ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខ្មែរក្រហម​សម្រេច​មិន​ដោះលែង​អ្នកស្រី​ អៀង ​ធីរិទ្ធ​


អ្នកស្រី​អៀង ​ធីរិទ្ធ​ ហៅ​ភា ​អាយុ​៧៩​ឆ្នាំ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច
អ្នកស្រី​អៀង ​ធីរិទ្ធ​ ហៅ​ភា ​អាយុ​៧៩​ឆ្នាំ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច

អង្គ​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​របស់​សាលាក្តី​ខ្មែរក្រហម ​នៅ​ព្រលប់​ថ្ងៃ​អង្គារ​នេះ​ បាន​សម្រេច​មិន​ដោះលែង​លោកស្រី​អៀង ​ធីរិទ្ធ​ឲ្យ​នៅ​ក្រៅឃុំ​ទេ​ ព្រមទាំង​បង្គាប់​ឲ្យ​ឃុំខ្លួន​អ្នកស្រី​បន្ត​រយៈពេល​ប្រាំមួយ​ខែ​ទៀត ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​សាលាក្តី​ខ្មែរក្រហម​ ដើម្បី​តាមដាន​សុខភាព​របស់​អ្នកស្រី។

សេចក្តីប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា​អង្គ​ជំនុំ​ជម្រះ​របស់​តុលាការ​កំពូល​បាន​បដិសេធ​សេចក្តី​សម្រេច​របស់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ ដែល​បង្គាប់​ឲ្យ​ដោះលែង​អ្នកស្រី​អៀង ​ធីរិទ្ធ​ឲ្យ​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​ដោយ​ឥត​លក្ខខណ្ឌ។​ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​ត្រូវ​តែ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នូវ​វិធានការ​នា​នា​ដែល​មាន​ដើម្បី​ជួយ​ដល់​ជន​ជាប់​ចោទ​ឲ្យ​មាន​កាយសម្បទា​គ្រប់គ្រាន់​ ដើម្បី​ឲ្យគាត់​អាចចូលរួម​សវនាការ​បាន។

អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ក៏​បាន​បង្គាប់​ឲ្យ​សាលា​ដំបូង​ព្យាយាម​ព្យាបាល​បន្ថែម​ទៅ​លើ​ជន​ជាប់​ចោទ​ ដែល​អាច​ជួយ​ឲ្យ​សុខភាព​ស្មារតី​របស់​ជន​ជាប់ចោទ​បាន​ប្រសើរ​ឡើង ​ហើយ​ការ​ព្យាបាល​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរពេទ្យ​ ឬ​កន្លែង​ផ្សេង​ដែល​សម​ស្រប​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ជន​ជាប់​ចោទ​ត្រូវ​ទទួល​ការ​ត្រួត​ពិនិត្យ​ពី​ជំនាញ​វេជ្ជសាស្ត្រ​ផ្នែក​វិកលចរិត​ និង​ផ្នែក​ចិត្ត​សាស្ត្រ​មិន​ឲ្យ​លើស​រយៈ​ពេល​ប្រាំមួយ​ខែ។

ការ​សម្រេច​របស់​អង្គ​ជំនុំជម្រះ​របស់​តុលាការ​កំពូល​របស់​សាលាក្តី​ខ្មែរក្រហម​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុងពេល​ដែល​សាលាក្តី​នេះ​កំពុង​តែ​ធ្វើ​ដំណើរការ​កាត់​ទោស​លើ​សំណុំរឿង​០០២​ ដែល​មាន​ជន​ជាប់​ចោទ​ចំនួន​បួន​រូប។

ក្រុម​ប្រជាពលរដ្ឋ​ និង​អ្នក​រស់រាន​មាន​ជីវិត​ក្រោយ​ពី​របប​ខ្មែរក្រហម​បាន​សាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល។

លោក​ជុំ ​ម៉ី ​អាយុ​៨០​ឆ្នាំ ​អ្នក​រស់រាន​មាន​ជីវិត​មួយ​រូប​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង ​បាន​និយាយ​ថា​ លោក​សប្បាយ​រីករាយ​ចំពោះ​សេចក្តីសម្រេច​នេះ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​លោក​គាំទ្រ​ឲ្យ​បន្ត​ឃុំខ្លួន​អ្នកស្រី​អៀង ​ធីរិទ្ធ​បន្តទៀត​ ដើម្បី​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

«យើង​ត្រូវ​ឲ្យ​វេជ្ជបណ្ឌិត​មក​ពិនិត្យ​គាត់​សារ​ជា​ថ្មី។​ យើង​មិន​ត្រូវ​ដោះលែង​គាត់​ដោយ​ឥត​មាន​ទោស​អី​ទេ ​ព្រោះអី​គាត់ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ប្រជាជន​ជំនាន់​ហ្នឹង​ បាទ»។

អ្នកស្រី​ជា ​ប៉ោហួយ ​អាយុ​៧៣​ឆ្នាំ​ កំពុង​កាន់​ក្រដាស​មួយ​សន្លឹក​ដែល​និយាយ​អំពី​ជីវប្រវត្តិ​របស់​អ្នកស្រី​អៀង ​ធីរិទ្ធ នៅ​សាលាក្តី​ខ្មែរក្រហម។ ​អ្នកស្រី​បាន​និយាយ​ថា​ អ្នកស្រី​អៀង ​ធីរិទ្ធមិន​គួរ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ។

«តុលាការ​ហ្នឹង​ដាក់​ឲ្យ​វា​នៅ​មួយ​ជីវិត​អីញ្ចឹង​ទៅ។ ​ឥត​ឲ្យ​ចេញ​សេរី​ដូច​យើង​ទេ។ ​ប្រសិន​បើ​ដឹក​ចេញ​ [ខ្ញុំ] ​ឈរ​មុខ​ឡាន​តែ​ម្តង។ ​នាង​ឯង​ឥត​ចេញ​បាន​ទេ។ ​ឡាន​អ្នក​ឯង​ហ៊ាន​បុក​អញ។​ បុក​ងាប់​ចោល​ទៅ ​អញ​ធ្លាប់​នៅ​ក្នុង​ជំនាន់​អា​ពត ​មិន​ងាប់​ផង។ ​សុខ​ចិត្ត​ស្លាប់»។

លោក​ហ៊ុយ ​វណ្ណៈ ​មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម​ បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​គ្មា​នអ្វី​អត្ថាធិប្បាយ​បន្ថែម​ទៅ​លើ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ទេ​ ព្រោះអី​នេះ​ជា​ការ​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​ ហើយ​សេចក្តី​សម្រេច​នេះ ​នឹង​ត្រូវ​តុលាការ​សាលាដំបូង​ ក៏ដូច​ជា​ផ្នែក​ពាក់ព័ន្ធយកទៅ​អនុវត្តន៍»។

សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​ កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ បាន​សម្រេច​ដោះលែង​អ្នកស្រី​អៀង​ ធីរិទ្ធ​ឲ្យ​នៅ​ក្រៅឃុំ​ដោយ​ឥត​លក្ខខណ្ឌ ​បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថា​ អ្នកស្រី​ពុំ​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ ក៏​ប៉ុន្តែ​សហ​ព្រះរាជអាជ្ញា​ទាំង​ជាតិ ​និង​អន្តរជាតិ​បាន​ប្តឹង​ជំទាស់​ការ​សម្រេច​នេះ។

អ្នកស្រី​អៀង ​ធីរិទ្ធ​ ហៅ​ភា ​អាយុ​៧៩​ឆ្នាំ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ ត្រូវ​ជាប់​ចោទ​ជាមួយ​នឹង​លោក​នួន ​ជា ​លោក​ខៀវ ​សំផន​ និង​លោក​អៀង ​សារី ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ​បន្ទាប់​ពី​មនុស្ស​ប្រមាណ​មួយ​១,២លាននាក់​បាន​ស្លាប់​នៅ​ក្នុង​របប​ដែល​គ្រប់គ្រង​ដោយ​ពួក​ខ្មែរក្រហម​ ចន្លោះ​ពី​ឆ្នាំ​១៩៧៥​រហូត​ទៅ​ដល់​ឆ្នាំ​១៩៧៩៕

XS
SM
MD
LG