អង្គការតម្លាភាពអន្តរជាតិ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាបានជាប់លំដាប់ថ្នាក់ទី១៦៤ ក្នុងចំណោមប្រទេសចំនួន១៨៣ ចំពោះការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរពាក់ព័ន្ធនឹងការសូកប៉ាន់ដល់មន្ត្រីសាធារណៈ ការឱ្យប្រាក់ជាសាគុណក្នុងលទ្ធកម្មសាធារណៈ និងការលួចបន្លំយកមូលនិធិសាធារណៈ។
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិនេះ បានធ្វើឡើងរវាងខែធ្នូ ឆ្នាំ២០០៩ និងខែកញ្ញា ឆ្នាំ២០១១ ដែលបានចេញផ្សាយនៅថ្ងៃនេះ បង្ហាញថារដ្ឋាភិបាលមួយចំនួនបរាជ័យក្នុងការការពារប្រជាពលរដ្ឋពីអំពើពុករលួយដោយរូបភាពរំលោភបំពានលើធនធានសាធារណៈ ការសូកប៉ាន់ ឬ ការធ្វើសេចក្តីសម្រេចដោយសម្ងាត់ ព្រមទាំងក្នុងផ្នែករដ្ឋបាល និងនយោបាយ។
សន្ទស្សន៍នេះបានដាក់ពិន្ទុឱ្យប្រទេសចំនួន១៨៣ពីលេខ០ (ពុករលួយខ្លាំង) ទៅដល់លេខ១០ (ស្អាតស្អំខ្លាំង) ដោយផ្អែកលើកម្រិតយល់ឃើញនៃអំពើពុករលួយក្នុងវិស័យសាធារណៈ និងប្រើប្រាស់ទិន្នន័យពីការស្ទង់មតិចំនួន១៧ ដែលពិនិត្យមើលកត្តាដូចជា ការពង្រឹងច្បាប់ប្រឆាំងអំពើពុករលួយ ការទទួលបានព័ត៌មាន និងទំនាស់ផលប្រយោជន៍។
អង្គការតម្លាភាពអន្តរជាតិបានបញ្ជាក់ក្នុងតារាងផ្តល់ពិន្ទុថា កម្ពុជាទទួលបានពិន្ទុ២,១ ក្នុងលំដាប់ថ្នាក់ពុករលួយលេខបួនរាប់ពីបាតតារាងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងគ្រាន់បើជាងប្រទេសកូរ៉េខាងជើងដែលបានពិន្ទុ១,០ ប្រទេសមីយ៉ានម៉ា និងអាហ្គានីស្ថានពិន្ទុ១,៥។
លោក ព្រាប កុល តំណាងអង្គការតម្លាភាពអន្តរជាតិប្រចាំកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅសណ្ឋាគារ សាន់វ៉េ ថាលេខរៀងរបស់កម្ពុជាបានធ្លាក់ចុះ ប៉ុន្តែពិន្ទុរក្សាបាន២,១ដដែល ដូចឆ្នាំ២០១០ដែរ។ លេខរៀងរបស់កម្ពុជាឆ្នាំ២០១០ គឺទី១៥៤ ប៉ុន្តែឥឡូវនេះ ទី១៦៤។
«នៅប្រទេសកម្ពុជាយើង ស្ថាប័នដែលគេយល់ឃើញថា ពុករលួយជាងគេ យោងតាមការវាស់ស្ទង់ គឺស្ថាប័នផ្នែកតុលាការខ្លាំងជាងគេ បន្ទាប់មកនគរបាល និងវិស័យសាធារណៈ មានន័យថាមន្ត្រីរាជការសាធារណៈ»។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្សី បានថ្លែងថាពិន្ទុនេះ បានបង្ហាញពីអំពើពុករលួយនៅកម្ពុជាគ្មានការប្រែប្រួល ហើយសកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយគ្មានប្រសិទ្ធភាពក្នុងការកាត់បន្ថយអំពើពុករលួយ។
«អង្គភាពប្រឆាំងអំពើពុករលួយមិនបានធ្វើអ្វីឱ្យមានការផ្លាស់ប្តូរ ក្នុងសង្គមរបស់យើងពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ។ យើងមានការព្រួយបារម្ភ បើទោះបីជាពិន្ទុរបស់យើង នៅដដែល ប៉ុន្តែលំដាប់លេខរបស់យើងធ្លាក់ក្នុងចំណោមប្រទេសនានាក្នុងពិភពលោក»។
លោក ស សម្បត្តិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងជំទាស់នឹងការដាក់ពិន្ទុអំពើពុករលួយដល់កម្ពុជាដោយអង្គការតម្លាភាពអន្តរជាតិនេះ។
«ខ្ញុំយល់ថាការដាក់ពិន្ទុនេះមិនជាត្រឹមត្រូវទេ ដោយសារមូលហេតុអ្វីដែលយើងខំប្រឹងប្រែងកន្លងទៅហ្នឹង គេហាក់ដូចជាមិនបានឃើញ មិនបានដឹង ឬមិនបានយល់ ហើយកន្លងទៅ អង្គការតម្លាភាពអន្តរជាតិនេះ មិនបានមកស៊ើបសួរ ឬក៏ទាក់ទង ដើម្បីស្វែងយល់អំពីបញ្ហានេះទេ។ ប៉ុន្តែអង្គភាពយើងខ្ញុំចេះតែដំណើរការទៅមុខរហូតហើយ។ យើងខ្ញុំក៏មិនខ្វល់ឈឺក្បាលថា គេដាក់លេខប៉ុន្មានទេ ពីព្រោះអ្វីៗផ្ទៃក្នុង យើងខ្ញុំបានដំណើរការដោយរលូន»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិគ្មានលក្ខណៈវិទ្យសាស្ត្រគ្រប់គ្រាន់ដើម្បីធានាលទ្ធផលត្រឹមត្រូវនោះទេ ពីព្រោះអំពើពុករលួយគឺជាការសម្ងាត់បំផុត។
«យើងមិនជឿនូវការវាយតម្លៃរបស់អង្គការនោះ ពីព្រោះគ្មានវិទ្យាសាស្ត្រធ្វើឱ្យយើងជឿទេ។ ការធ្វើរបាយការណ៍ ឬការស្រាវជ្រាវនេះមិនជាសត្យទេ។ យើងមានច្បាប់ប្រឆាំងអំពើពុករលួយ។ យើងមានច្បាប់ប្រឆាំងនឹងចៅក្រម ឬមន្ត្រីណាមួយដែលប្រព្រឹត្តអំពើពុករលួយ»។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា តុលាការខេត្តបន្ទាយមានជ័យបានកាត់ទោសអតីតមន្ត្រីនគរបាលប្រាំនាក់រួមមាន ហ៊ុន ហ៊ាន អតីតស្នងការនគរបាលខេត្តឱ្យជាប់ពន្ធនាគាររវាងពីបីទៅបួនឆ្នាំក្នុងម្នាក់ៗ អំពីបទទទួលសំណូកពីពួកជួញដូរគ្រឿងញៀន។ តុលាការខេត្តនេះក៏កំពុងដំណើរការការកាត់ទោសលោក មឹក ដារា អតីត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងលោក ជា ឡេង អតីតប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃអំពីអំពើពុករលួយ និងការជួញដូរគ្រឿងញៀន៕