រដ្ឋសភាកម្ពុជាបានបោះឆ្នោតព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេង តំណាងរាស្ត្រគណបក្សប្រឆាំងនៅថ្ងៃអង្គារនេះ ដើម្បីបើកផ្លូវឲ្យតុលាការធ្វើការចោទប្រកាន់បទព្រហ្មទណ្ឌប្រឆាំងនឹងលោក។
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១១ ក្រសួងយុត្តិធម៌បានទទួលលិខិតរបស់ព្រះរាជអាជ្ញាអមតុលាការខេត្តកណ្តាលស្នើសុំព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេង សមាជិកសភាមណ្ឌលខេត្តកណ្តាល ដែលបានពាក់ព័ន្ធដល់ការផ្តល់មធ្យោបាយ និងជួយសម្រួលដល់ជនត្រូវចោទឈ្មោះមាស ប៉េង ឲ្យលួចរត់គេចខ្លួន ដែលជាបទល្មើសព្រហ្មទណ្ឌកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១។
លោកហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងក្នុងសម័យប្រជុំសភាថា អភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេងត្រូវបានព្យួរដោយសំឡេងគាំទ្រច្រើនជាង២ភាគ៣។
«ខ្ញុំសូមជំរាបជូនអង្គសភាជ្រាបថា ឯកឧត្តមចាន់ ចេង តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ត្រូវបានអង្គសភាព្យួរអភ័យឯកសិទ្ធិសភានៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១១ គឺសំឡេងអនុម័តគាំទ្រ៨៨លើ៩៧សំឡេង លើសពី២ភាគ៣»។
គណបក្សប្រជាជនកម្ពុជាមានសមាជិកសភាចំនួន៩០រូប រីឯគណបក្សសម រង្ស៊ី មាន២៦រូប គណបក្សសិទ្ធិមនុស្ស៣រូប គណបក្សនរោត្តម រណឫទ្ធិ២រូប និងគណបក្សហ៊្វុនស៊ិនប៉ិច២រូប។
លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅក្រៅអគាររដ្ឋសភាថា គណបក្សសម រង្ស៊ីមិនអាចទទួលយកបានទេ ចំពោះការព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេងនេះ ហើយការសម្រេចចិត្តរបស់រដ្ឋសភានេះគឺជាអំពើខុសច្បាប់។
«ឯកឧត្តមចាន់ ចេងគ្មានពាក់ព័ន្ធនឹងបញ្ហាធ្ងន់ធ្ងរដល់ថ្នាក់ព្យួរអភ័យឯកសិទ្ធិរបស់គាត់ទេ។ នេះជាទម្លាប់អាក្រក់ ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើ ជាពិសេសក្រោយការបោះឆ្នោតឆ្នាំ២០០៨។ ស្ថាប័នជាតិមួយនេះក្លាយទៅជាស្ថាប័នរបស់គណបក្សកាន់អំណាច ហើយប្រើប្រាស់ស្ថាប័ននេះធ្វើទុក្ខបុកម្នេញដល់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមួយហើយមួយទៀត។ យើងបដិសេធសេចក្តីសម្រេចរបស់រដ្ឋសភាថ្ងៃនេះ ក្នុងការព្យួរអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រចាន់ ចេង ដោយអយុត្តិធម៌។ នេះជារឿងនយោបាយសុទ្ធសាធ។ វាជាការគាបសង្កត់គណបក្សប្រឆាំងជាក់ស្តែង»។
សមាជិកសភាគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានដើរចេញពីការប្រជុំសភាដើម្បីប្រឆាំងនឹងការព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេង។
លោកចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថា រដ្ឋសភាគួរតែធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់មុននឹងព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេងនេះ ហើយអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភអំពីបញ្ហានេះ។
«អភ័យឯកសិទ្ធិសភាគណបក្សប្រឆាំងហាក់ដូចជាផុយស្រួយ ងាយស្រួលណាស់ ដែលត្រូវបានគេព្យួរ ឬដកអភ័យឯកសិទ្ធិ។ យើងខ្ញុំមើលឃើញកិច្ចប្រជុំដកអភ័យឯកសិទ្ធិនេះ ដូចជាធ្វើឡើងដោយស្រួលតែម្តង ដោយគ្មានការពិបាកអ្វីទេ»។
សេចក្តីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្សបានបញ្ជាក់ថា តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សមិនគាំទ្រការព្យួរអភ័យឯកសិទ្ធិសភារបស់លោកចាន់ ចេង ទេ ដោយសារការព្យួរអភ័យឯកសិទ្ធិនេះមិនបានធ្វើការស៊ើបអង្កេត ហើយវានាំឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់ស្ថាប័ននីតិប្បញ្ញត្តិនេះ។
ក្រោយការបោះឆ្នោតឆ្នាំ២០០៨ សមាជិកសភាគណបក្សសម រង្ស៊ីចំនួនបួនរូប រួមមានលោកសម រង្ស៊ី លោកស្រីមួរ សុខហួរ លោកហូ វ៉ាន់ និងលោកចាន់ ចេងត្រូវបានព្យួរអភ័យឯកសិទ្ធិសភា៕