ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​ទទូច​ឱ្យ​តែង​តាំង​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ដែល​ខ្លួន​បាន​ស្នើ​ឡើង


លោក David Scheffer អ្នក​ជំនាញការ​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​កាត់ទោស​ខ្មែរក្រហម
លោក David Scheffer អ្នក​ជំនាញការ​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​កាត់ទោស​ខ្មែរក្រហម

អង្គការ​សហ​ប្រជាជាតិ​បាន​បង្ហាញ​ជំហរ​ជា​ថ្មី​របស់​ខ្លួន​ម្តង​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ​ ចង់​ឲ្យ​មាន​ការ​តែងតាំង​សហចៅក្រម​បម្រុង​អន្តរ​ជាតិ​លោក ​ឡូរ៉ង់ កាស្ពឺ​ អានសឺមេត (Laurent Kasper Ansermet) ហើយ​ប្រាថ្នា​ចង់​ឃើញ​ចៅក្រម​សញ្ជាតិ​ស្វីស​រូប​នេះ​បំពេញ​ការងារ​ស៊ើបអង្កេត​របស់​ខ្លួន​ ដោយ​មាន​សេរីភាព​ពេញលេញ​នៅ​ក្នុង​សំណុំរឿង​០០៣ ​និង​សំណុំរឿង​០០៤។

លោក David Scheffer អ្នក​ជំនាញការ​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​កាត់ទោស​ខ្មែរក្រហម ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ទីក្រុង​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​នេះ​ថា​ លោក​ចង់​ឃើញ​ចៅក្រម​បម្រុង​អន្តរជាតិ​ត្រូវ​តែងតាំង ​ហើយ​ការ​ខកខាន​នៅ​ក្នុង​ការ​តែងតាំង​រូប​គាត់​គឺ​ជា​ការ​រំលោភ​ទៅ​លើ​កិច្ចព្រមព្រៀ​រវាង​អង្គការ​សហ​ប្រជាជាតិ​ និង​រាជដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​២០០៣។​ កិច្ច​ព្រមព្រៀង​ដែល​ប្រគល់​សិទ្ធិ​អំណាច​ទៅ​ដល់​សហ​ចៅក្រម​បម្រុង​អន្តរជាតិ​ ប្រសិន​បើ​កៅអី​របស់​សហ​ចៅក្រម​អន្តរជាតិ​នៅ​ទំនេរ។

«ជំហរ​របស់​យើង​គឺ​ថា ​លោក​ចៅក្រម​ កាស្ពឺ​ អានសឺមេត (Kasper Ansermet) មាន​អំណាច​ច្បាស់លាស់​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ។​ នេះ​គឺ​ជា​ការ​ចង់​បាន​របស់​អង្គការ​សហ​ប្រជាជាតិ។ ​យើង​ចង់​ឃើញ​គាត់​បំពេញ​ការងារ​កសាង​សំណុំរឿង​០០៣ ​និង​សំណុំរឿង​០០៤​ គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន»។

សេចក្តី​ថ្លែងការណ៍​របស់​លោក David Scheffer ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ចរចា​ជាមួយ​នឹង​លោក​សុខ ​អាន ​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។​ អតីត​ឯកអគ្គ​រដ្ឋទូត​ទទួល​បន្ទុក​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​រូប​នេះ​បញ្ជាក់​ថា ​លោក​បាន​លើក​អំពី​បញ្ហា​នេះ​ជាមួយ​លោក​សុខ ​អាន​ក៏​ប៉ុន្តែ​លោក​សុខ ​អាន ​មិន​បាន​ផ្តល់​ចម្លើយ​សមស្រប​ ឬ​ក៏​ប្រឆាំង​ជាមួយ​រូប​លោក​នោះ​ទេ។

លោក​ ឡូរ៉ង់ កាស្ពឺ​ អានសឺមេត ​ត្រូវ​ចូល​មក​ជំនួស​ការងារ​អតីត​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​លោក Siegfried Blunk បាន​លាលែង​ពី​ការងារ​បន្ទាប់​ពី​មាន​ភាពចម្រូង​ចម្រាស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ស៊ើបអង្កេត​សំណុំរឿង​បន្ថែម​០០៣ ​និង​០០៤។ សំណុំរឿង​ទាំង​ពីរ​មាន​ជន​ជាប់​ចោទ​សរុប​ចំនួន​ប្រាំ​នាក់ ​ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រឆាំង​ជំទាស់។

លោក​ David Scheffer ​បាន​បញ្ជាក់​ថា​ទោះបី​ជា​មិន​មាន​ការ​តែងតាំង​ពី​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម​ លោក​ ឡូរ៉ង់ កាស្ពឺ​ អានសឺមេត (Laurent Kasper Ansermet) មាន​អំណាច​ពេញលេញ​នៅ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ស្រប​ទៅ​តាម​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៣​ ហើយ​បើ​សិន​ជា​មិន​មាន​ការ​សហការ​ពី​លោក ​យូ ​ប៊ុនឡេង ​សហចៅក្រម​ស៊ើបអង្កេត​កម្ពុជា​នោះ​ទេ​ លោក​ចៅក្រម​ ឡូរ៉ង់ កាស្ពឺ​ អានសឺមេត (Laurent Kasper Ansermet) មាន​តួនាទី​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ការ​ស៊ើបអង្កេត។

លោក ​យូ ​ប៊ុនឡេង​ ធ្លាប់​បាន​បង្ហាញ​ជំហរ​មិន​សហការ​ជាមួយ​នឹង​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្តរជាតិ​រូប​នេះ ​ដោយ​មូលហេតុ​ថា​ចៅក្រម​អន្តរជាតិ​រូប​នេះ​មិន​ទាន់​មាន​នីតិសម្បទា​ច្បាប់​ពេញ​លេញ។

លោកស្រី​ Clair Daffy ​អ្នក​ឃ្លាំមើល​ដំណើរការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​របស់​អង្គការ​ OSJI ​របស់​សហរដ្ឋ​អាមេរិក​ស្វាគមន៍​ចំពោះ​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​អង្គការ​សហប្រជាជាតិ​ពេល​នេះ។

«ជំហរ​របស់​អង្គការ​សហ​ប្រជាជាតិ​ច្បាស់លាស់​ហើយ​ គឺ​ថា​លោក​ចៅក្រម​ស៊ើបអង្កេត​បម្រុង​មិន​ត្រូវ​ចាំបាច់​ត្រូវ​ការ​តែងតាំង​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ទេ។ ​គាត់​ឋិត​នៅ​ក្នុង​ការិយាល័យ​នេះ​ហើយ ​ហើយ​ឥឡូវ​នេះ​ទាំង​អស់​គ្នា​ត្រូវ​រង់ចាំ​មើល​ថា​តើ ​គាត់​អាច​បំពេញ​ការងារ​របស់​គាត់​បាន​យ៉ាង​ដូច​ម្តេច​ក្នុង​កាលៈទេសៈ​បែប​នេះ»។

យ៉ាងណា​ក៏ដោយ​លោក​ ឯក​ ថា ​អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ចោទ​ជា​សំណួរ​ថា​ប្រសិន​បើ​លោក​ ឡូរ៉ង់​ កាស្ពឺ​ អានសឺមេត (Laurent Kasper Ansermet) ​មិន​ត្រូវ​បាន​តែងតាំង​ជា​ផ្លូវការ​នោះ ​តើ​តួនាទី​របស់​គាត់​នៅ​ក្នុង​ការ​ស៊ើបអង្កេត ​តើ​នឹង​ទៅ​ជា​យ៉ាងណា។

«អស់​លោក​អ្នក​កាសែត​គិត​ទៅ​មើល​ លោក​ចង់​ធ្វើ​ជា​មន្ត្រី​នៅ​ក្នុង​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​នៅ​ក្នុង​តុលាការ​កម្ពុជា។ ​ក៏ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​តែងតាំង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។​ តើ​នៅ​ក្នុង​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ វា​មាន​ន័យ​ដូចម្តេច​ ហើយ​អស់​លោក​អាច​បកស្រាយ​ចំណុច​នេះ​ដោយ​ខ្លួន​ឯង​បាន»។

កាល​ពី​សប្តាហ៍​មុន ​រដ្ឋាភិបាល​កម្ពុជា​បាន​ពន្យល់​ប្រាប់​អង្គការ​សហ​ប្រជាជាតិ​ថា​ការ​សម្រេច​ចិត្ត​មិន​តែងតាំង​លោក ​ឡូរ៉ង់​ កាស្ពឺ​ អានសឺមេត​ (Laurent Kasper Ansermet) ឲ្យ​ធ្វើ​ជា​សហចៅក្រម​ស៊ើបអង្កេត​ដោយសារ​តែ​កង្វល់​គោរព​ក្រមសីលធម៌​របស់​គាត់។​ ក៏ប៉ុន្តែ​អ្នក​នាំពាក្យ​របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក ​បាន គីមូន​ ចាត់​ទុក​ថា​នោះ​មិនមែន​ជា​មូល​ហេតុ​សមស្រប​ទេ៕

XS
SM
MD
LG