ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​គ្រោង​នឹង​បញ្ជូន​ជន​តៃវ៉ាន់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រឡប់​ទៅ​តៃ​វ៉ាន់វិញ


ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បញ្ជូន​ជន​តៃវ៉ាន់​ដែល​នៅ​សេសសល់​ប្រមាណ​១១​នាក់ ទៅ​កាន់​កោះតៃវ៉ាន់​វិញ​ក្នុង​ពេល​ឆាប់ៗខាងមុខ​នេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​កម្ពុជា។
រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន និង​ចិន​តៃវ៉ាន់​ប្រមាណ​១៥​នាក់​កាល​ពីថ្ងៃ​ទី​៨ ខែ​សីហា កន្លង​ទៅ​នេះ​បន្ទាប់​ពី​បាន​ឆ្មក់​ចូល​នៅ​ក្នុង​ផ្ទះសំណាក់​មួយ​ដែល​មានទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។
សមត្ថកិច្ច​បាន​និយាយ​ថា យ៉ាង​តិច​មាន​ជនជាតិ​ចិន​ចំនួន​បួន​នាក់ និង​ចិន​តៃវ៉ាន់​ចំនួន​១១នាក់​បាន​មក​ជួល​ផ្ទះ​សំណាក់​ស្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ដើម្បី​ធ្វើ​សកម្មភាព​ចាប់​ជម្រិត​ជនរងគ្រោះ ដែល​ភាគ​ច្រើន​នៅ​កោះតៃវ៉ាន់ និង​ចិនដីគោក​ដោយ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរសព្ទ​តាម​បច្ចេកវិទ្យា​ទំនើប ដែល​ហៅ​កាត់​ថា​VoIP។
កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន​បួន​នាក់ តាមច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​ទៅ​កាន់​ប្រទេសចិន​ប្រជាមានិត ហើយ​នៅ​សេសសល់​ជនជាតិចិន​ចំនួន​១១​នាក់​ទៀត​គ្រោងនឹងចាប់បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់​នេះ​ខាង​មុខនេះ។
លោក​ឧត្តមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាលជាតិ​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​តៃវ៉ាន់​តម្រូវ​ឲ្យ​ជនសង្ស័យ​ទាំងនោះ​ចេញ​សំបុត្រ​យន្តហោះ​ដោយ​ខ្លួនឯង មុន​នឹង​បញ្ជូន​ចេញ​ពី​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុងតែ​រង់ចាំ​បំពេញ​បែបបទ​ពី​អាជ្ញាធរ​កោះ​តៃវ៉ាន់ មុន​នឹង​សម្រេច​បញ្ជូន​ចេញ។
«រដ្ឋាភិបាល​សម្រច​នឹង​បញ្ជូន​ពួក​គេ​ចេញ។ ឥឡូវ​យើង​បាន​សម្រេច​បញ្ជូន​ចេញ​ជនជាតិ​តៃវ៉ាន់​បួន​នាក់​ហើយ។ យើង​នៅ​សល់​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន​បួននាក់​ទៀត យើង​នឹង​បញ្ជូនចេញ​តាម​ក្រោយ។ ប៉ុន្តែ​នីតិវិធី​នឹង​ការ​បញ្ជូន​ចេញ​ឥឡូវ​ខាង​តៃវ៉ាន់ គាត់​ឲ្យ​សាមីខ្លួន​ចេញ​សំបុត្រ​យន្តហោះ។ អញ្ចឹង​យើង​កំពុងតែ​រៀបចំ​សំបុត្រ​យន្តហោះ»។
ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ជាមួយ​គ្នា​ជាយូរ​មកហើយ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច។
កម្ពុជា​កន្លងមក ធ្លាប់បាន​ចាប់​បញ្ជូន​ជន​តៃវ៉ាន់ ប្រមាណ​១២០​នាក់​កាល​ពីអំឡុង​ខែ​មិថុនា ឆ្នាំ​២០១១ ពាក់ព័ន្ធ​នឹង​ការ​ចាប់ជម្រិត​តាម​ប្រព័ន្ធអ៊ីនធឺណេត​ដូចគ្នា​នេះដែរ។ ហើយ​ជន​រងគ្រោះ​ភាគ​ច្រើន នៅ​កោះវ៉ាន់ និង​ប្រទេស​ចិន។
លោក​ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​កម្ពុជា​មិនបាន​កាត់ទោស​ជនជាតិ​ចិន និង​ចិន​តៃវ៉ាន់​ទាំង​នោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយសារ​តែ​កម្ពុជា​ពុំមាន​ឯកសារ​គ្រប់​គ្រាន់ ពីព្រោះ​ជនរងគ្រោះ​ភាគច្រើន​នៅ​ឯក្រៅ​ប្រទេស។
«វា​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​បន្ត​ជនរងគ្រោះ​នៅ​ស្រុក​ក្រៅ មិន​នៅ​ក្នុង​ស្រុក​យើង។ ឥតមាន​ឯកសារ​គ្រប់គ្រាន់»។
ជនជាតិ​ចិន និង​ចិនតៃវ៉ាន់​ដែល​ធ្លាប់​បាន​ប្រព្រឹត្ត​អំពើ​ឆបោក​តាមរយៈ​ប្រព័ន្ធអ៊ីធឺណិត VoIP ភាគ​ច្រើន​បាន​កើត​មាន​ឡើង​នៅ​តាម​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន ដែល​រួមមាន​កម្ពុជា ហ្វ៊ីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ថៃ។
យ៉ាងតិច​មាន​មនុស្ស​ប្រមាណ​ជិត​១,០០០​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន និង​ចិនតៃ​វ៉ាន់ ត្រូវ​បាន​អាជ្ញាធរ​នៃ​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ចាប់​ខ្លួន​ពី​បទ​ពាក់​ព័ន្ធ​ឆបោក និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG