សាលាឧទ្ធរណ៍បានបើកសវនាការកាលពីថ្ងៃពុធជំនុំជម្រះទោសលើជនជាតិថៃចំនួនពីររូបដែលបានចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់និងមានអាវុធមកជាប់នឹងខ្លួន។
បុរសទាំងពីរមានឈ្មោះលោក ភិត អនណា អាយុ៤៨ឆ្នាំ និងលោក ថង ដែងយ៉ាក់ឡា អាយុ៥២ឆ្នាំ ត្រូវបានតុលាការខេត្តព្រះវិហារកាត់ទោសកាលពីខែសីហាឆ្នាំ២០១០ក្នុងម្នាក់ៗ ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទឆ្លងដែនដោយខុសច្បាប់មកក្នុងទឹកដីប្រទេសកម្ពុជានិងប្រើប្រាស់អាវុធខុសច្បាប់ប៉ុន្តែពួកគេបានប្តឹងឧទ្ធរណ៍។
លោក ទិត សុទ្ធី តំណាងមហាអយ្យការនៃសាលាឧទ្ធរណ៍មិនបានរកភស្ថុតាងណាដើម្បីដាក់បន្ទុកជនជាប់ចោទទាំងពីរទេហើយនៅពេលធ្វើសេចក្តីសន្និដ្ឋានជាស្ថាពរបាននិយាយថា ជនជាតិថៃទាំងពីររូបដែលបានឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាគឺមិនមែនធ្វើឡើងដោយចេតនាទេ។ ចំណែកឯកាំភ្លើងសម្រាប់តែការបរបាញ់សត្វតែប៉ុណ្ណោះ មិនមែនសម្រាប់យកមកធ្វើសង្គ្រាមទេ។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងប្រទេសជិតខាង តែងតែឆ្លងដែនទៅវិញទៅមកជារឿងធម្មតា។
បន្ទាប់ពីបានបើកសវនាការអស់រយៈពេលប្រមាណជាងពីរម៉ោង លោក ឃុន លាងម៉េង ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍ បាននិយាយថាសាលដីកានៃសំណុំរឿងនេះនឹងប្រកាសនៅថ្ងៃទី៧ ខែមិនា ខាងមុខនេះ។ ការកាត់ទោសជនជាតិថៃទាំងពីររូប បានប្រព្រឹត្តធ្វើឡើងទៅតាមនីតិវិធីត្រឹមត្រូវ ហើយជនជាប់ចោទទាំងពីរ មានមេធាវីការពារក្តី និងមានអ្នកបកប្រែភាសាមកជាមួយផង។
ឆ្លើយប្រាប់អង្គសវនាការ តាមរយៈអ្នកបកប្រែជនជាតិថៃទាំងពីររូប បាននិយាយដូចៗគ្នាថា ពួកគេមិនមានបំណងចូលមកក្នុងទឹកដីប្រទេសកម្ពុជាទេ គឺដោយសារតែវង្វេងផ្លូវ។
បន្ទាប់ពីបញ្ចប់សវនាការ លោក ថង ដែងយ៉ាក់ឡា បានផ្តល់បទសម្ភាសន៍ជាមួយនឹងវីអូអេតាមរយៈអ្នកបកប្រែថា៖ «ខ្ញុំរកបាញ់សត្វនៅក្នុងព្រៃ ហើយវង្វេងផ្លូវ។ វង្វេងទៅមិនដឹងថាមកខាងណា ទៅខាងណា»។
លោក កៅ ស៊ូផា មេធាវីការពារក្តីជនជាតិថៃទាំងពីររូបបាននិយាយថា លោកសង្ឃឹមថា កូនក្តីរបស់លោក និងរួចផុតពីការចោទប្រកាន់ដោយសារតែពួកគេគ្មានបំណងចូលទឹកដីប្រទេសកម្ពុជាទេ។
«គាត់មកនេះ គាត់មករកបាញ់សត្វទេ។ ខ្ញុំយល់ឃើញថា បើសិនជាតុលាការសាលាឧទ្ធរណ៍នេះ លោកមានឆន្ទៈការរាប់អានអ្នករួមភូមិផងរបងជាមួយហ្នឹង គួរតែសម្រេចដោះលែងគាត់ទៅនៅថ្ងៃ៧ខាងមុខនេះ។ កន្លងមកការដាក់ទោសប្រាំឆ្នាំហ្នឹង វាច្រើនពេក»។
មន្ត្រីស្ថានទូតថៃមួយរូប ដែលបានចូលរួមនៅក្នុងអង្គសវនាការនេះ មិនបានធ្វើអត្ថាធិប្បាយលម្អិតដល់អ្នកសារព័ត៌មានទេ។
«នេះគឺសម្រេចទៅតាមសាលាឧទ្ធរណ៍ ខ្ញុំមិនដឹងយ៉ាងម៉េចទេ។ ខ្ញុំសុំមិនឆ្លើយតប»។
អាជ្ញាធរខ្មែរបានចាប់ខ្លួនជនជាតិថៃទាំងពីររូប កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១០ នៅក្នុងខេត្តព្រះវិហារ បន្ទាប់ពីបានចូលជ្រៅនៅក្នុងទឹកដីប្រទេសកម្ពុជាប្រមាណជាង៥គីឡូម៉ែត្រ ដើម្បីធ្វើការបរបាញ់សត្វ។
អាជ្ញាធរបានរឹបអូសកាំភ្លើងសម្រាប់បាញ់សត្វមួយដើម គ្រាប់សំណ អង្រឹងមួយ និងតង់ស្នាក់នៅមួយ។
លោក ចាន់ សាវ៉េត មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក បានរិះគន់ថាពលរដ្ឋកម្ពុជា ដែលបានឆ្លងដែនទៅក្នុងប្រទេសថៃ តែងតែទទួលរងការបាញ់សម្លាប់និងមួយចំនួនផ្សេងទៀតតែងតែត្រូវបានចាប់ខ្លួន ហើយខ្លះក៏មានវាសនាត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ៕