ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក និង​សហគមន៍​អឺរ៉ុប​ជំរុញ​ការ​ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​លើ​ឃាតកម្ម​លោក​ឈុត វុទ្ធី


សកម្មជន​ការពារ​ព្រៃឈើត្រូវ​បាន​បាញ់សម្លាប់
សកម្មជន​ការពារ​ព្រៃឈើត្រូវ​បាន​បាញ់សម្លាប់

ស្ថានទូត​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ និងសហគមន៍​អ៊ឺរ៉ុប​កាល​ពី​ថ្ងៃ​ពុធ បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ធ្វើ​ការ​ស៊ើបអង្គេត​ឲ្យ​បាន​ពេញលេញ​ តម្លាភាព​និង​អាចជឿទុកចិត្ត​បាន​ទៅ​លើ​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ។

ការ​ទទូច​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ​និង​សហគមន៍​អ៊ឺរ៉ុប បាន​ធ្វើឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​គណៈកម្មាធិការ​ថ្នាក់​ជាតិ​មួយ ​ដើម្បី​ធ្វើការ​ស៊ើបអង្គេត​លើ​ករណី​បាញ់​សម្លាប់​លោក​ឈុត ​វុទ្ធី ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ​និង​លោក​អ៊ិន ​រតនា​ មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​នៅ​ស្រុក​មណ្ឌសីម៉ា ​ខេត្ត​កោះកុង។

បន្ទាប់​ពី​ការ​បាញ់​សកម្មជន​ការពារ​ព្រៃឈើ ​និង​មន្ត្រី​កងរាជអាវុធហត្ថ មាន​ការ​សន្ឋិដ្ឋាន​ខុសៗ​គ្នា​ចេញពី​ស្ថាប័ន​តែ​មួយ។ ​មន្ត្រី​នគរបាល​បាន​សន្និដ្ឋាន​ថា លោក​អ៊ិន ​រតនា ​បាន​ស្លាប់​ដោយសារ​តែ​ផ្លាត​គ្រាប់​កាំភ្លើង​ត្រូវ។ ចំណែក​ឯ​មន្ត្រី​កងរាជអាវុធហត្ថ​បាន​អះអាង​ថា លោក​អ៊ិន​ រតនា ​បាន​ធ្វើ​ឃាត​ខ្លួន​ឯង ​បន្ទាប់​ពី​បាន​បាញ់​សម្លាប់​លោក​ឈុត ​វុទ្ធី​ រួច​មក។

មន្រ្តីសង្គម​ស៊ីវិល ​រួម​ទាំង​ក្រុម​គ្រួសារ​លោក​ឈុត ​វុទ្ធី ​មិន​ជឿ​ទៅ​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ទេ។​ ពួកគេ​បាន​ដាក់​មន្ទិល​សង្ស័យ​ថា លោក​ឈុត ​វុទ្ធី ​ទំនង​ជា​ត្រូវ​បាន​រៀបចំ​គម្រោង​សម្លាប់​ដោយសារ​តែ​លោក​ជា​សកម្មជន​ការពារ​ព្រៃ​ឈើ​ដ៏​លេច​ធ្លោ​មួយ​រូប។ ចំណែកឯ​លោក​អ៊ិន ​រតនា ​មន្ត្រី​កងរាជ​អាវុធហត្ថ​ទំនង​ជា​សង្ស័យ​ថា មាន​ជន​ទី​៣ ​ជា​អ្នក​សម្លាប់​បំបិទ​មាត់។

សាក្សី​សំខាន់ៗ​ពីរ​រូប​មក​ពី​កាសែត​ឌឹខេមប៉ូឌា ​ដេលី ​មិនទាន់​បាន​បញ្ជាក់​ជា​សាធារណៈ​នៅ​ឡើយ​ទេ​ ជុំវិញ​ព្រឹត្តការណ៍​ទាំង​នេះ។ ពួកគេ​មិន​អាច​ទាក់ទង​បាន​រហូត​មក​ដល់​ពេល​នេះ​ ក្រោយ​ពី​កើត​ហេតុ​រួច​មក។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តីប្រកាស​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​បាន​ចាត់​ទុក​ថា​សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ការ​កង្វល់​លើ​ការ​ប្រើប្រាស់​កម្លាំង​ដើម្បី​រារាំង​សកម្មភាព​បុគ្គល​ម្នាក់ៗ ​ដែល​មាន​បំណង​បង្ហាញ​ឲ្យ​ឃើញ​នូវ​បញ្ហា​សំខាន់​នានា​ប្រកប​ដោយ​សន្តិវិធី​ដូចជា​ការ​កាប់​ឈើ​ខុស​ច្បាប់​ជា​ដើម។

សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ការពារ​បុគ្គល​ទាំង​នោះ​ និង​សិទ្ធិ​ប្រជាពលរដ្ឋ​ជា​មូលដ្ឋាន។

លោក​ខៀវ ​កញារិទ្ធ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ឆ្លើយ​សំណួរ​របស់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ទេ​នៅ​ពេល​ដែល​ព្យាយាម​សម្ភាស​ជាមួយ​លោក​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​លោក​ឈុត ​វុទ្ធី ​នៅ​ពេល​ដែល​លោក​បាន​ចូលរួម​ក្នុង​ទិវា​ព័ត៌មាន​ពិភពលោក ​ដែល​បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ភ្នំពេញ។ ក៏ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការ​ដោះលែង​អ្នក​កាសែត​ឌឹខេមប៉ូឌា ​ដេលី ​ពីរ​រូប​ឲ្យ​មាន​សេរីភាព​វិញ ​លោក​ខៀវ ​កញារិទ្ធ ​បាន​សម្តែង​ការ​ស្វាគមន៍។

«ទី១ ​គឺ​រីករាយ​ដែល​គាត់​បាន​ត្រឡប់​មក​វិញ​។​ ហើយ​យើង​សង្ឃឹម​ថា​ នៅ​ពេល​ដែល​គាត់​អាច​ជួយ​ផ្តល់​ពន្លឺ​បន្ថែមទៀត​នៅ​ក្នុង​បញ្ហា​នេះ»។

លោក​ឧត្តម​សេនីយ៍ឯក ​ម៉ក់ ​ជីតូ ​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ​ ដើម្បី​ស្រាវជ្រាវ​ករណី​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ​មិន​អាច​សុំ​សេចក្តីអត្ថាធិប្បាយ​លើករណីនេះ​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក ​អ៊ិន ​គង់ជិត ​មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​បាន​មាន​ប្រសាសន៍​ថា គណៈកម្មការ​ចម្រុះ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ដើម្បី​ពិនិត្យ​មើល​ទីតាំង​ផ្ទាល់​នៅ​កន្លែង​កើតហេតុ ​និង​បាន​សាកសួរ​ព័ត៌មាន​មួយ​ចំនួន​ពីរ​ប្រជាពលរដ្ឋ។

លោក​បាន​មាន​ប្រសាសន៍​ថា​គណៈកម្មាធិការ​នេះ​ក៏​បាន​ហៅ​លោក ​រ៉ាន់ ​បូរ័ត្ន​ មន្ត្រី​សន្តិសុខ​ក្រុមហ៊ុន​ធីបប៊ឺគ្រីន (Timbergreen) ដែល​ជា​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​បាញ់ប្រហារ​នេះ​ឲ្យ​ធ្វើ​សកម្មភាព​នៅ​កន្លែង​កើត​ហេតុ ​រួច​ហើយ​បាន​ថត​ជា​ខ្សែ​វីដេអូ​ដើម្បី​ទុក​ជា​ភ័ស្តុតាង។

«ចំពោះ​ស្ថានការណ៍​យ៉ាងម៉េច ​ក្រុម​ការងារ​គេ​បាន​ថត​ជា​វីដេអូ។​ ប៉ុន្តែ​យើង​ឥត​បាន​ដឹង​ព័ត៌មាន​ថា​កាយវិការហ្នឹង​ គេ​ធ្វើ​យ៉ាង​ម៉េច​ទេ»។

លោក​អ៊ិន ​គង់ជិត ​បាន​មាន​ប្រសាសន៍​ទៀត​ថា អាជ្ញាធរ​បាន​ដោះលែង​លោក ​សូ ​សុភាព ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ក្រោយ​ពី​បាន​ចាប់​ឃុំខ្លួន ​និង​យក​មក​សាកសួរ​កន្លង​ទៅ តែ​លោក​រ៉ាន់​ បូរ័ត្ន​ ដែល​ជា​មន្ត្រី​សន្តិសុខ​ក្រុមហ៊ុន​ធីមប៊ឺគ្រីន​នៅ​មិន​ទាន់​ត្រូវ​បាន​ដោះលែង​នៅ​ឡើយ៕

XS
SM
MD
LG