ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រោងចក្រ​១៣​ផ្អាក​ដំណើរ​ការ​បន្ទាប់​ពី​មាន​ការបាញ់​របួស​កម្មករ


កម្មការនី​ម្នាក់​ដេក​នៅលើគ្រែ​ក្នុង​មន្ទីរពេទ្យ​ដែល​មាន​របួស​ដោយ​សារ​គ្រាប់​កំភ្លើង​នៅ​លើខ្នង។
កម្មការនី​ម្នាក់​ដេក​នៅលើគ្រែ​ក្នុង​មន្ទីរពេទ្យ​ដែល​មាន​របួស​ដោយ​សារ​គ្រាប់​កំភ្លើង​នៅ​លើខ្នង។

យ៉ាង​តិច​មាន​រោងចក្រ​ចំនួន​១៣​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​ដំណើរការ​ជា​បណ្តោះ​អាសន្ន​បន្ទាប់​ពី​មាន​កម្មការិនី​ចំនួន​បី​នាក់​ត្រូវ​បាន​បាញ់​ឲ្យ​រងរបួស។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​អាជ្ញាធរ​ខេត្ត។

កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​មាន​កម្មការិនី​នៃ​រោងចក្រ​ផលិត​ស្បែក​ជើង​ចំនួន​បី​នាក់​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​មុខ​ បាញ់​ឲ្យ​រង​របួស​នៅ​ក្នុង​ខណៈពេល​ ដែល​មាន​ក្រុម​កម្មករ​ជា​ច្រើន​នាក់​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ដោយ​សន្តិវិធី​ដើម្បី​ឲ្យ​ថៅកែ​រោងចក្រ ​ផ្តល់​ប្រាក់​បៀវត្សរ៍​ និង​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​សមរម្យ​ដល់​ពួក​គេ។

លោក ​ជៀង ​អំ ​អភិបាល​ខេត្ត​ស្វាយរៀង​ បាន​ថ្លែង​ប្រាប់​វីអូអេ​តាមរយៈ​ទូរស័ព្ទ​មក​ថា ​ក្រសួង​ការងារ ​និង​ក្រសួង​មហាផ្ទៃ ​ព្រម​ទាំង​តំណាង​រោងចក្រ​ បាន​កោះប្រជុំ​ជា​បន្ទាន់ ​បន្ទាប់​ពី​ព្រឹត្តិការណ៍​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ច័ន្ទ។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ តំណាង​រោងចក្រ ​បាន​ឯកភាព​ជា​គោលការណ៍​មួយ​ចំនួន​ដោយ​សន្យា​ថា​នឹង​ផ្តល់​ថ្លៃ​ធ្វើ​ដំណើរ​ប្រចាំ​ខែ​១០​ដុល្លារ​នៅ​ក្នុង​មា្នក់ៗ ​និង​ផ្តល់​ប្រាក់​ទទួលទាន​អាហារ​ថ្ងៃត្រង់​ចំនួន​២.០០០​រៀល​ នៅ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់ៗ។

«បើ​ធ្វើ​ការ​នៅ​ថ្ងៃ​អាទិត្យ​ ឬ​ថ្ងៃ​បុណ្យ ​ក្រុមហ៊ុន​នឹង​រៀបចំ​ឡាន​ដឹក​ជញ្ជូន​ទៅ​មក។​ ប៉ុន្តែ​បើ​គ្មាន​ឡាន​ដឹក​ជញ្ជូន​ទេ ​ក្រុមហ៊ុន​នឹង​ផ្តល់​ប្រាក់​សម្រាប់​ធ្វើ​ដំណើរ​នៅ​ក្នុង​ម្នាក់​ចំនួន​ពីរ​ដុល្លារ។​ ចំពោះ​ប្រាក់​ឈ្នួល​ថ្ងៃ​ទី​២១ ​២២ ​២៣ ​ខែ​កុម្ភៈ​នេះ​ ដែល​កម្មករ​និយោជិក​ទាំង​អស់​នេះ​ បាន​ឈប់​សម្រាក​មិន​ធ្វើ​ការ​នេះ ​គឺ​ក្រុមហ៊ុន​នៅ​រក្សា​ផ្តល់​ជូន​ដដែល។ ​គេ​ឥត​កាត់​ទេ!»។

ការ​កោះប្រជុំ​ចម្រុះ​អន្តរក្រសួង ​មិន​បាន​លើក​ពី​ប្រធាន​បទ​ នៃ​ការ​បាញ់​ប្រហារ​កម្មករ​ចំនួន​បី​នាក់​ឲ្យ​រងរបួស​យក​មក​ពិភាក្សា​លម្អិត​ទេ។ ​ហើយ​ជន​ដៃដល់​ ក៏​មិន​ទាន់​បាន​សហការ​ពី​តំណាង​រោងចក្រ ​ដើម្បី​ធ្វើ​ការ​ឃាត់​ខ្លួន​ភ្លាម​ៗ​ដែរ ​រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ។

សហជីព​សេរី​កម្មករ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្សេងៗ​ពី​គ្នា​ ដោយ​បាន​ធ្វើ​ការ​ថ្កោលទោស​ចំពោះ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ច័ន្ទ។ ​អង្គការ​ទាំង​នោះ​ បាន​ប្រាថ្នា​ឲ្យ​នាំ​ខ្លួន​ជន​ដៃដល់​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់ ​ដើម្បី​បញ្ចប់​និទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ​សាន់ ​សំអាត ​ស្នងការ​ប៉ូលិស​ស្តីទី​ខេត្ត​ស្វាយរៀង​មិន​អាច​ស្នើសុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ។ រីឯ​លោក​ឧត្តម​សេនីយ៍ឯក ​ខៀវ ​សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា​កំពុង​ជាប់​រវល់​ប្រជុំ។

លោក ​ជា ​មុន្នី ​ប្រធា​នសហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ​យើង​មិន​ចង់​ឃើញ​ការ​ដោះស្រាយ​វិវាទ​រវាង​ថៅកែ​រោងចក្រ ​និង​កម្មករ​ដោយ​កាណុង​កាំភ្លើង​ទេ។ ​លោក​បាន​សង្ស័យ​ថា ​សមត្ថកិច្ច​ជា​អ្នក​បាញ់​មក​លើ​កម្មករ ​មិនមែន​សន្តិសុខ​របស់​ក្រុមហ៊ុន​ទេ។

«ខ្ញុំ​គិត​ថា​សមត្ថកិច្ច​តែ​ម្តង​ ដោយ​យើង​សំអាង​ថា​សន្តិសុខ​ ដែល​យាម​នៅ​តាម​ក្រុមហ៊ុន​នីមួយៗ​ ហ្នឹង​ ខ្ញុំ​ជួប​គាត់​ហើយ​គាត់​ឥត​មាន​កាំភ្លើង ​គាត់​ឥត​មាន​អី​ទេ ​គាត់​មាន​តែ​ដំបង ​ហើយ​នឹង​ខ្នោះ​ទេ។ ​គាត់​បាន​និយាយ​ថា ​ពួក​គាត់​ឥត​មាន​អាវុធ​ទេ។​ អញ្ចឹង​អ្នក​មាន​អាវុធ​ហ្នឹង ​គឺ​អ្នក​មក​ពី​ខាង​ក្រៅ​ទេ​ ដែល​មក​បាញ់​ហ្នឹង»។

លោក ​ចាន់​ សាវ៉េត​ មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​ បាន​និយាយ​ថា ​ការ​បាញ់​ប្រហារ​នេះ​គឺ​ជា​ការ​ប៉ុនប៉ង​មនុស្ស​ឃាត​ ហើយ​ជន​ដៃដល់​គួរ​តែ​ត្រូវ​បាន​ផ្តន្ទាទោស។

«ស្នើសុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជា​ប្រញ៉ាប់ ​ហើយ​នឹង​បង្ហាញ​ព័ត៌មាន​នេះ​ជូន​យើង​ឲ្យ​បាន​ដឹង​ ដើម្បី​ដឹង​ថា​អ្នក​ហ្នឹង​ ជា​នរណា​ឲ្យ​ពិតប្រាកដក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ដើម្បី​បញ្ជៀស​កន្លែង​ផ្សេង​ប្រើប្រាស់​រូបភាព​បែប​ហ្នឹង​ទៀត»។

លោក ​ចាន់ ​សាវ៉េត ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​អ្នកស្រី ​ប៊ុន​ ចាន់​ថា ​ជន​រងគ្រោះ​មួយ​រូប​នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​បី​រូប ​ដែល​ត្រូវ​បាន​បាញ់​ចំ​ដើមទ្រូង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​។ ​ចំណែក​ឯ​ជន​រងគ្រោះ​ពីរ​រូប​ផ្សេង​ទៀត​មាន​អាការៈ​ល្អ​ប្រសើរ​ច្រើន​ហើយ៕

XS
SM
MD
LG