ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បួង​​នៅ​តែ​កំពុង​ពិចារណា​បន្ត​ការ​នេសាទ​ត្រី​បាឡែន


ពលរដ្ឋ​តវ៉ា​នឹងការ​តាម​ប្រម៉ាញ់នេសាទ​ត្រីបាឡែ​នៅទីក្រុង​សេអ៊ូល កូរ៉េខាងត្បូង។
ពលរដ្ឋ​តវ៉ា​នឹងការ​តាម​ប្រម៉ាញ់នេសាទ​ត្រីបាឡែ​នៅទីក្រុង​សេអ៊ូល កូរ៉េខាងត្បូង។
ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា

រដ្ឋាភិបាល​កូរ៉េខាងត្បូង ថ្លែងថា​ខ្លួន​មិនបោះបង់​ចោល​លទ្ធភាព​នៃ​ការ​បន្ត​ការ​នេសាទ​ត្រី​បាឡែននោះ​ទេ បើ​ទោះ​ជា​មាន​ការ​រិះគន់​ជា​អន្តរជាតិ​ក៏​ដោយ។
ក្រសួង​កិច្ចការ​ដែនដី ជលផល និង​សមុទ្រ របស់​កូរ៉េ​ខាងត្បូង​បាន​ជូន​ដំណឹង​ដល់​ក្រុម​អ្នកតាក់តែងច្បាប់ នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា​ ថាខ្លួន​កំពុង​សិក្សា​មើល​ថា​តើ​ប្រទេស​នេះគួរចូលរួម​ជាមួយអ្វី​ដែល​ខ្លួន​ហៅ​ថាជា​«ការ​នេសាទ​ត្រី​បាឡែន​សម្រាប់​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ»ដែរ​ឬ​ទេ។​

ក្រសួង​នេះ បាន​ឲ្យ​ដឹងថា ​ខ្លួន​កំពុង​បង្កើត​ក្រុម​ការងារ​ពិសេស​ ដែលមានបុគ្គលិក​ជា​អ្នក​ឯកទេស ដោយ​រាប់​បញ្ចូល​ទាំងអ្នក​បរិស្ថាន ដើម្បីពិនិត្យមើលបញ្ហា​នេះដែរ។

ប្រភពទាំងឡាយ និយាយ​ថា ​ភាព​ចម្រូង​ចម្រាសនេះ​ បាន​បំបែក​រដ្ឋាភិបាលពី​ក្រុម​អ្នក​ប្រឆាំង ដោយព្រមានថា ​ប្រទេស​នេះ​អាចប្រឈម​មុខ​នឹង​ប្រតិកម្ម​ការទូត​ដ៏​ខ្លាំង​ក្លា។
សហរដ្ឋ​អាមេរិក(United States) បារាំង(France) អូស្ត្រាលី(Australia) និង​នូវែលហ្សេឡង់​(New Zealand) បានថ្កោលទោសផែនការ​នេសាទត្រីបាឡែនជា​បឋម​របស់​កូរ៉េខាងត្បូង​រួចហើយ។

មន្ត្រី​អង្គភាពធនធាន​ធម្មជាតិ​មួយរូប​ ​នៃ​ក្រសួង​បរិស្ថាន​នេះ ដែលថ្លែង​ក្នុង ​លក្ខខណ្ឌ​មិនឲ្យបញ្ចេញ​ឈ្មោះ ប្រាប់​វីអូអេថា ក្រសួង​នេះ​ចង់​ឱ្យ​ទស្សន​អន្តរជាតិ​ត្រូវ​បានពិចារណា ដែល​មិន​ត្រឹមតែជាការ​ព្រួយបារម្ភ​ក្នុង​ប្រទេសប៉ុណ្ណោះទេ។

កាល​ពី​សប្តាហ៍​មុន របាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​បាន​ស្រង់​សម្តី​មន្ត្រី​មិន​បាន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា វិមាន​ពណ៌​ខៀវ​របស់​ប្រធានាធិបតី និងការិយាល័យនាយក​រដ្ឋមន្ត្រី ​បាន​សម្រេចចិត្តបញ្ឈប់​គម្រោងការនេសាទ​ត្រី​បាឡែន​នេះ។ ប៉ុន្តែ​មន្ត្រី​ក្រសួង​បរិស្ថាន​ម្នាក់​និយាយ​ថា ​របាយការណ៍​ទាំងនោះមិន​ត្រឹមត្រូវ​ទេ។

លោកស្រី​ ហាន ហេ ជីន (Han Hye-jin) អ្នក​នាំពាក្យ​ក្រសួងការបរទេស​ និយាយ​ថា ​ប្រធានបទ​នេះកំពុងត្រូវ​បានពិចារណា។

លោកស្រី​ ហាន និយាយ​ថា បន្ទាត់​គោល​របស់​រដ្ឋាភិបាលគឺ​ថា​ ខ្លួន​នឹង​ដោះស្រាយ​បញ្ហា​យ៉ាងប្រុង​ប្រយ័ត្ន ដោយ​ស្តាប់​មតិរបស់អង្គការ​ពាក់ព័ន្ធ​នានា ព្រមទាំងប្រទេស​សមាជិករបស់គណៈកម្មាការ​នេសាទ​ត្រី​បាឡែន​អន្តរជាតិ (International Whaling Commission)។

នៅឆ្នាំ​១៩៨៦ អង្គការ​នេះ​បាន​ហាម​ឃាត់​ការ​នេសាទ​ត្រី​បាឡែន​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម ចំ
ពេល​មាន​ការព្រួយ​បារម្ភថា ពូជត្រីបាឡែន​មួយ​ចំនួន ប្រឈម​មុខ​ នឹង​ការ​ផុត​ពូជ។
លោក ហាន ចឹងហ៊ី (Han Jeong-hee) អ្នកធ្វើយុទ្ធនា​ការ​ការពារមហា​សមុទ្រ​នៅទីក្រុង​សេអ៊ូល​(Seoul) សម្រាប់​ក្រុមបរិស្ថាន គ្រីនភីស (Greenpeace) ​ដែលបាន​សំដែង​ការ​សោក​ស្តាយចំពោះក្រុម​អ្នក​គាំទ្រ​ការ​នេសាទ​ត្រី​បាឡែននៅ​ក្នុង​រដ្ឋា​ភិបាល​ បាន​ចេញ​មុខ​តវ៉ាសារ​ជាថ្មីទៀត។

«ភ្លាម​ៗ​នេះ ពួកគេ​ទើបតែ​រាយការណ៍​អំពី​ក្រុម​ការងារពិសេសនិង​ត្រឡប់​ទៅ​រក​សេចក្តីសម្រេច​ចិត្ត​លើ​ការ​នេសាទ​ត្រី​បាឡែន​សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ។ រឿង​នេះពិត​ជា​គួរ​ឱ្យ​សោកស្តាយ​ណាស់។ យើង​សង្ឃឹម​ថា ​រដ្ឋាភិបាល​ផ្លាស់ប្តូរ​គំនិត​របស់​ពួកគេ ​ហើយ​បន្ត​ធ្វើការ​ស្រាវជ្រាវ​ដែល​មិន​បណ្តាល​ឱ្យ​ស្លាប់។»

លោក លី ហេ ចាន (Lee Hae-chan) ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​រួបរួម (Democratic United Party) ដែល​ជា​គណបក្ស​ប្រឆាំងដ៏​ធំ​របស់​កូរ៉េ​ខាង​ត្បូង​ និយាយ​ថា​ មាន​ការ​សង្ស័យយ៉ាង​តិចតួចប៉ុណ្ណោះ​ ​ដែលពលរដ្ឋមួយ​ចំនួន​នៅ​តាម​សហគមន៍តំបន់ឆ្នេរ​សមុទ្រ ​គាំទ្រ​ការ​បន្ត​ស្រាវជ្រាវ​ការ​នេសាទ​ត្រី​បាឡែន ដោយសារតែ​មានផលប្រយោជន៍​ផ្នែក​ពាណិជ្ជកម្មប្រកប​ដោយសក្តានុពល។

លោក លី និយាយ​ថា ទោះបីជា​កូរ៉េខាងត្បូង​ លែងប្រឈម​មុខ​នឹង​ភាព​ក្រីក្រ​ក៏ដោយ ដូច្នេះ​ហើយ ​ពួកគេ​មិន​ចាំបាច់​ពឹង​លើ​សាច់​ត្រី​បាឡែន​សម្រាប់​សារជាតិ​ប្រូតេអ៊ីន​ទៀត​ទេ ប្រសិនបើ​មាន​សេចក្តី​ត្រូវការ​ស្រប​ច្បាប់​សម្រាប់​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ។ នៅ​ពេលនោះ​ ការ​នេសាទ​ត្រី​បាឡែន​ក្នុងកម្រិតណា​មួយនោះ គួរតែអាច​ទទួល​យក​បានដែរ។

លោក លី មេន វ៉ូ (Lee Man-woo) អ្នក​តំណាង​រង​នៃ​សមាគម​អភិរក្ស​វប្បធម៌​បាឡែន (Whale Culture Preservation Association) នៅ​ទី​ក្រុង​ឆ្នេរ​ខ្សាច់ អុល​សាន (Ulsan) ​ប្រាប់​វីអូអេ​ថា ការស្ទាបស្ទង់​មតិតាមរបៀប​អង្កេត​មើលនេះ គឺមិន​គ្រប់គ្រាន់ទេ ក្នុង​ទទួល​បាននូវ​ទិន្នន័យ​ដ៏​ត្រឹម​ត្រូវ​ស្តីពីស្ថានភាព​របស់​ពពួកថនិកសត្វ​សមុទ្រ​មាឌ​ធំ​បំផុត​នេះ។

ក្រុម​មន្ត្រី​ដែល​គាំទ្រ​ការ​នេសាទ​ត្រី​បាឡែននិយាយ​ថា​ សាច់ត្រី​បាឡែនដែលប្រមាញ់​បាន មិន​គួរ​ខ្ជះខ្ជាយ​នោះ​ទេ។ ក្រុម​របស់​លោក​ស្នើ​ឱ្យ​មាន​ការ​ដាក់​ដេញ​ថ្លៃ​សាច់​នោះ​ ដើម្បី​ផ្តល់​អាហារប្រកបដោយគុណភាព​ក្នុង​តម្លៃ​សមរម្យសម្រាប់​ទេសចរ និងសម្រាប់​អ្នក​ដែល​ចូលចិត្ត​សាច់​ត្រី​បាឡែន។

បច្ចុប្បន្ន​នេះ សាច់​ត្រី​បាឡែន​មួយ​ចាន​តូច ​ដាក់​លក់ក្នុង​តម្លៃ​រហូត​ដល់​៥០​ដុល្លារ ​នៅទីក្រុង​អុលសាន​។

លោកលី និង​អ្នក​គាំពារ​មតិផ្សេង​ទៀត ​អះអាង​ថា ការ​នេសាទ​ត្រី​បាឡែន​គឺ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ជនជាតិ​កូរ៉េ​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ ហើយ​ពួកគេ​កត់​សម្គាល់​ឃើញ​ថា​ ការ​ប្រើ​ចន្លោះ​ប្រហោង​នេះ​នៅ​ក្នុង​ការ​ហាមឃាត់​ការ​នេសាទជាសកល​ របស់​ប្រទេស​ជប៉ុន ដើម្បីភ្ជាប់​ខ្លួនទៅនឹង​អ្វី​ដែល​ហៅ​ថា​ការ​នេសាទ​ត្រី​បាឡែន​សម្រាប់​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដែរ។
ប្រទេស​ជប៉ុនហើយ​ឥឡូវ​នេះ កូរ៉េ​ខាងត្បូង អះអាង​ថា ​មាន​ត្រី​បាឡែន​យ៉ាង​ច្រើន​នៅ​ដែនទឹកនៃ​តំបន់ឆ្នេរ​របស់​ពួកគេ ដែល​ថនិកសត្វ​ទាំងនោះ​កំពុងតែ​ស៊ី​ធនធាន​សមុទ្រ​ដ៏​មាន​តម្លៃ​និង​ដែល​កំពុង​ថមថយ​យ៉ាងខ្លាំង។

ជប៉ុនបាន​ប្រឈម​មុខ​នឹង​ការថ្កោលទោស​ពីអន្តរជាតិ​ចំពោះកម្មវិធី​ស្រាវជ្រាវ​របស់​ខ្លួន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ត្រី​បាឡែន​រាប់​ម៉ឺនក្បាល​ នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិកភាគ​ខាងជើង និង​ជិតដែន​ទឹក​ក្នុងមហាសមុទ្រអង់តាក់ទិក តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក​ម្ល៉េះ។

កាលពីដើម​ខែ​នេះ គណៈកម្មាការ​នេសាទ​ត្រី​បាឡែន​អន្តរជាតិ បានរារាំងសំណើរបស់​ជប៉ុន សម្រាប់​សហគមន៍​ឆ្នេរ​សមុទ្រ​ទាំងឡាយ​ ដើម្បីបន្ត​ការ​នេសាទ​ត្រី​បាឡែន​ទ្រង់​ទ្រាយតូច។

គណៈកម្មការ​នេះ ក៏​បាន​បដិសេធ​សំណើ​របស់​ប្រទេស​ដាណឺម៉ាក (Denmark) សម្រាប់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច នៅ​តាម​បណ្តា​ប្រទេស​ស្កេន​ឌីណេវៀរ(Scandinavia) ​ដើម្បី​ នេសាទ​ត្រី​បាឡែន​ចំនួន​១ពាន់ ៣០០​ក្បាល ​ក្នុង​រយៈពេល៦​ឆ្នាំ​ទៀត។ ​ជប៉ុននិងដាណឺម៉ាក ​កំពុងព្រមាន​ថា ពួកគេ​នឹង​ដកខ្លួន​ចេញ​ពីសមាជិកភាពរបស់គណៈកម្មាការ​នេសាទ​ត្រី​បាឡែន​អន្តរជាតិ ប្រសិន​បើ​សំណើ​របស់​ពួកគេ​ នៅ​តែ​បន្ត​បដិសេធ​ចោល។

ទោះបីជាយ៉ាងណា​ក៏​ដោយ គណៈកម្មាការ​នេសាទ​ត្រី​បាឡែន​អន្តរជាតិ​បាន​យល់​ព្រម​ឲ្យ​បន្តការនេសាទ​របស់​ជនជាតិ​ដើម​ភាគ​តិចនៅប្រទេស​រុស្ស៊ី និង​រដ្ឋ​អាឡាស្កា (Alaska) របស់​ស.រ.អា ព្រមទាំង​ប្រទេស​សាន វីនសិន (Saint Vincent) និង ហ្គ្រើណាដ (Grenadines) នៅ​ក្នុង​ប្រជុំ​កោះ​ការីប៊ីន (Caribbean)។

កូរ៉េ​ខាងត្បូង​អាច​ដាក់​ជូនសំណើ​សម្រាប់​ការ​នេសាទ​ត្រី​បាឡែន​ដើម្បី​ ស្រាវ​ជ្រាវ​របស់​ខ្លួន ​ជា​ផ្លូវ​ការ​នៅឆ្នាំ​ក្រោយ នៅ​ពេល​ដែល​គណៈកម្មា​ការ​វិទ្យាសាស្ត្រ​របស់​គណៈកម្មាការ​នេសាទ​ត្រី​បាឡែន​អន្តរជាតិ ជួប​ជុំគ្នា៕
XS
SM
MD
LG