សមាជិកសភាអាមេរិកាំងម្នាក់ប្រចាំរដ្ឋកាលីហ្វ័រញ៉ា លោក Ed Royce មកពី គណបក្សសាធារណរដ្ឋបញ្ចេញប្រតិកម្មចំពោះការកាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមក្នុងសំណុំរឿង០០១ និងដំណើរការនៃសំណុំរឿងផ្សេងៗទៀត។ លោក សុខ ខេមរា នៃ វីអូអេ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានទាក់ទងលោក សមាជិកសភា Ed Royce តាមសារអេឡិកត្រូនិកកាលពីថ្ងៃពុធសប្តាហ៍មុន។ ខាងក្រោមនេះជាសំណួរចម្លើយរវាងលោកសុខ ខេមរានិងលោកEd Royce៖ សុខខេមរា៖តើការបញ្ចប់សំណុំរឿងដំបូងអាចចាត់ទុកថាជាការផ្តល់យុត្តិធម៌ជូនជនរងគ្រោះជាច្រើនលាននាក់ ហើយនឹងជាការដែលបញ្ជាក់ថានិទណ្ឌភាពឬភាពគ្មានទោសពៃរ៍ត្រូវបញ្ចប់ទេ ក្នុងប្រទេសកម្ពុជា?
លោក Ed Royce៖ ការបញ្ចប់ការកាត់ទោសសំណុំរឿងទី១គឺជាជំហានដ៏ល្អដំបូងឆ្ពោះទៅកាន់យុត្តិធម៌។ ក្នុងថានៈជាប្រធានគុក ស២១ដ៏ឃោរឃៅនៃរបបខ្មែរក្រហម កាំង ហ្កេកអ៊ាវ ហៅឌុចជាអ្នកទទួលខុសត្រូវចំពោះការឃុំឃាំង ការធ្វើទារុណកម្មនិង ពិឃាតពលរដ្ឋកម្ពុជាប្រមាណ១២.០០០នាក់។ ការកាត់ទោសឌុចពីបទឧក្រិដ្ឋកម្មដ៏គួរឲ្យតក់ស្លុតគឺជាជំហានទី១ក្នុងដំណើរការផ្សះផ្សារផ្លូវចិត្ត។ ទោះជាយ៉ាងណាក៏ដោយបញ្ហានេះមិនមែនជាការបញ្ចប់និទណ្ទភាពក្នុងប្រទេសកម្ពុជាទេ។ ដូចជាខ្ញុំបានសរសេរទៅកាន់លោកស្រីរដ្ឋមន្ត្រីការបរទេសស.រ.អា ហ៊ីលឡារី គ្លីនតុន ថា«ឥទ្ធិពលរបស់រដ្ឋាភិបាលកម្ពុជាដែលគេមើលឃើញចំពោះដំណើរការនៃសំណុំរឿង២ទៀតរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាគឺជាក្តីបារម្ភដ៏ធំធេងផងដែរ។ ការទាត់ចោល សំណុំរឿង០០៣ និង០០៤ ពិតជាធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនពេញ ចិត្ត។ លោកបានប្រកាសជាសាធារណៈថាគ្មានជនសង្ស័យបន្ថែមទៀតណា ត្រូវកាត់ទោស ដោយសាលាក្តីខ្មែរក្រហមទេ»។
នៅមានជនជាច្រើនទៀត ដែលបទឧក្រិដ្ឋរបស់ពួកគេមានកម្រិតដូចជាឌុច ហើយកំពុងរង់ចាំថ្ងៃរបស់ពួកគេមកដល់ក្នុងសាលាក្តីខ្មែរក្រហម។ ជារឿងចាំ បាច់ដែលជនទាំងនោះត្រូវនាំមកកាត់ទោសចំពោះបទឧក្រិដ្ឋរបស់ពួកគេដូចគ្នាដែរ។
សុខ ខេមរា៖ តើការកាត់ទោសសំណុំរឿងដំបូងនេះមានន័យយ៉ាងដូចម្តេចសម្រាប់ជនរងគ្រោះ និងពិភពលោក?
លោកEd Royce៖ ក្រុមគ្រួសារនិងសាច់ញាតិដែលនៅរស់រានពីចំនួនដែលត្រូវសម្លាប់២លាននាក់ ក្រោមរបបកុម្មុយនិស្តចង់បានយុត្តិធម៌។ សាលក្រមដាក់ទោសឌុចជាជំហានល្អមួយឆ្ពោះទៅកាន់ការផ្សះផ្សារផ្លូវចិត្ត។ ជាការណ៍ពិត វិសាលភាពនៃការកាត់ទោស សំណុំរឿងនេះបានរាលដាលហួសពីប្រទេសកម្ពុជា។ ពិភពលោកកំពុងសំឡឹងមើល ហើយអ្នកកាន់អំណាចផ្តាច់ការនានាក្នុងពិភពលោកត្រូវគេបញ្ជូនសារមួយថាទង្វើរបស់ពួកគេត្រូវមានផលវិបាកជាច្រើន។
សុខ ខេមរា៖ តើការបញ្ចប់សំណុំរឿងទី១ជាការជួយដល់ដំណើរការផ្សះផ្សារនិងព្យាបាលផ្លូវចិត្តទេ?
លោក Ed Royce៖ វាពិតជាជួយដល់ការព្យាបាលផ្លូវចិត្តមែន ខណៈពេលដែលសំណុំរឿងដំបូងបានបញ្ចប់។ តែគ្មានអ្វីអាចព្យាបាលភាពតក់ស្លុតដែលពលរដ្ឋកម្ពុជាបានរងការឈឺចាប់ឲ្យបានពេញលេញទេ។ ទោះជាយ៉ាងណាក៏ដោយការកាត់ទោសបទឧក្រិដ្ឋកម្មសង្គ្រាមពិតជាបម្រើដល់គោលបំណងនៃការបង្កើតឲ្យមានការទទួលខុសត្រូវនិងជាការកាត់ទោសប្រកបដោយក្តីសង្ឃឹមថានឹងធ្វើឲ្យមានការខ្លាចញញើត។ ខ្ញុំចង់ឃើញផងដែរថារដ្ឋាភិបាលកម្ពុជាតែងតាំងចៅក្រមថ្មីដោយគ្មានការពន្យាពេលដើម្បីជំនួសសហចៅក្រមស៊ើបអង្កេតអាល្លឺម៉ង់ Siegfried Blunk ដែលបាន លាឈប់កាលពីខែតុលាឆ្នាំទៅ។ នេះជារឿងសំខាន់ណាស់ដែលសំណុំរឿង ០០៣ និង០០៤ ដំណើរការទៅមុខដ៏ឆាប់ៗ៕