឃើញការគ្រប់គ្រងដូចគ្នា ដែលមានទ្វេឡើងលើសកម្មភាពសង្គម និងនយោបាយនៅប្រទេសចិន។ ខ្ញុំយល់ថា យើងកំពុងតែឃើញឧប្បទវហេតុដូចគ្នានេះនៅប្រទេសវៀតណាម»។
ក្រុមអង្គការសិទ្ធិមនុស្សឲ្យដឹងថា ការបង្ក្រាបរបស់ប្រទេសវៀតណាម ទៅលើអ្នកជំទាស់កំពុងតែកើនឡើង ហើយនឹងមានផលប៉ះពាល់លើទំនាក់ទំនងជាមួយបស្ចឹមប្រទេស។
ស.រ.អា.បានលុបចោលការសន្ទនាគ្នាប្រចាំឆ្នាំអំពីសិទ្ធិមនុស្សជាមួយប្រទេសវៀតណាម កាលពីឆ្នាំមុន ដោយសារការថយក្រោយយ៉ាងជាក់ស្ដែងខាងសិទ្ធិមនុស្ស។
លោក Weiner និយាយថា ទោះបីលោកសង្ឃឹមថា ប្រទេសវៀតណាមនឹងធ្វើការត្រិះរិះជាមុនផ្នែកនយោបាយដើម្បីបញ្ចប់ការបង្ក្រាបក៏ដោយ ក៏អាកប្បកិរិយានៃប្រទេសនេះកំពុងតែបង្ហាញអំពីនិន្នាការផ្សេងទៀត។
«ខ្ញុំគិតថា វាជារឿងសំខាន់ជាទីបំផុតសម្រាប់ប្រទេសនានា នៅក្នុងតំបន់នោះត្រូវធានាថា ប្រទេសវៀតណាមមិនបានទទួលផលប្រយោជន៍នៅក្នុងការទាក់ទងពេញលេញក្នុងប្រព័ន្ធពាណិជ្ជកម្មបស្ចឹមប្រទេសទេ បើប្រទេសនេះបន្ដមានអាក្បកិរិយា ដែលទំនងនឹងរំលោភលើបទដ្ឋានច្បាប់អន្ដរជាតិ ដែលប្រទេស វៀតណាមខ្លួនឯងបានប្រកាន់យក ហើយដែលត្រូវបានប្រទេសដទៃទៀតប្រកាន់យកនៅទូទាំងពិភពលោក»។
កាលពីខែកញ្ញា ប្រទេសវៀតណាមបានកាត់ទោសអ្នកមានប្រព័ន្ធសង្គម blogs បីនាក់ឲ្យជាប់ពន្ធនាគារពី៤ទៅ១២ឆ្នាំក្នុងបទផ្សព្វផ្សាយការឃោសនាប្រឆាំងនឹងរដ្ឋ។ ការជំនំជម្រះកាត់សេចក្ដីរបស់តុលាការធ្វើទៅតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយនាយកទទួលបន្ទុកខាងកិច្ចការសិទ្ធិមនុស្សនៃអ.ស.ប. បានរិះគន់ចំពោះការកាត់ទោសនេះ។
ក្រសួងការបរទេសស.រ.អា.ហៅការកាត់ទោសនោះថា គួរឲ្យមានកង្វល់យ៉ាងខ្លាំងក្លា។
កាលពីថ្ងៃពុធ ស្ថានទូតស.រ.អា.ប្រចាំទីក្រុងហាណូយអំពាវនាវឲ្យប្រទេសវៀតណាមដោះលែងសកម្មជនហើយនឹងអ្នកទោសមនសិកាទាំងអស់។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ស្ថានទូតនេះឲ្យដឹងថា ការធ្វើបាបជនជាប់ចោទជនមានទោសគឺមិនស្របតាមកាតព្វកិច្ចរបស់ប្រទេស វៀតណាមក្រោមច្បាប់អន្ដរជាតិនិងច្បាប់សិទ្ធិមនុស្សទេ៕