ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អបិយ​ជំនឿ​នៅ​តែ​មាន​ឥទ្ធិពល​នៅ​កម្ពុជា


រហូត​មក​ទល់​ពេលនេះ​ជំនឿ​ដែល​កើត​ឡើង​ជុំវិញ​ព្រះ​បរម​សព​អតីត​ព្រះមហាក្សត្រ​នៅ​តែ​ត្រូវ​គេ​លើក​មក​និយាយ​តៗ​គ្នា​នៅ​ឡើយ។
រហូត​មក​ទល់​ពេលនេះ​ជំនឿ​ដែល​កើត​ឡើង​ជុំវិញ​ព្រះ​បរម​សព​អតីត​ព្រះមហាក្សត្រ​នៅ​តែ​ត្រូវ​គេ​លើក​មក​និយាយ​តៗ​គ្នា​នៅ​ឡើយ។
ភ្នំពេញ៖ ឥទ្ធិពល​នៃ​អបិយ៍​នៅ​តែ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នៃ​ប្រជាពល​រដ្ឋ​កម្ពុជា តាមរយៈ​ការ​បន់ស្រន់ សែនព្រេន អារុក្ខ​អារក្ស​ទេពតា​ផ្សេងៗ ដែល​ទាំង​នេះ​គឺ​ជា​ទម្លាប់​ពី​យូរ​មក​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​អ្នកមាន អ្នកក្រ អ្នក​នៅ​ទីក្រុង ឬ​ជនបទ។
បើទោះជា​វិទ្យាសាស្ត្រ​រីក​ចម្រើន​យ៉ាងខ្លាំង​រហូត​ដល់​សតវត្ស​ទី២១​នេះក៏​ដោយ ក៏​ប្រជាពលរដ្ឋ​កម្ពុជា​បាន​និង​កំពុង​រស់នៅ​ជាមួយ​នឹង​ជំនឿ​អរូបិយ​ផ្សេងៗ។ ជំនឿ​មួយ​ក្នុងចំណោម​នោះ​គឺ​ជំនឿ​លើ​អភូតហេតុ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុក​ថា​គឺជា​ហេតុភេទ​ដែល​កើត​ឡើង​ដោយ​ឬទ្ធានុភាព​របស់​អាទិទេព។ ថ្មីៗ​នេះ ប្រជាពលរដ្ឋ​កម្ពុជា​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្មាំង​ហើយ​បាន​នាំ​គ្នា​សម្លឹង​មើល​ចំណិត​ព្រះចន្ទ​ដែល​គេ​បាន​និយាយតៗ​គ្នា​ថា ព្រះ​ភក្ត្រ​របស់​សម្តេច​ឪ​នរោត្តម សីហនុ ផុស​នៅ​ក្នុង​ព្រះ​ចន្ទ​នេះ​និង​កំពុង​ទត​មក​កាន់​ប្រជានុរាស្ត្រ ហើយ​មាន​ការ​និយាយ​ពី​ប្រជាពលរដ្ឋ​ម្នាក់​ទៅ​ម្នាក់​ទៀត​ថា គេ​បាន​ឃើញ​ព្រះ​ភក្ត្រ​របស់​ព្រះអង្គ នៅ​ក្នុង​ផ្សែង​ធូប និង​ពពក។ហេតុការណ៍​នេះ​កើត​ឡើង​ប្រាំ​មួយ​ថ្ងៃ​បន្ទាប់ពី​ព្រះបាទ​នរោត្តម សីហនុ សោយ​ទិវង្គត។
ក្នុង​សម្លៀកបំពាក់​អាវ​ស និងសំពត់​ខ្មៅ អ្នកស្រី ពេជ្រ ឡាមើ អាយុ ៧៣​ឆ្នាំ​មកពី​សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ។ អ្នក​ស្រី​អង្គុយ​នៅ​ក្នុង​ចំណោម​សាច់​ញាតិ​ដែល​មាន​គ្នា​បួន​នាក់​ដោយ​មាន​ដៃ​ម្ខាង​កាន់​រូបព្រះ​ចន្ទ និង​រូប​ព្រះឆាយាល័ក្ខណ៍​ដែល​អ្នក​ស្រី​បាន​ទិញ​ក្នុង​តម្លៃ ៥.០០០រៀល។ មាន​សម្បុរ​ខ្មៅ​ស្រអែម និង​មាន​សក់​ល្បាយ​អាចម៍ខ្លា​អ្នកស្រី ឡា​មើ បញ្ជាក់ថា គាត់​ពិតជា​បាន​ឃើញ​ព្រះភ័ក្ត្រ​របស់​ស​ម្តេច​តា​មែន។
«មិនមាន​អ្នកណា​ប្រាប់​ខ្ញុំ​ទេ។ ខ្ញុំ​ពិតជា​មើលឃើញ​ព្រះភ័ក្ត្រ​របស់​ព្រះអង្គ​មែន។ ទោះពីជា​ខ្ញុំ​មើល​មិន​ឃើញ​ច្បាប់​ដូច​អ្នកខ្លះ​គេ​និយាយ​ក៏ដោយ។ ជា​ការពិត​អ្នកខ្លះ​គេ​និយាយ​ថា មកពី​យើង​ហ្នឹង​ស្រមើល​ស្រមៃ នឹក​ដល់​លោក​ពេក។ ប៉ុន្តែ​អ្នកខ្លះ​គេ​ថា គេ​ឃើញច្បាស់។ ភាគច្រើន​គេ​ឃើញ​ចឹ​ង​មែន»។
លោក ធូ​ផល អាយុ ៦២ ឆ្នាំ ជា​ប្រជាជន​មកពី​ខេត្តបាត់ដំបង។ គាត់​អង្គុយ​ជុំ​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ប្រហែល​២០នាក់​ផ្សេងទៀត​មកពី​ខេត្ត​ជាមួយគ្នា។ ពួកគាត់​សុទ្ធតែ​អះអាង​ថា ពិតជា​បានឃើញ​ព្រះភ័ក្ត្រ​អតីត​ព្រះមហាក្សត្រ​នៅ​ក្នុង​ព្រះចន្ទ​មែន។
«ដល់​ពេល​ពិនិត្យ​មើល​ទៅ វា​ឃើញ​ចឹ​ង​មែន។ ខ្ញុំ​ឃើញ​រង្វង់​មុខ មាត់​ចឹង​មែន។ អ្នក​ដែល​មើល​មិន​ឃើញ​ហ្នឹង​ដោយសារ​តែ​ពួគគេ​មិន​មើល។ បើ​មើល​ប្រាកដ​ជា​ឃើញ។ព្រឹក​ឡើង​កូនៗ​គេ​ថត​មក​ហើយ​មើល​ឃើញ​ចឹ​ង​មែន។ មិន​ដែល​ជឿ​ទេ ទើប​តែ​លើក​ហ្នឹង»។
ផាត់ វីរៈ ជាជាង​ថតរូប​ម្នាក់​អាយុ ២២ឆ្នាំ។ ការភ្ញាក់ផ្អើល​នេះ​ធ្វើ​ឲ្យ​គាត់​ឆ្លៀត​ថតរូប​លក់​បាន​ប្រាក់​មួយចំនួន​ដែរ។
«មើល​ឃើញ​តែម្តង។ មើល​ឃើញ​ពិត​មែន។ ហើយ​ខ្ញុំ​បាន​ថត​យកមក​លក់​តែម្តងទៅ។ លក់​ឲ្យ​ចាស់​មកពី​ខេត្ត មួយ​សន្លឹក ៨.០០០ ឬ៦.០០០ ឬ​៥០០។ ពីមុនមក​លក់បាន​ច្រើន។ អស់​ប្រហែល​១០០​សន្លឹង​ជាង​ហើយ។ បន្ទាប់​ពី​ហ្នឹង​មក​គឺ​ផ្សែង​ធូប​ហ្នឹង​ទៅជា​សម្តេច​តា»។
សម្តេចព្រះ​នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃទី​១៥ ខែ​តុលា​នៅ​រដ្ឋធានី​ប៉េកាំង​នៃ​ប្រទេស​ចិន​ដោយសារ​ជំងឺ​គាំងបេះដូង។ ចាប់ពីពេលនោះ​មក​ការ​លេច​ឮ​អភូតហេតុ​ផ្សេង​ត្រូវ​គេ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​មិន​ចេះ​ដាច់។
កញ្ញា ទូច យិនវណ្ណនិត ជា​និស្សិត​ឆ្នាំ​ទី​៤ សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ នាង​ក៏​ស្ថិតក្នុង​ចំណោម​អ្នកមាន​ជំនឿ​លើ​បញ្ហា​អស់ទាំង​នេះដែរ។
«ត្រង់​គេ​និយាយថា​ព្រះ​ចន្ទ​ហ្នឹង​មាន​រាង​ដូច​ព្រះ​ភ​ក្ស​របស់​សម្តេច​តា​ហ្នឹង ខ្ញុំ​អត់​ជឿ​ទេ។ ប៉ុន្តែ​ខ្ញុំ​ពិតជា​បានឃើញ​ពពក​ហ្នឹង​មាន​រាងដូចជា​សម្តេច​តា​មែន។ វា​ជា​រឿង​មិន​គួរឲ្យ​ជឿ។ ហើយ​មិនមែន​តែ​ខ្ញុំ​ទេ​ដែល​មើលឃើញ​បែប​ហ្នឹង គឺមាន​មនុស្ស​ជាច្រើន​ផ្សេងទៀត​ដែរ​មើលឃើញ​ដូច​ខ្ញុំ»។
ថ្វីបើ​ប្រជាពលរដ្ឋ​ខ្មែរ​ហាក់ដូចជា​អះអាង​ប្រកប​ដោយ​ភាពជាក់លាក់​ផ្ទាល់​ខ្លួន​ប៉ុន្តែ​សម្រាប់​លោក​សោម ចាន់​សុវណ្ណារ៉ា សាស្ថ្រាចារ្យ​ផ្នែក​ចិត្តវិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ពន្យល់​តាមរបៀប​និង​ចិត្តវិទ្យា​ទៅវិញ។
«ក្នុង​ចិត្ត​វិទ្យា​គេ​ហៅថា មាយា​ការ ឬ illusion។ ខ្មែរ​យើង​គេ​ហៅថា​ការ​ភាន់​វិញ្ញាណ។ រឿង​សម្តេច​តា នៅក្នុង​ព្រះ​ច័ន្ទ​ហ្នឹង​ជា​រឿង​អារម្មណ៍​របស់គាត់​ទេ។ ដោយសារតែ​គាត់​ស្រា​លាញ់​សម្តេច​ពេក។ ជាពិសេសចាស់ៗ ដែល​គាត់​ធ្លាប់​រស់នៅ​ជំនាន់​ស្តេច ហើយ​មាន​អារម្មណ៍​គោរព​ស្រលាញ់​ស្តេច​ពេក ចឹ​ង​ទៅណា»។
លោក​សោម ចាន់​សុវណ្ណារ៉ា លើក​ឡើង​ថា ការជឿ​ស៊ុប​ដោយ​គ្មាន​ពិចារណា​នឹង​នាំ​ឲ្យ​ជន​មួយ​ចំនួន​កេង​យក​ផលចំណេញ។ ដូចជា​ករណី​ពាក្យ​ចចាម​អារាម បរិភោគ​សណ្តែកខៀវ​អាច​ការពារ​ជំងឺ ទិញ​ចេក​មក​សែន​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាដើម។
«បបរ​សណ្តែក​(ធ្វើឲ្យ)​ជា​ជំងឺ​ផ្សេងៗ យើង​នាំគ្នា​ដណ្តើម​គ្នា​ទិញ​យកមក​ញាំ​ទាំង​កណ្តាល​យប់​កណ្តាល​អាធ្រាត្រ។ គោ​វិញ ឈ្មួញ​សេដ្ឋី​មកពី​ស្រុក​ក្រៅ ប្រទេស​ជិត​ខាង​យើង​ហ្នឹង​មក​ដល់​ទិញ​គោ​បួន​ដប់​ក្បាល់ មួយ​ក្បាលៗ​ថ្លៃ ៣.០០០ ទៅ​៤.០០០ ដុល្លារអញ្ចឹង​ទៅ។ ប្រជាពលរដ្ឋ​យើង​មាន​ការ​ភ្ញាក់​ផ្អើល​អ្នកខ្លះ​លក់​អ្នកខ្លះ​ទៀត​អត់​លក់​ដើម្បី​ទុក​ទៅ​បាន​ថ្លៃ។ គេ​ទិញ​គោ​យើង​តែ​បួន​ដប់​ក្បាល ហើយ​លក់​រាប់​រយ​ក្បាល ហើយ​ប្រជាពលរដ្ឋ​យើង​ឃើញ​គេ​លក់ ថោក​ហើយ​មាន​គេ​មក​ទិញ​វិញ​ថ្លៃ គាត់​នាំគ្នា​ទិញ។ ចឹង​គេ​មិន​ចំណេញ?»
លោក កឹម ឡី អ្នកស្រាវជ្រាវ​អភិវឌ្ឍន​សង្គម​វិញ​ប្រាប់ឲ្យដឹង​ដែរ​ថា​កត្តាសំខាន់ៗដែល​ធ្វើឲ្យ​ប្រជាជន​ខ្មែរ​យើង​ភាគច្រើន​ជានិច្ច​កាល​តែងមាន​ជំនឿ​ដូចខាង​លើ គឺ​ដោយ​ហេតុ​ថា៖
«នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង​មានរឿង​រ៉ាវ​ច្រើន​ដែល​អ្នក​វិទ្យា​សាស្ត្រ​បក​ស្រាយ​មិន​ទាន់​បាន ជាហេតុ​ធ្វើឲ្យ​ប្រជាជន​ហ្នឹង​នៅ​បន្ត​ជឿ​ច្រើន​ដោយ​មិន​សម​ហេតុផល ប៉ុន្តែ​មាន​ជំនឿ​ខ្លះ​ក៏​សមហេតុផល​ដែរ»។
លោក កឹម ឡី បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា មាន​មូលហេតុ​មួយចំនួន​ដែល​ធ្វើឲ្យ​មនុស្ស​មួយ ក្តាប់​តូច ចូលចិត្ត​បង្កើតជា​ពាក្ស​ចចាម​អារ៉ាម​ផ្សេង។ ភាគច្រើន​គឺជា​អ្នកសេដ្ឋកិច្ច​ដែល​ចង់បាន​ផលចំណេញ​ពី​ការផ្សព្វផ្សាយ​ទាំងនោះ។ អ្នក​ខ្លះទៀត​ដោយសារតែ ខ្លួន​មាន​ជំនឿ​ងុប ហើយ​ចង់​ឲ្យ​អ្នក​ដទៃ​ជឿ​តាម​ខ្លួន​ក៏​បង្កើត​ពាក្យ​បំភ័យ​នានា​ផងដែរ។
ព្រះគ្រូ​គិរី​ធ​ម្មោ​ប៉ាង​សុ​ដារ ព្រះចៅអធិការ​គង់នៅ​វត្តភ្នំ​ពេញ​ថ្មី ស្ថិតក្នុង​ខេត្តកំពង់ចាម មាន​សង្ឃ​ដីកា​ថា​ក្នុងសង្គម​ខ្មែរ​យើង​ជំនឿ​កើតឡើង​តាំងពី​យូរយា​ណាស់​មក​ហើយ។
ព្រះតេជគុណ​បន្ត​ថា​ព្រះពុទ្ធ​ទ្រង់​ប្រដៅ​ឲ្យ​ប្រើ​បញ្ញា ដែល​កើតចេញពី​ការសិក្សា​រៀន​សូត្រ​ជាមុន​សិន ជា​ជាង​ការជឿ​ទាំង​ងងឹត​ងងុល។
លោក​ទេស​ថា​មុន​នឹង​ជឿ​អ្វីមួយ​ត្រូវតែ​ប្រើ​បញ្ញា​ជាមុន។ តែ​ពេលនោះ​យើង​ភ័យ​ណាស់​បើ​មិន​បាន​សែន​ ធ្វើ​ឲ្យ​យើង​ឈឺ។ យើង​ភ័យ​ណាស់។ យើង​ភ្លេច​គិតថា​យើង​ទាំង​អស់​គ្នា​កើត​មក​មាន​កម្ម​មាន​ផល​ស្រាប់​ហើយ​ហ្នឹង។ អាហ្នឹង​យើង​យក​ជំនឿ​ជាង​បញ្ញា​ខ្លួនឯង។
លោក កឹម ឡី បញ្ជាក់​ដែរ​ថា ការ​នាំគ្នា​ជឿ​លើ​ពាក្យ​ច​ចាម​អារ៉ាម​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ច្រើន​ដល់​អ្នក​ដែល​ជឿ​ផ្ទាល់ និង​សង្គម។ មនុស្ស​មួយ​ចំនួន​បាន​ចាញ់​បោក​គេ​តាមរយៈ​ការ​ចំណាយ​ប្រាក់​ទិញ​របស់​របរ​ផ្សេង។
«ជំនឿ​ហួស​ហេតុ​ហ្នឹង​ធ្វើ​ឲ្យ​មាន​ចលនា​ឬ​ក៏​ភាព​មិនមាន​សណ្តាប់ធ្នាប់​នៅ​ក្នុង​សង្គម​មួយ​ដែរ។ មាន​អតិផរណារ​មួយ​នៅក្នុង​សង្គម​ពេល​ដែល​ទំនិញ​ឡើង​ថ្លៃ។ ចរន្ត​សេដ្ឋកិច្ច​ខ្នាតតូច​ទេ​មិនមែន​ខ្នាត​ធំ​ទេ តែម្នាក់ៗ​បើ​យើង​បូក​ទៅ​វា​ធំ»។
រហូត​មក​ទល់​ពេលនេះ​ជំនឿ​ដែល​កើត​ឡើង​ជុំវិញ​ព្រះ​បរម​សព​អតីត​ព្រះមហាក្សត្រ​នៅ​តែ​ត្រូវ​គេ​លើក​មក​និយាយ​តៗ​គ្នា​នៅ​ឡើយ។ លោកសាស្រ្តាចារ្យ សោមចាន់ សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា​ដើម្បី​បំបាត់​ជំនឿ​ដែល​មិន​ត្រឹម​ត្រូវ និង​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​នោះ ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវតែ​បង្កើន​ការពិចារណា និង​ការអប់រំ​ស្រប​តាម​លក្ខណៈវិទ្យាសាស្ត្រ៕
XS
SM
MD
LG