នៅថ្ងៃអង្គារនេះ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតកម្មវិធីធានារ៉ាប់រងខ្នាតតូច និងកិច្ចការពារសង្គម សំដៅជួយកាត់បន្ថយភាពងាយរងគ្រោះរបស់ជនក្រីក្រ។
លោកស្រី Elena Tischenko នាយិកាការិយាល័យកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDPប្រចាំកម្ពុជា បានថ្លែងនៅក្នុងសិក្ខាសាលាថា ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបរស់នៅក្នុងបរិយាកាសគ្រោះថ្នាក់ និងងាយប្រឈមនឹងគ្រោះថ្នាក់ជាច្រើន។
លោកស្រី Tischenko បានលើកឡើងថា UNDP គាំទ្ររដ្ឋាភិបាលយ៉ាងពេញលេញឲ្យអនុវត្តយុទ្ធសាស្ត្រកិច្ចការពារសង្គមថ្នាក់ជាតិ។ ចំពោះបញ្ហានេះ វាចាំបាច់ពិចារណាយ៉ាងប្រុងប្រយ័ត្ននូវសក្តានុពលនៃការធានារ៉ាប់រងខ្នាតតូចថា ជាអត្ថន័យនៃការពង្រីកកិច្ចការពារសង្គមដល់ជនក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជាតាមលក្ខណៈភស្តុតាងជាក់ស្តែង។
ឯកសារសិក្សារបស់ UNDP បានបង្ហាញថា ចាប់តាំងពីខែមេសាឆ្នាំ២០១១មក ភាពជាដៃគូនេះបានគ្របដណ្តប់នូវការធានារ៉ាប់រងជាស្រេចចំពោះអតិថិជន ដែលមានប្រាក់ចំណូលទាបចំនួន៧៥០០នាក់លើគ្រោះថ្នាក់ និងសុខភាពផ្ទាល់ខ្លួនដោយបង់បុព្វលាភធានារ៉ាប់រង៦ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
លោកអ៊ូ ប៊ុនឡុង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបដិសេធការអត្ថាធិប្បាយលើការសិក្សារបស់ UNDP នេះទេ ដោយបញ្ជាក់ថា៖
«ខ្ញុំចង់ឲ្យតម្រង់ទៅរកការធានារ៉ាប់រងសុខភាព និងជីវិត ពីព្រោះពីរនេះសំខាន់ណាស់។ រឿងតម្លៃខ្ញុំមិនអាចជំរាបជូនបានទេ ពីព្រោះវាជាផ្សារសេរី»។
លោកងី ច័ន្ទផល អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ បានបញ្ជាក់ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្នុងពេលសម្រាកពិសារកាហ្វេថា ការសិក្សានេះគ្រាន់តែជាការសិក្សាមួយដើម្បីឆ្លុះបញ្ចាំងទៅលើស្ថានភាពរបស់កម្ពុជាប៉ុណ្ណោះ ហើយរដ្ឋាភិបាលនឹងស្វែងយល់ពីលទ្ធផលនៃការរកឃើញនេះ ហើយរដ្ឋាភិបាលនឹងបង្កើតគោលនយោបាយមួយដើម្បីរៀបចំផែនការសកម្មភាពស្តីពីការធានារ៉ាប់រងខ្នាតតូច និងកិច្ចការពារសង្គមនេះ។
«យើងគិតមើលប្រាំមួយដុល្លារអាមេរិកក្នុងមួយឆ្នាំជាប្រាក់វិភាគទាន ដើម្បីទទួលសេវាផ្សេងៗ។ ប្រាំមួយដុល្លារអាមេរិកស្មើនឹងជាង២០០០០រៀល។ បើគាត់មានជម្ងឺធ្ងន់ធ្ងរ គាត់អាចព្យាបាលជម្ងឺច្រើនជាងហ្នឹង។ គាត់ចំណេញ»។
លោកងី ច័ន្ទផលបានបន្ថែមថា ការធានារ៉ាប់រងខ្នាតតូចនេះសំដៅធានាជីវិត សុខភាព មុខរបរ និងធនធានសម្រាប់បង្កអាជីវកម្ម។
យុទ្ធសាស្ត្រជាតិស្តីពីការគាំពារសង្គមចំពោះជនក្រីក្រ និងជនងាយរងគ្រោះត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកាលពីសប្តាហ៍មុន បន្ទាប់ពីរដ្ឋាភិបាលបានឯកភាពកាលពីខែមិនា ឆ្នាំ២០១១។ សន្ទស្សន៍នៃភាពក្រីក្របានធ្លាក់ចុះពី៤៧ភាគរយនៅឆ្នាំ១៩៩៣មកនៅត្រឹម២៦ភាគរយក្នុងឆ្នាំ២០១០។
លោកងី ច័ន្ទផលបានថ្លែងថា គ្រួសារនៅកម្ពុជាអាចប្រឈមនឹងភាពងាយរងគ្រោះធ្ងន់ធ្ងរ និងកំពុងប្រឈមនឹងវិបត្តិរបស់គ្រួសារនីមួយៗជាក់លាក់ និងវិបត្តិម៉ាក្រូសេដ្ឋកិច្ច។
ប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្មចិញ្ចឹមជីវិតដែលពឹងផ្អែកលើកត្តាអាកាសធាតុ។ ការខូចខាតដំណាំនឹងបង្កឲ្យមានអសន្តិសុខស្បៀង ហើយជាកង្វល់ចម្បង។ ជម្ងឺ និងចំណាយខ្ពស់ ដែលពាក់ព័ន្ធនឹងសុខភាព គឺជាកត្តាសំខាន់ជំរុញឲ្យគ្រួសារនានាធ្លាក់ចូលទៅក្នុងភាពក្រីក្ររ៉ាំរ៉ៃ ឈប់ឲ្យកូនទៅសាលារៀន លក់មធ្យោបាយផលិតកម្ម។ ស្ថានភាពក្រីក្រ និងស្ថានភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ ជាពិសេសការឡើងថ្លៃម្ហូបអាហារ និងវិបត្តិសេដ្ឋកិច្ចពិភពលោក បានប៉ះពាល់ដល់ប្រាក់ចំណូល និងលទ្ធភាពទទួលបានសេវាសំខាន់ៗ នាំឲ្យមានវិសមភាព និងភាពខុសគ្នាកាន់តែមានទំហំធំ៕