នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានណែនាំដល់ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសឲ្យប្រកាន់ជំហរអព្យាក្រឹត្យចំពោះបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង និងនៅឧបទី្វបកូរ៉េ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពេលជួបសំណេះសំណាលជាមួយឯកអគ្គរាជទូត២៦រូប និងអគ្គកុងស៊ុល៨រូប នៅទីស្តីការក្រសួងការបរទេស ដើម្បីណែនាំអំពីគោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោក កួយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មកបញ្ចាក់ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយកិច្ចប្រជុំថាប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានត្រូវដើរតួនាទីជាអ្នកសម្របសម្រួលបញ្ហាជម្លោះផ្សេងៗ នៅក្នុងតំបន់។
«កម្ពុជាយើងដើរតួជាអ្នកសម្របសម្រួល មិនមែនដើរតួកាន់ជើងម្ខាងទៅប្រឆាំងនឹងភាគីម្ខាងទៀតទេ។ ឧទាហរណ៍បញ្ហាជម្លោះនៅឧបទី្វបកូរ៉េ បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង យើងដើរតួនាទីសំខាន់ ជាអ្នកសម្របសម្រួល ធើ្វយ៉ាងណាឲ្យបញ្ហាដោះស្រាយដោយសន្តិវិធី»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានថ្លែងថា វាជារឿងត្រឹមត្រូវចំពោះតួនាទីប្រធានអាស៊ានរបស់ប្រទេសកម្ពុជាដើរស្របនឹងគោលនយោបាយអព្យាក្រឹត្យរបស់ប្រទេសកម្ពុជា។ ប៉ុន្តែតួនាទីប្រធានអាស៊ានមិនអាចត្រឹមតែសម្របសម្រួលជម្លោះនៅសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកយកបញ្ហាជម្លោះនោះមកពិភាក្សាជាមួយ ប្រទេសជាសមាជិកដើម្បីធានាសន្តិសុខរួមសម្រាប់តំបន់អាស៊ាន។
«សមាជិកអាស៊ានចង់ឲ្យប្រទេសកម្ពុជាសម្របសម្រួលឲ្យ មានការជជែកគ្នាជារួមរវាងអាស៊ាន និងចិនអំពីជម្លោះហ្នឹង ប៉ុន្តែបើប្រទេសកម្ពុជាអត់ចង់លូកដៃក្នុងជម្លោះនៅសមុទ្រចិនខាងត្បូងហ្នឹងទេ សមាជិកអាស៊ានមិនសប្បាយចិត្តទេ។ ប៉ុន្តែបើកម្ពុជាលើកប្រធានបទហ្នឹងក្នុងការស្នើសុំជួបពិភាក្សាជាមួយចិន ប្រទេសចិនអត់សប្បាយចិត្តទេ ពីព្រោះប្រទេសចិនអត់ចង់ឲ្យអាស៊ានលូកដៃទេ។ ប្រទេសចិនចង់ឲ្យជជែកគ្នាទ្វេភាគី ពីព្រោះការជជែកទ្វេភាគី ប្រទេសចិនមានឥទិ្ធពលទៅលើប្រទេសនីមួយៗជាង។ ឧទាហរណ៍ ចិនជាមួយវៀតណាម ចិនមានឥទិ្ធពលជាង។ ចិនជាមួយហ្វីលីពីន ចិនមានឥទិ្វពលជាង។ ប៉ុន្តែប្រទេសទាំងអស់ហ្នឹងជជែកគ្នាក្នុងនាមអាស៊ាន គឺចិនប្រហែលជាប្រយ័ត្នខ្លួនបន្តិច។ អញ្ចឹង ចិនអត់ចង់ឲ្យអាស៊ានលូកដៃទេ»។
ក្នុងពេលសំណេះសំណាលនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានជំរុញឲ្យឯកអគ្គរាជទូត និងអគ្គកុងស៊ុល ស្វែងរកការគាំទ្របេក្ខភាពកម្ពុជាសម្រាប់តំណែងសមាជិកមិនអចិន្រៃ្តយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ចំណែកឯបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃវិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថាកម្ពុជាព្យាយាមដោះស្រាយតាមផ្លូវច្បាប់ ការទូត និងនយោបាយ។
ក្នុងពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានជំរុញឲ្យឯកអគ្គរាជទូត និងអគ្គកុងស៊ុល ស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ជាពិសេសទីផ្សារនៅតំបន់អាស៊ាន តំបន់អាស៊ីខាងកើតនិងតំបន់មជ្ឈិមបូព៌ា ព្រមទាំងខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅកម្ពុជានិងអ្នកទេសចរណ៍បរទេស៕